បច្ចុប្បន្ននេះ គ្រឿងស្រវឹងកំពុងតែទទួលការពេញនិយមខ្លាំងបំផុត មិនថាកម្មវីជប់លៀង ឬជួបជំុមិត្តភក្តិនោះទេ។ ប៉ុន្តែការផឹកគ្រឿងស្រវឹងហួសហេតុពេកអាចបង្កឲ្យមានផលប៉ះពាល់គ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេសអាចគំរាមកំហែងដល់អាយុជីវិតថែមទៀត។
ការញៀនគ្រឿងស្រវឹង


នៅពេលដែលមនុស្សម្នាក់ចូលចិត្តផឹកស្រាជារៀងរាល់ថ្ងៃ គាត់នឹងញៀនវា ហើយការញៀននេះនឹងជម្រុញឲ្យគាត់ចង់តែផឹកក្នុងបរិមាណដ៏ច្រើនរាល់ពេលផឹកម្តងៗ។ កត្តាមួយនេះនឹងធ្វើឲ្យគាត់មានគ្រោះថ្នាក់កាន់តែខ្ពស់ប្រសិនបើមិនព្រមផ្អាក។
គ្រឿងស្រវឹងមានជាតិពុល


ការផឹកស្រាកម្រិតខ្ពស់នឹងធ្វើឲ្យមានផលអាក្រក់ដល់សុខភាព ហើយអាចគំរាមកំហែងដល់ជីវិតថែមទៀត។ បញ្ហានេះក៏ព្រោះតែចលនានៃរាងកាយត្រូវបានប៉ះពាល់ ដែលអាចធ្វើមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងបំពង់ក។ ប្រសិនបើករណីធ្ងន់ធ្ងរ វាអាចបណ្តោលឲ្យលោកអ្នកមានអាការៈស្ទះខ្យល់ដកដង្ហើមមិនរួច។
ផលប៉ះពាល់រយៈពេលខ្លី


មានគ្រោះថ្នាក់ជាច្រើននៅក្នុងរយៈពេលដ៏ខ្លី ដោយសារតែការផឹកគ្រឿងស្រវឹងខ្ពស់ពេក។ បញ្ហានេះអាចនាំឲ្យភ្នែករបស់អ្នកចាប់ផ្តើមស្រវាំង ហើយមានការធ្លាក់ចុះសីតុណ្ហភាពនៃរាងកាយ។ មិនតែប៉ុណ្ណោះពួកគេនឹងជួបបញ្ហាការប្រមូលផ្តុំជាតិស្ករក្នុងឈាម និងសម្ពាធឈាមទាប។
ផលប៉ះពាល់រយៈពេលវែង


ការផឹកគ្រឿងស្រវឹងជាញឹកញាប់ ហើយផឹកច្រើនហួសប្រមាណនាំឲ្យមានផលប៉ះពាល់ដល់សរីរាង្គនៃរាងកាយទាំងមូល។ បញ្ហាទាំងនេះអាចនាំឲ្យមានជំងឺក្រិនថ្លើម និងខូចតម្រងនោម។ ជំងឺមហារីកក្រពះ និងគ្មានកូនគឺជាផលប៉ះពាល់ផ្សេងទៀតនៃការផឹកច្រើនពេក។
គ្រោះថ្នាក់ផ្សេងទៀត


ការផឹកគ្រឿងស្រវឹង ហើយបើកបរគឺមានគ្រោះថ្នាក់ខ្ពស់ខ្លាំងបំផុតទាំងខ្លួនឯងនឹងអ្នកដទៃ។ ការសេពគ្រឿងស្រវឹងក៏អាចបង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះផងដែរ ព្រោះវាអាចនាំឲ្យមានបញ្ហាដល់ទារកមិនទាន់កើត។ ការផឹកគ្រឿងស្រវឹងច្រើនពេកអាចកាត់បន្ថយអារម្មណ៍ផ្លូវភេទ ហើយអាចកើតមានជំងឺធ្លាក់ទឹកចិត្តថែមទៀត៕
ប្រភពអត្ថបទ៖ everyday
Tags:
សុខភាព