យើងគ្រប់គ្នាពិតជាដឹងហើយថា ការអានមានសារៈប្រយោជន៍ណាស់ ដូចជា បង្កើនសមត្ថភាពខួរក្បាល បង្កើនចំណេះដឹង បង្កើនការចងចាំ ហើយសម្រាប់កុមារតូច ការអាននឹងជួយអភិវឌ្ឍភាសា រៀនពាក្យថ្មីៗជាដើម, ចុះទារកដែលនៅក្នុងផ្ទៃម្តាយ តើការអាននឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់គេ?
យោងតាមគេហទំព័រហ្គ្រីនឆាល (Green Child) បានឱ្យដឹងថា ការអានសៀវភៅឱ្យទារកនៅក្នុងផ្ទៃស្ដាប់ អាចជួយឱ្យពួកគេអភិវឌ្ឍន៍នូវផ្នែកភាសា និងអាចបង្កើនការកំណត់ចំណាំនៃលក្ខណៈផ្សេងៗក្នុងពិភពខាងក្រៅ ។ ការអានអាចរឹតចំណងស្ពានមេត្រីរវាងទារកនៅក្នុងផ្ទៃនិងឪពុកម្តាយផងដែរ ។ ខាងក្រោមនេះ គឺជាសារៈប្រយោជន៍ជាច្រើនទៀត ដែលឪពុកម្តាយគួរតែអានសៀវភៅឱ្យទារកស្តាប់៖
មានទំនាក់ទំនងគ្នារវាងឪពុកម្តាយ និងទារក
ការសិក្សាជាច្រើនបានបង្ហាញថា សម្លេងរបស់ម្តាយគឺជាការកម្សាន្តយ៉ាងពិសេសសម្រាប់ទារកនៅក្នុងផ្ទៃ ដោយវាធ្វើឱ្យចង្វាក់បេះដូងរបស់ទារកដើរបានល្អ ហើយចំណងទំនាក់ទំនងរវាងម្តាយឳពុក និងទារកក៏កាន់តែល្អថែមទៀតបើអ្នកម៉ាក់ ឬលោកប៉ាអានសៀវភៅឱ្យទារកស្ដាប់មុនពេលសម្រាល ។ ការអាន វាក៏ជាវិធីមួយធ្វើឱ្យទារកមានភាពកក់ក្ដៅ និងសុវត្ថិភាពផងដែរ ។
កុមារឆ្លាតដោយការអានឱ្យស្ដាប់តាំងពីនៅជាទារកក្នុងផ្ទៃ
ការនិយាយ ការអាន និងស្តាប់ការប្រគុំតន្រ្តីបែបចម្រុះផ្សេងៗគ្នាអាចដាស់អារម្មណ៍មនោសញ្ចេតនាទារក និងអភិវឌ្ឍន៍ផ្នែកស្មារតីកាន់តែល្អជាងមុន ។ យោងតាមលោកវេជ្ជបណ្ឌិត Michael Roizen បាននិយាយថា ការស្ដាប់ប៉ះនូវសម្លេង និងឈុតឆាកដែលមានភាពចម្រុះផ្សេងៗ វាជារឿងសំខាន់មួយដែលនាំឱ្យមានប្រព័ន្ធទំនាក់ទំនងពីកោសិការមួយទៅកោសិការមួយ ។
ពេលវេលាដែលគួរអានឱ្យទារកក្នុងផ្ទៃស្ដាប់
នៅអាយុចន្លោះប្រហែល៦ខែ ទារកអាចស្ដាប់នូវសម្លេងចលនាក្នុងផ្ទៃម្តាយ តាំងពីសម្លេងចង្វាក់បេះដូងទៅដល់សម្លេងរំលាយអាហារ ។ បើនិយាយពីសម្លេងខាងក្រៅផ្ទៃវិញ ទារកអាចស្ដាប់បានយ៉ាងច្បាស់ទោះក្នុងករណីសម្លេងនោះទាបជាង ១០ decibels ក៏ដោយ ។ ហើយទារកចាប់ពីអាយុ២៥អាទិត្យទៅ អាចភ្ជាប់ទំនាក់ទំនង និងអាចបញ្ចេញសកម្មភាព ។
តើគួរអានសៀវភៅអ្វីឱ្យទារកក្នុងផ្ទៃស្ដាប់?
មិនថាអ្នកអានសៀវភៅបែបណាទេ គឺសុទ្ធតែល្អ ដូចជារឿងបែបកំប្លែង រឿងដែលធ្វើឱ្យផ្លូវចិត្តស្ងប់ និងមានអារម្មណ៍ផាសុខភាពជាដើម ព្រោះថា រាល់សកម្មភាពដែលអ្នកអាន វានឹងផ្ដល់អត្ថប្រយោជន៍ទៅកាន់ទារកក្នុងផ្ទៃ ៕