Countdown

តើ​កូរ៉ូណាវីរុស ជា​អ្វី ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​កុំ​ឱ្យ​ឆ្លងមេរោគ ​ ?

មេរោគ​កូរ៉ូណា បាន​និង​កំពុង​បន្ត​​រីករាលដាល​។ ក្តី​ព្រួយ​បារម្ភ​ ​រីក​ធំធាត់​ជា​លំដាប់​និង​ ពេញ​ពិភពលោក។ តើ​ មេរោគ កូរ៉ូណា​ កាច​សាហាវ​យ៉ាងណា ? អ្វី​ជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ? តើ​គេ​អាច​ការពារ​កុំ​ឱ្យ​ឆ្លង​វីរុស​កូរ៉ូណា​បាន​ដែរ​ឬទេ ? តើ​មានវិធី​ព្យាបាលដែរឬអត់ ?

មេរោគ​កូរ៉ូណា ឬ​កូរ៉ូណាវីរុស ជា​អំបូរ​មេរោគ​ ដែល​អាចកើត​នៅ​លើ​មនុស្ស​​ផង នៅ​លើ​ពពួក​សត្វ​ផង​។​ គេ​ហៅ​មេរោគ​នេះ​ថា “កូរ៉ូណា” ព្រោះ​​​មាន​ទម្រង់ និង​រូបរាង​ដូច​មកុដ (នៅពេល​ពិនិត្យ​មើល​តាម​មីក្រូទស្សន៍)។ កូរ៉ូណាវីរុស ត្រូវ​បាន​គេ​រក​ឃើញ​​កើត​នៅ​លើ​មនុស្ស​ជា​លើក​ទី​មួយ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។ ​កូរ៉ូណា ជា​មេរោគ​​ដែល​អាច​បង្ក​ជា​ជំងឺប្រភេទ​​ថ្មី ដោយហេតុ​ថា កូរ៉ូណា ងាយ ​ប្តូរផ្លាស់​ទម្រង់ ឬ​បំផ្លែងខ្លួន។ នៅ​ពេល​វីរុសកូរ៉ូណាឆ្លងដល់​​​មនុស្ស​ វាច្រើន​តែ​បង្ក​ឱ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ពី​ផ្តាសាយ​ហៀរសំបោរ ក្នុង​​​ទម្រង់​ស្រាល ទៅ​ជំងឺ​រលាក​សួត ធ្ងន់ធ្ងរ​ អាច​ដល់​ស្លាប់ បើ​ក្នុង​ទម្រង់​ធ្ងន់។ វីរុស​នេះ​ក៏​អាច​នាំមក​នូវ​ផល​រំខាន​មួយ​​ចំនួន​ផ្សេង​ទៀត​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ដូច​ធ្វើ​ឱ្យ​មាន​អាការៈ​រាកក្អួត​ជា​ដើម។
កូរ៉ូណា ជា​អំបូរមេរោគ​ដែល​ចែក​ជា​ចង្កោម​គ្រួសារ​បួនសំខាន់ៗ គឺ អាល់ហ្វា បេតា ហ្កាម៉ា និង​ដែលតា។ កូរ៉ូណាវីរុស ​មាន​៧​ប្រភេទ​ខុសៗគ្នា ក្នុង​នោះ​បួន​ប្រភេទ ​មិន​សូវ​កាច​ទេ។ ​បី​ប្រភេទ​ទៀត កំណាច​ខ្លាំង មាន​អាទិ៍
  • Sras-CoV (​ជំងឺ​ផ្លូវ​ដង្ហើម​​ធ្ងន់ធ្ងរ​ខ្លាំង លេច​ឡើង​នៅ​ចិន កាលពី​ឆ្នាំ ២០០២ ឬ​ជំងឺ​សារស៍)
  • Mers-CoV (​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​នៅ​មជ្ឈិមបូព៌ា លេច​ឡើង​នៅ​ឆ្នាំ​២០១២ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត)
  • 2019-nCov មេរោគកូរ៉ូណា​ថ្មី ទើប​លេច​ឡើង​នៅ​ប្រទេស​ចិន​ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩ និង​ដែលកំពុង​បន្ត​រីកដាល​យ៉ាង​ខ្លាំង។
មេរោគ​កូរ៉ូណា បង្ក​ជំងឺ​សារ​ស៍ និង​មេរោគកូរ៉ូណា​ បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នៅ​មជ្ឈិម​បូព៌ា (មឺស) ជា​ទម្រង់កាច​ខ្លាំង ដោយ​អាច​បង្ក​ឱ្យ​អ្នក​ឆ្លង​មេរោគ ស្លាប់ ក្នុង​អត្រាជិត ១៥% សម្រាប់មេរោគ​សារ និង​ជាង​៣៦% សម្រាប់​មេរោគ​មឺស។ ចំណែក​មេរោគ​កូរ៉ូណា​ថ្មី ទំនង​ជាង​អាច​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ក្នុង​កំរិត ប្រមាណ ៥%។ ប៉ុន្តែ​ជា​ទូទៅ កូរ៉ូណា ជា​មេរោគ​ដែល​​អាច​​​បំផ្លែង​ខ្លួន​ក្នុង​អត្រា​ដ៏​ខ្ពស់​ ខ្ពស់​ជាង​វីរុស​​គ្រុន​ផ្តាសាយ​ ឬ​វីរុស​HIV ទៅ​ទៀត។ កូរ៉ូណា​វីរុស មាន​វត្តមាន​នៅ​ក្នុង​ពពួក​សត្វ​ជា​ច្រើន​ប្រភេទ​ណាស់ និងអាច​ធ្វើ​ដំណើរ​ឆ្លង​ពី​ពូជ​សត្វ​មួយ​សត្វ​មួយ​ទៀត​ យ៉ាង​ស្រួល​ ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​សត្វ​ឆ្លង​មេរោគ​ងាយ​ស្លាប់។ មិន​តែ​ប៉ុណ្ណោះ កូរ៉ូណា អាច​ចម្លង​មកមនុស្ស​ និង​រវាងពី​​មនុស្ស​ទៅ​មនុស្ស​បាន​ទៀត។
ការ​ចម្លង​ពីមនុស្ស​ទៅមនុស្ស ប្រព្រឹត្ត​ទៅ​តាម​រយៈទំនាក់ទំនង​ដ៏​ជិត​ខ្លាំង ដូច​ជា​​ការ​ប៉ះពាល់​គ្នា​ ឬចាប់​ដៃគ្នា​ និង​តាមខ្យល់​ នៅ​ពេល​អ្នក​ផ្ទុកមេរោគ ក្អក ឬ​កណ្តាស់ នៅ​ចម្ងាយ​តិច​ជាង​មួយ​ម៉ែត្រ​ពី​យើង។ ប៉ះ​ផ្ទៃ​នៃវត្ថុ​អ្វី​មួយ ដែល​មាន​វីរុសតោង​នៅ​ជាប់​លើ​នោះ រួច​មក​ប៉ះមាត់ ច្រមុះ ឬ​ភ្នែក ក៏​អាច​ចម្លង​មេរោគ​កូរ៉ូណា​ចូល​ក្នុង​ខ្លួន​បាន​ដែរ។ សូម​បញ្ជាក់​ថា​កូរ៉ូណាវីរុសថ្មី​នេះ​ អាច​រស់​មាន​ជីវិត​ក្នុង​ខ្យល់​បរិយាកាស រយៈ​ពេល​ពីរ-​បី​ម៉ោង និង​ដល់​ពី​រ-បី​ថ្ងៃ បើ​ជា​បរិស្ថានឬ​តំបន់​សើម​។​
នៅ​ពេល​មេរោគ​ចូល​ដល់​ក្នុង​ខ្លួនមនុស្ស​​ហើយ វា​មិន​បង្ក​ឱ្យ​មាន​រោគ​សញ្ញា​ភ្លាម​ទេ។ មេរោគ​កូរ៉ូណា អាច​សំងំ​នៅ​ក្នុង​ខ្លួន​ រហូត​ដល់ ១០​ទៅ​១៤​ថ្ងៃ​ ឯណោះ ទើប​បង្ហាញ​អាការៈ​ដំបូង​ ក្នុង​ទម្រង់​ស្រាល ដូច​ជា​ ឈឺក្បាល ក្តៅ​ខ្លួន ផ្តាសាយ មាន​អារម្មណ៍​នឿយហត់មិន​ស្រណុក​ខ្លួន។ ​​ក្នុង​ទម្រង់​ធ្ងន់ អ្នក​ជំងឺ​មាន​អាការៈ​ក្តៅ​ខ្លួនហើយ​​ ក្អក​ ពិបាក​ដក​ដង្ហើម និង​​អាច​​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​​ដូច​ជា​រលាក​ទង​សួត ឬ​រលាក​សួត។
បើ​តាម​អាជ្ញាធរ​សុខាភិបាល​ចិន មេរោគ​កូរ៉ូណាថ្មី​នេះ ឆ្លង​ខ្លាំង​ណាស់ ដោយ​ទំនង​ជា​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន តាំង​តែ​ពី​អ្នក​មាន​ផ្ទុក​មេរោគ ពុំ​ទាន់​មាន​រោគ​សញ្ញា​ឈឺ​ម្ល៉េះ ​ ​​តែ​ពុំ​សូវ​កំណាច​ខ្លាំង​ដូច​មេរោគសារ​ស៍ទេ។ តែបើតាម​​ប្រសាសន៍​របស់​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Astrid Vabret ប្រធាន​ផ្នែក​សិក្សាមេរោគ​នៅ​មន្ទីរ​ពេទ្យ​Caen​​ ៖ មេរោគកូរ៉ូណា​ អាច​​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ទៀត បាន​យ៉ាងងាយ​មែន។​ ប៉ុន្តែគេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថាវា​​មិន​សូវ​កាច​ដូច​ជំងឺ​សារស៍នោះ ព្រោះវា​​​ដូច​ជា​ឆាប់​បន្តិចហើយ។
បើ​​ផ្អែក​លើ​ចំនួន​អ្នក​ស្លាប់ និង​ចំនួន​អ្នកមាន​ផ្ទុក​មេរោគ​នាពេលនេះ (ថ្ងៃទី ២៧មករា២០២០) អត្រា​អ្នក​ស្លាប់​ដោយ​មេរោគ​កូរ៉ូណា​ថ្មី មាន​កំរិត​ ៥%។ ឯ​​ករណី​អ្នក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ដល់​ថ្នាក់​មាន​ជំងឺ​រលាក​សួត​ ដែល​ទាមទារ​ការ​ព្យាបាល​ជា​បន្ទាន់​នោះ មាន​កំរិត​ត្រឹមតែ ២០ ទៅ ២៥%។ ជា​សរុប​ទៅ ​​មេរោគកូរ៉ូណា​ថ្មី​នេះ ​ស្រដៀង​គ្នា​ខ្លាំង​នឹង​មេរោគ​កូរ៉ូណា ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​សារស៍ និង​ជំងឺ​មឺស។ ដូច្នេះ​ ហានិភ័យ​សុខភាព​ពិត​ជាមាន​ ប៉ុន្តែ​យើង​មាន​មធ្យោបាយ​ទប់​ស្កាត់​ ​នឹង​មេរោគ នៅពេល​នេះ។ នេះ​បើ​តាម​លោកស្រី​ Astrid Vabret ដដែល។
រហូត​មក​ទល់​ពេល​នេះ គ្មាន​ទេ​ថ្នាំ​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណាថ្មី។ ក្រុមគ្រូពេទ្យ​អាច​ផ្តល់​ត្រឹម​ការ​ព្យាបាល​បំបាត់​អាការៈ​សញ្ញា​ដែល​កើត​មាន​ទាំង​ឡាយ ដូច​ជា​ឱ្យ​ថ្នាំ​បញ្ចុះ​កម្តៅ​ ក្នុង​ករណី​ក្តៅ​ខ្លួន ថ្នាំ​ក្អក នៅ​ពេល​មាន​អាការៈក្អក និង​ឱ្យ​សម្រាក កុំ​ចេញ​ដើរ​ក្រៅ​។
តើ​ត្រូវ​ធ្វើ​ដូចម្តេច​កុំ​ឱ្យ​ឆ្លងមេរោគ ​ ?

ក្រៅ​អំពី​សេចក្តីណែនាំ​ មិន​ធ្វើ​ដំណើរ​ទៅប្រទេស​​ចិន ​ឬ​ទៅ​កាន់​ខេត្ត​វូហាន ដែលជា​​ចំណុច​ផ្ទុះ​មេរោគកូរ៉ូណា​ថ្មី​ដំបូង​គេ បើ​មិន​ចាំ​បាច់ លោក​អ្នក​ត្រូវ​អនុវត្ត​នូវ​កាយវិការ​សាមញ្ញៗ តែ​ ​ចាំបាច់​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​រោគ ៖
  • លាង​ដៃ​នឹង​សាប៊ូ ដុស​ឱ្យស​ព្វ​ម្រាម រយៈ​ពេល​ពេល​យ៉ាងហោច​​២០​វិនាទី​ ឱ្យ​បាន​ញឹកញាប់។ បើ​គ្មាន​ទឹក​និងសាប៊ូ​ទេ លោក​អ្នក​ប្រើ​ល្បាយអាល់​កុល​ ជា​ជែល​សម្លាប់​មេរោគ​​ក៏បាន។ កាយ​វិការ​នេះ​ ​អាច​ការពារ​មេរោគ​កូរ៉ូណាផង និង​រាល់​គ្រប់​មេរោគមួយ​ចំនួន​ធំ​ទៀត រាប់​ទាំង​វីរុសគ្រុនផ្តាសាយ​ធំ​ផង។​
  • ចៀស​វាង​កុំ​យក​ដៃ​មិន​ស្អាត មិន​បាន​លាង​នឹង​សាប៊ូ ទៅ​​ញី ទៅ​ប៉ះភ្នែក ឬ​ច្រមុះ និង​មាត់។
  • ខ្ទប់​មាត់​ពេល​កណ្តាស់​និ​ងក្អក ដោយ​ប្រើ​កែង​ដៃ ឬក្រដាស​ជូត​ ដែល​រួច​ត្រូវ​បោះចោល​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ។
  • ចៀសវាង​កុំ​ទៅ​ជួប​មនុស្ស​មាន​ជំងឺ
  • បើ​អ្នក​សង្ស័យ​ថា​ខ្លួន​ឯង​មិន​ស្រួល​ខ្លួន មាន​អាការៈ​ក្តៅ​ខ្លួន ផ្តាសាយ​ ក្អក កណ្តាស់ សូម​ពាក់​ម៉ាស។ ម៉ាស​ដែល​មាន​ដាក់​លក់​នៅ​តាម​ឱសថស្ថាន ផលិត​ឡើង​ក្នុង​បំណង​ឱ្យ​អ្នក​ជំងឺ​ពាក់​ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​មេរោគ​ ទៅ​ក្នុង​ខ្យល់​ចម្លង​ទៅ​អ្នក​ដទៃ និង​មាន​ប្រសិទ្ធភាព​ក្នុង​រយៈ​ពេល​កំណត់​មួយ។ ម៉ាស​ប្រភេទ​នេះ​គ្មាន​ប្រសិទ្ធភាព​ការពារ​ទប់​ទល់​នឹង​មេរោគកូរ៉ូណា​បាន​ទេ។ ម៉ាស​ដែល​មាន​សន្ទះ​ខ្យល់​ គ្រប​មាត់​និង​ច្រមុះ អាចការពារ​លម្អង​ធូលី​ ជាង​ម៉ាស​ធ្វើ​កប្បាសពណ៌ខៀវៗ តែ​ក៏មិន​អាច​ការពារ​វីរុស​កូរ៉ូណា​បាន​ដែរ។ ការពាក់ម៉ាស បាន​ត្រឹម​លួងយើង​​ឱ្យគិត​ថា​មាន​សុវត្ថិភាព​​តែ​ប៉ុណ្ណោះ​៕
Article Sourcerfi

Post a Comment

Previous Post Next Post