ព្រៃឈើជាសម្បត្តិធម្មជាតិ ឬជាគម្របផែនដីសម្រាប់ការពារកំដៅព្រះអាទិត្យកុំឱ្យក្តៅហួតហែង ឬធ្វើឱ្យដីខ្សោះជីជាតិ ។ ក្រៅពីនោះព្រៃឈើមានតួនាទី និងផលប្រយោជន៍សម្រាប់លំអផែនដីដូចជា ជួយការពារ បរិស្ថានឱ្យមានលំនឹង ពោលគឺការពារបាននូវធាតុអាកាសកុំឱ្យប្រែប្រួលភ្លៀងរាំងទឹកជំនន់ខ្យល់ព្យុះជាដើម ។
រីឯ ផលប្រយោជន៍វិញ ព្រៃឈើជាដង្ហើមសួតសម្រាប់ស្រូបទឹកភ្លៀង និងបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករ ដែលប្រកបរបរធ្វើស្រែចំការ សង់ជម្រកអូសដុតធ្វើម្ឈូស និងឧបករណ៍ប្រើប្រាស់ដូចជា គ្រឿងសង្ហារឹម (តុ ទូ កៅអី)គ្រឿងលំអផ្ទះ ឬសណ្ឋាគារ ៘ លើសពីនោះព្រៃឈើវាផ្តល់នូវផលប្រយោជន៍ជីធម្មជាតិ ឬជីសិរីរាង្គ វាបង្កើតបាននូវដីល្បាប់សម្រាប់ចាក់បំពេញវាលស្រែចំការ ឱ្យមានជីជាតិល្អ ព្រោះព្រៃឈើវាជាប្រភពនៃទឹកភ្លៀង ដែលពួកអ្នកវិទ្យាសាស្ត្ររកឃើញថាកន្លែងណាមានព្រៃឈើដុះច្រើន កន្លែងនោះតែងតែមានភ្លៀងធ្លាក់ច្រើនដែរ ។ ប៉ុន្តែវាមិនបង្កឱ្យមានទឹកជំនន់លិចលង់ផលដំណាំរបស់ប្រជាកសិករឡើយ ។

មានន័យថាដើមឈើមួយដើម វាស្រូបទឹកភ្លៀងចូលទៅក្នុងដីតាមរយៈប្ញសកែវ ឬរយាងចាប់ពីមួយម៉ែត្រ គូប ទៅ ១០ម៉ែត្រគូប ទៅតាមប្រភេទដើមឈើតូចធំ ។ ក្រៅពីនោះទឹកភ្លៀងវាបានបំផ្លែងស្លឹកឈើដែលទុំជ្រុះឱ្យ រលួយ បង្កើតបានជាដីជីធម្មជាតិសម្រាប់ចិញ្ចឹមដងដើមផង និងមួយចំនួនវាបានហូរនាំល្បាយស្លឹកឈើដែលក្លាយជា ជី យកទៅចាក់បំពេញវាលស្រែចំការ ធ្វើឱ្យដំណាំស្រែស្រូវបន្លែផ្លែឈើសព្វសារពើដុះលូតលាស់បានល្អ និងទទួលបាន ទិន្នផលខ្ពស់ ។
លើសពីនេះទៀត ក្រោយពីការកាប់បំផ្លាញព្រៃឈើអស់ជាច្រើនលានហិកតាមក គេសង្កេតឃើញធាតុ អាកាសធាតុប្រែប្រួលក្តៅខ្លាំង ក្រៅពីភ្លៀងរាំងទឹកជំនន់ គេសង្កេតឃើញខ្យល់ព្យុះកន្ត្រាក់លាយឡំ និងទឹកភ្លៀង រន្ទះបាញ់បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងរបួសរាប់រយនាក់ និងបំផ្លាញផ្ទះសម្បែងអស់យ៉ាងច្រើនផងដែរ ។

ដូច្នេះដើម្បីការពារបរិស្ថានក៏ដូចជា ការពារការប្រែប្រួលអាកាសធាតុ យើងគួរតែរូមគ្នាការពារព្រៃឈឺឲ្យនៅគង់វង ជៀសវាងការនាំមានផលវិបាកដល់ការរស់នៅរបស់យើងគ្រប់គ្នា។
Tags:
សង្គម