តើត្រូវទទួលទានទឹកប៉ុន្មានលីត្រ
ក្នុងមួយថ្ងៃ ដើម្បីមានសុខភាពល្អ ?
លោកអ្នកពិតជាធ្លាប់ជ្រួតជ្រាបនិងបានឮការណែនាំឱ្យទទួលទានទឹកឱ្យបានច្រើន។
ដើម្បីរក្សាសុខភាព ឱ្យបានល្អជាប្រចាំ ត្រូវបរិភោគទឹកយ៉ាងតិច
១លីត្រកន្លះក្នុងមួយថ្ងៃ។ តើអនុសាសន៍ណែនាំនេះ ចេញមកពីណា ? ឈរលើមូលដ្ឋានអ្វី ? តើត្រូវទទួលទឹកប៉ុណ្ណាក្នុងថ្ងៃ
? ត្រូវធ្វើដូចម្តេចទើបដឹងថាយើងខ្វះទឹក ? តើការបរិភោគទឹកច្រើនអាចមានបញ្ហាសុខភាពដែរឬទេ ?
ខ្លួនប្រាណមនុស្សយើង
ផ្សំឡើងដោយធាតុទឹក ដល់២ភាគបី។ បានន័យថា បើអ្នកមានទម្ងន់៧០គីឡូក្រាម នោះអ្នកមានផ្ទុកជាតិទឹកដល់ទៅ៤៥លីត្រក្នុងខ្លួន។
ជាតិទឹកនេះ បែងចែកមិនស្មើគ្នាទេ ១%នៅធ្មេញ
៩០%នៅក្នុងឈាមនិងទឹករងៃ។
សរីរាង្គដែលសម្បូរទឹកជាងគេគឺបេះដូងនិងខួរក្បាល។
ទឹកជាសារធាតុដ៏ចាំបាច់របស់កោសិកា
ព្រោះជាអ្នកបង្ហូរសារធាតុគីមីផ្សេងៗទៅចិញ្ចឹមកោសិកា
ឬរក្សាលំនឹងប្រតិកម្មគីមីក្នុងខ្លួន។ សំណល់ទាំងអម្បាលម៉ាន
ត្រូវបញ្ចេញចោលតាមរយៈទឹកនេះឯង។ ក្នុងមួយថ្ងៃៗ យើងបញ្ចេញចោល ធាតុរាវ
តាមផ្លូវទឹកនោមប្រមាណ១លីត្រ តាមញើសនិងតាមផ្លូវដង្ហើម។
ញើសជាអ្នកចូលរួមចំណែករក្សាសីតុណ្ហភាពរបស់សរីរាង្គកាយ
(ញើយគឺជាចំហាយកម្តៅបញ្ចេញដោយសកម្មភាពរបស់កោសិកា។ ពេលបញ្ចេញទឹកចោល
គេត្រូវរកទឹកមកជំនួសវិញ ព្រោះខ្លួនប្រាណមនុស្សមិនចេះរក្សាបំរុងទឹកទុកខ្លួនទេ។
នេះហើយជាដើមហេតុដែលនាំឱ្យយើងមានអាការៈស្រេកទឹក។
សេ្រកទឹកជាសញ្ញាជួងដាស់ថា ខ្លួនប្រាណកំពុងខ្សោះជាតិទឹក។
កង្វះជាតិទឹកតែ៥%
យើងមានអារម្មណ៍ថាស្រេកទឹកខ្លាំង។ ការបាត់បង់ជាតិទឹកឡើងដល់២០%
នោះយើងនឹងអាចជួបគ្រោះដល់ស្លាប់។
មនុស្សយើងអាចរស់បានត្រឹមតែបីទៅបួនថ្ងៃយ៉ាងយូរ
បើអត់មានជាតិទឹកសោះចូលក្នុងខ្លួន។
ទឹកជាសារធាតុដ៏ចាំបាច់របស់សរីរាង្គកាយ
ប៉ុន្តែសួរថាត្រូវបរិភោគប៉ុណ្ណា ? ១លីត្រ
២លីត្រ បីលីត្រ ? ១លីត្រកន្លះ គឺបរិមាណ
ដែលយើងឮច្រើនជាងគេ ? ហេតុអ្វីមួយលីត្រកន្លះក្នុងមួយថ្ងៃ
?
នៅពេលលេងកីឡា
នៅពេលក្តៅខ្លាំង ច្បាស់ណាស់ថាខ្លួនប្រាណយើងត្រូវការទឹក ! ដូច្នេះ
សូមកុំភ្លេចពិសាទឹក ដើម្បីផ្សើមសរីរាង្គ !
ឯអ្នកមានជំងឺគ្រួសក្នុងតម្រងនោម ក៏មិនត្រូវធ្វេសប្រហែសឡើយ
រឿងទទួលទានទឹក។ ប៉ុន្តែគ្មានឯកសារ និងការសិក្សាវិទ្យាសាស្រ្តណា
និយាយពាក់ព័ន្ធនឹងអនុសាសន៍ណែនាំឱ្យបរិភោគទឹក ក្នុងបរិមាណ១លីត្រកន្លះ
ដើម្បីមានសុខភាពល្អទេ។ ការណែនាំឱ្យប្រឹងទទួលទឹកលើសពីសេចក្តីត្រូវការ
និងទម្លាប់ គឺជាពាក្យបំប៉ោងបំពាន តែប៉ុណ្ណោះ។
ទទួលទានទឹកជាការចាំបាច់
ទឹកគឺជាជីវិត ! គ្មានទឹកសរីរាង្គកាយនឹងក្រៀមស្វិត ស្លាប់ !
សូមចងចាំថា ការដកដង្ហើម ការបែកញើស ការបញ្ចេញទឹកនោម ការបន្ទោរបង់
(ក្នុងលាមក ក៏មានផ្ទុកជាតិទឹកជាង៥០%) សម្រាប់មនុស្សពេញវ័យ-វ័យមធ្យម
មានសុខភាពល្អជាធម្មតា មិនសូវសកម្មខ្លាំង
ចូលរួមចំណែកធ្វើឱ្យបាត់បង់ជាតិទឹកពីក្នុងខ្លួនស្រេចទៅហើយ។
បើតាមការវាស់វែងនៅក្នុងមន្ទីរពិសោធន៍
ទង្វើខាងលើបានធ្វើឱ្យមនុស្សពេញវ័យ បាត់ជាតិទឹកជាមធ្យម២លីត្រ
សម្រាប់មនុស្សស្រី និង២លីត្រកន្លះសម្រាប់មនុស្សប្រុស។
មានន័យថា
ការទទួលទានទឹកជាប្រចាំថ្ងៃរបស់មនុស្សយើង
គឺដើម្បីទៅបំពេញការបាត់បង់នោះ
និងដើម្បីរក្សាលំនឹងជាតិទឹកសម្រាប់ចិញ្ចឹមសរីរាង្គកាយ។ ប៉ុន្តែ ជាតិទឹកនេះ
មិនមែនបានមកតែពីការបរិភោគទឹក ស ទឹកសាប នេះមួយមុខឡើយ ! បន្លែ ផ្លែឈើ
ត្រសក់ ប៉េងបោះ កាហ្វេតែ ទឹកក្រូច សុទ្ធតែមានផ្ទុកមូលេគុលទឹក
និងជាមូលេគុលទឹក។ ដោយមិនគិត និងមិនរាប់អំពីការទទួលទានភេសជ្ជៈសោះ
គិតត្រឹមការបរិភោគបាយសម្លគោកឬទឹក ម្ហូបអាហារបីពេលនេះ
អាចផ្តល់ជាតិទឹកបានជាមធ្យម ប្រមាណ០,៨លីត្រទឹកទៅហើយ។
ចំពោះការទទួលទានគ្រឿងទឹកៗវិញ នៅស្រុកបារាំង បើគិតជាមធ្យម ដដែល
ការបរិភោគកាហ្វេ តែ ទឹកភេសជ្ជៈទឹកក្រូចសូដា ទឹកដោះគោ ទឹកផ្អែម ទឹកផ្លៃឈើ
មិនរាប់បញ្ចូលទឹកសផង អាចផ្គត់ផ្គង់ជាតិទឹកដល់សរីរាង្គកាយបាន ប្រមាណ០,៧លីត្រ។ ពោលគឺគ្រប់មួយលីត្រកន្លះបាត់ទៅហើយ
នេះដោយមិនបានរាប់ការពិសាទឹកសាបមួយក្អឹកផង។
ម្យ៉ាងវិញទៀត
ក្នុងសភាពធម្មតានៃដំណើរការក្នុងខ្លួនប្រាណមនុស្ស មានប្រតិកម្មគីមីផ្ទៃក្នុងច្រើន។
ក្នុងនោះមានប្រតិកម្មមួយដែលជាប្រភពផ្តល់ថាមពល គឺជំនួបរវាងអុកស៊ីសែន
និងអ៊ីដ្រូសែន ដែលផលិតចេញជាទឹក (បើនិយាយតាមភាសាគីមីវិទ្យា H2O)។ ប្រតិកម្មអាចផលិតជាតិទឹកបាន
បន្ថែមប្រមាណ០,៣លីត្រទៀត។ អញ្ចឹងយើងបាននាំទឹក
មួយលីត្រ៨ចូលក្នុងខ្លួនស្រេច។ បើពិសាទឹកតែពីរកែវទៀត
គឺគ្រប់គ្រាន់ល្មម និងមានសមភាពរវាងការបញ្ចេញនិងបញ្ចូលហើយ។
គិតមកទល់ត្រឹមណេះ
បើយើងជាមនុស្សធម្មតា មានសុខភាពល្អ គ្មានជំងឺ
គ្មានអាកាសធាតុមិនក្តៅខ្លាំងខុសប្រក្រតី គ្មានធ្វើកីឡាទេ
យើងក៏ដូចជាគ្មានហេតុផលអ្វីត្រូវប្រឹងពិសារទឹកដល់ទៅមួយដបលីត្រកន្លះ
ដូចការណែនាំនោះឡើយ។
តើធ្វើដូចម្តេចទើបដឹងថាសរីរាង្គកាយមានលំនឹងជាតិទឹកគ្រប់គ្រាន់
?
នៅពេលអត្រាជាតិទឹកក្នុងផ្លាស្មា
ធ្លាក់ចុះដល់កំរិតមួយ នោះអារម្មណ៍ថាស្រេកទឹកនឹងលេចឡើងភ្លាមជាស្វ័យប្រវត្តិ។
ការស្រេកទឹកជាសញ្ញាមួយដែលមានន័យច្បាស់លាស់ប្រាប់អំពីតម្រូវការ។
ផ្ទុយពីគិត និងការដែលធ្លាប់ឮ អាការៈស្រេកទឹក
ស្តែងចេញឡើងមុនរាងកាយធ្លាក់ដល់ដំណាក់កាលស្ងួត អស់ជាតិទឹកឆ្ងាយណាស់។
យន្តការក្នុងខ្លួនមនុស្ស មានសមត្ថភាព មានបញ្ញាវៀងវៃ
និងការប្រុងប្រយ័ត្នគ្រប់គ្រាន់សម្រាប់បញ្ជូនដំណឹងប្រាប់អំពីស្រេកទឹក។
តែការសិក្សាជាច្រើនសង្កេតឃើញផ្ទុយទៅវិញថា
ការដែលប្រឹកទទួលទឹកទាំងមិនស្រេកទេ ដែលធ្វើឱ្យសមត្ថភាពដ៏អស្ចារ្យក្នុងការវាស់វែងជាតិទឹកក្នុងខ្លួន
ធ្លាក់ចុះ។ យូរៗទៅលែងដឹងថាពេលណាស្រេក ពេលណាត្រូវការទឹក
ពេលណាអត់នោះ។
សូមកុំច្រលំ
អ្វីៗដែលបានរៀបរាប់នេះ គឺមានតម្លៃសម្រាប់តែមនុស្សពេញវ័យ មានបញ្ញាញាណ
និងសតិ ត្រឹមត្រូវ ហើយយន្តការផ្តល់សញ្ញាស្រេកទឹកដំណើរការល្អ។
តែបើចំពោះមនុស្សចាស់ ជរាវិញ
ពួកគាត់ច្រើនតែពុំសូវមានរ៉េផ្លិចទទួលទានទឹកទេ។
ឯចំពោះក្មេងនិងកុមារ ជាញឹកញយច្រើនមើលរំលង
មិនស្តាប់សេចក្តីត្រូវការរបស់ខ្លួនប្រាណទេ មានអាការៈស្រេកទឹកហើយ
រវល់លេងពេក មិនខ្ចីទៅផឹកទឹកទេ ទាល់តែមានការដាស់តឿនពីមនុស្សធំ។
តើមានប្រយោជន៍អ្វីទេ
បើយើងពិសារទឹកច្រើនលើសពីសេចក្តីត្រូវការរបស់ខ្លួន ?
ការសិក្សាជាច្រើនបានបង្ហាញថា
មនុស្សដែលទទួលទានអាហារមានសម្បូរជាតិទឹកច្រើន (ទឹកគ្រប់ទម្រង់)
មានសុខភាពល្អ ប៉ុន្តែនោះទំនងជាដោយសារគុណប្រយោជន៍នៃបន្លែផ្លែឈើ
មិនមែនដោយសារមកពីទឹកទេ។ ឬជួនកាលមកពីគាត់ធ្វើកីឡាច្រើន
ទើបត្រូវស្រេក ហើយទទួលទានទឹកច្រើន។ តែការដែលមានសុខភាពល្អ
គឺដោយសារធ្វើកីឡា មិនមែនដោយសារពិសារទឹកទេ។
ផ្ទុយទៅវិញ
បើអ្នកបរិភោគទឹកច្រើន និងដោយបង្ខំ គឺជាគ្រោះថ្នាក់ !
តម្រងនោមមិនអាចមានពេលគ្រប់គ្រាន់នឹងធ្វើចម្រោះទេ។
សមត្ថភាពរបស់តម្រងនោម គឺច្រោះទឹកបានច្រើនបំផុតមួយលីត្រ ក្នុងមួយម៉ោង។
ជាងនេះទៅទៀតប្រសិនបើអ្នកទទួលទានទឹកច្រើនពេកនោះនឹងធ្វើឱ្យសរីជីវៈក្នុងខ្លួនបាត់លំនឹង
ដោយទឹកអាចជ្រាបចូលទៅក្នុងសរីរាង្គខ្លាំង
រួចអាចបង្កជាការហើមក៏ថាបាន៕
ប្រភព៖ rfi
Tags:
សុខភាព