ហេតុអ្វីខ្ញុំយំ?
តើក្នុងពិភពលោកនេះ អ្នកណាទៅដែលមិនទាន់ជួបបញ្ហានោះ?
ខ្ញុំជឿថាប្រាកដជាមិនមានទេ ព្រោះថាមនុស្សយើងគ្រប់រូប តែកើតជាមនុស្សហើយណា ជៀសមិនផុតពីបញ្ហាទេ។ ទោះបីជាបញ្ហានោះតូចក្ដី ធំក្ដីវាក៏ជាបញ្ហា។ ហើយអ្នកមិនអាចមើលស្រាលបញ្ហាតូចទេ បញ្ហាតូចអាចផ្ដុំគ្នាក្លាយជាបញ្ហាធំ ហើយពិបាកចិត្តបន្ដិចម្ដងៗ ក៏អាចឈានទៅដល់ការពិបាកចិត្តកើនឡើងៗទៅ ជាបន្ដបន្ទាប់រហូតដែរ។ ហើយបើថាបញ្ហាដែលអ្នកកំពុងតែជួប ពិបាក
ដោះស្រាយខ្លាំង កុំពិបាកចិត្តខ្លាំងជ្រុលពេកអី ព្រោះបើពិបាកចិត្ត វាក៏មិនបានជួយអ្វីដល់អ្នកដដែលហ្នឹង។ អ្នកធ្លាប់ទេ ធ្លាប់ទេ ធ្លាប់ពិបាកចិត្ត ធ្លាប់ជួបបញ្ហាដែលពិបាករកដំណោះស្រាយ គ្មានដំណោះស្រាយ គ្មានអ្នកណាអាចជួយអ្នកបាន គឺមានតែអ្នកម្នាក់គត់ដែលត្រូវតែដោះស្រាយបញ្ហានោះជាដាច់ខាត បើអ្នកមិនដោះស្រាយបញ្ហានោះទេ អ្នកនឹងនៅតែជាប់ជំពាក់ជាមួយបញ្ហានោះ
គ្មានថ្ងៃចប់។ ធ្លាប់ពិបាកចិត្ត ឈឺចិត្ត ហត់នឿយនឹងបញ្ហាគ្រប់យ៉ាងរហូតដល់យំដែរទេ? ខ្ញុំជឿថាប្រាកដជាមានអ្នកធ្លាប់!!
ហេតុអ្វីអ្នកត្រូវយំ? អ្នកមានបញ្ហាអ្វីដល់ថ្នាក់សម្រក់ទឹកភ្នែក បញ្ហានោះស្មុគស្មាញខ្លាំងពេកដល់អ្នកទ្រាំមិនបានមែនទេ? អ្នកមានគិតដែលទេថា បើអ្នកយំ មានអ្នកដឹងគេនឹងគិតថាអ្នកជាមនុស្សទន់ជ្រាយ មនុស្សអន់ កំសាកដែរទេ?គេនឹងសើចចំអកអ្នក អ្នកធ្លាប់គិតដែរទេ? ហេតុអ្វីបានជាអ្នកគិតចឹង? អ្នកខ្លាចពាក្យគេថាមែនទេ? អ្នករស់ដោយសារសម្ដីគេមែនទេ? បើអ្នកយកសម្ដីគេមកគិតមានន័យថាគេមានឥទ្ធិពលលើអ្នកហើយណា! គ្រាន់តែចង់យំ អ្នកចាំបាច់ ខ្វល់នឹងពាក្យសម្ដីគេទៀតដែរទេ?គ្រាន់តែយំ អ្នកត្រូវសុំការអនុញ្ញាតពីគេដែរមែនទេ? បើសិនជាអ្នកគ្រាន់តែចង់យំ ក៏គ្មានសិទ្ធិយំ អង្គុយខ្លាចតែពាក្យគេថា ចឹងអ្នកនៅមានមុខនិយាយថាអ្នកជាអ្នកដែរទេ?គឺគ្មានទេ!
បើសូម្បីតែជីវិតខ្លួនឯង ក៏អ្នកឲ្យគេមកគ្រប់គ្រងដែរទៅហើយហ្នឹង? តាមពិតទៅ យំមិនមែនជារឿងដែលអាក្រក់អ្វីទេ ហើយយំក៏មិនបានបង្ហាញថាអ្នកអន់ដែរ យំគឺជាភាសាដែលអ្នកប្រើ នៅពេលអ្នកគ្មានសមត្ថភាពអាចនិយាយអ្វីចេញមកទាំងអស់ គឺបេះដូងអ្នកកំពុងតែអួលណែន ពិបាកទ្រាំខ្លាំង។ ហើយការដែលយំ ក៏មិនបានបង្ហាញថាអ្នកជាមនុស្សអន់ដែរ ប៉ុន្ដែមនុស្សដែលមិនហ៊ានយំ នៅពេលដែលខ្លួនកំពុងតែពិបាកទ្រាំនោះឯងដែលជាមនុស្សអន់នោះ ព្រោះគេពិបាកហើយ នៅខ្លាចគេថាខ្លួនអន់ទៀត គេគ្មានគោលជំហរខ្លួនឯងទេ។
មនុស្សយើងមិនមែន មិនមានមូលហេតុអ្វីសោះ ក៏យំនោះទេ យំបាន តែយំឲ្យមានហេតុផលផង កុំជួបស្អីបន្ដិច ក៏សម្រក់ទឹកភ្នែក!!
ហើយបើឈឺចាប់ខ្លាំងហើយ យំចុះ យំឲ្យធូរចិត្តចុះ យំឲ្យអស់ទុក្ខកង្វល់ក្នុងចិត្តចុះ បើសិនជាអ្នកពិបាកក្នុងចិត្ត លាក់ទុកមិនឲ្យគ្រប់គ្នាបានដឹងថាអ្នកលំបាកយ៉ាងណាហើយ អ្នកនៅមិនហ៊ានយំទៀត ប្រយ័ត្ន គ្រាំចិត្តខ្លួនឯង ឈឺចិត្ត រហូតដល់ មានបញ្ហាផ្លូវចិត្តដោយមិនដឹងខ្លួនទៅ។ មនុស្សដែលពិបាកចិត្ត មានតែបញ្ហាអាចយំចេញ គឺនៅគ្រាន់បើជាងមនុស្សដែលសូម្បីតែយំ ក៏យំលែងចេញឆ្ងាយណាស់!
តាមពិតទៅ ការដែលយំ សម្រក់ទឹកភ្នែកចុះមក អ្នកក៏អាចមានអារម្មណ៍ថាធូរចិត្ត ធូរស្រាលអារម្មណ៍បានជាងមុន ហើយទឹកភ្នែកដែលអ្នកសម្រក់នោះ ក៏បានជួយលាងសម្អាតកែវភ្នែកអ្នកឲ្យបានកាន់តែច្បាស់ថែមទៀតផងដែរ។ គេថាបន្ទាប់ពីភ្លៀង មេឃក៏ស្រឡះ អីចឹងបន្ទាប់ពីអ្នកយំ អ្នកកាន់តែបានដឹងច្បាស់ អ្នកកាន់តែរឹងមាំ រឹងមាំ ជាងមុន ហើយប្រាប់ខ្លួនឯងថា អ្នកនឹងដោះស្រាយ ហើយជម្នះបញ្ហានោះឲ្យបាន។ អ្នកជាមនុស្សណា ច្បាប់ធម្មជាតិបង្កើតអ្នកឲ្យចេះសើច ចេះយំ ចេះស្រឡាញ់ ចេះស្អប់ ចេះខឹង ចេះអន់ចិត្ត ចឹងហើយអ្នកគ្រាន់តែបំពេញតាមច្បាប់ធម្មជាតិតែប៉ុណ្ណោះ ចាត់ទុកថាការយំ នោះជារឿងធម្មតាទៅ ព្រោះថាមនុស្សយើង ពេលចាប់កំណើតដំបូងសម្លេងដែលបន្លឺមុនដំបូងបង្អស់គឺយំនោះឯង ពេលយើងកើតមក ចាប់កំណើតមកភ្លាម យើងក៏ចេះយំទៅហើយ ចឹងគ្រាន់តែពេលយើង មានបញ្ហា ពិបាកចិត្តខ្លាំង បញ្ហាមិនអាចប្រាប់អ្នកណា គ្មានអ្នកណាដែលអាចជួយដោះស្រាយអ្នកបាន ចឹងអ្នកគ្រាន់តែ យំបន្ដិច ដើម្បីបន្ធូរអារម្មណ៍ទៅ វាមានតែខាតអី វាមានតែជួយឲ្យអ្នកបានលាងសម្អាតភ្នែកខ្លួនឯងផងដែរតើ។
“យំគឺជាភាសាដ៏ល្អបំផុតដែលអាចបង្ហាញប្រាប់ទៅកាន់នរណាម្នាក់ដែលអ្នកចង់ឲ្យដឹងថា អ្នកកំពុងតែមានបញ្ហាដែលពិបាកចិត្តខ្លាំងក្នុងការដោះស្រាយ ហើយវាជំនួសឲ្យពាក្យសម្ដីដែលពិបាកក្នុងការនិយាយចេញ។”
“បើឈឺចាប់ខ្លាំង បើលំបាកខ្លាំង ក៏យំចុះ យំឲ្យអស់ ហើយចាប់ផ្ដើមសារថ្មី”
“ចូរយំ តែយំឲ្យមានន័យ យំឲ្យមានតម្លៃ យំមិនមែនប្រាប់បញ្ហាថាអ្នកអន់ជាងវាទេ បើអ្នកយំមិនចេញ ពេលពិបាកខ្លាំង នឹងមានន័យថា អ្នកបង្ហាញថាអ្នកអន់ជាងបញ្ហាហើយ អ្នកគ្មានភាពក្លាហាន មិនហ៊ានសូម្បីតែយំ តែបើអ្នកយំចេញអ្នកនូវមានលទ្ធភាពយកឈ្នះបញ្ហានៅឡើយទេ”
“យំ សម្រក់ទឹកភ្នែក ក៏ជាវិធីដែលជួយសម្អាតកែវភ្នែកអ្នកបានយ៉ាងល្អ លាងជម្រះចិត្តដែលតានតឹងទាំងឡាយក្នុងចិត្តអ្នកឲ្យអស់”
“យំបាន តែត្រូវយំដោយមានហេតុផលផង បើមនុស្សដែលយំ ដោយគ្មានហេតុផល គេចាត់ទុកស្មើនឹងក្មេងដែលមិនដឹងអី”
“ក្រោយពីយំរួច គ្រប់យ៉ាងនឹងប្រសើរ គឺអ្នកយកភាពឈឺចាប់ទាំងប៉ុន្មានតាំងចិត្តថាអ្នកនឹងឈ្នះបញ្ហា ហើយអ្នកនឹងបន្ដដំណើរ ធ្វើគ្រប់យ៉ាងឲ្យបានល្អប្រសើរ។”