អាការឈឺធ្មេញ៖ ប្រការគួរយល់ដឹងដើម្បីងាយស្រួលក្នុងការការពារព្យាបាល
អ្នកអាចឈឺធ្មេញពេលមានការរលាកឬឆ្លងមេរោគ។
ថ្នាំអាចជួយបន្ថយការឈឺចាប់
ប៉ុន្តែអ្នកគួរទៅជួបពេទ្យធ្មេញដើម្បីទទួលការព្យាបាលក្នុងករណីមានការឆ្លងមេរោគ
ពីព្រោះធ្មេញរងការបំផ្លាញ ឬពេលជំងឺអញ្ចាញធ្មេញមានអាការធ្ងន់ធ្ងរឡើង។
ដង្កូវស៊ីធ្មេញ
ការបំផ្លាញធ្មេញបន្តិចម្តងៗ
ធ្មេញមនុស្សយើងផ្សំឡើងដោយសម្បកក្រៅ
សម្បកបន្ទាប់និងឫសដែលកប់ក្នុងអញ្ចាញធ្មេញ។
សម្បកក្រៅមានសារជាតិរ៉ែដែលជាកោសិកាដែលរឹងជាងគេក្នុងរាងកាយរបស់យើង។
នៅក្រោមសម្បកខាងក្រៅ មានស្រទាប់ធ្មេញដែលមិនសូវរឹង ហើយមានពណ៌លឿង
នឹងស្រៀវនៅពេលប៉ះជាមួយស្ករ កម្តៅនឹងធាតុត្រជាក់។ ផ្នែកខាងក្នុងនៃធ្មេញជាផ្នែកមួយដែលសម្បូរដោយសរសៃឈាមនិងសរសៃប្រសាទ។
តើដង្កូវស៊ីធ្មេញកើតឡើងពេលណា?
ការបំផ្លាញធ្មេញបន្តិចម្តងៗបណ្តាលមកពីការសឹករេចរិលនៃស្រទាប់ធ្មេញខាងក្រៅនិងបន្ទាប់។
ការបំផ្លាញនេះកើតឡើងពីខាងក្រៅរាលចូលដល់ខាងក្នុង។
ការបំផ្លាញនេះបណ្តាលពីសារជាតិទឹកមាត់ កំទេចកម្ទីអាហារ និងបាក់តេរី
ដែលបំផ្លាញសម្បកខាងក្រៅរបស់ធ្មេញបន្ទាប់ពីអ្នកទទួលទានអាហារ។
បាក់តេរីមួយចំនួនបង្កើតជាអាស៊ីដដែលបំផ្លាញស្រទាប់ក្រៅរបស់ធ្មេញ
ដែលយើងហៅថាដង្កូវស៊ីធ្មេញ។ ប្រសិនបើបាក់តេរីកាន់តែមានចំនួនច្រើន
ធ្មេញកាន់តែឆាប់រេចរិល។ ដើម្បីធំធាត់ បាក់តេរីចិញ្ចឹមខ្លួនដោយសារជាតិស្ករ។
កត្តាដែលបង្កអោយមានការបំផ្លាញធ្មេញ
·
អ្នកខ្លះមានធ្មេញទន់ខ្សោយ៖ ស្រទាប់ខាងក្រៅស្តើង មិនសម្បូរសារជាតិរ៉ែ
ហើយមិនធន់នឹងសារជាតិអាស៊ីដនៅតាមធ្មេញ
·
អ្នកខ្លះមានធ្មេញមិនត្រង់ជួរ។
ជាហេតុដែលធ្វើអោយកម្ទេចកម្ទីអាហារងាយជាប់នឹងចន្លោះធ្មេញ
ហើយងាយទទួលរងការវាយប្រហារពីអាស៊ីដដែលបង្កឡើងដោយបាក់តេរី។
·
បាក់តេរីចិញ្ចឹមខ្លួនដោយស្ករ។ ហេតុដូច្នេះ
ស្ករជាសត្រូវទីមួយរបស់ធ្មេញ។ ជាពិសេស នៅពេលអ្នកទទួលទានអាហារនៅចន្លោះពេលបាយ
ទឹកមាត់អ្នកពុំមានពេលគ្រប់គ្រាន់ក្នុងការសម្អាតធ្មេញទេ។
·
ការថមថយនៃការបញ្ចេញកម្រិតទឹកមាត់
ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំមួយចំនួន។
រោគសញ្ញានៃអាការដង្កូវស៊ីធ្មេញ
·
ដំណាក់កាលទី ១ ៖ នៅដំណាក់កាលដំបូងនេះ
ពេលស្រទាប់ធ្មេញខាងក្រៅទើបរងការបំផ្លាញ អ្នកពុំមានអាការឈឺចាប់ទេ។
មានតែពេទ្យធ្មេញតែប៉ុណ្ណោះដែលអាចធ្វើរោគវិនិច្ឆ័យរកការបំផ្លាញនេះ។
·
ដំណាក់កាលទី ២ ៖ ការបំផ្លាញធ្មេញកាន់តែខ្លាំង
ហើយស្រទាប់ខាងក្នុងក៏ប៉ះពាល់។ ការឈឺចាប់អាចបណ្តាលមកពីធាតុត្រជាក់ កម្តៅ ឬ ស្ករ។
·
ដំណាក់កាលទី ៣ ៖ បណ្តូលធ្មេញត្រូវបានបំផ្លាញ។
ការឈឺចាប់អាចកើតឡើងភ្លាមៗហើយខ្លាំង ដែលរំខានដល់ដំណេករបស់អ្នក។
វាជាការឈឺចាប់ដ៏ខ្លាំង។
·
ដំណាក់កាលទី ៤ ៖ បូសធ្មេញ (អានខាងក្រោម)
ការបង្ការដង្កូវស៊ីធ្មេញ
·
ត្រូវមានរបបអាហារសមរម្យ អ្នកមិនត្រូវទទួលទានស្ករច្រើន
ហើយមិនត្រូវទទួលទានអាហារនៅចន្លោះអាហារព្រឹក ថ្ងៃ យប់ទេ
·
ដុះធ្មេញអោយបានទៀងទាត់ តាំងពីក្មេង អោយបានយ៉ាងហោចពីរដងក្នុងមួយថ្ងៃ
ហើយមួយដងៗមានរយៈពេលពីរនាទី។
អ្នកគួរប្រើថ្នាំដុសធ្មេញដែលសម្បូរដោយសារជាតិផ្លុយអរដែលអាចការពារស្រទាប់ក្រៅរបស់ធ្មេញដែលមានតួនាទីជួយទប់ទល់ការវាយប្រហារពីអាស៊ីដ។
·
អ្នកគួរប្រើប្រាស់ច្រាស់ដែលមានរោមទន់។ កុមារធំនិងមនុស្សពេញវ័យ
គួរដុះតាមបណ្តោយ និងចន្លោះធ្មេញអោយបានស្អាត។
·
ប្រសិនបើអ្នកមិនអាចដុះធ្មេញទេ
អ្នកអាចផឹកទឹកមួយកែវបន្ទាប់ពីទទួលទានអាហាររួច។
·
ពិនិត្យធ្មេញអោយបានម្តងយ៉ាងតិចក្នុងមួយឆ្នាំដើម្បីធ្វើរោគវិនិច្ឆ័យជាមួយពេទ្យធ្មេញដើម្បីស្វែងរកនឹងព្យាបាលការបំផ្លាញធ្មេញដំណាក់កាលដំបូង។
ការព្យាបាលដង្កូវស៊ីធ្មេញ
ដើម្បីព្យាបាលដង្កូវស៊ីធ្មេញ
យើងត្រូវបំបាត់កោសិការធ្មេញដែលបានបំផ្លាញទាំងអស់ចោល ហើយបិទប្រហោងនោះវិញ។
ការឈឺចាប់អាចរម្ងាប់បានតាមរយៈការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលក្នុងកម្រិត
និងប្រភេទដែលត្រឹមត្រូវ។
ជំងឺអញ្ចាញធ្មេញ
ជំងឺអញ្ចាញធ្មេញគឺបណ្តាលមកពីការរលាកដែលបណ្តាលមកពីជំងឺឬការប្រើប្រាស់ថ្នាំ។
ភាគច្រើន ជំងឺអញ្ចាញធ្មេញមានការវិវត្តសន្សឹមៗ។
·
នៅដំណាក់កាលដំបូង ជំងឺនេះមានសញ្ញាបង្ហាញដូចជា៖ ការហូរឈាមពេលដុះធ្មេញ
អញ្ចាញធ្មេញហើមហើយក្រហម ឈឺចាប់ពេលប៉ះ ឬ មានធុំក្លិនមាត់។ នៅដំណាក់កាលនេះ ជំងឺនេះអាចមានការប្រែប្រួលខ្លាំង
ហេតុដូច្នេះ អ្នកគួរជួបពិភាក្សាជាមួយគ្រូពេទ្យធ្មេញ។
·
នៅដំណាក់កាលធ្ងន់ធ្ងរ ឆ្អឹងទម្រធ្មេញទទួលរងការបំផ្លាញ។
ធ្មេញចាប់ផ្តើមរង្គើ ហើយផ្នែកខ្លះទ្រេត ។ នៅចន្លោះធ្មេញមានគម្លាតកើតឡើង។
អញ្ចាញធ្មេញអាចមានដំបៅ។ ប្រសិនបើអ្នកមិនព្យាបាលនៅដំណាក់កាលនេះទេ
ធ្មេញរបស់អ្នកអាចខូចទាំងស្រុងរហូតដល់បាត់បង់
ថែមទាំងអាចមានផលប៉ះពាល់ដល់សុខភាពជាទូទៅ ជាឧទាហរណ៍ការកើនឡើងនៃការរលាកបេះដូង ឬ សួត។
កត្តាដែលនាំអោយមានជំងឺអញ្ចាញធ្មេញ
·
ការប្រើប្រាស់បារី
·
ការសេពសុរាឬថ្នាំញៀន
·
កង្វះវិតាមីនសេ ឬកាល់ស្យូម
·
ការប្រើប្រាស់ថ្នាំមួយចំនួន (ការព្យាបាលដោយគីមីប្រឆាំងរោគមហារីកជាដើម)
·
ការផ្លាស់ប្តូរអ័រមូន ជាពិសេសសម្រាប់ស្ត្រី នៅពេលពេញវ័យ មានគ៌ក
ឬពេលអស់រដូវ
·
ការចុះខ្សោយនៃប្រព័ន្ធការពារសារពាង្គកាយដែលបណ្តាលមកពីការណឿយហត់
ស្រ្តេស ជំងឺទឹកនោមផ្អែមដែលមិនមានការព្យាបាលត្រឹមត្រូវ ជំងឺមហារីកឈាម ឬជំងឺអេដស៍
ជាដើម
·
របួសអញ្ចាញធ្មេញដែលបណ្តាលមកពីការកកិតនៅពេលដុះធ្មេញខ្លាំង
វិធីបង្ការពីជំងឺអញ្ចាញធ្មេញ
·
មានអនាម័យមាត់ ធ្មេញល្អ
·
មានអនាម័យក្នុងការរស់នៅ
·
ជួបពិគ្រោះយោបល់ជាប្រចាំជាមួយគ្រូពេទ្យជំនាញផ្នែកមាត់ ធ្មេញ
តើអ្នកត្រូវធ្វើអ្វីនៅពេលអ្នកមានជំងឺអញ្ចាញធ្មេញ?
អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យធ្មេញ។
បូសអញ្ចាញធ្មេញ
ការរលាកដ៏ឈឺចាប់
បូសអញ្ចាញធ្មេញគឺជាបណ្តុំខ្ទុះនៅបរិវេណធ្មេញឬនៅអញ្ចាញធ្មេញ
ដែលអាចរាលដាលដល់ឆ្អឹងដែលរុំព័ទ្ធបរិវេណនោះ។ ជាធម្មតា
បូសអញ្ចាញធ្មេញកើតឡើងពីការបំផ្លាញធ្មេញបន្តិចម្តងៗដែលពុំទទួលបានការព្យាបាល
រហូតការបំផ្លាញនេះស៊ីដល់បណ្តូលធ្មេញ។
រោគសញ្ញានៃបូសអញ្ចាញធ្មេញគឺការឈឺចាប់ខ្លាំងនឹងចាក់ដោតនៅក្នុងធ្មេញ
ឬក៏អញ្ចាញធ្មេញ
ការឈឺចាប់នេះអាចរាលដាលដល់ត្រចៀក ថ្គាមខាងក្រោម
ឬបំពង់ក។ រោគសញ្ញាផ្សេងទៀតអាចលេចឡើងដែរ៖
·
មានអារម្មណ៍ថាវិលមុខឬហត់អស់កម្លាំង
·
ក្តៅខ្លួនខ្លាំងចាប់ពី ៣៨ ដល់ ៣៩ អង្សារសេ
·
ពុំសូវគេងលក់
·
ហើមមុខ ហើយតំបន់ដែលហើមមានពណ៌ក្រហម
·
ហើមអញ្ចាញធ្មេញ (នៅជុំវិញធ្មេញដែលមានជំងឺ) ឬហើមកូនកណ្តុរនៅបរិវេណក
·
មានការពិបាកក្នុងការហាមាត់
·
មានអារម្មណ៍ពិបាកក្នុងក្រអូមមាត់
·
ពិបាកក្នុងការលេបអាហារឬកម្រើកអណ្តាត
·
មានអារម្មណ៍ស្រៀវជាមួយអាហារមួយចំនួន ឬភេសជ្ជៈដែលក្តៅឬត្រជាក់ខ្លាំង
·
មានការឈឺចាប់នៅពេលទំពារអាហារ
តើអ្នកត្រូវធ្វើអ្វីនៅពេលមានបូសអញ្ចាញធ្មេញ?
នៅពេលអ្នកមានបូសអញ្ចាញធ្មេញ
អ្នកត្រូវទៅពិគ្រោះយោបល់ជាមួយពេទ្យអោយបានឆាប់។ ពេលខ្លះអ្នកអាចទៅជួបពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ក៏បាន។
ក្នុងកំឡុងពេលអ្នករង់ចាំជួបពេទ្យ អ្នកអាចធ្វើវិធីទាំងនេះដើម្បីរម្ងាប់ការឈឺចាប់៖
ជៀសវាងទទួលទានអាហារឬភេសជ្ជៈណាដែលក្តៅឬត្រជាក់ពេក ទទួលទានអាហារដែលទន់
ឬប្រើប្រាស់ច្រាស់ដុះធ្មេញដែលមានរោមទន់។ អ្នកអាចប្រើប្រាស់ថ្នាំរម្ងាប់ការឈឺចាប់ដូចជាថ្នាំបារ៉ាសេតាម៉ុល។
លើសពីនេះ អ្នកអាចស្អំថង់ទឹកកកដែលរុំក្រណាត់ស្អាតនៅបរិវេណបូសលើផ្ទៃមុខរបស់អ្នក
តែមិនត្រូវអោយលើសពី ១០ នាទីក្នុងការស្អំម្តងៗ។
ការព្យាបាលបូសអញ្ចាញធ្មេញ
បូសអញ្ចាញធ្មេញមិនជាសះស្បើយដោយខ្លួនឯងទេ
ហើយអាចមានការវិវត្តកាន់តែធ្ងន់ធ្ងរ។ ហេតុដូច្នេះ
អ្នកត្រូវតែទៅព្យាបាលពីគ្រូពេទ្យជំនាញ។
ឯកសារយោង
1.
Ameli-santé Carie dentaire.
http://www.ameli-sante.fr/carie-dentaire/quest-ce-quune-carie.html consulté le 28 janvier 2016
2.
Union Française pour la santé buccodentaire.
Communiqué de presse 2015
3.
Ameli-santé. Maladie des gencives.
http://www.ameli-sante.fr/maladie-des-gencives.html (consulté le 27 janvier 2016).
4.
Ameli-santé. Abcès dentaire.
http://www.ameli-sante.fr/abces-dentaire.html (consulté le 27 janvier 2016).