កន្លែងដែលគួរឲ្យខ្លាចទាំង១០នៅលើពិភពលោក
សព្វថ្ងៃនេះ នៅលើពិភពលោកមានកន្លែងស្អាតៗ និងប្លែកៗជាច្រើន។ ទន្ទឹមនឹងនេះ ក៏មានកន្លែងមួយចំនួនដែលមានសភាពគួរឲ្យខ្លាច ដោយកន្លែងខ្លះត្រូវបានគេបោះបង់ចោល ហើយកន្លែងខ្លះទៀត ត្រូវបានគេល្បីថាមានខ្មោចលងទៀតផង។
ខាងក្រោមនេះ គឺជាឈ្មោះទីកន្លែងដែលគួរឲ្យខ្លាចទាំង១០នៅលើពិភពលោក៖
១.មន្ទីរពេទ្យវិកលចរិក ហ្គុនជីអាម (Gonjiam Psychiatric Hospital) — ប្រទេសកូរ៉េខាងត្បូង
មន្ទីរពេទ្យវិកលចរិក ហ្គុនជីអាម គឺជាមន្ទីរពេទ្យមួយនៅក្នុងខេត្តហ្គីយ៉ុងហ្គី ដែលត្រូវបានគេបោះបង់ចោលក្នុងអំទ្បុងឆ្នាំ១៩៩០។ តាមការនិយាយរបស់អ្នកភូមិបានឲ្យដឹងថា ១០ឆ្នាំមុនពេលដែលមន្ទីរពេទ្យនេះត្រូវបានគេបិទ មានអ្នកជំងឺមួយចំនួនបានស្លាប់ដោយអាថ៌កំបាំង ជាហេតុបណ្តាលឲ្យមន្ទីរពេទ្យនេះត្រូវបានគេបោះបង់ចោលរហូតមកដល់សព្វថ្ងៃ។
២.វិហារ សេដលិច អូសសូអេរី (Sedlec Ossuary) — សាធារណរដ្ឋឆែក
វិហារ សេដលិច អូសសូអេរី គឺជាវិហាររ៉ូម៉ាំងកាតូលិកតូចមួយដែលស្ថិតនៅក្នុងខេត្តសេដលិច នៃសាធារណរដ្ឋឆែក។ នៅក្នុងវិហារមួយនេះ មានការតុបតែងរចនាសម្ព័ន្ធខាងក្នុងដោយគ្រោងឆ្នឹងមនុស្សជាច្រើន។
៣.ផ្សារលក់វត្ថុសក្តិសិទ្ធិ អាកូដេសស៊ីវ៉ា (Akodessewa Fetish Market) — ប្រទេសតូហ្គោ
ផ្សារលក់វត្ថុសក្តិសិទ្ធិអាកូដេសស៊ីវ៉ា គឺជាផ្សារលក់វត្ថុសក្តិសិទ្ធិដ៏ធំមួយនៅក្នុងពិភពលោក ហើយក៏ជាស្ថានសួគ៌មួយរបស់អ្នកចូលចិត្តនូវអ្វីដែលទាក់ទងនឹងមន្តអាគមខ្មៅផងដែរ។ នៅផ្សារនេះ មានលក់វត្ថុប្លែកៗជាច្រើនដូចជាឆ្នឹងសត្វ ក្បាលសត្វ ស្បែក និងរុក្ខជាតិជាច្រើន។
៤.កោះតុក្កតា (Island of the Dolls) — ប្រទេសម៉ិកស៊ិក
កោះតុក្កតា គឺជាកន្លែងមួយដែលបង្កើតទ្បើងដោយបុរសម្នាក់ឈ្នោះ ដុន ជូលៀន សានតាណា ក្នុងប្រទេសម៉ិចស៊ិក។ កោះនេះទទួលបានឈ្មោះថាកោះតុក្កតា ដោយសារតែមានការព្យួរនូវតុក្កតាចាស់ៗជាច្រើន ហើយមើលទៅគួរឲ្យខ្លាចខ្លាំងណាស់។
៥.កោះហាស៊ីម៉ា (Hashima Island) — ប្រទេសជប៉ុន
កោះហាស៊ីម៉ា គឺជាកោះមួយដែលគេបោះបង់ចោលនៅក្នុងខេត្តណាហ្គាសាគី នៃប្រទេសជប៉ុន។ ពីដើមទ្បើយ កោះនេះគឺជាកន្លែងជីករ៉ែធ្យូងថ្មក្នុងអំទ្បុងឆ្នាំ១៩៥០ ហើយបានដំណើរការរហូតដល់ឆ្នាំ១៩៧៤។
៦.សួនកម្សាន្តឈើណូបៃ (Chernobyl Amusement Park) — ប្រទេសអ៊ុយក្រែន
សួនកម្សាន្តឈើណូបៃ មានទីតាំងស្ថិតនៅក្នុងខេត្តប្រីបយ៉ាត ប្រទេសអ៊ុយក្រែន។ សួនកម្សាន្តនេះត្រូវបានបោះបង់ចោលដោយសារតែគ្រោះមហន្តរាយនុយក្លេអ៊ែរ ហើយរហូតមកដល់សព្វថ្ងៃនេះក៏នៅមានវិទ្យុសកម្មផងដែរ ដែលជាហេតុធ្វើឲ្យប្រជាជននៅក្នុងតំបន់នោះនាំគ្នាចាកចេញទៅរស់នៅតំបន់ផ្សេង។
៧.ទីបញ្ចុះសពក្រោមដី កាតាខូម (Catacombs) — ប្រទេសបារាំង
ទីបញ្ចុះសពក្រោមដី កាតាខូម ត្រូវបានបង្កើតទ្បើងនៅក្នុងសតវត្សទី១៨ ដោយសារតែបញ្ហាកង្វះខាតកន្លែងបញ្ចុះសពនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ទីបញ្ចុះសពក្រោមដី កាតាខូម បានទទួលបញ្ចុះសពជាង៦លាននាក់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
៨.កោះផូហ្វេចលៀ (Poveglia Island) — ប្រទេសអ៊ីតាលី
កោះផូហ្វេចលៀ មានទីតាំងស្ថិតនៅទីក្រុងវេនី ប្រទេសអ៊ីតាលី ហើយមានទេសភាពស្រស់ស្អាត បើសិនជាយើងមិនគិតពីអតីតកាលដ៏ចម្លែកៗដែលបានកើតទ្បើងនៅលើកោះនោះ។ កាលពីអំទ្បុងឆ្នាំ១៧០០ កោះមួយនេះត្រូវបានដាក់ជាកន្លែងផ្ទុកអ្នកឆ្នងអាសន្នរោគ ហើយបន្ទាប់មកទៀតនៅក្នុងអំទ្បុងឆ្នាំ១៩២០ វាបានក្លាយទៅជាមន្ទីរពេទ្យជនវិកលចរិតវិញ និងជាចុងក្រោយវាត្រូវបានគេបោះបង់ចោល។
៩.ផ្លូវទៅកាន់នរក (The Gateway to Hell) – ប្រទេសតូមិននីស្ថាន
ផ្លូវទៅកាន់នរក ដែលស្ថិតនៅក្នុងប្រទេសតូមិននីស្ថាន មួយនេះគឺជារណ្តៅភ្លើងដែលកើតទ្បើងដោយសារតែការជីករកប្រេងកាលពីឆ្នាំ១៩៧១ ហើយក៏មានការឆេះឧស្ម័នមេតាននៅក្នុងនោះ និងបន្តឆេះរហូតមកដល់បច្ចុប្បន្ននេះផងដែរ។
១០.រូងភ្នំកណ្តឹងធ្មប់ (Bell Witch Cave) – ប្រទេសធែននីស
រូងភ្នំកណ្តឹងធ្មប់ នៃប្រទេសធែននីសនេះ ធ្លាប់ជាជម្រករបស់ធ្មប់បីសាចមួយរូបដែលបានរាតត្បាតក្រុមគ្រួសារប៊ែលក្នុងអំទ្បុងឆ្នាំ១៨០០៕
ប្រភព៖ គេហទំព័រ CNN