ស្វាមីគឺជាអ្នកឲ្យ ចំណែកភរិយាគឺជាអ្នកទុក”។ ពាក្យនេះនៅតែអាចប្រើប្រាស់បានក្នុងសង្គមគ្រួសារសម័យបច្ចុប្បន្ន។ ក្នុងនាមជាស្វាមីល្អម្នាក់ អ្នកត្រូវតែអាចផ្ដល់ឲ្យភរិយារបស់ខ្លួននូវ ៤យ៉ាងសំខាន់ៗដូចខាងក្រោម៖
១. ផ្ដល់ប្រាក់ផ្គត់ផ្គង់គ្រួសារ តាមសមត្ថភាពរបស់ខ្លួន ដោយឲ្យប្រពន្ធជាអ្នកចាត់ចែងរឿងលុយកាក់ទាំងអស់ក្នុងគ្រួសារ។
២. ផ្ដល់ពេលវេលា និងភាពកក់ក្ដៅសម្រាប់គ្រួសារ នៅពេលដែលគ្រួសារត្រូវការ មិនថាការជួយការងារផ្ទះ ក៏ដូចជាការបង្កើតបរិយាកាសកក់ក្ដៅក្នុងគ្រួសារ។
៣. ផ្ដល់កិត្តិយស និងមុខមាត់ឲ្យគ្រួសារ ពេលមានកម្មវិធីសំខាន់ៗ សប្បាយៗដែលអាចនាំប្រពន្ធទៅបាន គឺត្រូវនាំប្រពន្ធទៅ មិនគួរទៅម្នាក់ៗឯងដូចមនុស្សនៅលីវទេ។
៤. ផ្ដល់ទំនុកចិត្ត មានបញ្ហាអ្វីគួរតែអាចនិយាយគ្នាដោយបើកចំហ ទៅណាមកណាត្រូវមានដំណឹង និងភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមក។ ត្រូវមានភាពស្មោះត្រង់ ភក្ដីភាពចំពោះភរិយា។
ដោយឡែកភរិយាល្អ មានតួនាទីរក្សាទុក ៤យ៉ាងគឺ៖
១. រក្សាទុកដាក់លុយកាក់ឲ្យបានល្អ លុយដែលប្ដីឲ្យមក ត្រូវចេះទុកដាក់ ចាត់ចែងបានត្រឹមត្រូវ។ ត្រូវចេះសន្សំទុកខ្លះ ដើម្បីទុកប្រើនៅពេលមានបញ្ហាអាសន្ននានា។
២. រក្សាភ្លើងក្នុង និងភ្លើងក្រៅ បញ្ហាជម្លោះក្នុងគ្រួសារតែងកើតមានចៀសមិនផុត ប៉ុន្តែអ្វីដែលមិនគួរធ្វើនោះគឺ នាំរឿងមិនល្អក្នុងគ្រួសារទៅនិយាយចែកចាយឲ្យអ្នកដទៃបានស្ដាប់ ទាំងអ្នកទាំងនោះមិនពាក់ព័ន្ធហើយមិនអាចជួយអ្វីដល់យើងសោះ។ ការបំផ្លាញកិត្តិយស ឬក្រេឌីតស្វាមីរបស់ខ្លួន គឺប្រៀបដូចជាការបំផ្លាញសុភមង្គលគ្រួសារមួយចំណែកដែរ ហើយនៅពេលអ្នកត្រូវគ្នាវិញ ក៏មិនដឹងយកមុខទៅទុកឯណាដូចគ្នា។
៣. រក្សាខ្លួនប្រាណ មានស្វាមីហើយត្រូវចេះរក្សាឥរិយាបថ កុំអ្នកណាបបួលទៅណាក៏ទៅ អ្នកណាមកញ៉ែ ឲ្យភ្នែក ក៏ឲ្យដៃទៅគេវិញនោះទេ។ ត្រូវចេះស្រលាញ់ខ្លួនឯង រៀបចំតុបតែងខ្លួនឲ្យបានសមរម្យ ក៏ដូចជាមានសិរីសួស្ដី។
៤. រក្សាចិត្តប្ដី ស្វាមីដែលត្រូវចងឃុំ នឹងល្អជាមួយអ្នកតែមាត់ ប៉ុន្តែស្វាមីដែលត្រូវមន្តស្នេហ៍ នឹងល្អជាមួយអ្នកដោយចេញពីចិត្ត។ ផ្ដល់ក្ដីស្រឡាញ់ និងទំនុកចិត្តទៅលើគាត់ឲ្យបានច្រើន ហើយកុំធ្វើអ្វីចង់តែឈ្នះ ឬតាមតែចិត្តខ្លួនឯងដូចកាលមិនទាន់រៀបការ ៕
ប្រភពអត្ថបទ៖kanha
Tags:
ស្នេហា