រឿងមាលាដួងចិត្ត
ការបង្ហាញជីវប្រវត្តិសង្ខេបខ្លះលើអ្នកនិពន្ធ ធ្វើឲ្យយល់សំណេរអ្នកនិពន្ធនោះៗកាន់តែដល់ជម្រៅ។ ដូច្នេះ ការសិក្សាអក្សរសិល្ប៍ខ្មែរទំនើបនេះ គួរលើកយកអ្នកនិពន្ធមកបង្ហាញ ប្រសិនបើមាន ដែលជាជំនួយយ៉ាងសំខាន់ ដើម្បីយល់ និងពន្យល់អត្ថបទរបស់អ្នកនិពន្ធ។ បានសេចក្ដីថា អក្សរសិល្ប៍ផ្នែកប្រលោមលោកទំនើបយើងមិនអាចផ្ដាច់អ្នកនិពន្ធ និងស្នាដៃគាត់បានទេ។ ព្រោះសំណេរទាំងឡាយចេញពីអ្នកតែង សម្ដែង ដែលបានលាតត្រដាង បកស្រាយមនោរម្មណ៍ ឬគតិផ្សេងៗ... តាមរយៈស្នាដៃគាត់។
ជីវប្រវត្តិសង្ខេប
អ្នកនិពន្ធ នូ ហាច កើតពីថ្ងៃ ២៦ មិថុនា ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ជាកូនលោកតា ឃួន នូវ និងលោកយាយ ឱរ មូច ។ ពីកុមារធ្លាប់បានរៀននៅវត្តក្នុងភូមិកំណើត រៀនអក្សរចេះមើលសាស្ត្រាបានយ៉ាងស្ទាត់។
- ឆ្នាំ ១៩៣២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យ ព្រះស៊ីសុវត្ថិ រហូតដល់ឆ្នាំ ១៩៣៩ ក្រោយដែលជាប់មធ្យមសិក្សាប័ត្រភាគទីមួយ ហើយលោកបានចូលធ្វើជាចៅក្រម ផ្លាស់មកភ្នំពេញវិញ ក្រោយពីរៀបអាពាហ៍ពិពាហ៍។
- ឆ្នាំ ១៩៤៧ បានទៅបម្រើនៅក្រសួងឃោសនាការ កាន់កាប់ខាងការផ្សាយកាសែតកម្ពុជា ។
- ឆ្នាំ ១៩៤៨ ធ្វើជាលេខាធិការផ្ទាល់នៃទ្រង់យុត្តិវង្ស នាយករដ្ឋមន្ត្រី បន្ទាប់ពីទ្រង់យុត្តិវង្សសុគតទៅ លោកត្រឡប់មកក្រសួងឃោសនាការវិញ ធ្វើជានាយខុទ្ទកាល័យ។
- ឆ្នាំ ១៩៥២ លោកចូលទៅបម្រើនៅក្រសួងការបរទេសវិញ ដែលនៅជាប់មុខងារជាមន្ត្រីការទូតខ្មែរ។
- ថ្ងៃ ១៦ មិថុនា ១៩៥២ ដល់ ២៣ មករា ១៩៥៣ សម្ដេចព្រះនរោត្ដម សីហនុ ជានាយករដ្ឋមន្ត្រី បានតែងតាំងលោក នូ ហាច ជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រឹត្យ លេខ ២៥២ ថ្ងៃ ១៥ មិថុនា ១៩៥២ ។
លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ តាំងពីថ្ងៃទី ១៧ មករា ឆ្នាំ ១៩៥៨ ។
ក្នុងក្រសួងការបរទេស លោកបានទទួលតំណែងចុងក្រោយជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី ប្រហែលនៅឆ្នាំ ១៩៦៩ ។ លោកនិវត្តន៍ចូលភ្នំពេញប្រហែលនៅមុនឆ្នាំ ១៩៧៥ ។
ស្នាដៃសំខាន់ៗ ៖
- រឿង ផ្កាស្រពោន បោះពុម្ព ឆ្នាំ ១៩៤៩ ។
- រឿង នារីជាទីស្នេហា បោះពុម្ព ឆ្នាំ ១៩៥៣ ។
- រឿង លាវណ្យ និងរវិន្ទ បោះពុម្ព ឆ្នាំ ១៩៥៥ ។
- រឿង មាលាដួងចិត្ត បោះពុម្ព ឆ្នាំ ១៩៧៥ ។
ប្រលោមលោក " មាលាដួងចិត្ត "
គ្រាន់តែឃើញចំណងជើង នាំឲ្យយើងគិតម៉ៃស្មានសន្និដ្ឋានថា ជារឿងស្នេហាចំពោះកំលោះ-ក្រមុំប៉ុណោ្ណះ។ ព្រោះពាក្យ " មាលាដួងចិត្ត " បានបង្ហាញអារម្មណ៍ និងការគិតដល់កម្រងផ្កា ជានិមិត្តរូបារម្មណ៍ លំអស្ត្រីមានក្លិនប្រហើរក្រអូបដូចបុប្ផា ដែលក្រងស្រាក់ទាក់ប្រទាញជាប់នឹងដួងចិត្ត គំនិតមនោរម្មណ៍កំលោះ ដែលរំភើបក្នុងរឿងស្នេហា។ តែក្រៅពីធាតុស្នេហានេះ អ្នកនិពន្ធបានលាតត្រដាងទិដ្ឋភាពចំរុះឯទៀតៗ ច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ ខ្លះក្នុង " សម័យលោកម្ចាស់ " ជាពេលដែលខេត្តបាត់ដំបង នៅក្រោមអំណាចសៀម មុនសម័យអាណានិគមបារាំង សម័យសង្គ្រាមលោកលើកទី ២ ពីជីវិតសិស្សសាលាមធ្យមសិក្សាព្រះស៊ីសុវត្ថិ នៅជំនាន់នោះ (ប្រហែលជាជាប់នឹងជីវិតសិក្សាអ្នកនិពន្ធផ្ទាល់) ពីទេសភាពក្រុង ស្រុកភូមិ នៅសម័យអាណានិគមបារាំង ខុសពីទេសភាពសម័យឯករាជ្យពីទំនាក់ទំនងរដ្ឋអំណាចខ្មែរ-បារាំង និងប្រជាជនខ្មែរ ។ល។
ចំពោះរឿងស្នេហាទៀតសោត គឺមិនមែនជាស្នេហាទាបថោក អ្នកនិពន្ធបានច្នៃប្រឌិតក្នុងឧត្ដមគតិរុងរោចន៍ គឺបានបង្ហាញទំនាស់វិបត្តិរវាងកំលោះ-ក្រមុំ ស្នេហាស្រឡាញ់គ្នាទៅវិញទៅមក តែមានទំនាស់ទំនុយជាតិសាសន៍ វណ្ណៈខុសគ្នា ហើយបានយករឿងជាតិ ប្រទេសជាធំ ឯរឿងស្នេហាផ្ទាល់ខ្លួនទុកជាក្រោយ។
ជាបញ្ចប់ អ្នកនិពន្ធបានច្នៃឲ្យតួអង្គបុរស-ស្ត្រី បានជួបគ្នាសុខសាន្ត បន្ទាប់ពីបានសន្តិភាពនៃប្រទេសទាំងពីរ គឺខ្មែរ-ថៃនេះឯង ផ្ទុយពីរឿង " ផ្កាស្រពោន " ដែលព្រាត់គ្នារហូតដល់តួអង្គស្ត្រីស្លាប់ ដែលជារឿងកម្សត់សោកសៅរហូតដល់ចប់។
ប៉ារីស ថ្ងៃទី ៩ វិច្ឆិកា ១៩៨០
ឃិង ហុកឌី
កថាមុខ
ប្រលោមលោកថ្មី ដែលខ្ញុំសូមយកមកស្នើជាគ្រឿងកម្សាន្តសម្រាប់មិត្តអ្នកអានក្នុងពេលនេះ ជារឿងគម្រប់ទីបួនរបស់ខ្ញុំ។ ដូចមុនៗដែរ សៀវភៅនេះបានតែងចប់ក្នុងពេលឧត្ដមគតិមិនទាន់ត្រូវទម្លុះទម្លាយជាណាស់ណាពេកទេ ដោយបញ្ហាជីវិត ពោលគឺរវាងម្ភៃឆ្នាំមកហើយ។ ក្រដាសសំណៅដើមប្រែសម្បុរឡើងលឿង ពណ៌ស្ករត្នោត ហើយផុយរបេះដុំៗ ព្រោះជរាភាព។
ហេតុធំដែលនាំឲ្យខ្ញុំស្ទាក់ស្ទើរយឺតយូរ ក្រផ្សាយដល់ម្ល៉េះ មកពីមានបារម្ភក្រែងអ្នកផងលើកតួបុគ្គលខ្លះក្នុងរឿងទៅប្រដូច ឬចោទថាជាផ្នែកជីវភាពរបស់បុរសស្ត្រីណាមួយ ឬយល់ថាជាការរិះគន់ចំពោះអ្នកមុខអ្នកការណាមួយទៅវិញ។ ក្នុងចំណុចនេះ ពិសោធន៍រឿងផ្កាស្រពោន អាចមានឡើង បានផ្ដល់នូវឧទាហរណ៍ស្រាប់មកហើយ។ ព្រោះមានអ្នកមានច្រើននាក់ បានយល់ច្រឡំហើយលើកប្រដូចតួបុគ្គលនានាក្នុងរឿងនោះ ទៅលើជនដែលមានជីវិតរស់នៅមែនទែន។
ដើម្បីចៀសវាងមន្ទិលសង្ស័យយ៉ាងនេះទៀត ខ្ញុំបានយល់ថាគប្បីទុក្ខពេលវេលាកន្លងហួសទៅឲ្យបានវែងឆ្ងាយបន្តិចសិន ក្នុងបំណងបន្សាបការប្រដូច ឫអត្ថាធិប្បាយផ្សេងៗដែលអាចមានឡើង ។
ដូច្នេះខ្ញុំសូមបញ្ជាក់ផ្ទួនជាថ្មី សៀវភៅនេះពុំមែនជាប្រវត្តិបន្លំរបស់ជនរូបណាឡើយ ទោះមានឋាន:ក្នុងសង្គមខ្ពស់ ឫទាបយ៉ាងណាក៏ដោយ ថ្វីបើនៅភាគខាងចុងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចូលមកជាផ្ទាំងតម្បាញនៃរឿងលើក ។ អាស្រ័យហេតុនេះប្រសិនបើអ្នកអានសង្កេតឃើញ ឫយល់ថា មានកន្លែងណាសមដូចការពិតខ្លះសូមសន្និដ្ឋានចាត់ជាដំណើរចៃដន្យទៅវិញផងចុះ ។
ប្រលោមលោក មាលាដួងចិត្ត នេះនិទានបានផ្ដើមក្នុងឆ្នាំ១៩៣៩ គឺនៅពេលសង្គ្រាមលោកលើកទីពីរចាប់ឆួលឆេះឡើងហើយមកចប់នៅចុងឆ្នាំ១៩៤៦ គឺនៅពេលខេត្តបាត់ដំបង និងដែនដីយើងទាំងប៉ុន្មាន ដែលបាត់ដំបងទៅនោះ បានវិលត្រឡប់មករួបរួមក្នុងសមាគមន៍ជាតិវិញ ។
អ្នកនិពន្ធ មានបំណងឲ្យសៀវភៅនេះមានគុណភាពជាកញ្ចក់ឬជាផ្ទាំងគំនូរ រូបភាព សម្រាប់គំនិត និងឧត្ដមគតិរបស់យុវជនខ្មែរក្នុងសម័យនេះ ។
អ្នកនិពន្ធ មានបំណងឲ្យសៀវភៅនេះមានគុណភាពជាកញ្ចក់ឬជាផ្ទាំងគំនូរ រូបភាព សម្រាប់គំនិត និងឧត្ដមគតិរបស់យុវជនខ្មែរក្នុងសម័យនេះ ។
មានហេតុមួយទៀត ដែលនាំឲ្យខ្ញុំប្រតិស្ឋរឿង មាលាដួងចិត្តនេះ ។ អ្នកអានយ៉ាងក្រាស់ក្រែល មាននារីជាភាគច្រើនបានបន្ទោសខ្ញុំថា ចិត្តអាក្រក់ណាស់ ដោយបណ្តោយឲ្យនាងវិធាវីក្នុងរឿង ផ្កាស្រពោន ស្លាប់បាត់បង់អាយុទាំងក្មេងខ្ចី ហើយស្លូតត្រង់ផង់ ។ ខ្ញុំសរសេររឿងថ្មីនេះ ក្នុងបំណងចង់លុបលាងនូវការរិះគន់បែបនេះទៀត ។ តើសម្រេចដូចប្រាថ្នាមែន ឫយ៉ាងណា ? សូមមិត្តទាំងឡាយ មេត្តាវិនិច្ឆ័យផងចុះ ។
សរុបសេចក្ដីទៅ សៀវភៅរឿងនេះ ដែលបរិបូណ៌ដោយយុវភាព ហើយដែលពិពណ៌នាអំពីគំនិត និងឧត្ដមគតិនៃយុវជនក្នុងអំឡុងឆ្នាំ១៩៣៩-១៩៤៦ សូមយុវជនយើងជំនាន់ក្រោយទុកជាសក្ខីភាពមួយនាកាលសម័យនោះ ។
ខ្ញុំសូមឧទ្ទិសសៀវភៅនេះ ចំពោះវិញ្ញាណក្ខន្ធលោក ឃួន នៅ ជាបិតាលោក ឱរ ស៊ិន ជាឪពុកធំ ដែលលោកបានណែនាំខ្ញុំស្រលាញ់អក្សរសាស្ត្រតាំងពីកុមារភាព ហើយចំពោះយុទ្ធជនយើងវីរបុរសយើងដែលបានបូជាជីវិតដើម្បីមាតុភូមិ ។
ភ្នំពេញ មេសា១៩៧២
ន.ហ.
-១-
វិទ្យាល័យ-គ.ស.១៩៣៩
ដូចជាពិបាកគិតដែល! ...មិនដឹងជាត្រូវចាប់និយាយពីត្រឹមណាទេរឿងនេះ ព្រោះមានរាងនិងភាពដូចពពកមានពណ៌ច្រុះ ដូចឥន្ទធនូ ហើយមានមាឌ និងកំពស់កំពរប៉ុនយក្សា ។
ក្នុងដួងចិត្តយុវជនអាយុម្ភៃឆ្នាំ អារម្មណ៍ដ៏អស្ចារ្យនេះ ជួនណាបោកបក់ជាព្យុះ ជួនណាផាត់ផាយជាខ្យល់ជំនោរ ។ ទុក្ខនិងសេចក្ដីសង្ឃឹមតែងផ្លាស់វេនគ្នាក្នុងសតិមួយ ដែលមានគំនិតវែងឆ្ងាយ តែស្រួយដូចពពុះសាប៊ូ ដែលអណ្ដែតត្រសែតមួយសន្ទុះ លំអដោយឆព្វណ្ណរង្សីចាំងឆ្លុះទៅលើ ។
ឱ!ឆ្នេរសមុទ្រដែលបរិបូរណ៍ដោយក្លិនក្រអូបឆួល ដែលវិចិត្រដោយកូនខ្ទមជ្រកក្រោមដើមដូងល្វន់ល្វៃ មានកម្រងវល្លិ៍ផ្ការុំស្រោចដូចហត្ថានាងនាដការ ។វាយោហើរពីផ្ទៃសាគរមកយោលភួងធម្មជាតិឲ្យមានចលនាទន់ភ្លន់ រួចហើយក៏តាំងដឹកនាំទៅឆ្ងាយពិដោរឈ្ងុយឈ្ងប់ ។
ទេសភាពត្រកាលនេះ មាននាទីជាអង្រឹងសម្រាប់យោលរំសាយទុក្ខនៃយុវជនដែលស្រវឹងដោយឃ្លោង ដោយកាព្យថ្លាដូចចរណៃ ហើយស្អាតដូចពន្លឺព្រះចន្ទពេញបូណ៌មី ។ កវីនិពន្ធដ៏មានពាក្យពីរោះហាក់ដូចជាកើតពីទេពកោសល្យ ដែលត្រាំនៅក្នុងទុក្ខព្រួយ ហើយរមែងក្ដោបស្រោបនូវវិការដ្ឋាននៃជីវិត បរិបូណ៌ទៅដោយការប្រយុទ្ធ ការដណ្ដើមស្ទើរស៊ីសាច់គ្នា ។
អាត្ម័នជរា ព្រលឹងរេចរិល អាចរត់ចូលជ្រកបានក្នុងសាសនាប៉ុន្តែអាត្ម័នក្មេង យុវចិន្តានឹងរកកំពង់ផែចូលសម្រាកបានតែក្នុងកាមារម្មណ៍ ។
គិតសព្វៗទៅសេចក្ដីស្នេហាជាសាសនាមួយបែបដែរ សម្រាប់យុវជន ព្រោះរមែងមានសទ្ធា មានជំនឿ មានសេចក្ដីទុកចិត្តទៅវិញទៅមក ។ តែសាសនានេះចាស់ៗ បែរជាមិនយល់ ដោយភ្លេចសូនឈឹងថា កាលពីដើមមកខ្លួនធ្លាប់ក្មេងដូចគ្នាដែរទេតើ ! ។ ហេតុដូច្នេះហើយបានជាចាស់ៗ ទាំងនោះ តែងកាន់គំនិតរឹងត្អឹង កាន់លទ្ធិសម្បូណ៌ជាសិទ្ធិ ចំពោះលំពង់ត្រួយខ្ចីនៃមនុស្សជាតិ ។
គួរយើងគិតថា ផ្កាក្រូចពោធិ៍សាត់មានក្លិនក្រអូបជាងផ្លែវាដែលទុំលឿងជូរ។យ៉ាងនេះហើយបានជាយុវជនអាចក្រេបឱជារស ជីវភាពបានជាជាងមនុស្សរសៀល ដែលជាហេតុនាំឲ្យមាណព និងមាណវី មានទីតាំងជិតជាងក្នុងគោលបំណងព្រះកាមទេព។
គំនិតពិពណ៌នាខាងលើនេះ ជាយោបល់របស់ក្មេងៗ ដែលរៀននៅវិទ្យាល័យស៊ីសុវត្តិ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ យុវជនទាំងនោះយល់ដោយខុស ហើយដោយអយុត្តិធម៌ខ្លះផងក៏ពុំដឹងថា ចាស់សង្កត់សង្កិនព្រលឹង និងចិន្ដារបស់ខ្លួន ហើយថែមទាំងបំពុលសេចក្ដីត្រេកត្រអាលទៀតផង់។
គិតខុសក៏ដោយ ត្រូវក៏ដោយ ក្មេងៗ បើយល់យ៉ាងណាហើយតែងជួញចិត្តធ្វើឲ្យគំនិតនោះបានសម្រេចបានពិតប្រាកដ ដោយសកម្មក្រៃលែង។ ដើម្បីយល់នូវមនោសញ្ចេតនាផ្សេងៗ ដែលរមែងកញ្ជ្រោកបោកបោះអាត្ម័នយុវជននោះ ទើបសូមនាំរឿងនេះមកនិទានដូចតទៅ ៖
***
ថ្ងៃអាទិត្យ! អរុណចាប់លាបពណ៌ក្រហមទុំ ទៅលើជើងមេឃខាងកើត។ ក្នុងសយនដ្ឋាននៃវិទ្យាល័យស៊ីសុវត្តិ ដែលសេចក្ដីស្ងប់ស្ងាត់គ្រប់ដណ្ដប់នៅឡើយ ព្រោះមិនទាន់ដល់ម៉ោង សម្លេងខ្សឹបខ្សៀវចាប់ឮខ្សាវៗ ពីត្រង់នេះបន្តិច ត្រង់នោះបន្តិច។មាត់មាន់រងាវបង្ហួសបែបបទវែងអន្លាយក្នុងពន្លឺស្រាលៗ នៃព្រហាម។ សេះសង្គមដែលទាញរទេះដឹកបន្លែមួយអន្លើ និងស្បែកជើងឈើចិនកន្តាំងបាននាំគ្នាវាយផ្ទៃថ្នល់ចាក់ជ័រ ឮភ្លិបផ្លាប់ ឫក្រោកក្រាក។ កង់ទ័ពក្អែកចេញពីទ្រនំដើមអំពិល ខ្វកកេកកាកៗ លាន់រំពង ហើយហើរឆ្ពោះទៅទិសខាងលិច ដែលមានពំនូកពពកធំៗ ដេកទ្រមក់ត្រាំក្នុងកម្ជិលច្រអូសនៅឡើយ។
មួយសន្ទុះក្រោយមក ស្គរអ្នកយាមទ្វាររោទ៍កំរើករំជួយអាកាសពណ៌ខៀវនៃព្រឹកព្រហាម ហើយសូរស័ព្ទហ៊ោកញ្ច្រៀវក៏ស្ទុះឡើងដូចចិនអុចផាវសែនអ្នកតា។ អ្នកខ្លះចាប់ប្រយុទ្ធនឹងសង្កើចដោយយកស្បែកជើងឈើវាយបំពៀចបច្ចាមិត្ត ដែលបានស្រូបឈាមពីយប់ទៅលើក្ដារគ្រែឮផូងផាង។ ក្នុងសម័យនោះមិនទាន់ស្គាល់ច្បាស់នៅឡើយទេ នូវការប្រើម្សៅដេដេតេ សម្រាប់សម្លាប់សត្វល្អិត។ អ្នកខ្លះទៀតសព្វបាឡុងឮភិបៗ ហើយមួយពួកផ្សេងដទៃក្រមាមួយវ័ណ្ឌនៅចង្កេះនាំគ្នាប្រមូលខោអាវយកទៅបោកនៅក្បាលម៉ាស៊ីនទឹកក្រោយ"ដ័រត្វារ"។
សូរទ្រហឹងអឹងអាប់បានដាស់ ទីឃាវុធ ភ្ញាក់ពីដំណេកក្រោកឡើងប្រមូលក្រសោបជើងមុងពាក់លើដំបូល រួចក៏តាំងអង្គុយសញ្ជឹងសញ្ជប់នៅលើគ្រែ ដោយមានមុខស្ងួតស្ងប់ ក្មេងកំលោះនេះនឹកគួចដល់នារីដែលកាលពីម្សិលមិញ វិទ្យុបាននាំមកនូវសម្លេងថ្លាដូចកែវទិព្វ។ នៅជិតសយនដ្ឋានគឺនៅម្ខាងវិថីហ្វ្រង់ស្វាហ្វុងតែនអ្នកម្ចាស់ផ្ទះមួយបានបើកវិទ្យុស្ដាប់ចំរៀង សិល្បការិនីសៀមច្រៀងពីរោះទន់ល្មើយ។ គឺសម្លេងនេះហើយដែលមកប្រលោមចោមបំពេអាត្ម័នទីឃាវុធ ដែលស្រេកឃ្លាននូវកាមារម្មណ៏។ ចៅមាណពស្ដាប់ពុំបានច្បាស់នូវសំដីទំនុកច្រៀងទេ តែសាច់ពីរោះ ដែលមានផ្នត់ទូលាយល្វឹងល្វើយ បានគួចព្រលឹងឲ្យអណ្ដែតអណ្ដូងរមណីយដ្ឋានមួយនាវិមានសួគ៌ាល័យ។
សៀវភៅដាក់ផ្កាប់លើដើមទ្រូង ទៀនលើក្បាលដំណេកឆេះចោលទទេ អ្នកកំលោះតាំងបង្ហើបគំនិតទៅទីដោយមនោរម្យ។ ស្ថិតក្នុងសភាពយ៉ាងនេះ ចិន្ដាតាំងនឹកគួចពីចម្ងាយនូវសោភ័ណភាពនៃសិល្បការិនី ម៉្លេះ សមនាងមានមូលពេញមានភ្នែកខ្មៅថ្លាយង់ ដែលមានរោមត្របកភ្នែកវែងង ចិញ្ចើមចាំការពារមានសក់ខ្មៅរលើបទម្លាក់រលកអង្កាញ់មកលើស្មាពណ៌សណ្ដែកបាយហើយជារនាំងសម្រាប់កញ្ចឹងក ដែលកំរើកចុះឡើងដោយសមសួនធ្វើឲ្យក្បាលរេរាគួរគយគន់ បីដួចដើមស្នោយោលផ្កាលឿងឆ្អិនក្នុងក្រសែខ្យល់ជំនោរ។ ម៉្លេះ សមនាងមានបបូរមាត់ពណ៌ផ្កាឈូកដែលបិទហើយបើក ដើម្បីបង្ហាញឲ្យឃើញធ្មេញសផ្លាដូចផ្កាម្លិះលា។ម៉្លេះសមនៅលើទ្រូងអាវព្រែសាច់ម៉ដ្ឋខៃកាត់ដេរយ៉ាងប្រណិត ទុកឲ្យស្មាននូវរាវប៉ោងក្បំនៅឱរ៉ា នាងពាក់បន្តោងពេជ្រដែលដេញរស្មីភ្លើងភ្លឺពព្រាយ។ទីឃាវុធស្ដាប់សំឡេងច្រៀងក្នុងរាត្រី ហើយស្រមៃឃើញជាក់ច្បាស់ដូចទល់មុខគ្នា នូវរូបឆោមនារីដែលមានសំដីពិរោះក្រអៅ។សិស្សលីសេមិនដែលគិតដល់ម្ដងណាសោះថា រមណីវត្ថុនេះអាចចេញបានពីរូបរាងមួយ ដែលធម្មជាតិពុំមានសប្បុរសធម៌តុបតែងឲ្យយ៉ាងនោះទេ។បើអ្នកណាចង់ភ្នាល់ក៏ ទីឃាវុធ ហ៊ានភ្នាល់ដែរ សំឡេងបរិសុទ្ធឥតមន្ទិល ឥតស្រាំ ឥតឆាយ៉ាងនេះ ប្រាកដជាពុំមែនចេញពីអង្គខ្លួនក្រងិងក្រងង់បានឡើយ ! កំពុងតែយោសប្តិទាំងភ្នែកយ៉ាងនេះ ស្រាប់តែវិទ្យុឈប់ស្ងាត់ឈឹង។អន្ទះអន្ទែងក្រហាយក្រហល់ក្រៃលែង ទីឃាវុធ បិតសៀវភៅគណិតសាស្ត្រដែលខ្លួនបានបញ្ចប់មេរៀនមួយ ហើយចាប់កម្រងកវីនិពន្ធមកអានវិញ។ នាយកំលោះបើកក្រេបជញ្ជក់ម្ដងទៀត នូវសាច់កាព្យ៉ឡឺសូល៉របស់អ័លហ្វ្រិដដឹមិស្សេត៏។ មួយសន្ទុះក្រោយមកលុះបានផ្លុំពន្លត់ទៀនស្រេចហើយ សេចក្ដីលង់លក់ក៏ស្រូបគំនិតចិន្ដាចៅមាណពទៅក្នុងសកលសុបិន្ដយល់សប្តិ។
សៀវភៅដាក់ផ្កាប់លើដើមទ្រូង ទៀនលើក្បាលដំណេកឆេះចោលទទេ អ្នកកំលោះតាំងបង្ហើបគំនិតទៅទីដោយមនោរម្យ។ ស្ថិតក្នុងសភាពយ៉ាងនេះ ចិន្ដាតាំងនឹកគួចពីចម្ងាយនូវសោភ័ណភាពនៃសិល្បការិនី ម៉្លេះ សមនាងមានមូលពេញមានភ្នែកខ្មៅថ្លាយង់ ដែលមានរោមត្របកភ្នែកវែងង ចិញ្ចើមចាំការពារមានសក់ខ្មៅរលើបទម្លាក់រលកអង្កាញ់មកលើស្មាពណ៌សណ្ដែកបាយហើយជារនាំងសម្រាប់កញ្ចឹងក ដែលកំរើកចុះឡើងដោយសមសួនធ្វើឲ្យក្បាលរេរាគួរគយគន់ បីដួចដើមស្នោយោលផ្កាលឿងឆ្អិនក្នុងក្រសែខ្យល់ជំនោរ។ ម៉្លេះ សមនាងមានបបូរមាត់ពណ៌ផ្កាឈូកដែលបិទហើយបើក ដើម្បីបង្ហាញឲ្យឃើញធ្មេញសផ្លាដូចផ្កាម្លិះលា។ម៉្លេះសមនៅលើទ្រូងអាវព្រែសាច់ម៉ដ្ឋខៃកាត់ដេរយ៉ាងប្រណិត ទុកឲ្យស្មាននូវរាវប៉ោងក្បំនៅឱរ៉ា នាងពាក់បន្តោងពេជ្រដែលដេញរស្មីភ្លើងភ្លឺពព្រាយ។ទីឃាវុធស្ដាប់សំឡេងច្រៀងក្នុងរាត្រី ហើយស្រមៃឃើញជាក់ច្បាស់ដូចទល់មុខគ្នា នូវរូបឆោមនារីដែលមានសំដីពិរោះក្រអៅ។សិស្សលីសេមិនដែលគិតដល់ម្ដងណាសោះថា រមណីវត្ថុនេះអាចចេញបានពីរូបរាងមួយ ដែលធម្មជាតិពុំមានសប្បុរសធម៌តុបតែងឲ្យយ៉ាងនោះទេ។បើអ្នកណាចង់ភ្នាល់ក៏ ទីឃាវុធ ហ៊ានភ្នាល់ដែរ សំឡេងបរិសុទ្ធឥតមន្ទិល ឥតស្រាំ ឥតឆាយ៉ាងនេះ ប្រាកដជាពុំមែនចេញពីអង្គខ្លួនក្រងិងក្រងង់បានឡើយ ! កំពុងតែយោសប្តិទាំងភ្នែកយ៉ាងនេះ ស្រាប់តែវិទ្យុឈប់ស្ងាត់ឈឹង។អន្ទះអន្ទែងក្រហាយក្រហល់ក្រៃលែង ទីឃាវុធ បិតសៀវភៅគណិតសាស្ត្រដែលខ្លួនបានបញ្ចប់មេរៀនមួយ ហើយចាប់កម្រងកវីនិពន្ធមកអានវិញ។ នាយកំលោះបើកក្រេបជញ្ជក់ម្ដងទៀត នូវសាច់កាព្យ៉ឡឺសូល៉របស់អ័លហ្វ្រិដដឹមិស្សេត៏។ មួយសន្ទុះក្រោយមកលុះបានផ្លុំពន្លត់ទៀនស្រេចហើយ សេចក្ដីលង់លក់ក៏ស្រូបគំនិតចិន្ដាចៅមាណពទៅក្នុងសកលសុបិន្ដយល់សប្តិ។
ប៉ុន្តែ នៅព្រឹកថ្ងៃអាទិត្យ កំលាំងដែលភ្ជាប់អង្គុយ ទីឃាវុធយ៉ាងយូរនៅលែគ្រែ គឺវិការដ្ឋានដែលវិញ្ញាណប្រតិស្ឋឡើងក្នុងពេលដែលដេកលក់។ថ្វីបើដឹងថាជាការភូតកុហក ថ្វីបើជាក្ដីសង្ឃឹមក្លែងក្លាយ ដែលភ្លឺព្រោងព្រាយតែមួយភ្លែតដូចភ្លែតបន្ទោរ តែកំលោះយើងនៅតែសញ្ជឹងគិតទៅរកដោយសប្បាយផង ឈឺអួលផ្សារផង។ជាប្រក្រតីសុបិននិមិត្តជាដំណនៃប្រាកដនិយម។
យល់សប្ដិនោះបានបន្លប់ ទីឃាវុធ ថាមានរថយន្តដំបូលផ្លិតដែលមាននារីទីត្រួយចិត្តជាអ្នកបើកបរ។ ឯខ្លួនអ្នកកំលោះឯងអង្គុយនែបនិត្យឱជារសសុភមង្គលល្អរកនិយាយពុំបាន។ រថយន្តបង្អិលខ្លួនធូរខ្សៀកលើថ្នល់ចាក់ជ័រ ដែលមានគគីរខ្ពស់ត្រឈៃដុះអមហែសងខាង។ លុះដល់ទីថ្នល់ខ្វែងប្រទាក់គ្នា ឡានបត់តម្រង់ទៅរកភ្នំដែលព្រះអាទិត្យពេលល្ងាចកំពុងយកមាសស្រោបលើកំពូល។ ខ្យល់ក្រអូបដោយក្លិនរុក្ខជាតិបានស្ទុះមកប្រឡែងលេងជាមួយសក់នារី។លលកមួយគូផ្អើលនឹងឡានហើរយ៉ាងលឿន ដោយទទះស្លាបញាប់ខ្មាញ់។ទីឃាវុធ ក៏យកដៃទៅស្ទាបអង្អែលស្មានៃឆោមស្និទ្ធ។
រថយន្តឈប់កៀកនឹងជើងភ្នំដ៏មានថ្មធំៗ ដែលភ្លៀងនិងអាកាសធាតុបានធ្លាក់ជារូបសត្វរស់ នៅក្នុងសម័យបុព្វប្រវត្តិសាស្ត្រ។គូសង្សារទំនើបអង្គុយលើថ្មមួយផ្ទាំង នៅចំពីមុខបឹងទឹកថ្លាដែលក្នុងនោះ ព្រះសុរិយាកំពុងទាញពន្លត់នូវកាំរស្មីរបស់ខ្លួនម្ដងមួយៗ។ ត្របកផ្កាព្រលិតដែលរីករហង់ក៏ញាប់ញ័រព្រឺព្រួច ព្រោះសុរភីវាតបក់មកថ្នាក់ថ្នមកូនត្រីរស់ល្អិតៗ ពណ៌ក្រហមរងាលនៅហែបហែលចន្លោះដើមស្នោ ដែលកំពុងយោលបង្អួតគ្នា នូវចង្កោមផ្កាពណ៌លឿងឆ្អៅ និងត្រកួនផ្កាពណ៌ស្វាយ ដែលកំពុងបោះដៃរកគ្នារវាម។ រនាលស្លាបពណ៌ជម្ពូខំរំពៃរកឆ្មក់មច្ឆាជាតិរ៉បមាត់បឹងដើម្បីជាអាហារបង្ហើយមុនពេលវិលទ្រនំ។ មួយសន្ទុះក្រោយមកបក្សីជើងវែងស្ទុះហើរទាំងគូៗ ឆ្ពោះទៅទិសខាងលិច ឯអាកាសក៏ធ្លាក់ត្រជាក់ស្រឺត។
" ទិនល្អថ្លា រលាយសូនសល់តែម្លប់ក្រអូបឈួល " (១)ទីឃាវុធខ្សឹបកាបនេះរបស់កវីបារាំងម្នាក់ ដែលខ្លួនពេញចិត្តហើយស្ងើចក្រៃលែង។ ហ្វូងច្រឹងចេញពីគុហាភ្នំយកស្លាបស្អិតជ្រាយវាយអាកាសប្រផេះនៃរាត្រី។ ដោយមានសត្វមួយហើរឆាបមកជិតនាងពេកយុវតីក៏ស្លុតគេចរកជម្រកពួនភ័យនាដើមទ្រូងនៃនាយកំលោះ។
មកដល់ត្រឹមនេះសុបិនក៏អន្តរធានបាត់ទុកឲ្យ ទីឃាវុធ អល់អែកព្រោះសុភមង្គលស្រពិចស្រពិលនេះ នាំឲ្យរសាប់រសល់ខ្វល់ចិន្ដាប្រមាណ។
* * *
ទីឃាវុធ ជាសិស្សឧស្សាហ៍មានប្រាជ្ញាឈ្លាសវៃ នៅថ្នាក់ទីពីរនៃមធ្យមសិក្សា។ អ្នកកំលោះចូលចិត្តរៀនជីវភាសាណាស់ ហើយតែងបានលេខ បានទីល្អៗ ក្នុងវិជ្ជាភាសាអង់គ្លេស បារាំង និងខ្មែរ។ មួយទៀតដោយបានជាវវចនានុក្រមបារាំង-សៀមមួយក្បាល មកទុក មាណពយើងក៏ខំសិក្សាភាសាប្រទេសជិតខាងទាំងនេះទៀត ក្នុងឱកាសទំនេរ។ដូចខ្មែរទាំងពួងដែរ អ្នកកំលោះតែងសរសើរថា ភាសាសៀមមានសម្លេងពីរោះ។ ហេតុនេះហើយបានខំព្យាយាមទាល់តែអានសៀវភៅថៃបានខ្លះ ថ្វីបើនៅរឹងមាត់និយាយពុំសូវច្បាស់ព្រោះដាក់ខ្យល់ខ្ពស់ទាបមិនត្រូវ។
ប៉ុន្តែ សិស្សនេះមិនចូលចិត្តវិទ្យាសាស្ត្រទេ។ក្នុងពេលរៀនរូបសាស្ត្រ ឫគណិតសាស្ត្រ ព្រលឹងតែអណ្ដែតអណ្ដូងទៅឆ្ងាយ។ មួយទៀតពាក្យពេចន៍ដែល ទីឃាវុធ និយាយច្រើនដូចក្នុងសៀវភៅពេកបានជាអាចារ្យខាងវិទ្យាសាស្ត្រតែងស្ដីបន្ទោសជាញឹកញយថា ខ្វះសេចក្ដីជាក់លាក់។ ទោះជាយ៉ាងនេះក៏ដោយ អ្នកកំលោះខំព្យាយាមណាស់ ហើយចាប់របៀបយ៉ាងទៀងទាត់។ ថ្វីបើទើបតែចាប់រៀនអង់គ្លេស តែអាចនិយាយភាសាបានខ្លះហើយ អានទស្សនាវដ្ដីអាមេរិកកាំង ឫប្រលោមលោកអង់គ្លេសក្នុងការប៉ូលិស ឫផ្សងព្រេងបានធូរបង្គួរ។ ជាធម្មតាក្មេងនេះអានទាំងអស់ មិនថាអ្វីជាអ្វីទេចេះតែចង់ដឹង ចង់យល់ជានិច្ច។ បើគេនិយាយអំពីនយោបាយក្ដីរឿងកុនក្ដី អក្សរសាស្ត្រក្ដី ទីឃាវុធ ចេះជូនយោបល់ ចេះអធិប្បាយដោយពាក្យពីរោះ ហើយអ្នកផងចូលចិត្តស្ដាប់ណាស់ដោយឃើញថាជាក្មេងមានគំនិតជ្រៅមានចិត្តទន់ ពួកម៉ាកទាំងឡាយតែងស្មោះស្ម័គ្ររាប់រកដោយសមានចិត្ត។ ប្រសិនបើទៅពើបលើមជ្ឈដ្ឋានមួយថ្មីទីឃាវុធ សម្លឹងហើយ ស្ដាប់តែមួយសន្ទុះក៏ថ្លឹងឈ្វេងយល់ភ្លាមថាពពួកជននេះមានប្រាជ្ញាកំពស់ត្រឹមនេះ ជម្រៅត្រឹមនេះ។ តមកក៏តាំងលៃសំដីប្រមាណពាក្យឲ្យសមល្មមតែអ្នកទាំងនោះរីករាយចង់ស្ដាប់។ ទោះនៅចំពោះមនុស្សមានកិរិយាយ៉ាងណាក៏ដោយអ្នកកំលោះចេះរកពាក្យមកថ្លែងកំសាន្តលេងបានពុំខានឡើយ។
ទីឃាវុធ ជាអ្នករហ័សខឹងបន្តិច ប៉ុន្តែចេះទប់មាត់ទប់កបានមិនឲ្យក្លាយទៅជាច្រឡោតដល់ទៅស្រែកឡូឡានោះទេ។ បើឃើញមិត្តណាចេះស្រាកស្រួលនឹងខ្លួន ចៅមាណពយើងមានចិត្តរីករាយនឹកគុណគេពុំភ្លេចទេ។តែបើគេធ្វើព្រងើយកន្តើយ ឫរំលោភត្រង់ណាចិត្តអ្នកកំលោះ ក៏ថ្នាក់ថ្នល់គ្នាន់ក្នាញ់មិនងាយនិងរសាយបានឡើយ។ ក្នុងពេលរៀបចំកិច្ចសិក្សា ទីឃាវុធ ខំផ្ចិតផ្ចង់មិនឲ្យពួកម៉ាកកើតរំខានដោយខ្លួនសោះ។
ទីឃាវុធ ចូលចិត្តកវីនិពន្ធបារាំងណាស់ តែមិនស្រលាញ់ពួកបុរាណលើសពួកទំនើបទេ ឲ្យតែជារបស់ទន់ត្រជាក់បរិបូរណ៍ដោយមនោសញ្ចេតនាចុះ មុខជារាប់អានពុំខានឡើយ។ សិស្សនេះតែងសេចក្តីបានយ៉ាងធូរបើកាលណាត្រូវការនិយាយពីដួងចិត្ត ពីមនោសញ្ចេតនា។ ប៉ុន្តែសាច់និពន្ធនឹងប្រែជារដិបរដុបទៅវិញ ក្នុងពេលដែលត្រូវនិយាយអំពីការណ៍អ្វីដែលមានគ្រាតគ្រើម។ ក្នុងវិស្សមកាលអ្នកកំលោះតែងសរសេរសំបុត្រជាច្រើនច្បាប់ មានសេចក្តីទន់ភ្លន់ទៅរកមិត្តសំឡាញ់។ ប្រសិនបើអ្នកនោះឯងថ្លោះធ្លោយពុំបានតបវិញទេមុខតែ ទីឃាវុធរងសេចក្តីឈឺចាប់ក្រៃលែង។
មួយទៀតចៅមាណពចេះលើកកំណាព្យ ស្រងេះស្រងោចបរិបូណ៌ដោយក្ដីស្នេហា។ចំពោះកំលោះ បានក្រេបសោភ័ណភាព តែដោយសៀវភៅ ដោយប្រលោមលោក និងដោយភាពយន្តប៉ុណ្ណោះ។ ទីឃាវុធ តែងអានដោយចាប់ចិត្តនូវរឿងនានាដូចជា " ទ្វារចង្អៀត " របស់អង់ដេហ្សីដ និង " ប្រិយនារី " របស់វ៉ូដាយែរ ជាដើម។ មិនថាទេបើអ្នកនិពន្ធមិនសូវប្រសប់តែងពាក្យគ្រាន់តែចេះធ្វើឲ្យទាក់ចិត្តចុះមុខជានឹងរាប់អានពុំខានឡើយ។ ក្មេងកំលោះនេះអានញាប់ណាស់ ជួនកាលជក់រឿងពេក ក៏បញ្ចប់សៀវភៅក្រាស់បង្គួរតែក្នុងមួយយប់។
រាល់រសៀលថ្ងៃអាទិត្យ ទីឃាវុធ តែងចេញពីសាលាដើម្បីទៅរកមើលកុន។ ក្នុងពេលនោះ អ្នកកំលោះតែងផ្ទៀងឃ្លាំឆាកណាដែលប្រកបដោយសេចក្តីស្នេហាយ៉ាងត្រកាល ដូចជាគូសង្សារទាំងពីរជិះទូកលេងក្នុងបឹងឫលំហែដោយរថយន្ត ដែលបរកាត់ទេសភាពយ៉ាងចាប់ចិត្ត។ ញញឹមដែលរីកពព្រាយលើបបូរមាត់ស្រស់មួយ តែងធ្វើឲ្យចៅមាណពសប្បាយជាងវិការដ្ឋានអ្វីឯទៀតទាំងអស់។ លុះវិលមកដំណេកវិញរូបសិល្បនារីទាំងឡាយដែលខ្លួនបានឃើញស្រមោលពីថ្ងៃក៏ផុសអណ្ដែតឡើងជាថ្មី ក្នុងសេចក្ដីស្រមៃមួយដែលមានវង់រស្មីស្រោបព័ទ្ធភ្លឺចិញ្ចាច។ ឱ!កញ្ញាមានឆោមពណ៌ ដូចទេពអប្សរដែលបានបញ្ចេញកាយវិការល្វតល្វន់ ក្នុងទេសភាពល្អឆើតឆាយដូចសួគ៌ាល័យ ! អនុស្សាវរីយ៍ពៅស្នេហ៍ទាំងនេះ តែងមកស្ថិតនៅពាសពេញក្នុងសេចក្ដីរលឹករបស់បុរស ហើយធ្វើឲ្យ ដួងចិត្តគេលិចលង់ទៅក្នុងសេចក្ដីរឭករបស់យុវបុរស ហើយធ្វើឲ្យ ដួងចិត្តគេលិចលង់ទៅក្នុងពិដោរកាមារម្មណ៍ដែលរសាត់មកពីទីឆ្ងាយ។
ជួនកាលពេលដែលលំហែ បាននាំឲ្យនាយកំលោះឲ្យប្រទះឃើញមួយភ្លែតនូវរាងក្លៀវក្លំនៃនារីមួយនាក់។ រូបស្រពិចស្រពិលនេះបានបណ្ដាលឲ្យមាណពយើងភ័ន្តស្មារតី ជំហានបោះដើរទៅមុខដោយស្វ័យប្រវត្តិ។ ថ្ងៃមួយ កំពុងដើរតាមវិថីផ្សារ ស្រាប់តែមានអារម្មណ៍ថាមានក្រសែភ្នែកសម្លឹងខ្លួន។ ទីឃាវុធ ងើយមើលឡើងលើឃើញនារីចិនម្នាក់សក់សឹងមឹង សាច់ដៃទ្រលុកច្រត់លើមាត់បង្អួចហើយបង្ហើរញញឹមទៅទិសមួយដែល ទីឃាវុធ ស្មានថាត្រង់មករកខ្លួន។ គ្រាន់តែប៉ុណ្ណោះក៏ព្រលឹងអណ្ដែតអណ្ដូងស្វែងទៅរកការយល់សប្ដិជើងលែងជាប់ដីទៅហើយ។
មួយទៀត ទីឃាវុធ មិនចូលចិត្តឮបន្ថោកបន្ទាប ឫ បង្អាប់អំពីស្ត្រីភេទទេ តែងកាន់ជើងឥត្ថីភាពជានិច្ច ទោះបីខុសក៏ដោយ។កំលោះមានយោបល់ថា គួរតែផ្ដាច់នារីខ្មែរឲ្យផុតស្រឡះពីប្រពៃណី។ ប្រសិនបើ ឃើញស្ត្រីណាមួយប្រព្រឹត្តឆ្គងនិងកន្លងចរិយាបថ ទីឃាវុធ តែងថ្នាក់ថ្នល់ក្នុងចិត្តដែរ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏រកលេសបានមកលើទោសឲ្យជានិច្ច។
* * *
នៅព្រឹកថ្ងៃអាទិត្យនោះ លុះបានត្រាំត្រែង សញ្ជឹងសញ្ជប់ក្នុងគំនិតឥតប្រាកដនិយមយ៉ាងនេះ អស់ពេលយ៉ាងវែងមក ទីឃាវុធ ក៏ចូលទៅលុបមុខសិតសក់រៀបចំខ្លួនយ៉ាងស្រស់បស់។ ចេញផុតពីភាពរាយមាយកាលណា អ្នកកំលោះក៏ក្លាយជាអ្នកសើចលេងក្អាកក្អាយក្នុងចំណោមពួកម៉ាកជាច្រើននាក់។ លុះឃើញចៅមាណពនិយាយឆ្ការដៃឆ្ការជើងដូចគ្រាឥឡូវនេះ អ្នកផងដែលពុំស្គាល់ពីមុនមកមុខតែពុំអាចស្មានបានទេថា កាលពីកន្លះម៉ោងមុន គេជាមនុស្សរវើរវាយ។
ក្នុងឱកាសរៀបចំមុនរៀន ទីឃាវុធ ខំផ្ចិតផ្ចង់មិនឲ្យល្អៀងទេ។ នៅលើមែកផ្លូវជិតបន្ទប់រៀន គ្រលីងគ្រលោងស្រវឹងដោយពន្លឺថ្ងៃនិងសន្តិភាពរបស់ធម្មជាតិច្រៀងតគ្នាពុំដាច់មាត់ ដែលជាហេតុនាំឲ្យចៅមាណពគួចនឹកព្រួចទៅភូមិកំណើត ដែលជាភូមិតូចមួយតាំងនៅកណ្ដាលវាលស្រែ ចម្ងាយវាលស្រែចម្ងាយជាងដប់គីឡូម៉ែត្រពីក្រុងបាត់ដំបងតាមថ្នល់ទៅមង្គលបុរី។ មួយសន្ទុះ ទីឃាវុធ នឹកដល់រលកសន្ទូងនិងពង្រោះដែលអង្កាញ់ប្រដេញគ្នា ក្រោមរស្មីភ្លឺថ្លានៃព្រះសុរិយាឫដល់ដងអូរក្បាលស្រែ ដែលខ្លួនធ្លាប់នាំគ្នាទប់ទឹកបាចចាប់ត្រី។ កំលោះគិតឃើញដោយរីករាយថា នៅតែប៉ុន្មានថ្ងៃទៀតទេនិងដល់វិស្សមកាលចូលឆ្នាំចិនហើយ។ អៃយ៉ា ! ខ្លួននិងបានឱកាសទៅលេងភូមិកំណើតហើយតើ ! ...។
រសៀលថ្ងៃនោះ ទីឃាវុធ ស្លៀកពាក់ស្អាតបាត ហើយចេញពីសាលាទៅដើរជាមួយមិត្តភក្តិតាមវិថីមហាធានី។ បន្តិចក្រោយមកក៏នាំគ្នាចូលញាំទឹកក្រួចនៅភោជនីយដ្ឋាន ៉កុងសាង៉ ទំរាំរោងកុន៉អេដិន៉ បើកទ្វារនិងទេញសំបុត្រចូលមើល។ ពួកយុវជនប្ដូរយោបល់គ្នាដោយធៀបផ្ទឹមការប៉ិនប្រសប់អ្នកដើរតួកុនស្រី-ប្រុស ហើយសើចធូរស្រួលសប្បាយ។ ទីឃាវុធ ជូនឧទាហរណ៍ ដោយធ្វើត្រាប់អ្នកដើរបារាំងម្នាក់យ៉ាងក្រមិចក្រមើម នាំឲ្យសំណើចផ្ទុះប្រាវទទួលឡើង។
មិនបានប៉ុន្មាននាទីក្រោយមក កណ្ដឹងអគ្គិសនីរោង៉អេដិន៉រោទ៍រន្ថាន់ឯទ្វារដែកខាងមុខក៏របើកញែកជាពីផ្នែករួញចូលគៀន។
ទីឃាវុធ ក្រោកឈរស្មើនឹងគេដែរ ក៏ឧទាន:
-នៅតែមួយអាទិត្យទៀតទេ យើងដល់ពេលឈប់ចូលឆ្នាំចិនហើយ ...។
(មកដល់ត្រឹមនេះអ្នកនិពន្ធសូមបើកវង់ក្រចកមួយ ដើម្បីឲ្យអ្នកអានអភ័យទោស ដោយបានថ្លែងរាប់រៀបវែងបន្តិចពីបរិយាកាសទឹកចិត្តអ្នកកំលោះ ទីឃាវុធ។ ប៉ុន្តែអ្នកនិពន្ធយល់ថាជាការចាំបាច់ណាស់ដើម្បីងាយយល់រឿង ដែលហូររអិលតាមនាទីនៃជីវិតដែលលើកមកពណ៌នាក្នុងគ្រានេះ)។
***
~២~
យល់សប្ដិគង់ក្លាយជាការពិតមួយដងមួយកាលដែរ
កាលពីយប់មានភ្លៀងមួយមេធំ។ ភ្លៀងធ្លាក់ក្នុងរដូវនេះជាការចម្លែកដែរ មិនសូវមានទេ។ ទឹកល្អក់ខ្វល់ដក់ក្នុងជង្ហុកនិងក្រឡុកវិថីនៃក្រុងបាត់ដំបង។ នៅពេលទាបភ្លឺ ទីឃាវុធ ទុំបន្តើតលើរ៉ឺម៉កដែលដឹកវ៉ាលីសខ្លួនមួយផង បានសំដៅឆ្ពោះទៅស្ថានីយរថភ្លើងដើម្បីធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ ក្រោយដែលបានលំហែចិត្តនិងកំសាន្តជាមួយគ្រួសារនាភូមិអូរតាគី ក្នុងអំឡុងពេលឈប់បុណ្យចូលឆ្នាំចិនរួច។ អ្នកកំលោះ ក៏បានមកសំណាក់អាស្រ័យនៅផ្ទះបងប្អូនក្នុងក្រុងមួយយប់ ដើម្បីមកជិះរថភ្លើងឲ្យបានទាន់ពេលព្រោះត្រូវចេញដំណើរពីរព្រហាមស្រាងៗ។
យានតូចបានបត់ចូលតាមថ្នល់ត្រង់ទៅស្ថានីយ។ ផ្លូវនេះមានទឹកដក់តាមក្រឡុកច្រើនអនេក ព្រោះខ្វះការជួសជុលជាយូរយារមកហើយ។ ផ្ទៃថ្នល់ជាភក់ស្អិតដូចបាយម៉ាន។ ស្រាប់តែមានរថយន្តប៉ីហ្សូ៤០២មួយបរយ៉ាងលឿនហួសទៅ ដោយបាច់ទឹកកខ្វក់មកលើអ្នកដែលវាររគើមៗ។ អ្នករ៉ឺម៉កខឹងក៏តាំងជេរប្រទេច។ ឯទីឃាវុធ បានសម្លឹងមើលលេខឡាន ហើយស្គាល់ជាក់របស់សៅរ័ប្យ។
ស្ត្រីនេះជាប្រពន្ធមួយតួ ក្នុងចំណោមប្រពន្ធច្រើននាក់របស់ពញាគទាធរ អតីតទេសាភិបាលបាត់ដំបងក្នុងសម័យអាណាចក្រសៀម។ ក្រោយមកផែនដី៉ភ័ន្តប្រែ៉ បាត់ដំបងត្រូវបានមករួបរួមក្នុងអាណាចក្រខ្មែរវិញ។ ដោយបានរួមវាសនាចែកហ៊ុនគ្នាជាមួយស្ត្រីឯទៀតផង អ្នកសៅរ័ប្យ ក៏បានទទួលកូនស្រីមួយ ប្រុសមួយពីពញាគទាធរមួយអន្លើ និងទ្រព្យសម្បត្តិជាមរតកយ៉ាងក្រាស់ក្រែល។ ឥឡូវនេះអ្នកសៅរ័ប្យ រំលៀកខ្លួនចូលមកដែនកំណើតវិញ ហើយសង់ផ្ទះថ្មមួយស្កឹមស្កៃកំណាចនៅភូមិវត្តលៀប។
អ្នកសៅរ័ប្យក្ដី ដែលអ្នកបាត់ដំបងហៅដោយគោរពថា : ៉ឃុន៉ៗនោះ តែងបញ្ចេញបង្អួតឲ្យអ្នកផងកោតថាខ្លួនជាអ្នកមានទ្រព្យ ជាអ្នកអម្បូរខ្ពស់ ហើយជាអ្នកធ្លាប់នៅទីក្រុងធំ។ នៅក្នុងផ្ទះគាត់តុបតែងដោយវត្ថុច្រើនស្អេកស្កះឥតសមសួនសោះគឺមានប្រើសុទ្ធតែរបស់ថ្លៃៗ ឲ្យគេស្ញប់ស្ញែងដូចផ្ដិលមាស ប្រអប់ស្លាមាសជាដើម។ ថ្វីបើគាត់មានអាយុហាសិបប្លាយទៅហើយគាត់ស្លៀកខៀនពណ៌ស្រស់ៗ មុខគាត់ទទះម្សៅរទូសៗជើងគាត់ពាក់ស្បែកជើងផ្ទូខ្មៅចុងស្រួច ហើយងឡើងលើ ហើយគាត់ដែរកែក្រាយ ខ្នងបន្ទេរមកក្រោយបន្តិច ភ្នែកសម្លឹងទៅឆ្ងាយមានឫកខ្ពស់ក្រអឺត បែបចង់សំដែងឲ្យឃើញថា ដីនេះ ទីនេះ កាលពីដើមមិញជារបស់ប្ដីអញ គឺនៅជារបស់ខ្លួនអញខ្លះដែរ។
ចំណែកឯកូនប្រុសគាត់ ជើងខោប្រែខ្មៅធំៗ ប៉ុនការុងអំបិលហើយពាក់អាវព្រែអន្លួញតាប្លាកធំៗ ពណ៌ខៀវក្រហម ថ្ងៃៗ ឡើងគិតតែពីបើកឡានដែរជល់ត្រីក្រឹម ឫជល់មាន់ ហើយយប់ៗ ឡើងដែរចង់ស្រីជាមួយដៃគូត្បាញអាយពីរបីនាក់។ រីឯ៉ឃុន៉ ស្រីវិញអស្ចារ្យហើយ ! ដឹងតែប្រភឹបតែម្ដង ជិះកង់ ជិះម៉ូតូ តែងខ្លួនភោភាវរកគ្មានពីរទេក្នុងដែនបាត់ដំបង ! ឃុនឯលិច ឃុនឯកើត អ្នកដងស្ទឹងសង្កែភាំងស្មារតី ដោយមិនដែរឃើញសោះនូវសេចក្ដីហ៊ឺហាចម្លែកដ៏ម៉្លេះឡើយ ត្បិតសម័យនោះពុំដែរមានស្ត្រីមានពូជអម្បូរណាហ៊ានជិះទោចក្រយានឡើយ។
ទីឃាវុធ សម្លឹងមើលរថយន្តអ្នកមានថ្មី ដែរបរផុតទៅហើយគយគន់ដោយក្នាន់ក្នាញ់នូវអាវ " កុមប្លេ " របស់ខ្លួនដែលប្រឡាក់ភក់ស្រមក។
ស្ថានីយក្នុងពេលនោះ ពេញកកប៉ប្រឹកដោយអ្នកដំណើរ និងអីវ៉ាន់។ មនុស្សទាំងនោះស្លៀកពាក់តាមតែបាន មិនសូវស្អាតពេកទេនៅលាយឡំពពាក់ពពូនជាមួយកន្ត្រកត្រីស្រស់ ជាលត្រីងៀត កញ្ឆេរត្រីឆ្អើរ បាច់បន្លែនិងជើងពពួកជ្រូកដែលគេចង់ជើងទាំងបួនគួបគ្នា ហើយជះក្លិនហាក់ដូចជាពុំសូវធំស្រួលប៉ុន្មានឡើយ។
ក្នុងចំណោមនិករ និងវត្ថុដែលកកកុញរកជ្រៀតជើងពុំចុះនេះសំលៀកបំពាក់បែបអឺរ៉ុបបួនដប់មកលាយឡំផង បង្កើតនូវបរិយាកាសមួយប្លែកភ្នែក ហើយឥតប្រាកដនិយម។ ទីឃាវុធ ក្រឡេកឃើញពួកម៉ាកក៏ញញឹមទៅរក មិត្តពីរបីនាក់ស្ទុះមកចាប់ដៃសួរសុខទុក្ខដោយរីករាយ ហើយនិយាយចំអកអំពីខោអាវ ដែលប្រឡាក់ស្រមូញ។
ក្នុងពេលដើរតម្រង់ទៅរកបញ្ជរលក់សំបុត្រ នាយកំលោះក៏ប្រទាក់ផ្លូវគ្នានិងបុរសម្នាក់ពាក់ ៉កេពី៉ស ឈានជើងចេញពីទីនោះមក។ ទីឃាវុធ សង្កេតស្គាល់ភ្លាមថា ជាអ្នកបើកឡានរបស់អ្នកសៅរ័ប្យ ហើយក៏ចោលភ្នែកតាមទៅ។ បុរសឫកក្រអឺត ដោយអាងចៅវាយខ្លួនជាអ្នកមាន ពើងដើមទ្រូង ហើយដើរឆ្ពោះទៅរកឡានដែលចតអែបចិញ្ចើមថ្នល់ខាងជើង។ ដល់ហើយក៏ហុចសំបុត្រជិះរថភ្លើងទៅឲ្យស្ត្រីបីនាក់ ដែលឃើញស្រមោលស្លុងៗ អង្គុយក្នុងយាន។ អ្នកបំរើនេះ ស្ទុះទៅបើកឃ្លុបឡានខាងក្រោយបញ្ចេញវ៉ាលីពីរធ្ងន់ៗ ដើរយួរនាំផ្លូវស្ត្រីទាំងបី គឺយុវតីក្រមុំម្នាក់និងស្ត្រីកណ្ដាលមនុស្សបីនាក់ ដែលយួរប្រអប់ស្បែកម្នាក់មួយ។ ទីឃាវុធ ភ្ញាក់ខ្លួនព្រើត : ខ្លួនស្មានថាអ្នក សៅរ័ប្យ នាំកូនចៅគាត់ទៅណាមកណា ឥឡូវមិនមែនសោះ។ តើជនមិនស្គាល់ឈ្មោះទាំងនេះមកពីណាអែ៎ះ បានជិះឡាននេះមកឡើងរថយន្តភ្លើង?
សេចក្ដីចង់ដឹងយ៉ាងនេះបាននាំឲ្យ ទីឃាវុធ ប្រញាប់ប្រញាល់ទៅទិញសំបុត្រនិងគេ ដោយភ្នែករំពៃមើលម្ដងៗ ទៅលើស្ត្រីចម្លែកៗទាំងបីនាក់ តែកន្ទុយភ្នែកអ្នកកំលោះសង្កត់ទៅលើមាណវីច្រើនជាង។ យី! នារីនេះប្រកបដោយសោភ័ណភាពឥតងាយរកផ្ទឹមបានទេ ហើយស្លៀកពាក់តែងខ្លួនក៏រមិលមើលមិនទាស់ភ្នែកសោះ! មើលចុះអាយុមិនលើសពី ១៨ ឆ្នាំទេ ភ័ក្ត្រផូរ សាច់ម៉ដ្ឋ រាងមូលទ្រវែងបន្តិច តែប្រកបដោយយ៉ាងសុក្រឹត សក់រលកអង្កាញ់ទូលាយ ហើយសិតរាបយ៉ាងឆើត រង្វះមាត់តូច ដែលមានបបូរពណ៌ទទឹម សែតបណ្ដែតញញឹមបង្ហាញនូវធ្មេញសល្អិតស្មើគ្នាឥតខ្ចោះ អាវបើកកពណ៌ផ្កាឈូក ដែលមានកញ្ចុំបូដូចចង្កោមផ្កាមកជួយរំលេចលំអ ហើយសាកកកិតស៊ីនួនខ្ចីសំយុងពាក់កណ្ដាលស្មង បង្ហាញនូវកំភួនរៀវត្រសូល ដែលមានភាគចុងបញ្ចប់ បង្កប់នូវចុងស្បែកជើងពណ៌ក្រហមខាត់រលោងស្រិល។
ក្នុងសេចក្ដីយល់សប្តិលំអក្នុងការរវើរវាយទាំងភ្នែកស្រស់របស់ខ្លួន ទីឃាវុធ តែងបែងចែកនារីជាបីប្រភេទទីទៃពីគ្នា។
ប្រភេទទីមួយ បានដល់ពពួកយុវតីដែលប្រកបដោយសោភ័ណភាពឃោរឃៅ ហៅបបួលទៅចាប់ប្រញីឫលេបដូចចំណី ព្រោះបរិបូណ៌ដោយសម្ផស្ស ដែលទាញសម្រើបយ៉ាងខ្លាំង។ នារីប្រភេទនេះតាមយោបល់ចៅមាណពយើងមិនសូវចេះតែងខ្លួនទេ ច្រើនស្លៀកពាក់ពណ៌ឆើតៗ លេចធ្លោ ពាក់មាសពេជ្រស្អេកស្កះ ហើយមានកាយវិការឆ្ងាយពីសេចក្ដីស្រគត់ស្រគំទៀតផង។
បើលំអឃោរឃៅជាបាតុកម្មខាងក្រៅ។ ឯលំអទីពីរតែងមានគុណភាពកប់ជ្រៅខាងក្នុងវិញ គឺលំអបញ្ចេញឲ្យឃើញ ឲ្យសរសើរ ឲ្យស្ងើចបន្តិចៗនូវទឹកដមចិន្ដាថ្លាហ្មត់ហ្មងទន់ត្រជាក់។ សរុបសេចក្ដីទៅ ស្ត្រីដែលប្រកបដោយសោភ័ណភាពបែបនោះទំនៀមទំលាប់យើងតែងហៅថា : " ល្អគន់ " តែ ទីឃាវុធ ដែលមានគំនិតចាក់ស្រែះបន្តិច តែងចាត់ថាជាលំអដែលទាញនូវសមានចិត្តនិងសេចក្ដីគោរពមនោសញ្ចេតនា ដែលអ្នកផងតែងមានចំពោះបងស្រី។
សោភ័ណភាពទីបីរបស់ ទីឃាវុធ តែងប្រគល់ដល់នារីមានកិរិយាទន់ភ្លន់ មានគុណភាពស្រួយស្ដើង នាំចិត្តបុរសចង់ជួយយកអាសាឫស្ទុះចេញការពារតទល់នឹងសត្រូវ ទោះសត្រូវនោះមានរូបឫឥតរូបក៏ដោយ។ គឺលំអនេះហើយ ដែលតែងអង្រួនបេះដូងកវីបញ្ចេញជាពាក្យកាព្យនៅគ្រប់ភាសា។
ទីឃាវុធ ត្រិះរិះទទួលស្គាល់ថា សោភ័ណភាពទាំងបីប្រភេទនេះ ឥតមានព្រំដែនឫជញ្ជាំងមកកាត់បែងចែកឲ្យច្បាស់លាស់ទេ។ ដូចជាចិត្តអញ្ចឹងដែរ មនោសញ្ចេតនាតែងវិវត្តន៍វិលពីទីមួយទៅទីមួយទៀត។ ដូច្នោះស្ត្រីដែលប្រកបដោយលំអ ដែលអារម្មណ៍ដំបូងពន្យុះឲ្យញក់ញីនោះ អាចក្លាយបានក្នុងកាល:ទេស:ថ្មីចម្លែក ជាគុណភាពបណ្ដាលឲ្យថ្នាក់ថ្នមទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយទីឃាវុធ ចាត់នាងពុំទាន់ស្គាល់ឈ្មោះ ក្នុងប្រភេទទីបីស្រេចទៅហើយ។
អ្នកដំណើរស្ត្រីទាំងបីនាក់ដើរតាមតៃកុងឡានចូលទៅក្នុងបន្ទប់លេខបី។ លុះបានរៀបដាក់វ៉ាលីលើឆ្អើរស្រួល សំបុត្រថ្នាក់លេខបីម្ដេចក៏ពុំជ្រើសយកថ្នាក់លេខពីរ ឫលេខមួយវិញ ដែលប្រកបដោយផាសុខភាពជាង ឫត្រង់នេះយើងគួរយល់ថាសព្វដងសព្វកាលបន្ទប់លេខមួយនិងលេខពីរតែងមានអ្នករាជការបារាំង ឫនាយទាហានបារាំងគេជិះទៅមកពុំលស់ថ្ងៃទេ។ ធម្មតាជនជាតិអាស៊ីក្នុងសម័យនោះ ពុំសូវចង់នៅលាយឡំនឹងពួកច្រមុះកោងប៉ុន្មានឡើយ។ ឯអ្នកដំណើរមិនស្គាល់ឈ្មោះនោះសុទ្ធតែស្រីៗទៀតផង តែងមានសេចក្ដីធុញទ្រាន់នៅជិតប្រុសៗអឺរ៉ុបពេកទេ។ មួយទៀតតាមចំណាំរៀងមក ថ្នាក់លេខបីដែលមានរថមួយដាច់ពិសេសតែឯងមិនសូវសម្បូរអ្នកជិះប៉ុន្មានទេ ព្រោះគេច្រើនតែនាំគ្នាទៅកកកុញនៅយានថ្នាក់លេខបួនជាមួយនឹងជាលត្រី កញ្ជើបន្លែ ត្បិតសម័យនោះឋាន:ជីវិតនៅទាបខ្សោយណាស់នៅឡើយ!...។
រថភ្លើងទាញកញ្ចែវែង ហើយតើកពីរ-បីឃឹក ទើបលូនបូលហើយជននោះក៏សំពះលាស្ត្រីដោយ ៉ភូតផាសាថៃ៉ ពីរ-បីម៉ាត់។
នៅតែ ១៥នាទីទៀតរថភ្លើងចេញហើយ។ តាមធម្មតាថ្នាក់លេខបីពុំសូវមានអ្នកជិះទេ។ តែថ្ងៃនេះ ពេញដោយសិស្សលីសេកកស្រទាប់។ យុវជនយើងដែលគោរពច្បាប់សុជីវធម៌ ហើយកាន់សេចក្ដីគួរសមដោយប្រពៃ ស៊ូទ្រាំនៅប្រជ្រៀតគ្នាក្នុងសង្កាត់ឯទៀតទាំងអស់ហើយបើសេសសល់ខ្លះក៏សុខចិត្តឈរតាមរបៀង ទុកឲ្យស្ត្រីបរទេសទាំងនេះអង្គុយសង្កាត់តែមួយដោយផាសុខ។ ទីឃាវុធ ដែលឡើងមកក្រោយគេរកកន្លែងឈរឫរកកន្លែងអង្គុយពុំបាន ក៏ដាច់ចិត្តចូលទៅរកជើងម៉ាក្នុងសង្កាត់ស្ត្រីទាំងនោះដែរ។ អ្នកកំលោះចូលមកដោយស្ទាក់ស្ទើរហើយអៀនខ្មាសក្រៃលែង ព្រោះខោអាវប្រឡាក់ភក់យ៉ាងនេះ។ តែធ្វើម្ដេចបើចៀសពុំរួចហើយ!
គង់មានអ្នកអានខ្លះយល់ថា ៈ តើហេតុដូចម្ដេច នារីដែលមានពាហណៈជាអ្នកសម្បូរដោយភោគទ្រព្យ មកទិញចេញដំណើរទៅមុខ?។ នាងកញ្ញាអើតតាមមាត់បង្អួចមើលទាសភាពវាលស្រែ ដែលដេកលក់នៅឡើយ ដោយដណ្ដប់ក្នុងភួយកប្បាសនៃអាកាសចុះអ័ព្ទ។ស្រមោលស្ទង់ ៗ នៅមុខខ្ទមស្រែខ្លះជាអ្នកបញ្ជាន់ដែលកំពុងបង្ចិលត្របាញ់លើព្នែនកណ្ដាប់ នូវគំនួចគោបួនប្រាំសត្វ ដែលមានមាត់ឃ្លុំក្នុងកូនជាលភ្នែកគ្រួច ដើម្បីកុំឲ្យអណ្ដាតវារពិសកៀវចាប់ដើមស្រូវ។ ស្ត្រីកណ្ដាលពីរនាក់គិតតែប្ដូរយោបល់ រប៉ាច់រប៉ោចមិនឈប់មាត់សោះ។ ឯមាណវីនាងនៅស្ងប់ស្ងៀមស្មារតីឡិនឡង់ ព្រោះប្លែកមជ្ឈដ្ឋានហើយប្លែកទម្លាប់ពេក។
ប្រៀបបីដូចជាមេដែក ដែលមានឥទ្ធិពលទាញម្ជុលត្រីវិស័យឲ្យវិលទៅរកសោភ័ណភាព និងការតុបតែងឆើតស្រស់នៃនារីបរទេសប្រទាញក្រសែភ្នែក ទីឃាវុធ ឲ្យគ្រលៀសចោលទៅចំជាញឹកញយយ៉ាងនេះដែរ។ មួយ សន្ទុះនាយកំលោះក៏នឹកឃើញដល់សំដីនិយោជិកអាយស្ម័យយានម្នាក់ដែលបានប្រាប់ខ្លួនថា បើកាលណាមានដំណើរច្រើនលើសលប់ក្នុងថ្នាក់ណាមួយ មេខ្សែរថភ្លើងអាចអនុញ្ញាតជាអាទិភាពឲ្យអ្នកជិះស្រីៗ ទៅអង្គុយនៅថ្នាក់ខ្ពស់ណាដែលមានកន្លែងនៅទំនេរ។ រលឹកឃើញសំដីនេះហើយ អ្នកកំលោះក៏ក្រោកដើរចេញញែកហ្វូងពួកម៉ាក់សួរតាមរបៀង ហើយឆ្លងទៅមើលយានខាងក្រោយ ដែលចែកជាថ្នាក់លេខពីរនិងលេខមួយ។ ក្នងពេលនោះបន្ទប់លេខពីរនៅសល់ទំនេរស្អាត ឯលេខមួយមានគ្រួសារបារាំងតាំងនៅជាអ្នកតំឡើងឫទ្ធិ។
ទីឃាវុធ បាននាំដំណើរការណ៍នេះមកស្មើជាមួយមេខ្សែរថភ្លើង ដែលកំពុងក្រេបកាហ្វេខ្មៅក្លែមចារខ្វៃនៅក្នុងរថលក់បាយ។ ភ្នាក់ងារលុះបានស្រស់ស្រូបរួចហើយ ក៏នាំអ្នកកំលោះមកជួបស្ត្រីបរទេសៈ
-អត់ទោសខ្ញុំចុះឃុន !(ទីឃាវុធ និយាយជាភាសាសៀមទៅកាន់នារី) បើខ្ញុំនិយាយពុំច្បាស់ ហើយពុំចំអក្សរ ...។
កញ្ញានាងបែរភ័ក្ត្រមករកដោយភ្នែកមូលក្រឡង់ សំដែងការងឿងឆ្ងល់ ហើយតបដោយសំដីទន់ផ្លែមល្ហែមត្រជាក់ជាភាសាដដែលថាៈ
-ឃុនមានការអ្វីដែរ?
ដៃចង្អុលទៅភ្នាក់ងាររថភ្លើង ទីឃាវុធ តបថាៈ
-លោកនាយខ្សែរថភ្លើងនេះ បានអនុញ្ញាតនាងហើយ និងអ្នកស្រីទាំងពីរអញ្ជើញទៅអង្គុយនៅថ្នាក់លេខពីរវិញ ព្រោះកន្លែងនោះស្ងាត់ស្រួលជាង។ នៅទីនេះមានពួកអ្នករៀនច្រើនណាស់។
-អរគុណលោកពេក! (នាងតបដោយញញឹមបង្ហើបឲ្យឃើញធ្មេញដំរៀបសថ្លា)។ តែខ្ញុំនៅទីនេះស្រួលហើយតើ។ មិត្តភ័ក្ត្រឃុនអាចចូលមកអង្គុយនៅទីនេះបានដែរ បើប្រជ្រៀតគ្នាបន្តិចក៏មិនអីទេ។
-កុំមានប្រសាសន៍យ៉ាងនុ៎ះគ្នាមិនហ៊ានមកទេ។ ឯខ្លួនខ្ញុំសោតទល់ច្រកហើយទើប...។
-ខ្ញុំមិនស្មានថា ខ្លួនខ្ញុំមានអំណាចអីដល់ម៉្លេះទេ។ នាងតបដោយញញឹមគ្រវីក្បាល ដែលជាហេតុនាំឲ្យរយ៉ាបន្តោងនៅត្រចៀកចោលរស្មីព្រោងព្រាយ។
នាងក្រោកឈរ ហើយបែរមុខទៅរកស្រីជូនដំណើរទាំងពីរអ្នកៈ
-មកបងទៅឃុននេះមកបណ្ដេញយើងហើយ។
ថាហើយ នាងសើចបន្តិចបង្ហាញឲ្យឃើញថា នាងនិយាយលេងផង ហើយអរគុណអ្នកកំលោះដែលជួយយកអាសាផង។
ទីឃាវុធ ជួយយួរវ៉ាលិសអ្នកដំណើរបរទេស ហើយនាំផ្លូវទៅកាន់បន្ទប់លេខពីរដែលនៅទំនេរ។ ភីលៀងទាំងពីរអង្គុយទន្ទឹមគ្នានៅលើជើងម៉ាពាសពូកស្បែកម៉្យាង ហើយតរុណីនាងអង្គុយត្រង់ជ្រុងម្ខាងនៃបង្អួច។
លុះបានរៀបវ៉ាលីនៅលើផ្ទាំងសំណាញ់សម្រាប់ដាក់អីវ៉ាន់ស្រេចបាច់ហើយ ទីឃាវុធ ក៏និយាយលាដកខ្លួនបំណងវិលទៅកន្លែងដើមខ្លួនវិញ។ តែកញ្ញាសៀមនាងឃាត់ដោយចិត្តស្មោះថាៈ
-សូមអរគុណឃុនយ៉ាងច្រើន ដែលជួយឈឺឆ្អាលយើងខ្ញុំយ៉ាងនេះ។ ប៉ុន្តែបើឃុនពុំមានការអ្វីពិសេសទេ ឫពុំធុញទ្រាន់នឹងយើងទេឃុននៅទីនេះហើយ។ ដ្បិតយើងខ្ញុំជាអ្នកដំណើរ ភាសាខ្មែរក៏ពុំចេះសូមឃុនជួយណែនាំឲ្យស្គាល់ស្រុកទេសផងបានឫទេ?
-ធុញទ្រាន់នឹងនាង? នាងមានប្រសាសន៍អ្វីយ៉ាងនុ៎ះ! ត្រូវតែខ្ញុំវិញទេតើ ដែលភ័យធុញទ្រាន់នឹងខ្ញុំ មើលចុះខ្ញុំនិយាយភាសាថៃរអាក់រអួល រកាក់រកុប ខុសខ្លះត្រូវខ្លះ។ ឯសំលៀកបំពាក់សោតក៏ពុំគប្បីផង...។
-មិនមែនដូច្នេះទេឃុន ដែលជួយយកអាសាខ្ញុំនេះខ្ញុំនឹកគុណពុំភ្លេចឡើយ។ យីចុះឃុន ដួលឯណាក៏ប្រឡាក់ខោអាវថ្មីៗអស់យ៉ាងនេះ?
ទីឃាវុធ សញ្ជឹងមួយសន្ទុះ ទើបដាច់ថាគួរតែនិយាយការពិតប្រាប់នាងៈ
-មានរថយន្តមួយមកជះទឹកភក់លើខ្ញុំ។ ក្នុងពេលនោះខ្ញុំនឹកក្ដៅឆួលដែរ តែឥឡូវនេះបាត់ខឹងអស់ហើយ។
-ឱប្រហែលជាឡាន ដែលខ្ញុំបានជិះមកឡើងរថភ្លើងហើយមើលទៅ។ សូមអភ័យទោសផងចុះ។ សូហ្វ័រនោះព្រហើនអស់យ៉ាងហើយ ចង់តែពីរលឿនមិនសូវគិតនាយអាយសោះ។ គិតទៅ ផ្ទះដែលខ្ញុំបានមកសំណាក់នោះ កាន់ឫកខ្ពស់ៗ អស់យ៉ាងហើយ នាយក៏ដូចបាវដែរ។
-មិនអីទេនាងប្រឡាក់ប៉ុណ្ណេះ។
ថាហើយ ទីឃាវុធ គិតថយចេញក្រៅ។ នាងកញ្ញាឃាត់ទៀតៈ
-យីឃុនអញ្ជើញទៅណា? នុ៎ះហ្ន៎ភូមិអីហ្នឹង?
នាយកំលោះចោលភ្នែកទៅក្រៅឃើញរស្មីព្រឿងៗ ព្រះសុរិយាជះមកលើចំការចេក និងស្លានៃភូមិអូរស្រឡៅ ក៏ឆ្លើយប្រាប់នាងតាមពាក្យសូរ។ ដោយនាងជជីកអង្វរពេក ទីឃាវុធ ក៏ព្រមឈរជិតបង្អួចហើយនិយាយពន្យល់ ឫអត្ថាធិប្បាយការផ្សេងៗ តាមស្រុកទេសដែលខ្សែរថភ្លើងកំពុងរត់កាត់។ ពិដោរសម្ងាត់ដែលសាយពីរូបកាយនាង ហើយសេចក្ដីរាក់ទាក់ និងស្មោះស្ម័គ្រដែរចេញពីសំដីនាងបណ្ដាលឲ្យមានការស្រវឹង ឲ្យមានការខ្មាសអៀន ព្រោះសំលៀកបំពាក់មិនគប្បីនោះមករុំស្រោបវិញ្ញាណចៅមាណព ហើយឲ្យនាំសេចក្ដីស្គាល់ទឹកចិត្តគ្នាកាន់តែលូតលាស់ឡើង។
នាងសួរឈ្មោះវាលស្រែ ឈ្មោះស្ថានីយ ឈ្មោះភូមិ ឈ្មោះភ្នំ ហើយ ទីឃាវុធ ឆ្លើយប្រាប់តាមដែលធ្លាប់ដឹងឮ។ រថភ្លើងក៏លឿនទៅមុខ ពេលវេលាក៏លឿនទៅមុខ។ តែយុវជនទាំងពីរគ្មានចាប់អារម្មណ៍ចំពោះការរត់ឆ្ងាយនៃព្រះកាលទេ។
ម៉ោង ៩ ក្បួនរថភ្លើងចេញផុតពីស្ថានីយពោធិ៍សាត់ ហើយជ្រែកចូលក្នុងផែនព្រៃខ្លុងដែលសន្ធឹងវែងស្រោងៗ រំលឹកម្ដងៗ ដល់ចំការកៅស៊ូ។
ទេសភាពពុំមានអ្វីជាល្អគួររមិលមើលទៀតហើយ។ ចៅមាណពក៏អញ្ជើញនាងទៅស្រស់ស្រូបឯបន្ទប់ភោជនីយដ្ឋាន ដោយភីលៀងជូនដំណើរទាំងពីរនាក់មិនព្រមទៅជាមួយផង ព្រោះថាដើរក្នុងយានកំពុងបើកចេះតែវិលមុខតរុណី និងនាយកំលោះក៏លីលាឆ្ពោះទៅតែពីរនាក់។ តុមួយនៅជិតជ្រុងក្បែរបង្អួចឃ្លាតពីអ្នកបរិភោគឯទៀតបន្តិចបានបបួលឲ្យយុវជនជ្រើសយកដោយរួមមតិគ្នា។
-នាងពិសាអី? ទីឃាវុធ សួរដោយសម្លឹងមើលបញ្ជីរាយមុខម្ហូប។
-ឃុនពិសាអីក៏ខ្ញុំយកនោះដែរ។ ដោយសើចបន្តិចនាងបន្ថែមៈ
-ខ្ញុំមកស្រុកឃុន ស្រេចហើយ ឃុនដឹកនាំទាំងអស់។ សំដីនេះនាំឲ្យនាយកំលោះខ្មែរ និងនាងក្រមុំសៀមសើចប្រាវស្មើគ្នា។
ទីឃាវុធ សង្កេតថាៈ
-គួរអស្ចារ្យណាស់! យើងទាំងពីរនាក់មិនទាន់ស្គាល់នាមគ្នាផង ក៏ទុកចិត្តគ្នាដូចមិត្តភក្តិស្គាល់ចិត្តថ្លើមគ្នាយូរយារមកហើយ។ ខ្ញុំសូមអភ័យទោសចំពោះការភ្លេចភ្លាំងដូច្នេះ។ ខ្ញុំ ទីឃាវុធ រៀននៅថ្នាក់ទីមួយប៉ែកមធ្យមសិក្សា នាវិទ្យាល័យស៊ីសុវត្ថិ។
នាងបើកក្របូបយួររបស់នាងយកនាមប័ណ្ណមួយសន្លឹកឲ្យទៅគូសន្ទនាៈ
-ដូចឃុនឃើញស្រាប់ខ្ញុំឈ្មោះ ចន្ទមណី វិចិត្រករ ជាសិស្សនៅសកលវិទ្យាល័យ៉ជុឡាឡុងកន៉ តែនៅថ្នាក់ទាបនៅឡើយទេ។ ខ្ញុំធ្វើដំណើរទៅភ្នំពេញទៅលេងនិងឪពុកខ្ញុំ ដែរមកសំណាក់អាស្រ័យនៅទីនោះ។ឃុនប្រហែលឮឈ្មោះ ឫស្គាល់ឪពុកខ្ញុំដែរមើលទៅ។ គាត់ឈ្មោះថេពកូសុនវិចិត្រកន(ទេពកោសល្លវិចិត្រករ) ដែលកាលពីមុនជាស័ក្តិបីក្នុងទ័ពថៃ ហើយបានរត់ភៀសខ្លួនមកជ្រកនៅកម្ពុជា ក្រោយដែលបានរដ្ឋប្រហារក្នុងឆ្នាំ ១៩៣៧ នាក្រុងទេពមហានគរ(បាងកក)។
-អាថីហា៎ ស៊ីអុយហ៎ះ? សម្ដីចិនធ្វើម្ហូបសួរយ៉ាងនេះនាំឲ្យទីឃាវុធ ភ្ញាក់ខ្លួនព្រើត។ ត្រដរដកខ្លួនពីការសញ្ជឹងសញ្ជប់ នាយកំលោះបែរធ្វើជាញញឹមទៅរកមាណវី ទើបបញ្ជាជាខ្មែរៈ
-អើ ! យកបាយលីងសាច់ក្ដាមលាយសាច់មាន់ ហើយដាក់ពងទាផង ពីរចានមក... ទឹកក្រូចពោធិ៍សាត់ច្របាច់ពីរកែវ... ប៉ុណ្ណឹងបានហើយ។
បែរទៅរកកញ្ញា ទីឃាវុធ អត្ថាធិប្បាយថាៈ
-ខ្ញុំបង្គាប់ឲ្យធ្វើម្ហូបឲ្យបានមាំធ្ងន់បន្តិច ព្រោះទំរាំដល់ភ្នំពេញថ្ងៃត្រង់ឯណោះ។ បើពុំដូច្នេះ រទេះភ្លើងរលាក់ទទ្រើកធ្វើឲ្យយើងឃ្លានណាស់។
-ខ្ញុំពេញចិត្តណាស់ សូមអរគុណ។
មិត្តថ្មោងថ្មីបរិភោគបណ្ដើរ និយាយសំណេះសំណាលបណ្ដើរ។ ដល់មកស្ថានីយទទឹងថ្ងៃ ក្បួនរថដែលមកពីបាត់ដំបងក៏ត្រូវឈប់រងចាំខ្សែយានសែលទៅពីភ្នំពេញដើម្បីចៀសគ្នា។ ក្នុងពេលនោះ ទីឃាវុធ បាននាំនាងសៀមចុះដើរដើម្បីឲ្យបាត់រមួលដៃជើង។ភ្នែកគយគន់ព្រៃព្រឹក្សា មាត់នាងនិយាយថាៈ
-តាំងពីធំដឹងក្ដីកាលណាមក ខ្ញុំតែងនឹកឃើញស្រុកខ្មែរពន់ពេកនឹកស្រលាញ់តែក្នុងចិត្ត ឥឡូវបានសម្រេចដូចប្រាថ្នាហើយ។ ដោយសារយើងមានទំនៀមទំលាប់ដូចគ្នា មានប្រពៃណីកាន់សាសនា ព្រមទាំងប្រកបដោយសម្បត្តិវប្បធម៌ដូចគ្នាថែមទៀត ទើបឪពុកខ្ញុំ កាលបើគាត់រត់ចោលស្រុក គាត់មកសុំស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញ។
-ខ្ញុំរីករាយណាស់ ដោយថានាងនិងមកនៅក្រុងភ្នំពេញ។
-ទីក្រុងនេះ ជនរួមជាតិខ្ញុំបានសរសើរថាស្អាតណាស់ ឪពុកខ្ញុំបានទិញផ្ទះមួយនៅខាងជើងវត្តភ្នំ។
សំដីនារីខាងចុងក្រោយ បានធ្វើឲ្យចៅមាណពចាប់អារម្មណ៍មួយភ្លាម។ យី! គ្រួសារនាងមានណាស់តើ គេមានប្រាក់ទិញភូមិគ្រឹះមួយ ក្នុងសង្កាត់ដែលបរិបូណ៌ដោយគេហដ្ឋានល្អស្អាតស្ដុកស្ដម្ភ។ រីឯគ្រួសារឯងនៅភូមិអូរតាគីនៅចុងកាត់មាត់ញក។ ឪ! សេចក្ដីសង្ឃឹមដែលប៉ុចជាត្រួយក្នុងដួងចិត្តមួយសន្ទុះ... ណ្ហើយកុំគិតវែងពេកវានាំតែឆ្កួតវិលខួរក្បាលទេ។
លុះខ្សែរថភ្លើងបានជៀសគ្នាកាលណា ទីឃាវុធ បាននាំកញ្ញាមកអង្គុយនៅបន្ទប់ថ្នាក់លេខពីរដោយមុខស្ងួត។ មាលាដួងចិត្តដែលខ្លួនតែងយោសប្តិរវើរវាយឃើញ ឥឡូវបានប្រាកដរូបមកនៅជិតបង្កើយ តែបែរជាឆ្ងាយទៅវិញព្រោះឈោងដៃមិនងាយដល់ទេ។ ចៅមាណពសញ្ជឹងសញ្ជប់ ប្រាកចាកសេចក្ដីរីករាយអស់រលីង តែនៅខំប្រឹងស្មារតីកុំឲ្យរាយមាយ ដើម្បីចាំឆ្លើយនឹងសំនួរនាង។ នារីដែលបានសង្កេតទឹកមុខស្រពោនរបស់មិត្តថ្មី ក៏នឹកក្រែងមានទុក្ខភារៈអ្វីដែលមិនគួរគប្បីនឹងសាកសួរឡើយ។ ថ្វីបើមានពិភាល់ក្នុងចិត្តនាងគោរពតុណ្ហីភាពដោយសម្លឹងទៅខាងក្រៅ។
ឥឡូវរថភ្លើងបានកាត់ផុតព្រៃក្រាស់ហើយមាណវីក៏គយគន់ជួរដើមត្នោតដែលដុះផ្ដុំៗគ្នា។ មិនយូរប៉ុន្មានយានក៏ចូលដល់ស្ថានីយពោធិ៍ចិនតុង។ ពេលដែលត្រូវឃ្លាតកាន់តែខិតជិតដល់ហើយ។ តែនឹងជួបគ្នាទៀតដែរឫទេ? គំនិតនេះនាំមកនូវសេចក្ដីអួលផ្សា ដែលចោលម្លប់ទៅលើទឹកមុខ។ អ្នកអានដែលបានស្គាល់នូវចិត្តគំនិតនាយកំលោះស្រេចមកហើយ ប្រហែលជាមិនសូវងឿងឆ្ងល់ពេកទេចំពោះកិរិយាចម្លែកយ៉ាងនេះ។
ដោយស្ងួត ទីឃាវុធ និយាយទៅកាន់គូរសន្ទនាៈ
-ឃុននៅរវៀងដប់គីឡូម៉ែត្រទៀតទេ យើងដល់ភ្នំពេញហើយ។
ថាហើយក៏ឈោងយកវ៉ាលិស ពីផ្ទាំងសំណាញ់ដាក់ចុះមកលើក្ដារ ដើម្បីឲ្យងាយលើកហុចទៅឲ្យអ្នកជញ្ជូន។ ឯភីលៀងចាស់ពីរនាក់ ដែលពុំបាននិយាយស្ដីអីមួយម៉ាត់ជាមួយ ទីឃាវុធ ក៏ក្រោកឈររៀបរយដែរ។ ចំណែកនារីនាងបើកក្របូបយួរយកកូនកញ្ចក់ឆ្លុះសំរួលសក់ ផាត់ម្សៅបន្ថើរលើភក្ត្រា ហើយយកបណ្ដូលក្រហមមកជូតបន្ថែមលើបបូរមាត់។ កាយវិការដ៏សមសួននេះ ទីឃាវុធ គយគន់មិនដាក់ភ្នែកទេ ដើម្បីចារឹកទុកក្នុងហឫទ័យកុំឲ្យភ្លេចបាន។
ក្បាលរថភ្លើងទាញកញ្ចែវែងពីរ-បីដង ហើយក៏ចូលទៅឈប់អែបជំរកស៊ីម៉ងត៍។ ក្នុងពពួកមនុស្សអ៊ូអរដែលមករងចាំអ្នកដំណើរមានបុរសម្នាក់អាយុប្រហែលសែសិបប្លាយឆ្នាំ សំលៀកបំពាក់បែបអឺរ៉ុបហើយទឹកមុខរីកថ្លាសមជាអ្នកមានចិត្តធម៌ មានសេចក្ដីប្រណី។ ភ្នែកគាត់រំពៃមើលពីទូររថមួយទៅទូររថមួយទៀត។ នាង ចន្ទមណី អើតតាមបង្អួចឃើញគាត់ ក៏ស្រែកហៅភ្លាមៈ
-ឃុនផ ចា៎ !
ទឹកមុខគាត់ញញឹមព្រាយ ទទួលសេចក្ដីគោរពពីបុត្រីដែលលើកដៃប្រណម្យ យ៉ាងទន់ភ្លន់។ ក្នុងពេលជាមួយនេះ ទីឃាវុធ ក៏បានហៅអ្នកជញ្ជូនអីវ៉ាន់ម្នាក់មកទទួលយកវ៉ាលិសនាង រួចហើយក៏ទៅយកអីវ៉ាន់របស់នាង ស្រាប់តែមាណវីនាងហៅ ហើយប្រាប់ឪពុកថាៈ
-ឃុនផ នេះនាយ ទីឃាវុធ ដែលបានជួយយកចិត្តទុកដាក់ខ្ញុំក្នុងដំណើរនេះ កុំអីខ្ញុំប្រទះការលំបាកមិនតិចទេ។
អតីតស័ក្តិបីសៀមញញឹម ហើយស្ទុះមកចាប់ដៃអ្នកកំលោះដោយរាក់ទាក់ៈ
-អរគុណលោកកមួយ (ក្មួយ) ពេក គាត់និយាយខ្មែរបៃឡាំបន្តិច។
អ្នកទាំងបីដែរចេញមកក្រៅ ដោយមានសាវជៃ និងអ្នកជញ្ជូនអីវ៉ាន់ដើរតាមមកដែរ។ ឃើញឪពុកនាងខំរកពាក្យនិយាយខ្មែរដោយលំបាក នាង ចន្ទមណី ជំរាបគាត់ថាឲ្យនិយាយថៃទៅវិញទៅ ព្រោះទីឃាវុធ ចេះភាសានេះស្ទាត់ណាស់។
ឮនាងអួតដូច្នោះ ទីឃាវុធ មានទឹកមុខឡើងក្រហមហើយតបជាភាសាសៀមៈ
-ឃុនមិនគួរបំផ្លើសយ៉ាងនេះសោះ។ ខ្ញុំរៀននៅឯស្រុកខ្មែរធ្វើម្ដេចនឹងនិយាយត្រូវអក្សរល្អ។
-ភូតបានប៉ុណ្ណឹងហើយ ដល់ណាទៀតទៅ (លោកទេពកោសល្ល តប)។
លុះបានដល់រថយន្ត អតីតនាយកទាហានក៏បបួលដោយស្មោះស្ម័គ្រៈ
-លោកក្មួយមកជាមួយនឹងខ្ញុំជូនដល់ទីកន្លែង។
-សូមកុំព្រួយថ្វី ខ្ញុំមានពួកម៉ាក់ច្រើនណាស់ទៅចោលគេពុំកើតទេ។
-ឃុនកុំភ្លេចទៅលេងនឹងខ្ញុំណា៎។ ជូនខ្ញុំដើរលេងផង ខ្ញុំជាអ្នកចំណូលថ្មីមិនស្គាល់ស្រុកទេសសោះឡើយ។
ពេលនោះឪពុកនាងបន្ថែមផ្ទួនលើសំដីធីតាៈ
-អញ្ជើញកុំខាន ផ្ទះខ្ញុំលេខ ៩២ មហាវិថីមីស។ អញ្ជើញកុំខាន ខ្ញុំគ្មានស្គាល់នរណាទេនៅភ្នំពេញ។
ទីឃាវុធ ទទួលថាបាទដោយស្បើយៗ ហើយក៏សំពះលាមិត្តទំនើបដើរចេញទៅ។ ឪពុកនិងកូនក៏លូកដៃមកចាប់នាយកំលោះតាមទម្លាប់អឺរ៉ុប។ ទីឃាវុធ បានកាន់បាតដៃនាង មានសាច់បន់ម៉ដ្ឋមានម្រាមតូចស្រួចស្រឡូន ហើយក្រចកលាបថ្នាំក្រហមពណ៌ទទឹម។
សិស្សកំលោះដើរបន្តិចមក ហើយងាកទៅឃើញឡានព្រីម៉ាកាត្រវីណូមួយបរចេញ ហើយបត់ឆ្ពោះទៅទិសខាងជើង...។
****
-៣-
អរុណស្នេហា
នៅយប់ថ្ងៃនោះ ក្រោយពេលអនុរក្សបានទះដៃព្រួបៗ បង្គាប់ឲ្យមុងដេក ទីឃាវុធ ក៏ប្រតិបត្តិតាមទាំងទន់ដៃជើង ដៃគងលើថ្ងាសព្រលឹងក៏បង្វិលរំលឹកនូវអនុស្សាវរីយ៍ថ្មោងថ្មី ដើម្បីក្រេបឱជារសឡើងវិញនៃវិការដ្ឋានដ៏ថ្លៃថ្លា ដែលប្រសើរជាងយល់សប្តិទៅទៀត។ អ្នកកំលោះនឹកដល់សេចក្ដីរាក់ទាក់នឹងស្និទ្ធស្នាលយ៉ាងស្មោះត្រង់របស់នាង ហើយឆ្វេងយល់ក្នុងចិត្តថា កិរិយាយ៉ាងនេះខ្មែរណាដែលប្រកាន់ដំបូន្មានសាស្ត្រាស្លឹករឹតនៅឡើយ គង់ចាត់ដោយពេបជ្រាយដោយនាងថាជាស្រីចើត ឃើញប្រុសភ្លាមក៏ដេញរកប្រភឹបតែម្ដង! ចោទយ៉ាងនេះជាអយុត្តិធម៌ហើយ ព្រោះក្នុងកិច្ចការអ្វីៗ ក៏ដោយយើងមិនត្រូវដកក្បួនខ្នាតតែមួយ ហើយក្មេងក្មាងដើរវាស់ ដើរវិនិច្ឆ័យទំនៀមទំលាប់គ្រប់ជាតិ គ្រប់សាសន៍ដូច្នោះឡើយ។ នារីខ្មែរដែលប្រកាន់មូរមុខអៀនកុំប្រុន កញ្ញាអារ៉ាប់ដែលយកស្បៃមកទទូរស្កុងបាំងមុខ ក្រមុំខ្មែរលើដែលលែងដើមទ្រូងនៅទទេ ហើយស្ត្រីអឺរ៉ុបដែលស្និទ្ធស្នាលនឹងបុរសដោយស្មើមុខគ្នាយ៉ាងពេញលេញនោះតើអ្នកណាខុសអ្នកណាត្រូវ អ្នកណាគ្រាន់បើជាងអ្នកណា? បើយើងចាត់ថាគេធ្វើផ្ដេសផ្ដាស គេក៏គង់ទាស់ចិត្តនឹងស្ត្រីយើង ដោយចោទថាជាមនុស្សខ្វះសេចក្ដីរាក់ទាក់ គ្មានសេចក្ដីស្មោះសរដែរ។ បើយើងប្រកាន់ថា យើងប្រព្រឹត្តតាមសីលធម៌ តាមចរិយាសាស្ត្រ តាមដំបូន្មានដូនតាព្រឹទ្ធាចារ្យយើង គេក៏តបវិញថាខាងគេក៏មិនឃ្លោងឃ្លាតពីគុណសម្បត្តិទាំងនោះទេដែរ។
មួយទៀត ដើម្បីងាយយល់នូវកិរិយានិងឫកពានាង ចន្ទមណី ទីឃាវុធ អង្វរឲ្យអ្នកផងគិតថា នៅប្រទេសថៃស្ត្រីមានវិវត្តន៍តាមរបៀបអឺរ៉ុបជឿនទៅមុខឆ្ងាយណាស់ ព្រោះស្រុកគេមានឯករាជ្យយួរអង្វែងមកហើយ។ ឯយុវជនគេទាំងស្រីទាំងប្រុស ក៏បានរៀននៅទ្វីបអឺរ៉ុបនិងអាមេរិកយ៉ាងក្រាស់ក្រែលផង។
ចំណែកទីឃាវុធ វិញ ដោយក្រេបឱជារសរឿងប្រលោមលោកបរទេស ធ្លាប់ថ្លឹងយល់នូវគំនិតមារយាទស្ត្រីភាព ដែលពាក្យខ្មែរយើងបន្ទោសហើយហៅក្លាយថា៉ស៊ីវិល័យ៉ វិញ អ្នកកំលោះនេះយល់ឃើញថាកិរិយានាង ចន្ទមណី ប្រកបដោយភាពធម្មជាតិប្រពៃណាស់។ គ្មានអ្វីមកបង្ខិតបង្ខំ ឫគ្មានអ្វីមកទប់ទល់ឲ្យស្ទាក់ស្ទើរសោះឡើយ។ នាងតែងសំដែងដោយស្មោះត្រង់ដោយឥតលាក់លៀមទេនូវគំនិតអ្វីទាំងស្រុងដែលមកចាប់បដិសន្ធិក្នុងចិន្ដានាង។ តាមដែលបានសង្កេតមក ប្រាកដជានាងមានចិត្តខ្លះដែរមកលើខ្លួន។ ប៉ុន្តែ បើគ្រាន់តែមានមនោសញ្ចេតនាប្រភេទនេះប៉ុណ្ណោះ ឃើញថានៅពុំទាន់គ្រប់បរិបូណ៌ទេ។ រុក្ខជាតិដុះលើដីបែកក្រហែងក្នុងរដូវប្រាំងត្រូវការភ្លៀង យ៉ាងណាមិញដួងចិត្តអ្នកកំលោះ ដូចយើងស្គាល់មកហើយស្រាប់ ក៏រាវរកសេចក្ដីស្នេហាយ៉ាងនោះដែរ។ មើលចុះដេកយល់សប្តិ ដើរយល់ អង្គុយយល់សប្តិ អាត្ម័នជ្រួតជ្រាបពេញទៅដោយមនោសញ្ចេតនានេះតែមួយ។ ចុះបើឥឡូវមកភពប្រសព្វលើសេចក្ដីប្រាកដ ដែលឆើតលើសលប់ជាងសេចក្ដីឈ្វេងឃើញទៅទៀតនោះ។ តើនឹងញាប់ញ័រយ៉ាងណាទៅ?
ឱ! ធ្វើម្ដេចហ្ន៎នឹងបានឱកាសទៅបណ្ដុះបណ្ដាលសមានចិត្តនិងមិត្តភាពឲ្យកាន់តែចំរើនរុងរឿងបាន បើធនធានគេក៏មានស្ដុកស្ដម្ភហើយគេជាជនបរទេសទៀតផង? ដែលគេបបួលឲ្យទៅលេងប្រហែលជាការគួរសមក៏មិនដែរ ព្រោះខ្លួនបានជួយយកអាសាគ្រប់យ៉ាងក្នុងពេលធ្វើដំណើរ។ នឹងទៅរកជួបគេតាមសម្ដីបបួលហាក់ដូចជាឯងឥតកេរ្តិ៍ឥតខ្មាស ដោយហេតុថានៅមិនទាន់ដឹងច្បាស់នូវទឹកចិត្តគេយ៉ាងណាសោះ ដ្បិតស្គាល់គ្នានៅថ្មោងថ្មីពេក។ ណ្ហើយ! ទីឃាវុធ ស៊ូអង្កត់ចិត្តដាច់ថា មិនទៅរកជួបទេកុំឲ្យគេត្មះតិះដៀលដល់ជាតិ ដល់អម្បូរដែលខ្លួនប្រកាន់ស្ទួយលើសជីវិតទៅទៀត។ ប៉ុន្តែថ្វីបើបានប្ដេជ្ញាយ៉ាងនេះ សេចក្ដីអួលផ្សាសេចក្ដីនឹកអាល័យមិនរំងាប់សាបសូន្យទៅបានឡើយ ព្រោះមនោគតិចេះតែគូររូបនាង ចន្ទមណី ឲ្យឃើញញញឹមស្រស់នៅចំពោះមុខពុំដែលដាច់។
ថ្ងៃមួយ ចំនួនដប់ប្រាំថ្ងៃពីពេលចូលរៀនមក ជួនជាទិវាឈប់បុណ្យ។ នៅពេលរសៀលទីឃាវុធ ស្លៀកពាក់កំប្លេ៉បុ័កមប៊័ស៉ ខៀវប្រផេះហើយចងក្រវាត់យ៉ាងសង្ហា បានចេញពីលីសេទៅមើលកុនរោងអេដិន។ លុះចេញពីរោងកុនស្រាប់តែទូចង៉ក់នឹងលួង ទេពកោសល្ល ហើយនឹងធីតាដែលចុះជណ្ដើរពីលើឡៅអគារនេះដែរ។ ក្នុងពេលនោះនាងស្លៀកសពាក់ស សុរងករំលេចដោយបន្តោងពេជ្រមួយសមសួនឥតផ្ទឹម។ ក្រឡេកឃើញភ្លាម នាងញញឹមពព្រាយមករកនាយកំលោះដែររកគេចខ្លួនពុំរួច ក៏ដើរទៅទាំងអេះអុញ។
-សួស្ដីលោក! សួស្ដីឃុន!
-យីក្មួយទេតើ(អតីតនាយទាហានឆ្លើយដោយរាក់ទាក់)។
-សួស្ដីបង! នាងតបហើយបន្ថែមៈ
-ខ្ញុំសូមបន្ទោសបន្តិចទៅចុះ កាលពីមុនសន្យាថានឹងនាំខ្ញុំដើរលេង ខ្ញុំខំរងចាំមើលផ្លូវ។ ឥឡូវធ្វើព្រងើយបំភ្លេចខ្ញុំចោលបាត់។
ទីឃាវុធ លុះបានសង្កេតដោយរំភើបថា នាងលែងហៅ៉ឃុន៉ ដូចមុនៗទៀតហើយ ក៏តបកល្យាណវិញថាៈ
-អត់ទោសខ្ញុំចុះ ខ្ញុំជាប់រវល់ច្រើនពេករកឆ្លៀតពុំបានសោះតែម្ដង។
-អញ្ចឹងមែនហើយ (នាងស៊កឲ្យ) រវល់តែដើរមើលកុនតែម្នាក់ឯង។ នេះដោយសារចៀសពុំរួចទើបចូលមកជួប។
-កុំកាច់ពេកហា៎ ចន្ទមណី (ឪពុកបន្ទោសដោយទន់សម្ដី)។ធម្មតាអ្នករៀនសូត្រមិនសូវទំនេរដូចយើងទេ។
ថាហើយបែរមុខទៅរកអ្នកកំលោះៈ
-បើក្មួយមិនជាប់ធុរៈទៅណាទៀតទេ មកទៅញាំទឹកក្រូចនិយាយគ្នាលេងនៅផ្ទះខ្ញុំ ចាំខ្ញុំឲ្យជូនឡានមកសាលាវិញឲ្យទាន់ម៉ោង។
***
ការមកលេងផ្ទះនាងលើកដំបូង ក៏សណ្ដោងទាញមកនូវការមកជួបគ្នាជាញឹកញយ។ លុះស៊ាំៗ ទៅក៏ឃើញថា ឪពុកក្ដីធីតាក្ដីមិនកាន់ឫក កាន់ពារ ជាអ្នកមានសោះឡើយ។ ដូច្នេះ ទីឃាវុធ ក៏គិតពីឋានៈនៃគ្រួសាររបស់ខ្លួនដែរ។ ស្ទើរមិនសល់ថ្ងៃឈប់ ទីឃាវុធ តែងមកជួបនឹងមិត្តបរទេសទាំងពីរ ហើយនាំគ្នាជិះឡានលេង ជួនទៅគគីរ ជួនទៅទឹកខ្មៅ (ឥឡូវហៅតាខ្មៅ) ពោធិចិនតុងឫភ្នំឧត្តុង្គ ហើយជួនកាលពេលល្ងាចនាំគ្នាជិះកាណូតឆ្លងទៅយកខ្យល់អាកាសខាងជ្រោយចង្វា។
ការជួបគ្នាញឹកញាប់បែបនេះ នាំឲ្យមានចិត្តក្លាយជាមិត្តភាពជាបរិសុទ្ធ។ តមកឥទ្ធិពលវ័យក្មេងកណ្ដាលមិត្តភាពនេះឲ្យក្លាយទៅជាមនោសញ្ចេតនាមួយ ដែលតែងធ្វើឲ្យបេះដូងយុវជនយោលគ្រឹកគ្រេង។
នៅថ្ងៃឈប់ណាដែលខ្លួនខំទប់ចិត្តមិនចេញពីសាលា ដើម្បីបំពេញកិច្ចសិក្សាឲ្យបានជ្រះស្រឡះ ទីឃាវុធ ក៏ស្ងួតស្ងប់រវើរវាយ។ ប៉ុន្តែ ដោយខ្លួនជាអ្នកមិនចេះបៀមទុក្ខសង្រេងយូរ មិនប៉ុន្មានម៉ោងក្រោយមក ក៏តែងសើចក្អាកក្អាយយ៉ាងព្រងើយ ជាមួយពួកម៉ាកចេះច្របាច់កំប្លែង។ យុវបុរសយើងតែងញញើតខ្លាចបំផុតពេលដែលត្រូវមុងនិទ្រា ព្រោះសេចក្ដីនឹករលឹកតែងធ្វើឲ្យស្រមៃឃើញរូបបវរមិត្ត ដែលស្រស់ចំប្រប់ឱកាសឥតឆ្នើម។ ម៉្លោះហើយក៏ក្រហល់ក្រហាយតែម្នាក់ឯង ទំរាំនឹងតម្រង់ផ្ចង់ចិត្តបានថាខ្លួនត្រូវរៀនឲ្យបានសម្រេចដូចប្រាថ្នាសិន ទើបអាចឈោងដៃទៅរកឆោមសិទ្ធកើត។
ចំណែកខាងនាងវិញ នាងពុំបានញែកធ្វើវិភាគដួងចិត្តឲ្យដឹងថាតើចំណងរាប់អានរវាង ទីឃាវុធ និងខ្លួននាងជាវត្ថុធម្មតា ឫប្លែកពីធម្មតាសោះឡើយ។ នាងគ្រាន់តែសង្កេតថា ក្នុងគ្រាណាមានសំបុត្រអ្នកកំលោះមកប្រាប់ថា គេជាប់រវល់ពុំបានចេញមកលេងទេ ថ្លើមនាងធ្លាក់ក្ដុកហើយនៅពេលនោះ។ ការកំសាន្តទាំងឡាយដែលនាងធ្លាប់ត្រេកត្រអាល ក៏ហាក់ដូចជាឥតរសជាតិទាំងអស់។
ថ្ងៃមួយ ឪពុកនាងមានធុរៈចុះទៅព្រៃនគរ នារីនាងនៅតែម្នាក់ឯងជាមួយស្រីភីលៀងទាំងពីរ ដែលកំពុងចាត់ការក្នុងផ្ទះ។ ដោយនាងពុំបានទទួលដំណឹងអ្វីជាមុនថា មិត្តនាងពុំបានមកទេនោះ នាងក៏រៀបខ្លួនហើយចុះមករងចាំនៅទីទទួលភ្ញៀវ។ ពេលនោះ នាងស្លៀកហ៊្សីបពណ៌ពងក្រសា ហើយពាក់អាវពណ៌ផ្កាឈូកយ៉ាងសំណំ។
ដោយនាយកំលោះយឺតពេលក្រហមដល់បន្តិច នាងក៏ចាប់សៀវភៅប្រលោមលោកអង់គ្លេស ដែលមិត្តបានឲ្យនាងខ្ចីមកអានតទៅទៀតដើម្បីបន្លប់ការរងចាំ។ នាងអង្គុយក្នុងកៅអីវែង ដងខ្លួនផ្អែកទៅភ្នាក់ដៃម្ខាង ហើយកំភួនជើងស្រឡូនរាងខ្លំសណ្ដូកបណ្ដោយទៅលើពូក។មិនយូរប៉ុន្មានពាក្យពេចន៍ពីរោះ ហើយសាច់រឿងដែលនាំឲ្យស្រណោះសល់គូរជីវិត ក៏នាំឲ្យសេចក្ដីទន្ទឹងរបស់នាងស្រងល់ភ្លេចភ្លាំងទៅ។ ព្រលឹងកំពុងជក់ស្រាប់តែឮសូរស្បែកជើងខ្សាកៗ នាងងើបភ័ក្ត្រឡើងហើយក៏ញញឹមពព្រាយ។
-សួស្ដីបង!
-សួស្ដីអូន! បងសូមអភ័យទោសចុះដោយយឺតជិតកន្លះម៉ោងព្រោះស៊យជិះស៊ីក្លូមកបែកកង់ ហើយរកស៊ីក្លូទំនេរជិះពុំបានតោងដើរមក។
ទីឃាវុធ និយាយបណ្ដើរក៏ដើរចូលជិតបណ្ដើរ។
-បង! បងឯងអីនេះ!
នាងដកក្រដាសពីរសន្លឹក បត់សៀតភ្លេចចោលក្នុងសៀវភៅដែលនាងកំពុងអានយកមកបង្ហាញមិត្តនាង។ កាលណានាងលាផ្នត់ក្រដាសនោះឡើង អត្ថបទជាអក្សរខ្មែរក៏ប្រាកដឡើងចំពោះភ្នែក។
កាលបើឃើញក្រដាសនោះភ្លាម ទឹកមុខ ទីឃាវុធ ឡើងក្រហមទុំ អេះអុញ ដោយនឹកអ្វីមកដោះសារពុំបាន។
នារីសៀមនិយាយតទៅទៀតៈ
-នេះប្រហែលជាកំណាព្យហើយ បានជាមានឃ្លាមានឈ្មោះស្ទើរប្រវែងគ្នា។
-អូនស្មានត្រូវហើយ ជាពាក្យកាព្យពិតមែន។
-តើអ្នកណាតែង?
ដោយទាល់គំនិត ចៅបុរសក៏ឆ្លើយៈ
-ខ្លួនបងនេះឯង តែងលេងហើយភ្លេចដៃដាក់ក្នុងសៀវភៅនេះមក។
ណ្ហើយ អូនកុំរវល់នឹងកាព្យឃ្លោងឥតជាតិឥតជៅធ្វើអ្វី ដែលយើងថាទៅមើលកុននោះល្មមទីហើយតិចហួសពេល។
-ហួសក៏ហួសទៅចុះ គ្មានអ្វីល្អមើលប៉ុន្មានទេ។ ខ្ញុំចង់ដឹងសាច់កាព្យនេះណាស់។ មុខជាពីរោះហើយ។ បងឯងមិនទាន់ដឹងទេ ខ្ញុំចូលចិត្តកវីនិពន្ធណាស់។ ខ្ញុំធ្លាប់អានជាភាសាអង់គ្លេសនិងភាសាថៃ។ ហេតុនេះហើយបានជាចង់ស្គាល់កាព្យភាសាខ្មែរទៀត។ បងឯងមើលទៅមើលជាភាសាខ្មែរសិន។
រកពិធីដោះខ្លួនពុំរួចហើយទើប ទីឃាវុធ ទទួលយកសន្លឹកក្រដាសនោះមកៈ
-អូនឯងគង់បានសង្កេតឃើញហើយ កាព្យក្នុងក្រដាសពីរផ្ទាំងនេះមានពីរបែប។ មួយបែបបងបានតែងនិយមបារាំង។ ក្នុងឆន្ទនីមួយៗ មានដប់ពីរព្យាង្គ ហើយចុងចួនមាននៅត្រង់កន្ទុយឆន្ទទេ។
-អ៊ីចឹង ប្រហាក់ប្រហែលគ្នានឹងកាព្យអង់គ្លេសដែរ។ ទីឃាវុធ និយាយតទៅទៀតៈ
-មួយបែបទៀត បងតែងតាមចំណូលថៃនឹងខ្មែរ ជាកាព្យប្រាំពីរ។
-សូមបងមើលកំណាព្យបែបបារាំងមុន។
នាងអង្គុយមួយចំហៀង ហើយចង្អុលឲ្យនាយកំលោះអង្គុយម្ខាងទន្ទឹមនាងក្នុងកៅវែងមួយ។ ទីឃាវុធ ចាប់អានៈ
លលក
ថ្ងៃត្រង់ វាលស្រែក្ដៅដូចជាភ្នក់ភ្លើងមួយយ៉ាងធំ ព្រះអាទិត្យចិត្តឃោរឃៅកម្លោចស្មៅនិងកញ្ច្រាំង ចំហាយខ្យល់បក់ភឹបៗ លើទឹកល្អក់ក្នុងត្រពាំង ដែលមានកុកសំគមមួយចាប់កំពឹសដោយសំងំ។
សត្វនានាស្ងាត់មាត់ជ្រាប ចង្រិតដែលភិរម្យ របស់ស្រុកស្រែនោះសោត ក៏ជ្រកពួនដោយភ័ន្តភាំង អ្នកគង្វាលគោដេកដៃគងថ្ងាសស្រមុកគ្រាំងៗ ក្រោមដើមអំពិលមួយ ដ៏មានម្លប់ត្រជាក់។
នៅវេលាដែលក្ដៅហប់ទូទៅទាំងវាលព្រៃព្រឹក្សា មានលលកមួយមកទំលើមែកមួយ ដែលឥតស្លឹកហើយបក្សីនោះតាំងច្រៀងគ្រលួចពីរោះឥតបី។
ក្នុងផ្ទៃស្ងប់ សម្លេងនេះ ដែលថ្លាដូចចរណៃ មកញ៉ាំងអ្នកដែលសន្ធឹងខ្នងផ្ទាល់ដី ឲ្យស្រមៃឃើញវិមានឋានសួគ៌ា និងកញ្ញាល្អប្រិមប្រិយ។
នាងចន្ទមណី បានផ្ទៀងតាមចង្អុលដៃ ទីឃាវុធ ដែលបង្ហាញនូវបន្ទាត់កំពុងអានបណ្ដើរ។ លុះចប់កាព្យបែបបារាំងហើយ នាងនិយាយៈ
-បងប្រែទៅ ប្រែជាសៀមវិញប្រសើរជាស្រួលជាងព្រោះខ្មែរ និងសៀមភាសាស្រដៀងគ្នា។ ហើយបើប្រែពីខ្មែរទៅអង់គ្លេសប្រហែលជាពិបាកដូចជាប្រែពីថៃទៅអង់គ្លេសដែរ។
-សៀមក៏ដោយ អង់គ្លេសក៏ដោយខ្ញុំមិនសូវប្រសប់ទេ។ មុខតែរកាក់រកុបហើយ។
-មិនអីទេបងលមើលទៅ!
ទីឃាវុធ ហួសប្រកែកក៏ទទួលធ្វើតាមបង្គាប់។ ក្នុងពេលកំលោះខ្មែរទាល់ពាក្យម្ដងៗ។នាងសៀមក៏ញញឹមជួយរកឲ្យលុះឃើញហើយក៏សម្លឹងមុខគ្នាសើចទាំងពីរនាក់។ លុះប្រែចប់ហើយយុវតី នាងជូនសេចក្ដីដូចតទៅៈ
-យីបងជំនាញតែងកំណាព្យបែបអឺរ៉ុបណាស់។ ពាក្យបញ្ចប់ចុងក្រោយលើកទឹកចិត្តឲ្យខ្ពស់ ឲ្យអណ្ដែតតែម្ដង! មើលចុះអ្នកគង្វាលគោដែលដេកផ្ទាល់ដី ដល់ឮទំនុកលលកក៏នឹកស្រមៃដល់ទេពធីតាល្អឯក!។
ឮនារីសរសើរយ៉ាងនេះ មុខចៅបុរសក៏ឡើងក្រហមតែពុំចេញស្ដីថាអ្វីឡើយ។ មួយសន្ទុះក្រោយមកទើបនាងនិយាយថែមៈ
-ឥឡូវបងមើលកាព្យបែបខ្មែរទៅមើល ធ្វើបទធ្វើបាឋផងទើបពីរោះ។
ដូចជាមនុស្សបាត់ព្រលឹង ទីឃាវុធ ប្រតិបត្តិតាមបង្គាប់យុវ មាល្យដោយឥតប្រកែក។
តុណ្ហីភាពរាត្រី
-ធម្មជាតិនិទ្រាស្ងាត់ជ្រងំ មាន់រងាវយំឮល្វើយ
ខ្យល់បក់ធាងដូងយោលទន់ជើយ រំភើយបក់ផាត់ក្លិនម្លិះលា។
-ព្រះចន្ទឆៀងគងភ្នំខ្មៅវែង មេឃខ្ពស់ធំធេងរែងស្អាតថ្លា
សន្សើមប្រោះព្រំចុងព្រឹក្សា ហៅសែនសុខាក្នុងរាត្រី។
-តែក្នុងចិត្តខ្ញុំមានកង្វល់ រូបរឹតគិតដល់នារី
រូបនាងឌូតតាមគ្រប់ទិសទី នាំឲ្យវក់វីអស់អង្គកាយ។
-ព្រលឹងស្រមៃឃើញវរល័ក្ខណ៍ មានភ័ក្ត្រញញឹមស្រស់ពព្រាយ
ថែមឮសំដីនាងនិយាយ លែបខាយពីរោះជាប់ពិសម័យ។
-ដូចឃ្មុំស្រវឹងក្លិនបុប្ផា ហើយហើរឆ្លៀវឆ្លាកណ្ដាលថ្ងៃ
ខ្លួនបងស្រវឹងនឹងមាសថ្លៃ នឹករកមមៃគ្មានពេលសល់។
-ជន្លេនម្ដេចហ៊ានស្រឡាញ់ផ្កាយ ខ្លួនតូចទាបឆ្ងាយម្ដេចឈោងខ្ពស់
ម្ដេចមិនមើលទ្រព្យមើលស័ក្តិយស សញ្ជាតិទាំងនោះសុទ្ធខុសគ្នា។
-គ្មានអ្វីគួរឲ្យសង្ឃឹមបាន ស្រឡាញ់បំពាននាំខ្លោចផ្សា
គប្បីខំប្រឹងតែសិក្សា សម្រេចកាលណាទើបហៅគាប់។
-តែទោះគិតឃើញត្រូវដូចម្ដេច ស្នេហាពន្លិចសង្កត់ជាប់
ឱខ្លួនខ្ញុំអើយសែនអភ័ព្វ ទុក្ខសែនស្រទាប់អីម៉្លេះទេ!។
-ធម្មជាតិដេកលក់ដោយសុខុម មាត់មាន់រងំដូចបំពេ
ខ្យល់ច្រានធាងដូងឲ្យយោលទេរ ជួយបក់បំបែរក្លិនចំប៉ា។
-លោកខែលិចក្រោយភ្នំខ្មៅស្ដើង ពពកមីរឡើងក្នុងមេឃា
សន្សើមស្រោចស្រពពសុធា ហៅសែនវេទនាក្នុងចិន្ដា។
នារីនាងផ្ទៀងស្ដាប់សាច់កាព្យផ្អែមល្ហែម ហើយសម្លេងអ្នកអានដែលរណ្ដំរងំ។ លុះចប់ហើយនាងនៅស្ងៀមមួយស្របក់ធំដោយនាងស្រមៃហាក់ដូចសម្លេង និងសាច់ឃ្លោងប្រគួតប្រគំពីរោះក្នុងត្រចៀកនៅឡើយៈ
-បងប្រែទៀតទៅមើល។
ទីឃាវុធ ដែលឡិនឡង់ដោយសិនិទ្ធភាពពុំដែលស្គាល់យ៉ាងនេះក៏បានប្រុងស្មារតីគិតដល់សាច់កាព្យ ដែលអាចបំបែកឲ្យដឹងស្នេហាកំបាំងរបស់ខ្លួនបានឡើយ។ ដូច្នោះក៏តាំងប្រែដោយស្មោះត្រង់ទាំងអស់ឥតលាក់លៀមតិចតួចឡើយ។
នារីនាងត្រាប់ត្រង់ស្ដាប់មុខនាងប្រែរំជួល។ លុះសម្លេងកវីស្ងប់បាត់យ៉ាងយូរ ទើបនាងហាក់ដូចជាភ្ញាក់ខ្លួនឡើង ហើយជូនសេចក្ដីសង្កេតថាៈ
-កាព្យទាំងពីរបែបនេះ ថ្វីបើប្រើវិធីខុសគ្នាយ៉ាងឆ្ងាយ តែគង់មានចំណងសម្ព័ន្ធមួយមករួបរួមគ្នាយ៉ាងជិត បង្ហាញឲ្យឃើញថាជាស្នាដៃជនតែម្នាក់ ដែលជាអ្នកកើតសេចក្ដីស្នេហាដោយឥតសង្ឃឹម។ ក្នុងកាព្យ៉លលក៉ដូចខ្ញុំបានថាមកហើយ អ្នកគង្វាលគោគឺអ្នកដែលមានឋានៈទន់ទាប ឫក៏ស្រមៃនឹកដល់នាងទេពអប្សរ ពោលគឺនារីដែលមានពូជពង្សខ្ពង់ខ្ពស់ជាង។ ក្នុងកាព្យបែបខ្មែរអ្នកតែងបានបញ្ជាក់ឲ្យដឹងច្បាស់ថា ខ្លួនគាត់មានសេចក្ដីប្រតិព័ន្ធនារីម្នាក់ដែលជាធីតាកូនអ្នកមានទ្រព្យ អ្នកមានស័ក្តិយស ហើយថែមទាំងមានជាតិខុសគ្នាទៀតផង។សរុបសេចក្ដីឃើញថា បងឯងនេះលួចស្រលាញ់នារីដែលរៀនសូត្រជាមួយគ្នាមិនមែនខ្មែរទេ។ បើសិនមិនយួន ក៏បារាំងជាប្រាកដ។ ប៉ុន្តែខ្ញុំជឿថាស្រីបារាំងច្រើនជាង។ ដ្បិតអីអ្នកមើលកុនជោកដូចបងឯងនេះ តោងចាប់ចិត្តនិងលំអនារីអឺរ៉ុបណាស់។ ម៉្លោះហើយ...ក៏លួចស្រលាញ់គ្នាឯងទៅ។ ចំជាខូចមែន!
ក្នុងគ្រានោះស្ថានការណ៍ ទីឃាវុធ មិនខុសគ្នាប៉ុន្មានទេ ពីស្ថានការណ៍អ្នកប្រព្រឹត្តបទល្មើស ដែលសុភាចារបុរសកំពុងជជីកដេញដោលឫសគល់អំពើកំបាំងរបស់ខ្លួន ជិតទាល់ច្រកអ្នកកំលោះនៅប្រកែកដោះសារដោយស្បើយៗៈ
-មិនមែនទេអូន កាព្យនេះបងគ្រាន់តែលើកកែអផ្សុកទេ។ នៅថ្នាក់រៀនបងគ្មាននារីយួន ឫបារាំងរៀនជាមួយទេ។
-កែអផ្សុកឯណាកើត ! បើមុខបងឯងឡើងស្លាំងយ៉ាងនេះ។ កុំកុហកបើឃុនផ និងខ្ញុំជួយកើតចាំយើងទាំងពីរជួយដោះស្រាយបញ្ហានេះជូន។
និយាយខ្សឹបៗ ទីឃាវុធ ព្រមរ៉ាប់ទទួលទាំងស្ទាក់ស្ទើរថា ខ្លួនបានចាប់ចិត្តស្រលាញ់នារីម្នាក់មែន។ ដោយនាងចេះតែជជីកចង់ដឹងនាមនារីនោះពេក នាយកំលោះក៏ភ្លាត់មាត់លន់តួថាៈ
-បើអូនកុំប្រកាន់ទោស ទើបខ្ញុំហ៊ានប្រាប់។
-ប្រាប់មកមានទោសពៃរ៍អីយ៉ាងហ្នឹង។
-ហ៊ី ពិបាកថាពេក!
ព្រោះនាងកាន់តែឈ្វេងដឹងខ្លួនបន្តិចឡើងៗ ហើយនាងក៏រន្ថាន់សួរដោយញាប់ញ័រក្នុងឱរា។
-ប្រាប់ឆាប់មកបង បើពុំនោះទេខ្ញុំខឹងហើយ។
-នារីដែលបងលើកជាត្រួយជីវិតនោះគឺ ... នោះគឺ ... នោះគឺ ... នោះគឺ ...។ ដោយពាក្យទទួលសារភាព ហាក់ដូចជាពិបាកចេញពីបំពង់កពេក។ ចៅមាណពក៏កើតជាយកដៃទៅលូកចាប់ហត្ថមាសស្នេហ៍មកក្ដោបជាប់។ ហាក់បីដូចជាអស់កម្លាំងណាស់ ដោយបានប្រឹងប៉ុណ្ណឹង។ ទីឃាវុធ ក៏ផ្ដួលខ្លួនក្រាបទៅលើកៅអីជិតជង្គង់បារី ហើយរៀបរាប់រអាក់រអួលថាៈ
-អូនអើយបងមិនគួរក្បត់មិត្តភាពរបស់នាង ហើយនិងលោកឪពុកនាងយ៉ាងនេះសោះ។ ខ្លួនបងជាអ្វី? ជាកូនអ្នកស្រែចំការនៅជនបទចុងកាត់មាត់ញក ជាសិស្សមិនទាន់បានសញ្ញាប័ត្រធំដុំនៅឡើយផង។ មិនគួរហ៊ានងើបមុខសម្លឹងអ្វីខ្ពស់ដល់ម៉្លេះ ! ប៉ុន្តែថ្ងៃនេះ បានជាត្រូវនិយាយប្រាប់នាងអំពីការលាក់កំបាំងរបស់ដួងចិត្តខ្ញុំ សូមបើកផើយប្រាប់អូនឲ្យអស់ពីពោះ។ ទោះបីនាងបដិសេធច្រានបងចេញ បងក៏ឥតទោមនស្សអ្វីដែរ។ សេចក្ដីស្នេហាមិនស្គាល់ខុសមិនស្គាល់ត្រូវសោះឡើយ។ វិចារណញ្ញាណជួយតម្រែតម្រង់យ៉ាងណា ក៏ដួងហឫទ័យនៅតែចចេសកាន់ផ្លូវខុស។ វិចារណញ្ញាណបង្គាប់បងថា កុំឲ្យសូវទៅមកផ្ទះអូនពេក ព្រោះកាមារម្មណ៍កាន់តែលូតលាស់ ដោយឥតសង្ឃឹមនាំឲ្យតែខ្លោចផ្សាហើយធ្វើឲ្យ សៅហ្មងដល់ការរៀនសូត្រឥតអំពើទេ។ ត្រូវណាស់ហើយត្រូវគ្រប់ដប់តែសេចក្ដីស្នេហា នៅតែរុញជំហានបងឆ្ពោះមកផ្ទះអូន។
ទីឃាវុធ ឈប់មួយស្របក់ដកដង្ហើមធំ។ ក្នុងភូមិគ្រឹះដ៏ស្ងាត់ឈឹងឮសូរតែនាឡិកាភ្លេងយោលតិតតក់ តិតតក់។ មួយសន្ទុះក្រោយមកទើប ទីឃាវុធ និយាយតទៅទៀតៈ
-អូនអើយ តាំងពីរក្មេងតូចមក បងចេះតែគូសស្រឡាញ់អ្វីៗទាំងអស់ដែលមកពីប្រទេសថៃ។ បងប្រកាន់ស្រុកសៀមជាឧត្តមគតិខាងផ្នែកសោភ័ណភាព និងមនោរម្យ។ ក្នុងពេលស្ដាប់វិទ្យុបើកាលណាសំឡេងនារីសៀមច្រៀង បងស្ដាប់ទន់ដៃទន់ជើងអស់ហើយ ហើយតែងក្រងនូវសេចក្ដីស្នេហាយ៉ាងត្រកាល យ៉ាង៉រ៉ូម៉ង់ទិក៉ តែដល់ចប់ទៅតែងធ្វើឲ្យឈឺផ្សាក្នុងចិត្តក្រៃលែង។ ទំនងការណ៍យ៉ាងនេះ បង្ហាញឲ្យយល់បានថាមុននឹងឃើញរូបអូន បងមានចិត្តចាំប្រុងតែស្រលាញ់អូនទៅហើយ។ លុះខ្លួននាងលេចមកប្រាកដនឹងភ្នែកមែន ហើយល្អប្រិមប្រិយព្រមទាំងមានសេចក្ដីរាក់ទាក់ប្រសើរជាងយល់សប្តិទៅទៀត។ អូនអើយ អូនបងសែនត្រេកអរផងព្រួយបារម្ភផង។ បងត្រេកអរព្រោះមានឱកាសញឹកញាប់មកទទួលមិត្តភាពយ៉ាងស្មោះស្ម័គ្រ ហើយមកគយគន់រូបឆោមលោមពណ៌អូន និងកិរិយាចិត្តថ្លើមអូន ដែលសមសួនឆើតប្រពៃលើសដែលសេចក្ដីរវើរវាយ នាំឲ្យបងស្មានទុកនោះឆ្ងាយណាស់។ បងព្រួយបារម្ភព្រោះគិតឃើញថា នាងជាបុត្រីអ្នកមានបណ្ដាស័ក្តិក្នុងប្រទេសមួយឯករាជ្យពេញទី។ ប្រសិនបើពុំសេចក្ដីស្នេហាមកលើខ្ញុំទេ នាងនឹងខឹងក្នាញ់នឹងខ្ញុំហើយ ខ្ញុំក៏ខូចខាតមិត្តភាពរបស់យើងជាអសារបង់។ បងគិតអើយរែងគិតក្នុងចិត្តចំបែងឥតឧបមា។ ឥឡូវបានជាទម្លាយបូសនៃកាលសម្ងាត់ទៅហើយ។ សូមនាងថាមកចុះសន្និដ្ឋានមកចុះ ទោះនាងឆ្លើយតបនិងសេចក្ដីស្នេហាឥតសមហេតុសមផលនេះក្ដី ឫកាត់ទោសដាក់កំហុសដោយរុញច្រានចោលចេញក្ដី ខ្ញុំនឹងមិនតូចចិត្តសោះទេ ធ្វើម្ដេចវាសនាខ្ញុំខើចខ្លីតែប៉ុណ្ណឹង។
ដូចជនជាប់ចោទ នៅចំពោះមុខចៅក្រមកាត់ក្ដី ទីឃាវុធ។ លុះបាននិយាយការពារស្នេហាខ្លួនចប់ហើយ ក៏នៅឱនមុខនៅស្ងៀមចាំស្ដាប់ដោយរន្ធត់នូវសេចក្ដីវិនិច្ឆ័យ។ លុះចាំស្ដាប់មិនឮអ្វីសោះអស់ពេលមួយសន្ទុះធំ ទើបងើបមុខឡើងឃើញភ័ក្ត្រស្ងួនភ្ងាក្រហមហើយនាងយកកូនកន្សែងជូតទឹកនេត្រា ដែរជោរជន់ហូររហែង។ នាយកំលោះក៏នឹកក្នុងចិត្តថា ប្រាកដជាខ្លួនបានធ្វើឲ្យនាងថ្នាក់ថ្នល់យ៉ាងណាហើយ ទើបនាងខឹងហើយយំយ៉ាងនេះ។ យល់ដូច្នោះហើយ ក៏រៀបរយខ្លួនក្រោកដើរចេញៈ
-កុំយំថ្វីអូន បងសូមលាហើយ។ ពីថ្ងៃនេះមុខនាងនឹងលែងមានអំពល់ដោយសារបងទៀតហើយ។
ថាភ្លាមក៏ស្ទុះក្រោកឈរភ្លាម ស្រាប់តែដៃនាងស្រវាចាប់ទាញដៃឲ្យអង្គុយទៅវិញៈ
-បងអើយកុំអាលយល់ខុស។ ដែលបងសារភាពអម្បាញ់មិញធ្វើឲ្យខ្ញុំរំជួលចិត្តណាស់។ ហេតុនេះហើយទើបមានទឹកភ្នែកហូរខ្លះ។ ខ្ញុំស៊ូកាត់សេចក្ដីអៀនខ្មាសរបស់ស្ត្រីទៅចុះ កើយសូមជំរាបបងដោយស្មោះត្រង់ដែរ។ តាំងពីរជួបគ្នាដំបូងកាលណាមក សមានចិត្តចំពោះបងតែងដុះដាលក្នុងហឫទ័យអូន ហើយក្លាយទៅជាមិត្តភាពរួចទៅជាអ្វីមួយធំជាងនុ៎ងទៅទៀត។ ទ្រូងអូនតែងញាប់ញ័រត្រេកអរក្នុងពេលជួបភ័ក្ត្របង។ លុះបងលាផុតទៅកាលណាផ្ទះនេះ ទីកន្លែងនេះ ក៏ក្លាយទៅរហោស្ថានស្ងាត់ជ្រងំ។ បងដឹងទេ? ក្នុងពេលដំបូងដែលខ្ញុំបានឃើញសំណៅកំណាព្យបងក្នុងសៀវភៅនោះ អូនរន្ធត់ចិត្តហើយខំសម្លឹងតួអក្សរ ដែលមានទ្រង់ទ្រាយស្រដៀងគ្នា និងអក្សរសៀមដែរ។ អូនខំពិនិត្យមិនដាក់ទេ ព្រោះចង់ដឹងអាថ៌កំបាំងដែលកប់ក្នុងផែនសេចក្ដីនោះពន់ពេក។
-អូន ! សម្ដីនាងទាំងប៉ុន្មានម៉ាត់នេះ ហាក់ដូចជាប្រស់ឲ្យបងមានជីវិតថ្មីឡើង។ ពីថ្ងៃនេះទៅបងនឹងខំរៀនឲ្យបានសមនឹងសេចក្ដីស្នេហារបស់អូន របស់យើងទាំងពីរ។
ក្នុងពេលនោះនាឡិកាធំ វាយម៉ោងប្រាំបួនល្ងាច ដោយបញ្ចេញសម្លេងធ្ងន់ៗ ដូចសូរគងនៅវត្ត។ យុវជនទាំងពីរភ្ញាក់ខ្លួនព្រើត ហើយកាន់ដៃគ្នាចុះមកលេងក្នុងសួនមុខផ្ទះ។ រុក្ខជាតិដោយត្រូវរស្មីអស្ដង្គតក៏បញ្ចេញលំអយ៉ាងចំពើប ដើម្បីបូជាសេចក្ដី ស្នេហានៃគូរស្នេហាថ្មោងថ្មី។
***
ផ្ទុយពីការសង្កេតរបស់ធម្មតាទៅវិញ សេចក្ដីស្នេហាដែល ទីឃាវុធក្ដោបក្នុងដួងហឫទ័យ មិនមែននាំឲ្យចៅបុរសរវើរវាយក្នុងការរៀនសូត្រទេ តែបែរក្លាយជាឱសថ ឫជាថាមពលថ្មីមួយលើកទឹកចិត្តឲ្យខំខ្នះខ្នែងជាងមុនទៅទៀត។ កាលពីដើមគ្រាន់តែមានគោលបំណងចូលធ្វើការរកប្រាក់ខែចិញ្ចឹមជីវិត។ ឥឡូវត្រូវរកវិជ្ជាឲ្យសមនឹងគូរស្នេហា ដែលបានផ្ដេកចិត្តមកលើ។ ក្នុងពេលដែលបានជួបគ្នាលើកក្រោយៗ មក យុវជនទាំងពីរនាំគ្នាពិគ្រោះអំពីការសាងអនាគត ដោយរូបរួមជោគវាសនាជាមួយគ្នា ហើយក៏បានដាច់ស្រេចព្រមព្រៀងថា លុះបានជាប់មធ្យមសិក្សាប័ត្រជាន់ទីពីរកាលណា ទីឃាវុធ នឹងទៅបន្តវិជ្ជាប្រទេសបារាំងឲ្យបានថ្នាក់បរិញ្ញាប័ត្រ ឫថ្នាក់បណ្ឌិតក្នុងផ្នែកអ្វីមួយទើបត្រឡប់មកវិញ។
ក្នុងពេលដ៏ដែលនោះនាង ចន្ទមណី នឹងខំរៀនភាសាខ្មែរឲ្យចេះស្ទាត់ ព្រមទាំងចូលទៅរៀនភាសាបារាំងឯមហាវិទ្យាល័យនារីនៅដាឡាត់ទៀតផង នៅសើមឆ្នាំសិក្សាខាងមុខនេះ ពោលគឺត្រង់ខែកញ្ញា នៃឆ្នាំ ១៩៣៩។
លុះបានសម្រេចព្រមគ្នាយ៉ាងនេះហើយ ទីឃាវុធ ស៊ូកាត់ចិត្តថា ក្នុងឱកាសវិស្សមកាលនាខែមាសាខាងមុខ ខ្លួននឹងមិនដើរលេងមើលស្រុកមើលទេសជាមួយ លោកទេពកោសល្ល និងធីតាទេ ដើម្បីយកពេលនៅប្រុងប្រៀបរៀបខ្លួនចូលប្រឡងឯខែ មិថុនា។ ថ្វីបើគូសង្សារមានចិត្តស្ដាយក្រៃលែង មិនចង់បែកគ្នាដល់មួយខែយ៉ាងនេះក៏ដោយ តែនឹងគិតឃើញថាគប្បីទ្រាំពលិកម្មនេះសិនចុះ ដើម្បីកុំឲ្យស្ទាក់ស្ទើរដំណើរទៅអនាគត។
-អនាគត? គូជីវិតទាំងទ្វេប្រាណនេះ មើលឃើញតែថ្លាតែភ្លឺជានិច្ចព្រោះអំណាចកម្លាំងអាយុនៅក្មេង។ ឧបសគ្គកង្វល់អ្វីៗ ច្រានថយចេញអស់ មិនអាចទ្រាំនិងឫទ្ធានុភាពនៃស្នេហាបានឡើយ។
សេចក្ដីត្រេកត្រអាលចំពោះជីវភាព និងសុភមង្គលកើតឡើងដោយកាមារម្មណ៍ រមែងធ្វើឲ្យយុវជនឋិតនៅក្នុងលោកមួយដោយឡែក ដែលប្រហែលជាឃ្លាតឆ្ងាយបន្តិចពីប្រាកដនិយម តែគង់ជិតនៅរកកវីនិពន្ធជាង។ មើលចុះសូម្បីតែផ្កាដែលកំពុងរីក ទឹកសន្សើមដែលដេញពន្លឺអរុណនៅចុងស្មៅដូចគ្រាប់ពេជ្រ ហើយបក្សីដែលឆ្លងឆ្លើយគ្នាតាមមែករុក្ខា ក៏គូសង្សារទាំងឡាយតែងប្រតិស្ឋយល់ថា ជាវត្ថុសម្រាប់បូជាសេចក្ដីស្នេហារបស់ខ្លួនទាំងអស់។
***
-៤-
ភ្នំគូលែនឋានបរមសុខ
ល្ងាចថ្ងៃអាទិត្យមួយនៅចុងខែមិនា ទីឃាវុធ បានមកលេងផ្ទះមិត្តខ្លួនទាំងពីរ។
ក្នុងពេលនោះឪពុក និងកូនកំពុងអង្គុយយកលំហើយនៅរានហាលខាងក្រៅ ដោយមានទឹកក្រូចមួយកែវម្នាក់នៅចំពីមុខ។ លោក ទេពកោសល្ល បានទទួលអ្នកកំលោះដោយរាក់ទាក់។ ឯនាងចន្ទមណី ញញឹមពព្រាយទៅរក ហើយចៅរៅហៅមនុស្សបំរើលើកកៅមួយមកថែម។ ចំណែកខ្លួននាងក៏ចូលទៅយកទឹកក្រូចពោធិ៍សាត់ច្របាច់ ដាក់ទឹកកកមួយកែវមកជូនភ្ញៀវថ្មី។ លុះបានអង្គុយស្រួលបួលព្រមគ្នាហើយ នាងក៏ស្នើសួរៈ
-យីបង! បងឈប់វិស្សមកាលនៅថ្ងៃណា?
-ចាប់ពីថ្ងៃសុក្រទីមួយមេសានេះឯង។ បងមកនេះដើម្បីមកលាលោកនិងនាងទៅផ្ទះនៅថ្ងៃនោះដែរ។
មាណវី នាងតបបណ្ដើរមើលមុខឪពុកនាងបណ្ដើរ មានទំនងជានឹងសួរនូវការណ៍មួយដែលនាងរៀបនឹងថ្លែងៈ
-កុំប្រញាប់ទៅផ្ទះពេកបានឫទេ។ បើយើងឈប់លំហែកម្លាំងបានមួយអាទិត្យសិន សឹមគិតរើរៀនវិញប្រហែលជាល្អជាង ដ្បិតអីខួរក្បាលកាលណាបានសំរាកខ្លះតែងទទួលចាំ ទទួលចាំ ទទួលយល់រហ័សណាស់។ គិតឲ្យមែនទែនលំហែមិនមែនជាការឥតប្រយោជន៍ទេ។ បងមើលខ្សែឈើប៉ីរឹតតឹងពេកដាច់ប៉ិត!។
-អ៊ីចឹងមែនលោក ទេពកោសល្លសង្កេត កូននិយាយនេះត្រូវណាស់។ បើក្មួយទៅលេងសៀមរាប មើលអង្គរជាមួយយើងបានយើងហៅសែនត្រេកអរ។
ព្រោះមានការបបួលរន្ថាន់ពីទាំងពីរដូច្នេះ ព្រោះមានបំពងចង់ជួបគូសង្សារបានយូរ ហើយព្រោះចង់ឃើញប្រាសាទដែលខ្លួនបានស្គាល់សោយសៀវភៅ ទីឃាវុធ ក៏ផ្ចាលផ្ចាញ់សេចក្ដីស្ទាក់ស្ទើរ ដើម្បីទទួលធ្វើដំណើរទៅជាមួយយៅវមាល្យ។
***
ហេតុនេះហើយបានជានៅពេលស្រាងៗ ថ្ងៃមួយក្រោយដែលបានសញ្ជឹងហើយស្ងើចចំពោះបុរាណដ្ឋានទាំងឡាយ តាមវង់តូចធំពិនិត្យលំអទេសភាពនៅបារាយណ៍ ហើយអួតសរសើរបាគងនិងលលៃស្រេចមក អ្នកដំណើរបានជិះរថយន្តដ៏ហ្វរចាស់ពីរគ្រឿងបញ្ចាំងកាំរស្មីគោមធំស្មានទម្លុះផែនខ្មៅប្រផេះ នៃវេលាទៀបភ្លឺហើយបរតាមថ្នល់ចេញពីក្រុងសៀមរាបឆ្ពោះទៅខាងជើង។ ពពួកយុវជនបានរើទាញឡើងវិញដោយបីតិ នូវព្រៃអង្គរដែលសាយក្លិនក្រអូបប្រហើរ ហើយស្មានយល់តាមទីចន្លោះៗ នូវកន្លែងមាននាមល្បីខ្ចាយប្រកបដោយប្រវត្តិសាស្ត្រ។
រថយន្តគ្រហឹមងុល ទទាក់អ្នកជិះដូចចង្អេរអុំអង្ករ ហើយបរបណ្ដោយតាមផ្លូវមាត់ស្រះស្រង់កាត់ភូមិប្រដាក ដែលក្មេងទើបភ្ញាក់ពីដេកស្ទុះមកស្រែកហ៊ោទទួលតាមរបងផ្ទះពីមួយទៅមួយតៗ គ្នា រួចចូលទៅតាមផ្លូវលំ កញ្ឈូសដីផូរហុយទ្រលោមកាត់មុខប្រាសាទបន្ទាយសំរែ ដោយតម្រង់ជាឱរ៉ាល់យកទិសខាងជើងជានិច្ច។
ឡានខាងមុខ ដែលមានសំភារៈនាំផ្លូវមានលោក សុវិន្ទ ជាអ្នកកាន់ចង្កូត ហើយមានគ្រួសារគាត់នៅជាមួយផង គឺនាងប្រភាជាភរិយា នាងឆដាវណ្ណជាបុត្រី ចៅវង្សរិទ្ធិជាបុត្រា ព្រមទាំងវេគី ដែលជាអ្នកជិតខាង។ យុវជនទាំងបីនាក់សុទ្ធតែជាអ្នករៀននៅវិទ្យាល័យដូចគ្នា ហើយវង្សរិទ្ធិនិងវេគី ដែលជាសិស្សអន្តោវាសិកដូច ទីឃាវុធ ដែរបានចងមិត្តភាពជាមួយអ្នកកំលោះនេះយ៉ាងជិតស្និទ្ធ។ ដូច្នេះ នាកាលបានដំណឹងពីពួកម៉ាកថា គេនឹងជូនមិត្តជាតិសៀមមកមើលប្រាសាទអង្គរហើយ យុវជនទាំងពីរក៏ប្រទាញប្រទង់ដណ្ដើម ទីឃាវុធ ឲ្យមកនូវផ្ទះរៀងៗខ្លួន។ តែក្រោយមកបានដាច់ស្រេចថាគួរ ទីឃាវុធ មកសំណាក់នៅគេហដ្ឋានឪពុកវង្សរិទ្ធិ ចុះព្រោះថានាយសុខរិន្ទ ជាថៅកែធំនៅសៀមរាប ខាងការដឹកនាំអ្នកដំណើរដោយរថយន្ត។ អាស្រ័យហេតុនេះ អាចមានមធ្យោបាយទទួលពួកម៉ាកដើរលេងបានដោយស្រួល យ៉ាងនេះហើយទើប ទីឃាវុធ បានមកស្នាក់ដំណេកក្នុងបន្ទប់វង្សរិទ្ធិ។ ឯលោក ទេពកោសល្ល នាង ចន្ទមណី នឹងស្រីភីលៀងទាំងពីរ លោក សុខរិន្ទបានអញ្ជើញ ឲ្យមកនៅផ្ទះជាមួយដែរ តែអ្នកដំណើរសៀមបានប្រកែកតាមសេចក្ដីគួរសមដោយយកលេសថា ខ្លួនវាយទូរលេខជួលបន្ទប់បីទុកមុន នៅមហាសណ្ឋាគាររួចស្រេចហើយ។
រាល់ព្រឹកៗឡើង វង្សរិទ្ធិ តែងបរឡានហ្វរដ៏មួយបញ្ជិះប្អូនស្រី ទីឃាវុធ និង វេគី មកជួបជុំមិត្តថ្មីនៅមហាសណ្ឋាគារ រួចហើយក៏នាំគ្នាដើរលេងទៅមើលប្រាសាទ ទៅហែលទឹកបារាយណ៍ ឫនៅអាស្រ័យនៅស្រះស្រង់ ឫស្រះព្រះពិធូរ។ ក្នុងឱកាសនោះលោក ទេពកោសល្ល និង គ្រួសារតែងបើករថយន្តរបស់លោក ដែលមានអ្នកបើកនៅប្រចាំការជានិច្ច។
មានថ្ងៃមួយ វេគី បានយកផ្លែគូលែនមួយថង់ធំមកបកចែកគ្នាខាំបករញី ក្នុងទស្សនាប្រាសាទបាគង។ ផ្លែឈើនេះ ដោយអ្នកទិញជ្រើសយកតែផ្អែមៗនាំឲ្យនាងចន្ទមណី សាកសួរពីទីកន្លែងដែលគេបេះយកមក។ ពីពាក្យមួយទៅសម្ដីមួយ ពីអំនួតមួយទៅពិពណ៌នាមួយ ជាប់រឿងគ្នារហូតដល់ពួកទេសចរណ៍ប្ដេជ្ញាថា នឹងទៅលេងភ្នំគូលែនដែរ។
ក្នុងឱកាសដំណើរនេះលោក ទេពកោសល្ល ត្រូវបោះបង់ឡានវ៉ីណូរបស់គាត់មកជិះរួមជាមួយ ទីឃាវុធ ផងក្នុងរថយន្តហ្វរដ៏ដដែលបរតាមពីក្រោយ ហើយដែលលោកសុខរិន្ទ បានចាត់ចែងផ្គត់ផ្គង់ឲ្យ។ ដើម្បីឲ្យដល់ពីព្រឹកអ្នកដំណើរតោងក្រោកពីស្រាងៗព្រោះផ្លូវដែលមានចម្ងាយជាងសែសិបគីឡូ ពីសៀមរាបទៅភ្នំនោះច្រើនសម្បូរដោយដីខ្សាច់ និងដោយស្ពានទ្រុឌទ្រោម ដែលជាហេតុនាំឲ្យដំណើរជួបប្រទះនូវការលំបាកក្រៃលែង។ មានតែរថយន្តហ្វរដ៏កញ្ចាស់កង់ខ្ពស់ តួផុតស្រឡះពីទីដី ទើបរត់លឿនគគាចឥតមានទើសទាស់អ្វីឡើយ។
លុះចេញផុតភ្នំបូក និងភូមិតូចៗ ដែលនៅរត់រាយតាមផ្លូវត្រង់នេះមួយត្រង់នោះមួយ ទៅមាគ៌ាក៏កាត់ទីកណ្ដែងកណ្ដោច ស្ងាត់ច្រៀប។ បាតុកម្មរបស់ជីវភាពក៏បាត់សូន្យ សូម្បីតែបក្សីតូចតាចគ្មានហើរ ឬទំលើគុម្ពោតដែលដុះរាយៗ ផងដែរ រថយន្តទាំងពីរតែងបរដាច់ៗ ពីគ្នាចំនួនមួយរយម៉ែត្រ ដើម្បីចៀសវាងកុំឲ្យខាងក្រោយរំខានពេកនិងធូលីដែលហុយដង្គោលពីឡានខាងមុខ។ ដោយគ្មានខ្យល់បាត់ជះចេញសោះ ម្សៅធម្មជាតិដក់ជាប់យ៉ាងយូរតាមគន្លងច្រកផ្លូវប្រលោះដុំឈើ។ ផ្លូវលំដែលបោះបង់ប្រាស់ចាកការថែរក្សាជាយូរអង្វែងមកហើយ ក៏រឹតតែអន់ណាស់ទៅទៀត ដោយរទេះគោអ្នកដឹកគូលែនធូតង្គពន្លិចកង់ ហើយតាំងកកាយត្រឡប់ដីទុកគន្លងដូចជាគេភ្ជួរ។ ម៉្លោះហើយកាលណាជង្ហុកម្ដងៗ រថយន្តហ្វរដ៏ដែលមានម៉ាស៊ីនខ្លាំងដូចដំរី តែងបង្វិលកង់ទទេដោយឥតមានជម្រុលទៅមុខសោះឡើយ។ មានជួនណាឡានកំពុងតែបោលស្រួលៗស្រាប់តែធ្លាក់ក្នុងដីធូរក្លឹប នាំឲ្យចង្កូតលែងស៊ី ហើយហៀនរត់រេឆ្លេឆ្លាទៅរកដង្គត់ឈើនៅសងខាងថ្នល់។ បើដល់ស្ពានម្ដងៗ អ្នកដំណើរតោងចុះអស់ពីឡាន ព្រោះមានសុទ្ធតែមែកឈើពុករាំអង្គើមិនឲ្យមានសេចក្ដីទុកចិត្តត្រង់ណាសោះតែម្ដង ថ្វីបើមានរំខានយ៉ាងនោះច្រើនជំពូក យុវជនយើងចេះតែសប្បាយនិយាយខ្លាំងៗ ដើម្បីសង្គ្រប់ជំនះសម្លេងថ្ងូររោទ៍នៃគ្រឿងយន្ត។
ឥឡូវព្រៃគម្ពោតឈើតូចទាបអស់ហើយ បានចូលដល់តំបន់រុក្ខជាតិខ្ពស់ត្រឈឹងត្រឈៃ ដែលបង្ហាញឲ្យឃើញថា ចូលមកជិតដីត្រជាក់នៅជិតភ្នំ។ យ៉ាងហើយបានជាអ្នកដំណើរយើងប្រទះកង់អ្នកស្រុករែក ឬផ្ទុកនូវផ្លែគូលែនទុំក្រហមក្រមៅចេញមក។ មិនយូរប៉ុន្មាន អ្នកដំណើរយើងបានចូលដល់ជំរំនៅជើងភ្នំដែលជាទីណាត់ជួបជុំគ្នារទេះគោបួន-ដប់ ចាំផ្ទុកផ្លែឈើដែលមានតែក្នុងទីនេះនៅប្រទេសខ្មែរទាំងមូល។ តាមថ្នាក់ជណ្ដើរចង្កេះភ្នំ អ្នកស្រុកប្រុសៗ រែក តែស្រីៗ ទូល នាំគ្នាជញ្ជូនចុះហូរហែ នូវមុខរបរតែមួយប្រភេទនេះ។
បន្ទាប់ពីបានចតរថយន្តដាក់ក្រោមម្លប់ឈើស្រួលបួលហើយលោក សុខរិន្ទនិងនាងប្រភា បាននាំគ្នាដើររកជួលអ្នកស្រុកពីរនាក់ឲ្យរែកម្ហូបអាហារយកទៅខាងលើភ្នំ។ ឯយុវជនយើងជជុះរលាស់លំអងធូលីសើចអឺងកង។
ពួកអ្នកដំណើរយើងពង្រាយគ្នារកូតឡើងចង្កេះភ្នំ ដែលចាស់បុរាណយើងបានយកថ្មបាយក្រៀមមកតម្រៀបជាកាំជណ្ដើរបណ្ដាក់រហូតដល់ខ្ពង់រាបខាងលើ។ ជណ្ដើរនេះក្នុងចំនួនរវាង៥០-៦០ កាំមានចាក់ឲ្យមានថ្នាក់ធំទូលាយមួយល្មមអង្គុយបានស្រួល សម្រាប់ជនរវាតក្បាលជង្គង់ឈប់ឲ្យបាត់ហត់មួយសន្ទុះសិន។ ថ្វីបើបានសំរាកយ៉ាងនេះ អ្នកដែលធ្លាប់ឡើង ឬមិនសូវបានប្រព្រឹត្តកីឡា នៅតែដកដង្ហើមស្ទើរពុំដល់គ្នា ហើយវិលមុខស្លុង។ លុះនៅតែពីរ-បីថ្នាក់ នឹងដល់ទីរាបស្មើផ្លូវក៏កាន់តែចោទខ្លាំងឡើង។ ពួកក្មេងៗ លឿនទៅមុខស្រវឹងដោយព្រឹក្សព្រៃ ដោយទេសភាពបៃតងខ្ចីត្រជាក់ដល់ថ្លើម។ លោក សុខរិន្ទនិងនាងប្រភា លោក ទេពកោសល្ល ដែលធ្លាប់បានឡើងចុះភ្នំនេះ ឬដែលធ្លាប់បានហាត់ហ្វឹកហ្វឺនក្នុងកាលទាហាន ក៏មិនសូវជាអស់កម្លាំងពេកទេ។ អ្នកទាំងបីនាក់នេះនិយាយឆ្លើយឆ្លងគ្នាបណ្ដើរតាមដែលស្ដាប់គ្នាបាន ព្រោះដំណើរសៀមចេះភាសាខ្មែរស្ដួចស្ដើងនៅឡើយ។ ឃើញយ៉ាប់ខ្លាំងតែភីលៀងសៀមពីរនាក់ដែលមុខឡើងស្លាំងបបូរមាត់ធ្លាក់ស្ពែះ ហើយដើរទ្រេតទ្រោតថ្វីបើអ្នករែកម្ហូបទាំងពីរនាក់ជួយយកអាសាទប់ជំហរគាត់ផង។
ឯយុវជនវិញ ដើរលឿនរោញទៅមុខ គិតតែពីនាំគ្នាថត ពីនាំគ្នាសើច។ នាងចន្ទមណី ដែលឥឡូវចេះខ្មែរបួន-ដប់ម៉ាត់ ក៏និយាយទៅរកសហជីវិនទាំងអស់ ខុសខ្លះ ត្រូវខ្លះ បណ្ដាលឲ្យសើចសប្បាយងុំនៅជាប់រហូត។
នាកាលបានឈប់ដប់ប្រាំនាទីដើម្បីឲ្យបាត់ហត់បន្តិចមក អ្នកពនេចរក៏នាំគ្នាចាប់ដើរតាមផ្លូវជើងបណ្ដោយខ្នងភ្នំ ដែលជាទីទួលរាបស្មើ។ ផ្លូវកាត់តាមម្លប់ឈើធំៗ ដែលបានជម្រុះស្លឹកទុំមកជាកម្រាលយ៉ាងក្រាស់។ មួយម៉ោងកន្លះក្រោយមក ក៏បានទៅដល់ស្ពានឈើអន្លើបៗ មួយដែលផ្លោះកន្លងស្ទឹងដ៏មានទឹកថ្លាហូរត្របាញ់មួយសន្ទុះមកទៀតអ្នកដំណើរបានចូលក្នុងវត្ត ដែលមានទីលានទូលាយស្រឡះបោសស្អាតធេង មានមេកុដិប្រក់ក្បឿងមួយ ហើយកូនពីរ-បីប្រក់ស្បូវជ្រកក្រោមម្លប់ខ្នុរ ព្រះវិហារតូចសង់ពុំទាន់រួច ហើយមានសាលាប្រក់ស្បូវមួយវែង សម្រាប់ជាទីសំណាក់នៃអ្នកដំណើរ។ អារាមនេះជាទីបរមសុខក្រៃលែង។ ចិត្តអ្នកទីក្រុងដែលអាប់អួរដោយសេចក្ដីលោភលន់ចង់បាន ហើយដែលភ័យព្រួយដោយសម្លេងគ្រហឹមដាក់គ្នាទ្វីបអឺរ៉ុបកាន់តែខ្លាំងឡើងៗ។ លុះមកដល់ទីនេះកាលណាក៏រលាយបាត់សូន្យ។
ក្នុងពេលដែលចាស់ៗ ឆៀងចូលទៅថ្វាយបង្គំហើយយកអីវ៉ាន់ខ្លះប្រគេនចំពោះលោកគ្រូចៅអធិការ ហើយពួកម៉ាកឯទៀតកំពុងប្រញាយរើសផ្លែគូលែនផ្អែម ដែលលោកគ្រូបានបង្គាប់ឲ្យអ្នកភូមិម្នាក់ឡើងកាច់ទម្លាក់មែកមកឲ្យ នាងចន្ទមណីនិងទីឃាវុធបាននាំគ្នាទៅទួលម្ខាងព្រះវិហារ ដោយមានបំណងចង់ថតរូបឲ្យជាប់ទេសភាពផង ព្រោះទីនោះមានដុំថ្មធំៗ សឹករេចរឹលឡើងមូលត្រមោលដូចផ្សិតយក្សដុះកណ្ដាលព្រៃ។ មានដុំថ្មមួយខ្ពស់ហើយធំជាងគេឯទៀត ស្ទួយបន្តើតនូវសំណង់មួយវែងប្រក់ស័ង្កសី។ សេចក្ដីចង់ដឹងបាននាំយុវជនទាំងពីរនាក់ប្រតោងឡើងកាំជណ្ដើរឈើញ័រអន្ដើបៗ ចូលទៅក្នុងរោងនេះដែលជាជម្រកសម្រាប់ព្រះពុទ្ធរូបមួយព្រះអង្គធ្លាក់ភ្ជាប់នឹងដុំថ្ម តួព្រះអង្គសណ្ដូកមានបណ្ដោយរវាងដប់ប្រាំម៉ែត្រ។ ថ្វីបើមានគ្រឿងសក្ការៈបូជាស្ញេះស្ញូវ ហើយមានខ្លះជារបស់ចិន-យួន ដែលជាវត្ថុនាំឲ្យទាស់ចិត្តក្រៃលែង តែនារីនឹងចៅមាណពគួចញាប់ញ័រក្នុងហរទ័យ ហើយកោតសរសើរចំពោះសទ្ធានិងសេចក្ដីប៉ិនប្រសប់នៃបុព្វបុរស។
ដោយនាងបានបបួល ទីឃាវុធ ក៏ចុះមកបេះផ្កាចំប៉ី ដែលមានដើមដុះជិតទីនោះ។ លុះបានដោះស្បែកជើងទុកនៅខាងក្រៅសាលាស្រេចហើយ យុវជនទាំងពីរក៏ចូលយកផ្កាទៅបូជាក្នុងថូមួយនៅប្របព្រះបល្ល័ង្ក ទើបលុតជង្គង់សូត្រនមស្ការ យុវតីតាមសំនៀងថៃ ហើយនាយកំលោះតាមសម្លេងខ្មែរ។ យុវជនទាំងពីរសូត្រថ្វាយបង្គំដោយចិត្តស្មោះ ហើយដោយមានទឹកមុខយ៉ាងជ្រះថ្លាផង។ លុះចប់ធម៌ថ្វាយបង្គំហើយនាង ចន្ទមណីបែរមុខមករក ទីឃាវុធ ហើយបន្ថែមទៀតថាៈ
-សូមគុណព្រះបារមីជួយជ្រោមជ្រែងយើងខ្ញុំទាំងពីរនាក់ ដែលមានចំណងស្នេហារឹតរួតយ៉ាងមាំមួន។ សូមឲ្យបានផុតពីរសេចក្ដីលំបាក ហើយពានពាវឧបសគ្គនានាទាំងពួង។ សូមឈ្នះគ្រោះកាចសេចក្ដីវង្វេងទាំងអស់ ដែលសព្វថ្ងៃបានក្លាយទៅជាមោហ៍មកបាំងមុខជនទាំងពិភពលោក បណ្ដាលឲ្យកើតប្រទូស្ដរ៉ាយឆ្ងាយពីព្រះពុទ្ធោវាទ។
ទីឃាវុធ ដែលធ្លាប់ដ៏សែនពិរោះនេះ ដោយពេញចិត្តក្រៃលែងក៏លើកហត្ថប្រណម្យហើយបន្តសេចក្ដីថាៈ
-នាង ចន្ទមណី ជាគូព្រេងរបស់ខ្ញុំពិតប្រាកដ។ ថ្វីបើយើងបានបែកទៅកើតក្នុងអាណាចក្រទីទៃខុសគ្នា បុណ្យទានដែលយើងបានកសាងរួមគ្នាពីជាតិមុន បាននាំឲ្យមកជួបវិញហើយគួចកើតនូវសេចក្ដីប្រតិព័ទ្ធភ្លាមៗ ក្នុងគ្រាដែលយើងខ្ញុំព្រះករុណាបានជួបគ្នាតាំងពីគ្រាដំបូង។ ហេតុនេះ សូមជួយទ្រទង់តម្រង់នូវចិត្តយើងខ្ញុំព្រះករុណាទាំងពីរនាក់ កុំឲ្យមានថ្នាក់ថ្នល់ត្រង់ណាឡើយ ដើម្បីស្គាល់តែសុភមង្គលរៀងរហូត។ បន្ទាប់មកចាស់ទុំ និងពួកម៉ាក់ទាំងឡាយក៏បានដើរមកដល់កន្លែងនោះដែរ គូសង្សារទាំងពីរក៏នាំគ្នាចុះមកជួបជុំ។ ក្រោមសេចក្ដីណែនាំ លោក សុខវិន្ទ អ្នកដំណើរទាំងអស់បានទៅថ្វាយបង្គំស្នាមព្រះបាទ ដែលធ្លាក់ក្នុងផ្ទៃថ្មហួសទៅមើលអាស្រមព្រះសង្ឃចង្ក្រមភាវនានៅអណ្ដូងព្រេង ទៅថ្វាយបង្គំព្រះពុទ្ធរូបនៅឆ័ត្រឥសី ទើបមកកាន់វត្តវិញ។
តាមផ្លូវជើងតូចលូនតាមចន្លោះដើមគូលែនដែលកំពុងជម្រុះផ្លែទុំជោរលោកសុខវិន្ទ បាននាំចុះទៅរកកន្លែងទឹកធ្លាក់។ ដីទេរចុះសន្សឹម សូរទឹកហូរកាន់តែខ្លាំង ៗ ហើយក្លាយទៅជាគ្រហឹមរញ្ជួយទាំងពសុធា ! ...។
***
ក្នុងឱកាសវ៉ាកងនេះ ទីឃាវុធខំព្យាយាមរើពិនិត្យ រើទន្ទេញឡើងវិញនូវមេរៀនទាំងឡាយបំរុងនឹងចូលប្រឡងខែមិថុនាខាងមុខឲ្យបានជ័យ។ មួយអាទិត្យម្ដង អ្នកកំលោះតែងសរសេរសំបុត្រដាក់ប្រៃសណីយ៍ផ្ញើទៅឆោមសិទ្ធ ដែលតបមកវិញថា នាងបានទៅលេងកែបនិងបូកគោ។ យើងពុំចាំបាច់បញ្ជាក់ទេថា សំបុត្រឆ្លើយឆ្លងទាំងនោះដែលច្រើនប្រើភាសាអង់គ្លេស ជាកិច្ចប្រសើរមួយដែរក្នុងការបម្រុងខ្លួនប្រឡង តែងពោរពេញទៅដោយសេចក្ដីប្រតិព័ទ្ធហើយផ្ដាំផ្ញើររកគ្នាជានិច្ច។
លុះដល់ពេលត្រឡប់ចូលរៀនវិញ អ្នកកំលោះក៏មិនសូវបានទៅមកផ្ទះយុវមាល្យដែរ គិតតែសំលៀងប្រាជ្ញាសំរួចចំណេះប្រុងនិងយកឲ្យបាននូវមធ្យមសិក្សាប័ត្រទីមួយ ដែលជាដំណាក់ដំបូងក្នុងដំណើរឆ្ពោះទៅរកអនាគត ដែលនឹងរះឡើងដូចអរុណយ៉ាងភ្លឺថ្លា។
ខែ ឧសភា កន្លងផុតទៅ ដោយបានបើកឱកាសឲ្យគូជីវិតបានជួបភ័ក្ត្រគ្នាបានតែពីរដង ហើយក្នុងពេលមួយយ៉ាងខ្លីទៀត។ មិថុនា យូរចូលមកនាំឲ្យការរៀបចំផ្តាច់ព្រ័ត្រកាន់តែប្រញឹកឡើង ដើម្បីកុំឲ្យរាយមាយគំនិត ទីឃាវុធ បានប្ដេជ្ញាថាខ្លួននឹងទៅលេងផ្ទះនាងទៀតតែលុះកាលណាបានប្រឡងជាប់រួចជ្រះស្រឡះ។
ដូច្នេះហើយបានជានៅល្ងាចថ្ងៃមួយ ទីឃាវុធ ស្ទើរអង្គុយមិនជាប់ក្នុងស៊ីក្លូ ព្រោះនឹករំខាននិងល្បឿនយឺតខ្វៃៗ នៃយាននេះ។ ជិតអរភិបៗ ព្រោះប្រឡងជាប់ថ្មីៗ ថ្វីបើវិញ្ញាសាយ៉ាងលំបាកចៅមាណពរីកដើមទ្រូង រីកចិត្ត ប្រុងយកដំណឹងដ៏ប្រសើរនេះទាំងក្ដៅៗ ទៅប្រាប់ឆោមស្នេហា។ ដល់ហើយលោតចុះភ្លែត រកតែស៊ីក្លូឈប់ស្រួលបួលមិនទាន់ហុចថ្លៃឈ្នួលយ៉ាងដំណំ ទៅឲ្យអ្នកធាក់ដើម្បីឲ្យគេជួយត្រេកអរខ្លួនផង។ អ្នកកំលោះទើបបានជោគជ័យបោលចូលក្នុងគេហដ្ឋានដោយឥតផ្សូរផ្សង ស្រាប់តែទូចង៉ក់ស្រឡាំងកាំង។
ក្នុងគេហដ្ឋានលោក ទេពកោសល្យ ហើយនិងកូនអង្គុយមើលមុខគ្នាមានទឹកភ្នែកហូរហែង។ ដោយឮសូរជើងដើរចូលមក អតីតទាហានថៃក៏ងាកមុខមករកហើយញញឹមស្ងួតៈ
-ចូលមកក្មួយៗ នៅពេលដែលទទួលខ្សែលួសភ្លាម កូនគេគិតទៅប្រាប់ក្មួយដែរ តែខ្ញុំឃាត់ទាន់ព្រោះយល់ថា ក្មួយកំពុងប្រឡងក្រែងដឹងទៅឡប់ស្មារតី។ ពេលនេះប្រហែលជាក្មួយមកប្រាប់យើងទាំងពីរថា បានប្រឡងជាប់ដូចយើងបានសង្ឃឹមជាមុនស្រេចយ៉ាងនោះហើយ។
ទីឃាវុធ ដោយឃើញហេតុភេទទុក្ខព្រួយរបស់មិត្តទាំងពីរក៏ជំរាបដោយស្ងប់ស្ងួតនៅការណ៍ ដែលខ្លួនបានបំរុងមកថ្លែងប្រាប់ដោយរីករាយ។ លុះបានទទួលសេចក្ដីសរសើរនិងអបអរសាទរយ៉ាងរាក់ទាក់ តែថ្លែងដោយសេចក្ដីក្រៀមក្រំរួចហើយ អ្នកកំលោះក៏សូមអភ័យទោស ហើយដណ្ដឹងសួរអំពីដំណើរហេតុដែលនាំឲ្យរំជួលដូច្នេះ។
ក្នុងបរិយាកាសស្ងាត់ជ្រងំនៃផ្ទះធំល្វឹងល្វើយ សម្លេងស្អកនៃ លោក ទេពកោសល្យ និយាយរៀបរាប់ប្រាប់មិត្តក្មេង។ នាង ចន្ទមណី អង្គុយស្ងៀមទ្រមឹងភ្នែកសម្លឹង ទីឃាវុធ ពុំដាក់ ហាក់បីដូចជាចង់ស្រូបភ្ជាប់នៅក្នុងដួងចិត្ត កុំឲ្យរសាត់រសាយទៅបាននូវគោលដៅស្នេហា ដែលនឹងឃ្លាតទៅឆ្ងាយក្នុងពេលឆាប់ៗ នេះ។ លោក ទេពកោសល្យ និយាយថាៈ
-ក្មួយគង់ដឹងស្រាប់ហើយថា កាលពីដើមខ្ញុំធ្វើសាក់បីក្នុងកងទ័ពថៃ។ ដោយមានការច្របូកច្របល់នាកាលរដ្ឋប្រហារមួយ ខ្ញុំក៏មានជាប់ឈ្មោះក្នុងពពួកជន ដែលរដ្ឋាភិបាលប្រកាសថាជាអ្នកក្បត់ជាតិ។ ដើម្បីចៀសវាងការផ្ចាញ់ផ្ចាលយ៉ាងឃោរឃៅក្នុងសម័យនោះ ខ្ញុំក៏បានភៀសខ្លួនរត់ចូលមកនៅប្រទេសខ្មែរ។ រឿងហេតុនេះមានមកយូរឆ្នាំមកហើយ។ មិត្តភក្តិនៅក្រុងទេព (បាងកកបានព្យាយាមតវ៉ា ហើយតុលាការទាហានបានចេញសាលក្រម កាលពីប៉ុន្មានខែនេះមុនថា ខ្ញុំស្លូតត្រង់បរិសុទ្ធឥតមានមន្ទិលអ្វីទេ។ បានខ្ញុំមិនដាច់ចិត្តវិលទៅកាន់ស្រុកកំណើតវិញក្នុងពេលនោះ ព្រោះកូនដែលទើបមកដល់មានសេចក្ដីស្រលាញ់ ហើយចង់ស្គាល់ប្រទេសខ្មែរជាមិត្តនេះខ្លាំងពេក ថែមទាំងចង់បន្តវិជ្ជានៅវិទ្យាល័យនារី ឯដាឡាត់ទៀតផង។ ខ្ញុំក៏ដាច់ស្រេចថា នឹងលែងធ្វើការរាជការតទៅទៀតដែរ ហើយចាំរកឱកាសល្អនឹងទៅនាំគ្រួសារទាំងអស់យកមកនៅជុំគ្នានាក្រុងភ្នំពេញនេះ។
ងាកបែរទៅមើលយុវជនទាំងពីរ លោក ទេពកោសល្យ ដែលមានទឹកមុខពោរទៅដោយសេចក្ដីស្រណោះអាណិត ក៏បន្ថែមសេចក្ដីថាៈ
-កាលពីម៉ោងបីរសៀលនេះមានខ្សែលួសមកប្រាប់ថា ម្ដាយ ចន្ទមណី គេឈឺធ្ងន់។ យើងចេញដំណើរនៅព្រឹកស្អែកនេះហើយ។
***
-៥-
ពពកខ្មៅបាំងមេឃា
មហាវិស្សមកាល ! វ៉ាកងធំ ! ឈប់ពីរខែ ! ក្រោយដែលបានប្រឡងជាប់ ដោយបានលេខចាត់ឋានៈយ៉ាងឆើតមក គួរណាស់ជាឱកាសសប្បាយបរិបូណ៌ដោយពន្លឺព្រះអាទិត្យ និងសេចក្ដីត្រេកត្រអាលយ៉ាងស្មោះស្ម័គ្រចំពោះជីវភាព ! តែមិនដូច្នោះឡើយ ទីឃាវុធឋិតនៅក្នុងទិវារាត្រីអាប់អួរ ព្រោះមានសេចក្ដីនឹករលឹកនិងភ័យព្រួយ។
កាលពីដើម ខ្លួនបានគ្រោងទុកថានឹងធ្វើដំណើរជាមួយគ្នាទៅទីនេះ ទីនោះ ដើម្បីឲ្យពាលពៅបានស្គាល់ស្រុកខ្មែរយ៉ាងជាក់លាក់។ ឥឡូវនៅឯកាតែម្នាក់ឯង បន្លែងចិត្តតែដោយរូបអនុស្សាវរីយ៍ដែលបានថតជាមួយគ្នា ក្នុងគ្រាធ្វើដំណើរមើលបុរាណដ្ឋានឯខេត្តសៀមរាប។ យូរៗ លេចសំបុត្រមួយពីប្រទេសថៃ ហើយថៃនោះឯងអ្នកកំលោះបានស្គាល់សុភមង្គលថ្លាស្អាតឥតមន្ទិល។ បេះដូងយោលគ្រឹកគ្រេង ភ្នែកគយគន់ដោយស្នេហានូវអក្ខរាគ្រប់អង្គ ទំរាំន័យអត្ថបទជ្រួតជ្រាបក្នុងសតិប្រាជ្ញាបាន។ នាងជូនដំណឹងពីសុខភាពម្ដាយនាងដែរបានធូរគ្រាន់បើ តែនៅមិនទាន់ផុតភ័យនៅឡើយទេ។ នាងរៀបរាប់ពីសេចក្ដីនឹករលឹក ហើយពិពណ៌នាអំពីសេចក្ដីស្នេហាដែលធ្វើឲ្យក្រៀមក្រំហឬទ័យ ព្រោះឃ្លាតបែកឆ្ងាយគ្នា។ ឱ ! សំបុត្រដែលវិចិត្រដោយអក្សរតូចមូលក្រឡង់ ជាភាសាសៀមលាយអង់គ្លេស ហើយដែលបានស្រូបជាប់នូវពិដោរក្រអូបរបស់នារីមកផង តែងពោរពេញដោយពាក្យពេចន៍និងមនោសញ្ចេតនាផ្អែមល្ហែម ទន់ត្រជាក់ដូចសម្ដីដែលនាងធ្លាប់ចរចា។
កក្កដាបានលិចបាត់ទៅក្នុងមហាសមុទ្រនៃយុគា សីហា ក៏ចូលមកផ្លាស់វេន ដោយនាំទាំងសេចក្ដីថប់ព្រួយកាន់តែច្បាស់ឡើង។ ស្ថានការណ៍ពិភពលោករឹតតែឆឹងតឹង ស្រមោលសង្គ្រាមកាន់តែខិតចូលជិតមក។ រវាងមួយអាទិត្យម្ដង ទីឃាវុធ បានមកលេងផ្សារស្វាយប៉ោទិញកាសែតអាន ហើយស្ដាប់ដំណឹងតាមវិទ្យុនៅផ្ទះមិត្តភក្តិ។ សម្លេងអួតអាងអំពីកម្លាំងរេហ៏ពលរៀងខ្លួន និងស្នូរត្រៀមអាវុធកាន់តែរន្ថាន់ឡើង ហើយនៅព្រំដែនអាល្លឺម៉ង់ ប៉ូឡូញឧប្បត្តិហេតុបង្ហូរឈាមកាន់តែញឹកញាប់ថែមទៀត។ អាល្លឺម៉ង់ស្រែកឡូឡាថា ប៉ូឡូញមើលងាយខ្លួន បារាំងនិងអង់គ្លេស ប្រកាសថាលែងនៅស្ងៀមដូចការហ៊ិតលែរលេបអូទ្រីស ឬលែងញ៉មថយក្រោយបែបកាលនៅមុយនិស្តទៀតហើយ។ ខាងនេះក៏មិនថយខាងនោះក៏មិនរា ទាល់តែផ្ទុះឆេះសន្ធោសន្ធៅឡើង។
ទីឃាវុធ ចំបែងក្នុងចិត្តខ្លាំងពេក ក៏កើតនឿយណាយលែងរាប់រកទេសភាពភូមិកំណើត ថ្វីបើនៅពេលធម្មតាខ្លួនតែងគួចប្រតិព័ទ្ធលើសលប់។ មានថ្ងៃមួយនៅចុងខែសីហា អ្នកកំលោះបានសុំឪពុកម្ដាយមកសំណាក់នៅផ្ទះពួកម៉ាកម្នាក់ តាំងនៅត្រើយខាងកើតនៃស្ទឹងសង្កែ។ គេហដ្ឋាននោះឯងមានគ្រឿងវិទ្យុ ប្រដាប់ដោយខ្សែអាកាសចងយ៉ាងខ្ពស់ភ្ជាប់ទៅថ្នោលឫស្សី ដែលដោតលើដំបូល។ ល្ងាចៗ ឡើងអ្នកជិតខាងមកជួបជុំខ្មៅមីរ ស្ដាប់ដំណឹងពីព្រៃនគរបាងកក ត្បិតពីពេលនោះមកភ្នំពេញយើងពុំទាន់មានគ្រឿងផ្សាយសម្លេងបែបនេះនៅឡើយទេ។ អ្នកណាដែលចេះភាសាបរទេសមាននាទីបកប្រែដំណឹងប្រាប់គ្នីគ្នា។ យប់ៗ ឡើងជនបួនប្រាំនាក់ដែលឃ្លានដំណឹងជាងគេឯទៀត តែងដេកវៀនចាំយាមនៅជុំវិញតុរ៉ាឌីយោ ប្រុងនឹងក្រោកស្ដាប់តៗ គ្នានូវសម្លេងផ្សាយចេញពីប្រទេសរុស្សី ស៊ុយអែដ អាល្លឺម៉ាញ បារាំង អីតាលី អង់គ្លេស តួរគី សហរដ្ឋអាមេរិក អូស្ត្រាលី ។ល។... កាលណាបានដំណឹងអ្វីប្លែកក៏បន្តប្រាប់អ្នកជិតខាងភ្លាម។
ទីឃាវុធ ដើមដំបូងហាក់ដូចជារវើរវាយមិនសូវស្រើបចង់ដឹងព្រឹត្តិការណ៍ទាំងនេះប៉ុន្មានទេ ព្រោះដួងចិត្តឌូតត្រង់ទៅរកតែទិសមួយ។ ប៉ុន្តែយូរៗ ទៅដោយអ្នកជិតខាងគេពឹង ព្រោះឃើញថាចេះភាសាបារាំង និងអង់គ្លេស ក៏ព្រមស្ដាប់ហើយបកប្រែទាល់តែយូរៗទៅកើតជក់ចិត្តនិងល្បែងបែបថ្មីនេះដែរ។
នៅពេលម៉ោងពីរយប់ ក្នុងពេលនារីរុស្សីកំពុងផ្សាយដោយសម្ដីទន់ផ្អែមជាភាសាបារាំង អ្នកម្ចាស់ផ្ទះតែងលើកបបរសាបនិងត្រីងៀតយកមកលៀង។ ទីឃាវុធ ស្ដាប់បណ្ដើរបកប្រែសង្ខេបៗបណ្ដើរ ប្រាប់អ្នកដែលពុំចេះបារាំង។ លុះចប់ការផ្សាយកាលណាទើបបរិយាយពិស្ដារទាំងស្រុងតែម្ដង។ បន្ទាប់នាំគ្នាធ្វើអត្ថាធិប្បាយបន្តយោបល់ទាល់តែស្បើយកម្លាំង ក៏លក់នៅកៀនរ៉ាឌីយោនោះទៅ។ លុះព្រលឹមក៏នាំគ្នាក្រោកស្ដាប់ទាំងសើងមើង ទាំងអុលនូវពត៌មានពីព្រៃនគរទៀត។ ថ្វីបើដំណឹងទាំងនោះច្រើនតែស្រប ហើយមិនប្លែកពីគ្នាប៉ុន្មាន អ្នកស្ដាប់ពុំមានជិតធ្អន់សោះឡើយព្រោះយល់ឃើញថា ជោគជីតាសកលលោកព្យួរជាប់ទៅលើសង្គ្រាម ដែលកំពុងកំញើញបីដូចពពកខ្មៅរសាត់មកបាំងមេឃា។
នៅវិទ្យុបាងកកមានអ្នកនិយាយស្រីម្នាក់មានសម្លេង ហើយសំនួលសំដីស្រដៀងគ្នានឹង នាង ចន្ទមណី ។ វោហារនារីនេះតែងនាំអ្នកកំលោះយើងរំជួលក្នុងចិត្តពន់ប្រមាណ។
ដាច់ខែ សីហា ប្រិប កងទ័ពអាល្លឺម៉ង់ក៏ជោរជន់រាចលិចប្រទេសប៉ូញឡូញភ្លាម។ នៅថ្ងៃទីពីរកញ្ញា អង់គ្លេសនិង បារាំងប្រកាសសង្គ្រាមតទល់និងអាល្លឺម៉ង់ ប្រវត្តិនៃសង្គ្រាមលោកលើកទីពីរក៏ចាប់ផ្ដើមក្នុងពេលនោះ ដែលត្រូវលេបថិរវេលាជិតប្រាំមួយឆ្នាំទើបឯវំ។
ព្រឹកថ្ងៃទី១០ កញ្ញាបានឃើញ ទីឃាវុធ ឡើងរថភ្លើងទៅភ្នំពេញ ដែលមានស្ថានភាពប្លែកឆ្ងាយពីសព្វដង។ ពេលថ្ងៃទាហានដើរទៅដើរមកតាមវិថីកាន់តែមានកើនចំនួនជាលំដាប់ បារាំងស៊ីវិលដែល ទីឃាវុធ ធ្លាប់ស្គាល់រៀងមកឥឡូវជាប់កំណែនពាក់ឯកសណ្ឋានកាគី មានស័ក្តិមានយសលាន់។ យប់ៗ ឡើងវិធានការ៉ងងឹតខាងក្រៅ៉ ពន្លត់ភ្លើងតាមថ្នល់ទុកសល់ត្រង់នេះមួយ ត្រង់នោះមួយ ដោយមានក្បាំងបំបែរពន្លឺឲ្យសំយុងធ្លាក់ជាកញ្ចុំត្រង់មកក្រោម។ ឯអ្នកផ្ទះក៏ទទួលបង្គាប់ឲ្យបិតបាំងទ្វារបង្អួចកុំឲ្យមានរស្មីចាំងចេញទៅក្រៅបានដែរ។ ម៉្លោះហើយក្នុងពេលរាត្រីផែនខ្មៅមកគ្របដណ្ដប់រាជធានីនាំឲ្យកើតអផ្សុកជាអនេក។
ដោយឮដំណឹងថា នឹងមិនមានបើកថ្នាក់ទស្សនវិទូទៀតទេព្រោះខ្វះសាស្ត្រាចារ្យ ទីឃាវុធ ក៏ចូលទៅសួរដល់ការិយាល័យនៃលីសេ ហើយបានទទួលសេចក្ដីបញ្ជាក់ថា រឿងនេះមិនទាន់មានអ្វីប្រាកដនៅឡើយទេ ប្រហែលជាបើកដែរ តែនៅពេលក្រោយថ្នាក់ឯទៀតបន្តិច។ ទីឃាវុធ ដោយរួបរួមនឹងពួកម៉ាកខ្មែរ ៧នាក់ យួនមួយនាក់ហើយបារាំងពីរនាក់ក៏តាំងចាប់រៀនត្រដាបត្រដួស ព្រោះគ្រូរវល់ហាត់ហ្វឹកហ្វឺនខាងក្បួនទាហាន មិនសូវមានពេលពន្យល់បង្រៀនទេ។ ម៉្លោះហើយ សិស្សទាំងនោះបើមិននាំគ្នាអានកាសែតទេ ក៏តាំងប្រឡែងគ្នាក្នុងក្ដាំងក្នុងថ្នាក់រៀន។
ចាប់តាំងពីរការតស៊ូ នៃប្រទេសប៉ូឡូញសាយសូន្យទៅ៉សង្គ្រាមលេងៗ៉ ក៏តាំងឡើងនៅប្រទេសបារាំង អាល្លឺម៉ង់។ ក្នុងពេលតែមួយនេះ យីពុនដែលរវល់ជាប់ដៃនៅប្រទេសចិនយូរឆ្នាំមកហើយ តាំងកំរើកដើរនយោបាយប្រទូស្តរ៉ាយនឹងពួកស្បែកសកាន់តែខ្លាំងឡើង។ ប្រទេសថៃដែលបានស្រង់ក្លិនដឹងថា ខ្យល់នឹងបក់មកពីទិសទីណាខ្លាំងជាងគេ ក៏ឈានជើងដើរតាមក្រោយបងយីពុនដរាប។ ចំណែករាជការបារាំងនៅឥណ្ឌូចិនគេយល់ថា ស្ថានការណ៍៉ធំ៉ ក្លិនមិនសូវស្រួលសោះ ក៏ប្រមែប្រមូលដំឡើងសេន្យានុភាពតាមការអាចបាន។ ហេតុដូច្នេះហើយបានជាសាស្ត្រាចារ្យជាតិបារាំងទាំងឡាយត្រូវស្លៀកពាក់ខោអាវទាហានអស់។
ក្រោយដែលបានដើរតតាក់តតុបបានជាងពីរខែមក ថ្នាក់ទស្សនវិជ្ជានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានចំនួនសិស្សស្ដួចស្ដើងពេកក៏ត្រូវបិទទ្វារជាស្ថាពរ ដើម្បីសំចៃបុគ្គលិកដែលត្រូវការខាងសឹកសង្គ្រាមជាង។ សិស្សខ្មែរទាំងឡាយត្រូវគេបញ្ជូនឲ្យទៅរៀននៅវិទ្យាល័យប៉េទ្រុស គឺនាក្រុងព្រៃនគរ។ ប៉ុន្តែដោយពេលនោះសិស្សដេកក្នុងរបស់គេពេញចំណុះអស់ទៅហើយ រាជការលីសេនេះបានបង្គាប់យុវជនយើងឲ្យដើររកជួលផ្ទះសំណាក់នៅក្រៅខ្លួនឯង។ លុះជួលផ្ទះបានហើយ រាបទីអាស្រ័យបានស្រួលបួលរួចកាលណា សិស្សកំសត់យើងក៏នាំគ្នាចូលទៅជួបនឹងចាងហ្វាងវិទ្យាល័យ ដែលជាជាតិបារាំងមួយធាត់ក្រអាញ ពោះកំប៉ោងប៉ុនពាងទឹក ហើយមានភ្នែកសល្អក់ដូចគ្រាប់ស្វាត។ បារាំងនេះក៏សំដែងកំហឹងយ៉ាងសាហាវក្នុងពេលនោះព្រោះរាជការខាងស្រុកខ្មែររកជជីកសុំឲ្យខ្លួនអាស្រ័យនៅក្នុងសាលា។ គេស្រែកសន្ធាប់ឡូឡាដាក់យុវជនឥតមានទោសពៃរ៍អ្វីសោះ ថែមទាំងពោលពាក្យចាក់ដោតមកលើយ៉ាងធ្ងន់ៗ ទៀតផង។ ទប់នឹងអំពើអយុត្តិធម៌យ៉ាងនេះពុំបាន ទីឃាវុធ ក៏តបឆ្លើយពីរបីម៉ាត់ ហើយដើរចេញមកឡានឈ្នួលជាមួយ វេគីត្រឡប់មកភ្នំពេញវិញ។
ក្នុងពេលនោះទឹកចិត្ត ទីឃាវុធ បរិបូរណ៍ដោយសេចក្ដីអស់សង្ឃឹម ព្រោះពេលណានឹងបានជួបនារីជាត្រួយជីវិតឡើយហើយព្រោះយល់ថា លែងបានឱកាសទៅរៀននៅប្រទេសបារាំងតាមប្រសងជាយូរមកហើយដែរ។ សង្គ្រាមក្នុងសមុទ្របណ្ដាលឲ្យគមនាគមន៍រវាងឥណ្ឌូចិននិងទ្វីបអឺរ៉ុបធ្វើបានដោយលំបាក។ ឯមាលាដួងចិត្ត ក៏ព្រាត់ប្រាស់នៅឆ្ងាយ អ្នកកំលោះក៏បង្ខំចិត្តលាចាកកិច្ចសិក្សាដែលព្យុះអភ័ព្វមកបំបាក់ផ្ដាច់យ៉ាងនេះ។ ដោយខំទប់នឹងភាពខ្សឹបខ្សួលនេះ ទីឃាវុធ ក៏ឡើងពាក្យសុំធ្វើការខាងមន្ត្រីរដ្ឋបាល។
ទុក្ខធួនមួយចំណែកទៀត ព្រោះសំបុត្រនាង ចន្ទមណី កាន់តែខ្លីៗ ហើយរយាលៗ ពេលទៅផង។ កាលដើមអក្ខរានាងតែងមានសេចក្ដីលែបខាយពីរោះ ដ៏ជាឱសថទិព្វចំពោះសេចក្ដីស្នេហាដែលគ្រាំគ្រា។ តែឥឡូវម្ដេចយ៉ាងដូច្នេះ? ចុកក្ដួលអួលផ្សា អ្នកកំលោះគិតយល់ដោយសមហេតុផលថា វិទេសោបាយថៃ-ឥណ្ឌូចិនក្នុងពេលនោះបានត្រេចទៅរកផ្លូវប្រទូស្តគ្នា ដែលជាហេតុនាំឲ្យមានការត្រួតពិនិត្យសំបុត្រស្នាមទាំងឡាយយ៉ាងតឹងរឹងនៅប្រៃសណីយ៍។ ចំណែកឯអ្នកសរសេរវិញហ៊ានប្រគល់ក្រដាសតែដំណឹងខ្លីៗ ដែលមិនមែនជាការសម្ងាត់ ឫដែលមិនមែនជាការផ្ទាល់ខ្លួនជ្រៅៗ ពេក ព្រោះអៀនផង មានបារម្ភផង ចំពោះជនដទៃដែលចាំឆែកឆេរសំបុត្រទាំងនោះ។
នៅដើមខែកុម្ភៈ ឆ្នាំ១៩៤០ ក្រសួងមហាផ្ទៃបានហៅ ទីឃាវុធ ឲ្យចូលធ្វើការ ហើយឲ្យទៅធ្វើជាបាល័ដ្ឋខេត្តនៅពោធិ៍សាត់។
***
-៦-
សេចក្ដីលំបាកនៃអ្នករាជការតូច
មានអ្នកនិពន្ធម្នាក់នឹកឆ្ងល់ ហើយដណ្ដឹងសួរខ្លួនឯងថា ហេតុដូចម្ដេចហ្ន៎ បានជាទីក្រុងក្នុងពិភពលោក ដែលតាំងនៅមាត់ស្ទឹងឫទន្លេតែងរីកចំរើននៅត្រើយខាងលិច ជាជាងនៅត្រើយខាងកើត ? ការណ៍នេះគួរឆ្ងល់ពិតមិនបាច់ទៅរកឧទាហរណ៍ណាវែងឆ្ងាយទេ។ មើលចុះភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប ។ល។ ទីក្រុងទាំងនេះសុទ្ធតែមានសង្កាត់ធំៗ តាំងនៅលើត្រើយខាងលិចទីដែលហូរកាត់។ ម្ដេចហ្ន៎ បានជាគេចូលចិត្តផ្ដុំគ្នានៅត្រើយខាងលិចជាងខាងកើត?
ឯក្រុងពោធិ៍សាត់ ក៏គេចមិនផុតពីក្បួនខ្នាតអាថ៌កំបាំងនេះដែរ។ ផ្សារក្ដី ផ្ទះរាជការក្ដី ក៏សុទ្ធតែប្រជ្រៀតគ្នានៅខាងលិចស្ទឹងមួយដែលមានពោះធំទូលាយដូចទន្លេ តែមានទឹកហូរហែងមិនឈប់ឈរតាមចន្លោះកូនកោះខ្សាច់ ដែលដុះដោតត្រដាងចាំស្ទះមុខសរសៃគង្គា។
បើអ្នកអញ្ជើញទៅពីភ្នំពេញ ហើយលុះយានអ្នកបានឆ្លងស្ពានបេតុងរបស់ទីក្រុងផុតកាលណា អ្នកនឹងពើបផ្លូវបែកជាបីនៅចុងស្ពាននោះ។ បើអ្នករំហួតទៅត្រង់តែម្ដង នេះបង្ហាញឲ្យឃើញថាអ្នកប្រញាប់ទៅបាត់ដំបងឲ្យបានឆាប់រហ័ស។ ប៉ុន្តែបើអ្នកបត់ទៅខាងស្ដាំ នេះបកស្រាយឲ្យឃើញថា អ្នកចង់ចូលសំរាកនៅផ្សារស្រស់ស្រូបគុយទាវ កាហ្វេ ទឹកក្រូចនៅទីផ្សារពោធិ៍សាត់មួយភ្លែតសិន ព្រោះជាទីសំណាក់នៃអ្នកដំណើរតាមឡានឈ្នួល។
មានជួនណា សេចក្ដីចង់ដឹងចង់ស្គាល់អាចច្រានដៃអ្នកកាន់ចង្កូតយន្ត ឲ្យកាច់ទៅខាងឆ្វេងវិញ។ បើអ្នកធ្វើយ៉ាងនេះអ្នកនឹងតាមថ្នល់មួយ ដែលគ្រាន់តែក្រាលថ្មឥតចាក់ជ័រទេ។
ទៅឆ្ងាយប្រហែលប្រាំរយម៉ែត្រពី ៉បង់កាឡូ៉ ដែលជាអគារថ្មទាបត្រប៉ិកៗ រាងដូចឆ្មាក្រាបលបចាប់ព្រាប អ្នកនឹងបានដល់ផ្ទះចាស់មួយ ជញ្ជាំងក្ដារប្រក់ក្បឿងដែលជាជរាភាព នាំឲ្យជនជាម្ចាស់ខំគាំទ្រប៉ះប៉ុននាយអាយ ដើម្បីជាទីជម្រករៀងរហូតមក។ ជ្រកកណ្ដាលគុម្ពចេកនិងស្លា ផ្ទះកន្ទ្រតនេះបើកទ្វារចំហមកលើកូនភ្លឺមួយ ដែលជាគមនាគមន៍ភ្ជាប់មកថ្នល់រាជការ ហើយមានទម្រង់ដូចជាអណ្ដាតយ៉ាងវែង ដែលលៀនធ្លេនមករកអ្នកដំណើរនៅទីធ្លា។
ពូហ៊ឹង មីងក្អាត់ នៃម្ចាស់នៃសំបុកចម្លែកនោះ។ ប្រហែលជាឃើញឈ្មោះអ្នកទាំងពីររួមនៅក្នុងវង្សសត្វស្រដៀងគ្នាយ៉ាងនេះហើយ ទើបចាស់ទុំឪពុកម្ដាយទាងសងខាង បានផ្សំផ្គុំគាត់ដោយកំប្លែងឲ្យគាត់បានគ្នាជាប្ដីប្រពន្ធ។ ទោះជាយ៉ាងណាក៏ដោយយើងគង់សង្កេតបានថា ការរួមវាសនានៃជនទាំងពីរបានប្រកបដោយសុខសំរាន្ត រហូតនាំឲ្យគូស្រករឯទៀតអៀនខ្មាសយ៉ាងច្រើននាក់។ គិតមើលចុះ រៀបការសាមសិបប្លាយឆ្នាំមកហើយ តែពុំដែលមានផលរមាស់រង្គៀសចិត្តគ្នាធំដុំទេ។ គាត់មានកូនស្រីបីនាក់ ដែលឥឡូវបែកសំបុក បែកទ្រនំអស់ហើយ។ នាងមួយបានទៅ ៉ម៉ោងសៀរ៉ (គ្រូបង្រៀន) នាងមួយបានទៅថីពេទ្យសត្វ ហើយនាងពៅបង្អស់បានទៅទិនិកម្នាក់ទៅក្រុមសុរិយោដី ក្នុងងារដែលពាក្យបារាំងហៅថាៈ៉អារប៉ង់ទ័រ៉ ហើយដែលមានអ្នកខ្លះហៅដោយក្រមាច់មិនគប្បីថាៈ ៉អាពងទា៉ ទៅវិញ។
កូនមានប្ដីសី បែកផ្ទះបែកសំបែងអស់ហើយ ពូហ៊ឹង មីងក្អាត់ គាត់ស្គាល់តែបរមសុខ។ ថ្ងៃៗ ឡើងពូហ៊ឹង ដែលមានមាឌកន្តិលក្រអាញ ហើយសម្បុរខ្មៅដូចស្បែកសត្វ ដែលគាត់ខ្ញីឈ្មោះអីចឹងសង្វិតកន្ដេវអារេវ សមដូចសត្វឈ្មោះគាត់ទៀត ហើយគាត់តែងទូលចេក ល្មុត ដំឡូង ស្លា តាមរដូវយកទៅលក់ឯផ្សារ។ លុះត្រឡប់មកវិញផល្លានុផលទាំងនោះ ក៏ក្លាយទៅជាអង្ករត្រីសាច់ ព្រមទាំងសេចក្ដីសង្ឃឹមថានឹងមានភ្លៀងនៅថ្ងៃរសៀល ឬ ៉ពេលយប់៉ ឬពេលព្រឹកស្អែកទៀតផង។
ដូចជាហ្វូងកណ្ដូប ដែលតែងរាតត្បាតស្រែចំការច្បារដំណាំនៅភូមិភាគខ្លះនៅទ្វីបអាហ្វ្រិក អឺរ៉ុបនិងអាស៊ី ជម្ងឺល្បែងលក់ទេពតាបានព្រោះពិសរំលាយប្រាក់សន្សំរបស់ខ្មែរ មិនថាអ្នកក្រុងឬអ្នកស្រុកស្រែទេ។ ចំណែកឯចិនជាអ្នកផ្ដើមគំនិត ហើយជាអ្នកមេលក់ភ្នាល់នោះ ចេះតែបានចំណេញគាក់កបជានិច្ច។
នៅរដូវវស្សា ស្វាមីភរិយាទាំងពីរនាំគ្នាទិញភ្លៀងញ័ររកក្អិត។ មីងក្អាត់ទៅលក់អីវ៉ាន់ឯផ្សារ តែងឆ្លៀតឱកាសឈៀងទៅរក អាស៊ុកមិនដែលខានទេ។ គាត់ញៀនខ្លាំងណាស់ដល់ជានៅថ្ងៃ ឧបោសថកំពុងស្ដាប់ធម្មកថិកសំដែងទេសនា ឲ្យតែឮផ្គរគ្អុលចុះ ភ្នែកគាត់វិលរំពៃសម្លឹងមើលមេឃ ភ្លេចសម្លឹងមើលនិព្វានអស់។
ចំណែកឯពូហ៊ីងវិញក៏មិនណយដែរ ឲ្យតែមានពេលទំនេរបន្តិចចុះ គាត់ទាញកងកញ្ចាស់ជិះរ៉ោញទៅផ្សារ។ លុះត្រឡប់មកវិញគាត់ឆ្ការដៃឆ្ការជើង ប្រកាសដំណឹងល្អប្រាប់អ្នកជិតខាង និយាយភាសាមួយចម្លែកលាយចិនលាយខ្មែរប្រឡូកប៉ូកប៉ាក ញាប់មាត់ដង្វាញ់ៈ៉ឡុកជីឡុក...តាយឡុកស៊ី...ឡាត់...តូយាង...៉។
ម៉្លោះហើយ ផលនៃត្បិតត្បៀតសន្សំយ៉ាងណាក៏ដោយ មិនព្រំនៅបំប៉ោងថង់ពូហ៊ីង មីងក្អាត់ទេ ចេះតែរសាត់ប៉ប្រុយទៅធ្វើជាពួកម៉ាកនិងចិនជាទេវតាមេភ្លៀងទៅវិញ។ ដោយអាស្រ័យហេតុនេះហើយ ទើបពូហ៊ីងបានទទួលអនុម័តយល់ព្រមមីងក្អាត់ ឲ្យរៀបបំបែកល្វែងផ្ទះកន្ត្រកគាត់ឲ្យបានជាបន្ទប់មួយថ្មី ដោយយកខ្នងទូកញ្ចាស់ៗ ខ្លះ កន្ទេលក្រចូតពន្លក់ខ្លះមកបិទបាំងជាជញ្ជាំងទ្រូង។ កាលណា ចាត់ការនេះរួចហើយ គាត់ទៅផ្ដាំផ្ញើនឹង ៉ម៉ោងសៀរ៉ ហើយនិង៉ថី៉ កូនប្រសារគាត់ឲ្យជួយឃោសនាប្រាប់អ្នករាជការទាំងឡាយថា គាត់មានបន្ទប់មួយជួល។
ថ្ងៃមួយ ទីឃាវុធ ដែលទើបនឹងមកដល់ពោធិ៍សាត់ថ្មោងថ្មីកំពុងដើររកជួលផ្ទះ ក៏បានឮដំណឹងនេះ ហើយក៏ចូលមកមើលទីកន្លែង។ ឃើញភ្លាមក៏ដាច់ស្រេចថាសមនឹងចិត្តភ្លាម។ សមនឹងចិត្តនេះមិនមែនដោយឃើញថា មានផាសុខភាពឬប្រណិតភាពអ្វីទេគឺព្រោះយល់ថាជាកន្លែងស្ងាត់មិនសូវអ៊ូអរ សមរម្យនឹងទឹកចិត្តខ្លួនដែលខ្លោចផ្សា ហើយដោយឃើញថ្លៃដែលគេទារនោះ ក៏ថោកសមគួរល្មមនឹងប្រាក់ខែខ្លួនដែល គឺ ៨រៀលឈ្នួលបន្ទប់១២រៀលថ្លៃអាហារ ដែលមីងក្អាត់នឹងរំលែកមួយចំណែកពីរបស់គាត់ចំអិនយកមកគ្របទុកឲ្យជាបន្ទុកធ្ងន់គ្រាន់បើដែរលើប្រាក់ ៤៦រៀល ដែលមន្ត្រីកំលោះយើងសង្ឃឹមបើកបាននៅរាល់ចុងខែ។
មុនពេលនឹងឡើងឡានឈ្នួលមកកាន់ទីតំណែងដំបូងនេះឪពុកម្ដាយបានបង្គោះបង្គៀរបានប្រាក់ ១៥០រៀលមកឲ្យកូន។ មូលធននេះបានបើកអំណាចឲ្យ ទីឃាវុធ ទិញបានប៊ីស៊ីក្លេតមួយ គ្រែឈើទាលមួយ តុវែងមួយ ហើយកៅអីផ្ដៅបី។ ប្រដាប់ប្រដាទាំងនេះបានមករួបរួមគ្នាហើយនឹងហិបឈើមួយលាបពណ៌ជំពូ ពូករនាបមួយហើយនឹងវាំងននក្រហមមួយមានភ្ញីជាគំនូរ សត្វសេក ឬសារិកាពាំផ្កាហើរជិតវិមានស្រុកក្លិង្គ។ តែប៉ុណ្ណោះអស់ហើយ! ឱសូមទោសនៅភ្លេចកូនមុងមួយទៀតដែលគ្របគ្រែពុំបានពេញផង។
ទីឃាវុធ ពុំមានឈ្នួលបំរើទេ។ ការបោសច្រាសមីងក្អាត់ដែលជាអ្នកចិត្តល្អគ្រាន់បើ ថ្វីបើញៀនល្បែងភ្លៀងតែងមកធ្វើឲ្យក្នុងពេលដែលលោកបាល័ដ្ឋទៅសាលា។ ការបោកអ៊ុតខោអាវត្រូវជួលយួន ដែលមួយអាទិត្យម្ដងមកទទួលយករបស់ប្រឡាក់ដល់ផ្ទះ ក្នុងពេលដែលនាំសំលៀកបំពាក់ស្អាត ដែលបានបោកអ៊ុតរួចនោះមកប្រគល់ឲ្យវិញ។ ដោយខ្លួនជាអ្នកថ្នាក់ថ្នមវត្ថុប្រើប្រាស់ ទីឃាវុធតែងជូតខាត់ ទោចក្រយានថ្មីរាល់ល្ងាចក្នុងពេលដែលត្រឡប់មកពីធ្វើការ ឬជិតយកលំហែវិញ។
លំបាកធំជាងគេដែល ទីឃាវុធ ចំពប់ទៅលើគឺការរិះរកប្រដាប់ប្រដាស្លៀកពាក់ ឲ្យបានសមឋានៈជាមន្ត្រីក្រុមរដ្ឋបាលខ្មែរ។ ក្រោយកន្លងពេលយូរមក នាម៉ឺនកំលោះយើងតែងនឹកឃើញដោយអៀនរឹងខ្លួនក្រៃលែងអំពីថ្ងៃដែលត្រូវចូលទៅគំនាប់ រ៉េស៊ីដង្គប្រមុខខេត្ត។ នៅថ្ងៃនោះ លោកបាល័ដ្ឋថ្វីបានអង្វរលោកចៅហ្វាយខេត្ត ដែលជាអ្នកត្រូវនាំចូលទៅជួបលោកធំបារាំង សុំស្លៀកពាក់តាមរបៀបអឺរ៉ុបបានហើយ។ តែមន្ត្រីជាន់ខ្ពស់នេះជាអ្នកខ្លាចបារាំងបំផុតលេខ គាត់បង្ខំឲ្យអ្នកកំលោះ ស្លៀកពាក់ស្រោមជើងខ្មៅ ស្បែកជើងខ្មៅទាល់តែបាន។ ប៉ុន្តែដោយពេលនោះ រកកាត់អាវកុតកត្រង់ពុំទាន់ហើយដោយឡេវជ្រលក់ទឹកប្រាក់ត្រាម្កុដ ដែលខ្លួនបានសុំឲ្យមិត្តម្នាក់ទិញផ្ញើពីភ្នំពេញពុំទាន់បានទទួលដែរនោះ ទីឃាវុធ តោង រើសយកដោយក្នាន់ក្នាញ់នៅអាវបើកក ដែលនៅថ្មីជាងគេមកពាក់រំលេចដោយក្រវ៉ាត់អន្លួញបញ្ឆិតៗ ពណ៌ខៀវក្រហម។ សំលៀកបំពាក់ប្រឡាយកាត់យ៉ាងនេះ បើតាមប្រពៃណីខ្មែរមិនត្រូវ តាមអឺរ៉ុបក៏មិនប្រាកដ មីងក្អាត់ដែលបានជួយចងក្បិនផាមួងឲ្យ លាន់មាត់ថាសមណាស់ៗ នឹងរូបរាងលោកបាល័ដ្ឋយើង។ សមក៏ដោយមិនសមក៏ដោយតែ ទីឃាវុធ នឹកខ្មាសគេរឹងខ្លួនស្ដូក មុខឡើងក្រហមស្ទើរប្រហែលពណ៌សំពត់ដែលខ្លួនស្លៀក។ កម្មក្រាស់ពេកកូវ ព្រោះត្រូវជិះរ៉ឺម៉កកាត់មុខផ្សារឆ្ពោះទៅរកសាលាខេត្ត ដែលជាហេតុនាំឲ្យជនគ្នាច្រើនបានឃើញបាល័ដ្ឋយើងក្នុងសំលៀកបំពាក់ចម្លែកនេះ។
ផាមួងនេះ ម្ដាយបានឲ្យតែបី ពោលគឺមិនគ្រប់ពណ៌ទេ តោងសន្សំប្រាក់មួយខែបន្តិចដើម្បីទុកទិញថែម។ មួយទៀត ត្រូវទិញស័ក្តិដាប់ធ្វើនៅសាលារចនាក្រុងភ្នំពេញ សម្រាប់យកមកលំអស្មា និងកដៃអាវកុតស។ ក្រណាស់មិនអាចឈោងយកឌិន ឬសែសយអ្វីបានទេ ! អាវកត្រង់នេះត្រូវមានពីរបន្លាស់ ឯឡេវត្រាមកុដទៀតក៏ត្រូវឲ្យបានរស់រាន់ដែរ ព្រោះឧឡារិកភាព និងបុណ្យង៉ាន ដែលត្រូវប្រើប្រាស់មិនសូវដាច់ពេលទេ។
ចំណាយទាំងនេះ ដែលលេបគ្មានសល់នូវប្រាក់ខែ ហើយនឹងជីវភាពថ្មី បរិបូរណ៍ដោយការចម្លែកមិនដែលស្គាល់សោះនោះ បានបណ្ដាលឲ្យនាម៉ឺនតូចតាចភ័ន្តភាំងស្មារតី។ កាលនៅក្នុងសាលានៅឡើយ តែងយល់ថា ធ្វើការរាជការគង់មានបៀវត្សល្មមចិញ្ចឹមជីវិតហើយគង់មានឱកាសដើរបំភ្លឺរាស្ត្រស្រែចំការឲ្យរករបរឲ្យបានទាន់សម័យ។ ឥឡូវខុសអស់រវល់តែខ្វល់នឹងផ្នែកសម្ភារៈ ដោយបញ្ហាផ្ទាល់ខ្លួន។ មួយទៀតនាយចៅហ្វាយខ្លួនតែងកាន់កិរិយា ឬជាប់ទំលាប់មិនគប្បីផង នាំឲ្យមានឆន្ទៈល្អវង្វេងវង្វាន់មិនដឹងចាប់ផ្ដើមត្រង់ណាមុនទេ ដើម្បីឲ្យបានជាប្រយោជន៍ពិតៗ។
ទីឃាវុធ ទាស់ចិត្តក្នាញ់ជាងគេនឹងចៅហ្វាយខេត្ត។ មន្ត្រីជាន់នេះជាមនុស្សសែសិបប្លាយហើយ សក់កាត់ខ្លីពណ៌របាយអាចម៍ខ្លា។ សំនួនសេចក្ដីនេះ ពួកបារាំងដែលខ្ពើមមិនចង់ចេញឈ្មោះលាមកក៏ប្រែថាជាៈ៉អំបិលលាយម្រេច៉ ទៅវិញ។ មាឌគាត់កន្តុលហើយមាំ។ កាលដែលគាត់នាំ ទីឃាវុធ ទៅជួប៉លោកធំ៉ បារាំងជាដំបូងប្លង់តុងបានចេញមកប្រាប់ថា ឲ្យលោកចៅហ្វាយខេត្តអង្គុយចាំបន្តិចសិន ព្រោះលោកធំកំពុងជាប់ដៃសរសេរកំណត់។ ប្រមុខខ្មែរក្នុងខេត្តពោធិ៍សាត់ ក៏បង្គាប់ឲ្យសហការីអង្គុយលើកៅអីមួយ។ ឯខ្លួនមានមុខស្លាំងធ្វើមាត់ជីបអូចៗ ហាក់ដូចជាកំពុងរៀបរកពាក្យបារាំងទុកបំរុងនឹងនិយាយក៏មិនដឹង ឬមួយសេកមន្តអាគមឲ្យបារាំងទន់ចិត្ត បែរជាគួចរាប់អានខ្លួនវិញក៏មិនប្រាកដដែរ។
នាកាលបានអនុញ្ញាតឲ្យចូលទៅ ៉គាល់៉ ហើយលោកធំនៅតែធ្វើឫកឱនសរសេរញាប់ស្អេក ដោយចង់បង្ហាញឲ្យឃើញថាខ្លួនរវល់ពេញបន្ទុកពិតមែន។ ឯចៅហ្វាយខេត្តឈរឆ្មាំងពីមុខតុធ្វើភ្នែកក្រឡិកក្រឡក់ មានទឹកមុខដូចជាឈឺបត់ជើងធំបន្តិច តូចបន្តិច។ ក្រោយមក មួយស្របក់ធំទើបបារាំងងើបមុខ ហើយបញ្ចេញកិរិយាដូចជាឆ្ងល់ខ្លាំង ច្រមុះកោងវែងជាបុច្ឆនសញ្ញាយ៉ាងសុទ្ធសាធ។ លោកចៅហ្វាយខេត្តស្លន់ខ្លាំង លើកដៃសំពះបង្អោនក្បាលចុះ ហើយនិយាយបារាំង បីបីសប៉ប៉ិបប៉ប៉ុបស្ទើរស្ដាប់មិនបាន។ លោករ៉េស៊ីដង្គងក់ក្បាលដោយមុខមាំ វាយឫកក្រអឺតហើយហុចដៃទន់ប្រផ្លាកកន្លងតុមកចាប់ហត្ថមន្ត្រីខ្មែរទាំងពីរនាក់ ចៅហ្វាយខ្លួនដល់ម៉្លេះសមជាអ្នកស្លូតបូត មានមេត្តាករុណាសន្ដោសអ្នកតូចទាបមិនខានឡើយ។ មិនប៉ុន្មានថ្ងៃក្រោយមកអ្នកកំលោះក៏ស្ដាប់ឮនិងសង្កេតដោយភ្នែកឯង នូវការណ៍ផ្សេងៗដែលបដិសេធក្ដីស្មានទាំងនេះឲ្យឃើញថាខុសស្រឡះទាំងអស់។
លោកចៅហ្វាយខេត្តមិនមែនជាអ្នករមទម្ ហើយឧត្តមគតិជាមេបាសម្រាប់ជនខ្សត់ក្រដែលនៅល្ងង់ ហើយដែលរងាឥតអ្វីការពារនោះទេ។ គាត់ជាអ្នកលេងសើចសប្បាយមិនចេះគិតនឹកនាដល់ប្រយោជន៍ប្រទេសជាតិតែម្ដង។ នៅផ្ទះគាត់មានប្រពន្ធចុងក្មេងបីនាក់ព្រោះលោកស្រីធំឈ្លោះពុំឈ្នះ ក៏អនុញ្ញាតឲ្យនៅជាមួយទុកគ្រាន់ប្រើប្រាស់ជាអ្នកកំដរទៅ។ មិនតែប៉ុណ្ណោះទេ ក្នុងធុងខាងក្រោយឡាន ៉ក័ត្រសង់ដឺ៉ ពណ៌ឈាមជ្រូករបស់គាត់ គាត់លាក់ចបកាប់មួយទុកប្រចាំការណ៍ជានិច្ច។ គាត់បានបង្ហាត់ប៉ូលិសខេត្តជំនិតម្នាក់ឲ្យចេះបររថយន្ត។ ប៉ូលិសនេះឯង មាននាទីជាមេធ្នាក់ ដើរឃ្លាំមើលកូនក្រមុំអ្នកស្រុក។ លុះខ្សឹបខ្សុបបានការណ៍កាលណា ប៉ូលិសនោះចូលទៅប្ដឹងលោកចៅហ្វាយខេត្តទាំងយប់នៅចំពោះមុខ លោកស្រី ថាមានចោរប្លន់នៅភូមិនេះ ឬភូមិនោះ។ លោកចៅហ្វាយខេត្តយល់ល្បិចហើយក៏ប្រកាសថា ខ្លួនតោងចេញទៅចាត់ការដោយរួសរាន់ឲ្យទាន់ពេល។ រួចហើយក៏នាំគ្នាបរអា ៉ក័ត្រសង់ដឺ៉ ចេញទៅ។ ឯចបកាប់ដែលលាក់ទុកក្នុងធុងខាងក្រោយនោះ មានប្រយោជន៍ទុកកាប់ភ្លឺស្រែ ដែលជំទាស់មិនឲ្យឡានពារបានដោយងាយស្រួល ក្នុងកិច្ចដែលលោកចៅហ្វាយនិងប៉ូលិសជាគូកនត្រូវជើងគ្នា ថាទៅរក ៉ក្ដាមស្រែ៉ ពោលគឺនារីនៃនិគមជនបទ។
កំហូចរបស់គាត់មិនមានព្រំដែនតែត្រឹមហ្នឹងទេ។ គាត់ចូលចិត្តស៊ីផឹកខ្លាំងណាស់។ ចៅហ្វាយស្រុកណាដែលចង់បានពិន្ទុល្អ ដើម្បីឡើងស័ក្តិរហ័ស តោងរៀបជប់លៀងអញ្ជើញគាត់មកសែនជាញឹកញយ។ មិនសូវចេះធ្វើការក៏ហីចុះឲ្យចេះតែផ្គាប់បានហើយ។
ល្ងាចថ្ងៃសៅរ៍មួយ ចៅហ្វាយស្រុកម្នាក់បានអញ្ជើញទាំងអ្នករាជការសាលាខេត្ត និងសាលាដំបូង ឲ្យទៅលេងសប្បាយកន្លែងជិតទីប្រជុំស្រុកដែលនៅចម្ងាយ ១០គីឡូម៉ែត្រពីពោធិ៍សាត់។ លោកចៅហ្វាយស្រុកផ្គាប់បុណ្យបានកែនអ្នកស្រុកឲ្យសង់រោងប្រក់ស្លឹកពីរខ្នងចំពីមុខបឹងធំដែលនៅកណ្ដាលវាលស្រែ បន្លែងដោយភ្លាត់ និងចំរៀងទ្រហឹងអឹអឹង។ ស្រាឡូលីតា ម៉ារលី និងក្លូសដរដែលបានមកពីបិណ្ឌបាតតាមផ្ទះចិន ហូរគគុកគគាក់ចូលក្នុងកែវទៅលាយនឹងទឹកដូង នឹងទឹកកក។ ក្នុងពេលនោះដោយគមនាគមន៍ក្នុងសមុទ្រ រវាងឥណ្ឌូចិននិងបារាំងប្រទះសេចក្ដីលំបាកដោយកប៉ាល់មុជទឹកអាល្លឺម៉ង់តាមរាតត្បាតពេក បារាំងនៅស្រុកអាយក៏នាំគ្នាបិតស្រាចុះសញ្ញាថ្មីលក់លាន់។ សូម្បីតែទឹកសូរដាក៏មិនសូវសំបូរដែរ គេតែងយកទឹកដូងមកប្រើជំនួយវិញ។ ថ្វីបើសុរាអាយទាំងនេះពុំមានគុណភាព និងឱជារសដូចទឹកស្រវឹងមកពីអឺរ៉ុបក៏គង់ធ្វើឲ្យមន្ត្រីខ្មែរសម័យនោះសប្បាយភ្លេចកង្វល់ទាំងពួងបានដែរ។ លោកចៅហ្វាយស្រុកចាត់ឲ្យយកត្រីរ៉ស់ធាត់ៗ ធំៗ ដែលទើបចាប់បានពីបឹងទៅបិតដីអិដ្ឋឃ្លុំជិត ហើយដុតក្លែមស្រាឆ្ងាញ់កប់អាកាស។
ទីឃាវុធ និងសុភាចារបុរសម្នាក់ឈ្មោះ ប្រារមោទ្យ ដែលជាអ្នកពុំចេះស្រា ពុំសប្បាយនឹងស៊ីផឹក ហើយស្អប់ខ្ពើមសម្ដីអ្នកប្រមឹកក៏បបួលគ្នារំកិលថយក្រោយបន្តិចម្ដងៗ ហើយនាំគ្នាលួចដើរចេញទៅក្រៅនៅពេលដែលលោកចៅហ្វាយខេត្ត និងលោកចាងហ្វាងកំពុងបេះត្រីបញ្ចុក ដើម្បីបង្វិលខួរនៃអ្នកត្រេកត្រអាលនិងកាមគុណ។
ចេញផុតពីរោងទទួលភ្ញៀវកាលណា វាយោត្រជាក់បក់ជាជំនោរមកលើភ័ក្ត្រអ្នកទាំងពីរ ហើយនាំមកនូវក្លិនប្រហើរនៃផ្កាព្រំ។ មេឃពណ៌ស្វាយដាំរំលេចចម្រុះ ដោយផ្កាយគ្របដណ្ដប់គុម្ពោតព្រៃដែលស្បៃយប់ខ្មៅជួយប្រែរាងជាសត្វឃោរឃៅមាននៅក្នុងរឿងប្រតិស្ឋ។
នៅដាច់ៗ ឆ្ងាយពីគ្នា ភ្នក់ភ្លើងបញ្ចេញអណ្ដាតក្រហមភ្លិបភ្លែតផ្ដល់កំដៅដោយស្រមោលគោ ដែលដេករកេតរកូតហើយកំពុងទំពាអៀងលំអិតយល់សប្ដិដែលរកទីបញ្ចប់គ្មាន។ នៅក្រោមរស្មីពព្រូលនៃរាត្រី ខ្ទមអ្នកចាំលានស្រែត្រដាងដំបូលស្បូវសប្រផេះ។
មន្ត្រីកំលោះទាំងពីរបាននាំគ្នាដើរចេញឆ្ងាយ ហើយពោលនឹកស្ដាយពេលដែលខាតបង់ដោយអំពើប៉ោឡែយ៉ាងនេះ។
-យើងមិនមកតាមគេពុំបានទេ (ប្រាមោទ្យ) និយាយ បើពុំនេះទេគេនឹងចាត់យើងថាជាមនុស្សឆ្វេង ជាមនុស្សចូលឆ្លុះគេពុំចុះ។ មួយទៀត គេអាចធ្វើរាយការណ៍សម្ងាត់ប្ដឹងបង្កាច់ពីយើង ហើយដាក់ពិន្ទុអាក្រក់ឲ្យយើង រាជការខាងក្នុងពុំដឹងអីច្បាស់ ក៏ផ្លាស់យើងទីណាត់ទីណែង។ ឬផ្អាប់យើងមិនឲ្យឡើងថ្នាក់អស់ពេលយ៉ាងយូរ។
-អីអាក្រក់ដល់ម៉ឹ្លងហ្ន៎ ទីឃាវុធ ភ្លាត់មាត់ ហើយនិយាយថែមៈ
-បើអញ្ចឹងហើយតើម៉េចក៏ខ្លាចបារាំងម៉្លេះ ? មើលចុះតាប៉ិខ្ញុំគាត់សំពះ គាត់ប៉ាយពួកច្រមុះកោងស្ទើរតែគ្រប់គ្នា។
-បើគ្រាន់តែប៉ាយប៉ុណ្ណោះវាមិនសូវជាអីប៉ុន្មានទេ (ប្រាមោទ្យពេបមាត់ដោយមើលងាយ)។ លោកតាខេត្ត ហើយនិងលោកតាខ្ញុំ ត្រូវគ្នាប៉ុនគេជើត។ គាត់ផ្គាប់ គាត់ក្នេបក្នឺបលើកជំនួនជាញឹកញយ យកចិត្តយកថ្លើមអា ៉លោកធំ៉ ។
-អារសាច់ជូនខ្លាទើបនៅស្រុកសុខ។
-ត្រូវហើយប្អូន ? ប្អូនឯងគិតមើលតាមបញ្ញត្តិរាជការជាន់ខ្ពស់រ៉េស៊ីដង់ ប្រមុខខេត្តជាប្រឹក្សា ហើយជាអ្នកជួយមើលការខុសត្រូវក្នុងតុលាការខ្មែរ។ បងធ្លាប់បានឃើញមកហើយដែរថា មានចាងហ្វាងខ្លះយកការអ្វីដែលចម្រូងចម្រាស់ពេកទៅស្មើយោបល់លោកធំ។ នេះជាការណ៍ធម្មតាទេគ្មានអ្វីគួរឲ្យបន្ទោសបានទេ។ តែលោកធំខ្ញុំបែរជាបង្គាប់ឲ្យសុភាចារបុរសថា កាលណាស៊ើបសួររឿងនីមួយៗ ចប់ តោងធ្វើរាយការណ៍ជាភាសាបារាំងខ្ទាស់ជាប់ពីលើសំណុំរឿង។ នៅរសៀលថ្ងៃច័ន្ទ លោកចាងហ្វាងប្រមូលសំណុំរឿងទាំងអស់ទៅស្នើលោកធំ។ ក្រោយដែលបានសម្លឹងរាយការណ៍សង្ខេបទាំងនោះមួយពព្រិចភ្នែករួចហើយ លោកធំក៏ចារដាក់ថាៈ៉បីខែ មួយឆ្នាំ ឲ្យរួចខ្លួន។ល។៉ លុះដល់មកថ្ងៃពុធ ដែលជាថ្ងៃកាត់ក្ដីលោកតាចាងហ្វាង ក៏តាំងចែករង្វាន់ឲ្យអ្នកជាប់ចោទទាំងឡាយតាមចំណារលោកធំមិនឲ្យល្អៀងទេ។ ការចុះចូលប្រអោនលំទោន ហើយគោរពប្រណិប័តន៍យ៉ាងនេះជូនលទ្ធផលខ្ទប់ភ្នែកបារាំងឲ្យលែងមើលអ្វីឃើញអស់។ រៀងណាដែលគាត់ត្រូវមានលាភគាត់ធ្វើរាយការណ៍គាត់បំបែរ សន្និដ្ឋានលោកធំឲ្យស្របទៅតាមលាភរបស់គាត់។ គាត់ត្របាក់គ្រឹប ? គ្រឹប ? ឥតញញើតមាត់ទេ ឥតកោតក្រែងការរិះគន់ពីជនណាទេ ព្រោះអីលោកធំបានសម្រេចយ៉ាងនោះរួចហើយ!
-អីដល់ម៉្លឹងហ្ន៎ !
***
រឿងស្ងាត់កំបាំងដែលមិត្តថ្មីមកបង្ហាញឲ្យឃើញនោះ នាំឲ្យទីឃាវុធ ក្រហល់ក្រហាយនៅពុំសុខសោះ។ កាលពីដើមគិតមកធ្វើការបំរើជាតិ។ ឥឡូវមានទម្ងន់មួយធំមកសង្កត់ដៃជើង សង្កិនប្រាជ្ញាមិនឲ្យកម្រើករួចសោះឡើយ។ ដោយបានខ្ចីពិសោធន៍តែពីក្នុងសៀវភៅមកធ្វើជាគោល ជីវភាពពិតប្រាកដដដែលបរិបូណ៌ដោយភាពគ្រាតគ្រើមនោះ បានមករំលាយគតិ និងសុភឆន្ទៈទាំងនោះអស់មួយរំពេច។ ឧបសគ្គនិងសេចក្ដីលំបាកមានសល់សែនស្ទើរតែគ្រប់ជំហាន។ កម្លាំងក្មេងយុវថាមពល ដែលនៅតែឯកឯងមិនងាយនឹងកន្ទ្រោកបង្រះរួចទេពីសំណាញ់អំពល់ ដែលរុំស្រោបរួតរឹតខ្លួនបានពេញទី។
បណ្ដាព្រឹត្តិការណ៍ទាំងឡាយ ដែលបានធ្លាក់ជាប់ជ្រៅទៅលើផ្ទាំងនៃពេលផ្ដើមបំរើរាជការនេះ ទីឃាវុធ បានចាំឥតភ្លេចនូវរឿងមួយជាងគេ ព្រោះជាហេតុនាំឲ្យខ្លួនទាក់ទងក្នុងការស៊ីសំណូក ដែលក្នុងនោះជាដំបៅមួយរីកធំៗ ឡើង ហើយធ្វើឲ្យប្រយោជន៍ជាតិមានគ្រោះថ្នាក់គួរឲ្យព្រឺខ្លួន។
ធម្មតាអ្នករាជការនៅខេត្តក្រៅ តែងស្វែងចង់សប្បាយហ៊ឺហាណាស់ ធ្វើឲ្យរាស្ត្រប្រជាគ្នាកោតញញើតដូចខ្លា ទេវបុត្រ ទេវតា យ៉ាងនោះដែរ។ ថ្វីក៏ពុំដូច្នេះ ព្រោះតែមានអ្នកជប់លៀងនាម៉ឺននាសែន ដើម្បីបំបាត់មាត់បំបិទត្រចៀក ឬខ្ទប់ភ្នែកមិនឲ្យដឹងឮច្បាស់នូវកិច្ចអ្វីដែលទាក់ទងនឹងផលប្រយោជន៍នៃពួកក្រពើទាំងនោះ។ ក្នុងពពួកជនទាំងនេះ ទីឃាវុធ បានសង្កេតសហគ្រិនម្នាក់ឈ្មោះ ហុងឈី ជាកូនចៅចិនដែលតែងឡើងចុះសាលាខេត្ត ហើយដែលបានអញ្ជើញបុគ្គលិកធំតូចនៃក្រុមរាជការ ទៅជប់លៀងកំសាន្តនៅទីនានាយ៉ាងញឹកញយ។
បាល័ដ្ឋខេត្តយើងមានមុខតំណែងខាងត្រួតត្រា ហើយកាន់បញ្ជីសម្ភារៈ។ រវាងពីខែមុននេះថៅកែ ហុងឈី បានចូលដេញថ្លៃដើម្បីរ៉ាប់រងទទួលដេរឯកសណ្ឋានប៉ូលិសខេត្តចំនួន ៥០០សម្រាប់។ ក្នុងពេលនោះ ហុងឈី ហ៊ានទារថ្លៃយ៉ាងថោកជាងគេបំផុត។ អ្នកចូលដេញថ្លៃឯទៀតពោលថាៈ យកថ្លៃយ៉ាងនេះមុខជាខាតពុំខាន។ ប៉ុន្តែ ហុងឈី គាត់ឆ្លាតណាស់...។
ថ្ងៃមួយនៅពេលជិតដល់ម៉ោងចេញពីធ្វើការ គាត់ចូលមកជួប ទីឃាវុធ ក្នុងបន្ទប់ការិយាល័យ។ គាត់លុតជង្គង់ ហើយលើកដៃប្រណម្យដាក់ខ្លួនយ៉ាងទាប។ លោកបាល័ដ្ឋដែលជាអ្នកពុំចូលចិត្តនិងការលុតក្រាបយ៉ាងនេះ ក៏ស្ទុះមកទាញដៃថៅកែឲ្យអង្គុយលើកៅអីនៅចំពីមុខតុ។
-ខ្ញុំព្រះបាទម្ចាស់ ហុងឈី ចាប់និយាយអរព្រួចតែម្ដង ដោយបានដំណឹងថាព្រះតេជព្រះគុណម្ចាស់ អញ្ជើញមកកាន់តំណែងនេះ។ ខ្ញុំប្របាទមានមុខរបរបន្តិចបន្តួច សូមជ្រកម្លប់បារមីព្រះតេជព្រះគុណផង។
-កុំមានប្រសាសន៍យ៉ាងនោះមិនត្រូវទេ។ ខ្ញុំជាអ្នករាជការនៅក្មេងថ្នាក់តូចទាប ហើយទើបមកកាន់ការថ្មីៗ ពុំអាចមានអំណាចអ្វីអាចជួយលោកបានទេ។
-ប្រាកដជាជួយបានព្រះតេជព្រះគុណ។ ព្រះតេជព្រះគុណគង់ជ្រាបស្រាប់ហើយថា ខ្ញុំបាទបានដេញថ្លៃទទួលដេរខោអាវប៉ូលិសខេត្ត។ ឥឡូវនេះរកសាច់សំពត់ឲ្យបានដូចប៉ាន់រាជការនៅទីនេះពុំបានទេ។ បើចង់បានតោងចុះទៅភ្នំពេញ។ ហើយសំពត់កំពុងឡើងថ្លៃយ៉ាងនេះមុខតែខាតលិចលង់ស្លាប់ហើយ។
-បើអញ្ចឹង តែខ្ញុំជួយយ៉ាងម្ដេចទៅ?
-ទានប្រោស ! មានសំពត់មួយធឺទៀតពណ៌ខុសពីប៉ាន់បន្តិចតែសាច់ស្រដៀងគ្នាដែរ។ សូមព្រះតេជព្រះគុណពិនិត្យមើលចុះ។
ថាហើយ ហុងឈី ក៏ទាញយកជំនេរក្រណាត់សំពត់ពីបែបមកដាក់ធៀបផ្ទឹមគ្នាឲ្យលោកបាល័ដ្ឋមើល។
-ព្រះតេជព្រះគុណមើលចុះមិនខុសគ្នាទេ។ ឯសាច់ក្រណាត់បែបរបស់ខ្ញុំបាទចង់ក្រាស់ជាងគឺជាប់ជាងផង។
-បាល័ដ្ឋក្មេង ស្ទាបពិនិត្យសាច់សំពត់ទាំងពីរធឺដោយប្រុងប្រៀបស្រាប់តែថៅកែបែរសម្លឹងទៅទ្វារបន្ទប់ ឃើញបិទជិតល្អហើយទើបទាញស្រោមសំបុត្រមួយខ្សាកពីក្នុងហោប៉ៅ លើកជូនដោយដៃទាំងពីរទៅមន្ត្រី ហើយនិយាយថាៈ
-សូមព្រះតេជព្រះគុណជួយសង្គ្រោះចុះ ខ្ញុំប្របាទមិនភ្លេចព្រះគុណទេ។
ទីឃាវុធ ដោយមិនដឹងឧបាយកលពួកសូកប៉ាន់ ក៏ដោយស្មោះត្រង់ថាៈ
-ស្រោមសំបុត្រអីនេះ ?
ហុងឈី ដែលក្រោកឈរ បំរុងនិងលាចេញទៅហើយនោះ ក៏ឆ្លើយដោយអៀនប្រៀនថា ជាសេចក្ដីសាស័ព្ទបំភ្លឺស្ថានការណ៍របស់ខ្លួនក្នុងរឿងដេញថ្លៃ។ អ្នកម៉ៅការបានបន្ថែមថាៈ
-សូមព្រះតេជព្រះគុណយកសំបុត្រនេះ ទៅពិចារណាឯផ្ទះផងចុះ។ ព្រោះឥឡូវនេះ ហួសម៉ោងធ្វើការរបស់សូមព្រះតេជព្រះគុណហើយ។ ខ្ញុំប្របាទសូមប្រណិប័តន៍ហើយ។
ដោយល្ងាចនោះខ្លួនបានជាប់ណាត់សន្យានឹង ប្រាមោទ្យ ថានឹងជិះទោចក្រយានយកលំហែតាមដងស្ទឹងសង្កែ ទីឃាវុធ ក៏ប្រមូលស្រោមសំបុត្រ និងប៉ាន់សំពត់ទាំងពីរបែបដោយបន្ទីបន្ទាន់ដាក់ក្នុងកាបូបយួរ។ តែដោយនឹកឆ្ងល់ក្នុងចិត្តថា សេចក្ដីអធិប្បាយអីក៏វែងម៉្លេះ ស្រោមឡើងកំប៉ោងតែម្ដង ?។
***
នាម៉ឺនកំលោះទាំងពីរជិះកង់ទន្ទឹមគ្នាជើងធាក់ឈ្នាន់យ៉ាងបន្ថើរៗ ភ្នែកគន់មើលទេសភាពតាមមាត់ក្នុងពេលដែលព្រះអាទិត្យអស្ដង្គត។ រាងកាយនារីខ្លះដែលកំពុងអង្គុយត្រាំទឹកហូរក្នុងនទីនាំឲ្យ ទីឃាវុធ រំជួលចិត្តគួចនឹកដល់គូប្រចាំចិត្តដែលឃ្លាតទៅឆ្ងាយ។
ជូនបានទៅដល់កូនរានទំនេរមួយ ដែលជ្រកក្រោមអម្ពិលមួយដើមធំស្កឹមស្កៃ មិត្តទាំងពីរក៏ចុះពីទោចក្រយានទៅអង្គុយសន្ទនាពីនេះបន្តិចពីនោះបន្តិច។ ជំរុលនៃការសាសងគ្នាឥតដើមចុងយ៉ាងនេះបាននាំឲ្យសុភានិយាយពីដង្ខៅហុងឈី។ តាប៉ិនេះស៊ីកប់ស៊ីអាំងសំបើមណាស់។ គាត់ទទួលជប់លៀងអ្នករាជការដោយឥតរួញរានឹងចាយវាយទេ។ តែកាលណាគាត់ចាយមួយកាក់មុខតែគាត់នឹងបានចំណេញមួយរៀល ឬពីររៀលហើយ គាត់ញក់ញីអ្នកក្រីក្រ។ តើអ្នកហ៊ានក្អក បើនាម៉ឺនមិនថាតូច មិនថាធំទេសុទ្ធតែត្រូវជើងនិងគាត់អស់ទៅហើយ។
-យីដល់ប៉ុណ្ណឹងហ្ន៎ (លោកបាល័ដ្ឋ)។
លោកសុភា បន្ថែមសេចក្ដីថាៈ
-ខ្ញុំឮថាគាត់ចេញថ្លៃទទួលដេរខោអាវឲ្យប៉ូលិស។ ប្អូនចាំមើលចុះមុខតែគាត់យកសំពត់ផ្ដេសផ្ដាស់មិនបានដូចគំរូទេ។ គេនិយាយលាន់ថា តាប៉ិ ហុងឈី កំពុងរកទិញសំពត់បាតផ្សារកញ្ចាស់ៗ ផុយគគ្រុកយកទៅដេរដាក់ឲ្យរាជការហើយ។ ហេតុនេះបានជាគាត់ហ៊ានថ្លៃថោកជាងគេ។
ទីឃាវុធ រៀបនឹងហារមាត់ប្រាប់មិត្តអំពីរឿងដែលខ្លួនបានជួបនឹងអ្នកជំនួញ ទុច្ចរិតអំបាញ់មិញនេះទៅហើយ ស្រាប់តែមាននារីពីនាក់រូបស្អាតបាត ហើយតែងខ្លួនស្រស់ប៉ប្រៃដើរចេញពីវត្តជិតទីនោះ នាំឲ្យមិត្តទាំងទ្វេប្រាណឡប់ស្មារតីរវល់តែគយគន់ទៅវិញ។ លុះនាងក្រមុំកែក្រាយផុតពីមុខទៅ នាម៉ឺនកំលោះភ្លេចរឿងដើមក៏នាំគ្នាពិចារណាធៀបផ្ទឹមតែពីសោភ័ណភាពនៃកញ្ញា ដែលទើបនឹងបត់ចូលក្នុងផ្ទះ។
***
ទីឃាវុធ ដេកននៀលរលាក់បើកភ្នែកភ្លឺសៗ ព្រោះទាល់ចំណេះក្នុងការស្វែងរកសេចក្ដីលន់លក់ពុំបាន។ ប្រាក់៥០០ រៀលច្រកក្នុងស្រោមសំបុត្រដែល ហុងឈី បានប្រគល់ឲ្យមក ដោយកុហកថា ជាសេចក្ដីអធិប្បាយពន្យល់នោះ ជះចំហាយក្ដៅដូចរងើកភ្លើង។ ថ្វីបើសេចក្ដីសុចរិត សេចក្ដីស្លូតត្រង់របស់បាល័ដ្ឋខេត្តថ្មីពុំមានអ្វីនាំឲ្យសៅហ្មងដល់តូចមួយសោះឡើយ។ តែក្ដីទីទ័លក្រនាំបង្វិលខួរឲ្យរវាតចិត្តពីផ្លូវត្រង់មួយភ្លែតដែរៈ៉បើអញទទួលយកទៅអ្នកកំលោះសញ្ជឹងគិតក្នុងចិន្ដា ម៉្លេះសមអញសងជំពាក់ប្រាក់ដែលបានខ្ចីពួកម៉ាក់យកមកទិញប្រដាប់ប្រដាផ្សេងៗ បានរួចជ្រះស្រឡះ។ រំពឹងលើប្រាក់ខែណាកើត? បានត្រឹមតែ៤៦រៀល កាត់ថ្លៃបាយឈ្នួលផ្ទះ ថ្លៃគុយទាវ ឈ្នួលបោកអ៊ុតខោអាវអស់ចេញមួយខែៗនៅសល់មិនបាន៥រៀលផង៉។
ប៉ុន្តែមានគំនិតមួយទៀតលេចធ្លោឡើងៈ៉បើអញទទួលយកសំណូកនេះទៅ ប៉ូលិសដែលតែងទទួលបញ្ញត្តិឲ្យស្លៀកខោអាវនេះបានមួយឆ្នាំមុខជាវេទនាធំហើយ។ ស្លៀកពាក់ឲ្យជាប់យូរឯណាកើតបើផុយពីថ្មីទៅហើយ។ ពីរខែមិនទាន់មុខរហែកខ្ទេច។ ត្រូវកុំភ្លេចគ្នាតោងដើរហត់នឿយណាស់។ ឯកសណ្ឋាននេះ លុះត្រូវញើស ត្រូវថ្ងៃ ត្រូវភ្លៀងក៏កាន់តែអន្តរាយរហ័សទៅទៀត។ ប៉ូលិសនោះម្នាក់ៗ បានប្រាក់ខែ១២រៀលទេ។ បើមិនចង់ដើរផ្លូវទុច្ចរិតទេ មុខតែបង្អត់បង្ខះប្រពន្ធកូនហើយ ទើបសន្សំប្រាក់មកកាត់ដេរបន្លាស់ថ្មីបាន។ គិតសព្វៗ ទៅមិនត្រូវសប្បាយតែម្នាក់ឯងហើយឲ្យមនុស្ស ៥០០នាក់ទៀត រងវេទនាដោយសារខ្លួនឯងយ៉ាងនោះសោះឡើយ។ មួយទៀតខ្លួនបានតាំងចិត្តតាំងពីក្នុងសាលាមកថា ស្អប់ខ្ពើមអំពើពុករលួយណាស់ មិនគប្បីលះបង់ឧត្ដមគតិខ្លួនតាំងពីដើមទីយ៉ាងនេះទេ៉។
លុះបានសម្រេចចិត្តយ៉ាងនេះហើយ មន្ត្រីកំលោះក៏បានធូរទ្រូងភ្លាមៈ៉ព្រឹកនេះអញនឹងហៅ ហុងឈី ឲ្យយកប្រាក់ចង្រៃនេះទៅវិញចុះអញមិនត្រូវការទេ ! ៉។ ដោយកម្លាំងនៃសេចក្ដីពេញចិត្តនឹងខ្លួនឯងយ៉ាងនេះ ទីឃាវុធ ក៏កើតងុយរកដំណេកភ្លាម។ ដូច្នេះក៏ទាញចង្កៀងប្រេងកាត៉ផ្ចាញ់ព្យុះ៉ មកសង្កត់គន្លឹះ បង្ហើបបំពង់កែវផ្លុំពន្លត់ទៅ។ ប្រាស់ចាកពីកង្វល់បាន កាលណាចិន្ដាអ្នកកំលោះក៏ផ្ដេកផ្លោះទៅរកនាងវរមិត្ត ដែលព្រាត់ទៅទីឆ្ងាយយូរខែហើយ។ ព្រលឹងមាសបងអើយ ! ម្ដេចឡើយក៏បាត់ដំណឹងច្រៀបយ៉ាងនេះ ?
****
-៧-
ស្ថានការណ៍កាន់តែអាប់អួឡើង
តាំងពី ទីឃាវុធ បានប្រគល់ប្រាក់ ៥០០រៀលឲ្យ ហុងឈី វិញពីរខែបានកន្លងផុតទៅហើយ។ ក្នុងពេលដែលចូលមកជួបលោក បាល័ដ្ឋ លើកក្រោយនោះ ឈ្មួញទុច្ចរិតបានធ្វើមុខក្រម៉ូវហាក់ដូចជាចង់និយាយថា ៈ៉យីអានេះចំជាភ្លើមែន ! គេយកនំមកឲ្យស៊ីហើយនៅមិនចេះស៊ីទៀត។ មិនអីទេអានាង ! ចាំមើលចុះគង់តែអញបានសម្រេចដូចប្រាថ្នាទេ៉។ តែទីឃាវុធ ដោយពេលនោះជាប់រវល់ការឯទៀតច្រើន ក៏ពុំបានចាប់អារម្មណ៍នឹងកិរិយាព្រហើនកោងកាចនេះឡើយ។ ក្នុងចិត្តគិតថា មុខតែក្រុមប៉ូលិសនឹងបានសំលៀកបំពាក់ធ្វើដោយសំពត់ស្វិត ហើយធន់បានយូរដូចរាជការបានកំណត់ ហើយផ្ដល់គំរូមកជាពុំខាន។
ថ្ងៃមួយក្នុងខែ ឧសភា គឺនៅពេលដែលអ្នកម៉ៅការ ជិតត្រូវយកឯកសណ្ឋាន សេន្យានុភាពប៉ូលិសមកជូនរាយការ ស្រាប់តែប្លង់តុងចូលមកជំរាបលោកបាល័ដ្ឋថាៈ ទានចៅវាយខេត្តត្រូវការជួប។ ដើម្បីតបនឹងសេចក្ដីគោរពនៃសហការី ៉ប្របាទម្ចាស់៉ គ្រាន់តែងក់ក្បាលហើយធ្វើមុខមាំដាក់ឲ្យៈ
-វុធ ! វុធ ឯងជាប្រធានគណៈកម្មការទទួលខោអាវប៉ូលិស។ អាទិត្យក្រោយនេះ គេនឹងនាំរបស់ទាំងនោះយកមកឲ្យពិនិត្យហើយ។
លោកចៅហ្វាយខេត្តឈប់មួយសន្ទុះ ដូចជាគិតរកពាក្យសិន។ ក្នុងការប្រាស្រ័យជាមួយអ្នករាជការក្រោមបង្គាប់ មន្ត្រីធំនេះមិនដែលនិយាយថាៈ៉ខ្ញុំៗ៉ទេ។ ព្រោះយល់ថាហាក់ដូចជាបន្ទាបបន្ថោកខ្លួនពេក។ ឥឡូវនឹងប្រើពាក្យ៉អញៗ៉ ទៅក៏ដូចជាជួរគ្រោតគ្រើមពេកដែរ។ ម៉្លោះហើយក៏ដាច់ស្រេចថា ត្រូវតែជៀសកុំនិយាយពាក្យទាំងនេះតែម្ដង។ ហាក់ដូចជាមានកិច្ចព្រមព្រៀងមួយដោយថតចេញស្ដី អ្នករាជការសាលាខេត្ត តែងស្ដាប់បានថា បើកាលណាក្នុងប្រសាសន៍ លោកចៅហ្វាយខេត្ត គ្មានប្រធានក្នុងប្រយោគណាមួយទេ នោះត្រូវបកស្រាយថា លោកចង់ថាខ្លួនលោកជាប្រាកដហើយ។
មួយស្របក់ក្រោយមក៉ប្របាទម្ចាស់៉និយាយថែមៈ
-បានពិនិត្យសាច់ក្រណាត់រួចហើយ ... ឃើញថាមិនខុសពីគំរូរាជការប៉ុន្មានទេ ... យល់ថាស៊ីញេទទួលយកបាន។
-ទានប្រោសសំពត់ ហុងឈី នោះមិនល្អទេ ! ផុយណាស់ក្រែងតែថៅកែនេះទិញសំពត់ផ្សេង ហើយមានសាច់ស្វិតជាជាងដែលយកមកឲ្យខ្ញុំប្របាទម្ចាស់ពិនិត្យនោះពុំដឹង។
-គ្មានក្រណាត់ណាថ្មីទៀតទេ ឃើញថាគួរសមល្មមហើយ។
-ទានប្រោស បើសំពត់កំផុយដដែលទេ ខ្ញុំប្របាទម្ចាស់មិនហ៊ានចុះហត្ថលេខាទទួលយកទេ។
ព្រោះកំហឹងចូលមកជ្រួតជ្រាប លោកចៅហ្វាយខេត្តព្រមដោយមុខក្រញូវៈ
-វុធ ឯងខ្ចីសេចក្ដីណាស់ ម្ដេចក៏ក្អេងក្អាងដល់ម៉្លឹង!
-ទានប្រោសទេ ! ខ្ញុំបាទម្ចាស់យល់ឃើញថា បើព្រមទទួលរបស់ផុយពព្រិចយ៉ាងនេះ ទៅមុខជានាំឲ្យខូចប្រយោជន៍រាជការផង ព្រោះមិនឋិតថេរបានប៉ុន្មានថ្ងៃទេ។
ចៅហ្វាយខេត្តច្រឡោតតូងៈ
-យីក្មេងនេះ មាត់ពុំទាន់បាត់ក្លិនទឹកដោះផង ហ៊ានមកប្រដៅឯង។ ទៅចុះមិនបាច់ជួបមុខទៀតទេ។
ពីរម៉ោងក្រោយមកទីឃាវុធ ក៏បានទទួលលិខិតបង្គាប់ឲ្យចេញដើរត្រួតពន្ធ ដែលទារបានតាមឃុំនានាក្នុងស្រុកបាកាន និងក្រគរ។ បេសកកម្មនេះទំរាំនឹងបំពេញរួច ត្រូវលេបពេលអស់ពីរសប្ដាហ៍យ៉ាងតិច ពោលគឺល្មមតែផុតថ្ងៃណាត់ដែលត្រូវទទួលឯកសណ្ឋានប៉ូលិស។ យ៉ាងនេះមែនហើយ ទើបមានដីកាខេត្តមួយតាំងលោកភូឈួយខេត្តជាអ្នកទទួលភណ្ឌៈទាំងនោះវិញជំនួស ទីឃាវុធ ដែលជាអ្នកមានសមត្ថភាព ដោយយកលេសថាបាល័ដ្ឋនេះជាប់រវល់ទៅបំពេញមុខនាទីមួយយ៉ាងសំខាន់។ មានដំណឹងល្ហិចល្ហៀងថាក្នុងរឿងទិញខោអាវប៉ូលិសនេះ៉ប្របាទម្ចាស់៉ បានចំនួន៉មួយខ្ទាស់ធំ៉ ពីសេចក្ដីនឹកគុណនៃ ហុងឈី។ បើនឹកដល់រឿងនេះកាលណា បាល័ដ្ឋក៏ក្ដៅក្រហាយតែមិនដឹងធ្វើដូចម្ដេចកើត។
ក្នុងពេលដែល ទីឃាវុធ រងទណ្ឌកម្ម ដើរត្រួតពន្ធនៅគ្រប់ឃុំក្នុងស្រុកបាកាន និងក្រគរ ទាំងនេះព្រោះខ្លួនមិនព្រមទទួលសំណូក៥០០រៀល ហើយរឹងទទឹងមិនបណ្ដោយឲ្យនាយចៅហ្វាយបានលាបដោយធូរ។ ស្ថានការណ៍ក្នុងសកលលោក ក៏កាន់តែធ្លាក់ដុនដាបទៅ។ នៅទ្វីបអឺរ៉ុបកងទ័ពអាកាស និងកងទ័ពរថក្រោះអាល្លឺម៉ង់បានទំលាយបានស្រួលៗ នូវការតស៊ូនៃកងទ័ពហូឡង់ បិលហ្សិក និងបារាំង។ នៅឥណ្ឌូចិន យីពុនឡើងចាងកាន់តែព្រហើន ហើយដាក់កំរិតឲ្យគេឯងកាន់តែធ្ងន់ៗឡើង។
ឯប្រទេសសៀមដែលឈ្លៀវឈ្លាសរក្សាខ្លួនបានគង់វង្សឯករាជ្យរហូតមក ក៏ដើរការប៉ិនប្រសប់ក្នុងពេលនេះទៀត។ គិតមើលចុះ តាំងពីរលាស់ខ្លួនចេញរួចពីអាណាចក្រខ្មែរកាលណាមក សៀមចេះតែបានរីកចំរើនរុងរឿងជានិច្ច។ នៅទ្វីបអាស៊ីប៉ែកខាងអាគ្នេយ៍ និងខាងកើតមានតែសៀម និងយីពុនទេ ដែលចេះកាច់ចង្កូតរេគេចរួចពីចំណីនៃមាត់ចក្រពត្តិនិយមរបស់បស្ចិមប្រទេស។ ដូច្នេះ យើងមិនត្រូវងឿងឆ្ងល់ទេ បើឃើញប្រទេសទាំងពីរនេះរួមគំនិតចែកហ៊ុនគ្នា ដណ្ដើមយកនំឥណ្ឌូចិនទៀត។ ដើម្បីសម្រេចគោលបំណងនេះ សៀមបានត្រៀមរៀបជើងចែវតាំងពីចម្ងាយ។
ដូច្នេះហើយបានជានៅចុងខែ មិថុនា គ.ស. ១៩៣៩ នាយករដ្ឋមន្ត្រីសៀមបានប្រកាសថា ចាប់ពីថ្ងៃទី ២៤ ខែដដែលនេះតទៅប្រទេសសៀមដែលបរទេសហៅថាៈ៉ស្យាមឬសៃអេម៉ នោះត្រូវប្រែហៅថាៈ៉ថៃឡងដ៏ឬថៃឡេនដ៏៉ វិញ។ ចំពោះខ្លួនឯងវិញសៀមក៏បន្លំហៅថា ៉ប្រថេតថៃ៉ ត្រង់និងពាក្យខ្មែរ ប្រទេសថៃ។ គោលបំណងក្នុងការកែប្រែឈ្មោះយ៉ាងនេះ គឺមានគំនិតកំបាំងចង់លាបប្រទេសលាវ និងភូមិភាគខ្លះក្នុងដែនតុងកឹង ដែលជាទីលំនៅរបស់ប្រជាជនពូជអម្បូរថៃដែរ ព្រមទាំងប្រទេសកម្ពុជាទៀតផង។ ថ្វីបើខ្មែរយើងពុំមែនជាប់ពូជពង្សអ្វីនិងថៃ ឬ លាវទាល់តែសោះ។ តែសៀមយកសំអាងថាកាន់សាសនាដូចគ្នា និយាយភាសាស្រដៀងគ្នា។ ដូច្នេះសៀមក៏សម្លឹងម៉ក់ៗ ឃ្លាំឱកាសនឹងស្ទុះមកត្របាក់ពាំយកកម្ពុជាទាំងមូលតែម្ដង។
នៅថ្ងៃទី ១២ មិថុនា គ.ស. ១៩៤០ រដ្ឋសភាសៀមបានធ្វើសច្ចាប័ន ចំពោះកត្តិកាសញ្ញាមិនឈ្លានពានគ្នារវាងបារាំង-ថៃ។ អត្ថបទបានផ្ដល់សារៈប្រយោជន៍ ដល់ប្រទេសសៀមសំខាន់គ្រាន់បើដែរ ដូចជាសម្រេចថាបង្ខិតព្រំដែនសៀម-លាវ រហូតមកដល់ខ្សែភាគជ្រៅនៃទន្លេមេគង្គជាដើម។ ប៉ុន្តែដោយឃើញថាក្នុងពេលនោះបារាំងបរាជ័យចាញ់អាល្លឺម៉ង់ ហើយលែងមានពិសពុលអ្វីទៀតនៅចុងបូព៌ាប្រទេស សៀមក៏រើទាមទារថ្មីទៀតដូចជាយកទន្លេមេគង្គជាបន្ទាត់ព្រំដែនរហូតក្នុងអាណាខេត្តលាវ។ បើបារាំងព្រមឲ្យតាមសេចក្ដីទាមទារនេះមែន សៀមត្រូវលេបដែនដីលាវ ដែលនៅចំពីមុខក្រុងហ្លួងព្រះបាង និងប៉ាកសេ។
មិនត្រឹមតែប៉ុណ្ណោះឡើយនៅក្នុងខែ សីហា យន្តហោះសៀមបានលួចរំលោភមកបាចខិតប័ណ្ណ លើដែនកម្ពុជាទាមទារយកខេត្តបាត់ដំបង និងសៀមរាបថែមទៀត។ វិទ្យុ និងកាសែតបាងកកព្រូសឡូៗ នូវពាក្យត្មះតេះដៀលដល់បារាំងដែលអាល្លឺម៉ង់វាយបាក់លោងទៅហើយ។
ដូចបានពណ៌នាមកហើយ ទីឃាវុធ ជាអ្នកឧស្សាហ៍អានកាសែត ហើយស្ដាប់វិទ្យុយកពត៌មានណាស់។ អំពើកំណាចរបស់សៀមតែងនាំឲ្យនាម៉ឺនកំលោះក្នាញ់ពន់ប្រមាណ។ ហេតុតែនៅក្មេង ហើយមានឧត្ដមគតិបរិបូណ៌ដោយសេចក្ដីសុចរិតស្លូតត្រង់ តាមដំបូន្មានសីលធម៌ដែលធ្លាប់បានសិក្សានោះ ទើបចៅមាណពយើងនៅមិនទាន់យល់ថាចរិយាសាស្ត្រ ដែលគ្រូអាចារ្យបង្រៀនប្រៀនប្រដៅមានប្រយោជន៍តែមួយមុខ គឺគ្រាន់តែធ្វើឲ្យយុវជនមានអំពល់ប៉ុណ្ណោះ។ ឯអ្នកកាចចង្កូតប្រទេសដែលមានឫទ្ធិ មានអំណាចវិញ ប្រកបកិរិយាដូចចោរហនេយ្យុំសុទ្ធវិស័យ។ ឲ្យតែបានឱកាសចុះ ក៏ស្ទុះទៅសង្គ្រុបក្រញីអ្នកតូចជាង ខ្សោយជាង ហើយប្លន់ដណ្ដើមយកទឹកដីគេតែម្ដង។
ក្នុងពេលដើរទស្សនាការតាមឃុំនានា ដូចបានទទួលបង្គាប់មក ទីឃាវុធ តែងទំពាអៀងនូវសេចក្ដីក្ដៅក្រហាយពីរយ៉ាងៈ ខឹងមួយនឹងចៅហ្វាយនាយស្ដីបន្ទោសទាំងទទឹងទិស ហើយខឹងមួយទៀតដោយប្រទេសសៀម ដែលខ្លួនរាប់អានជាមិត្តយ៉ាងស្មោះអស់ពីពោះបែរជាចង់ទាមទារចំណែកផ្ដាច់ខេត្តជាទីស្នេហា និងជាទីគោរពពីមាតុភូមិពីខ្លួនថែមទៀត។ កម្លាំងកំហឹងនេះនាំឲ្យលោកបាល័ដ្ឋគិតសុំលោកលាចេញពីមុខតំណែងបច្ចុប្បន្ន។ នេះនៅពុំទាន់បានទទួលផងនូវដំណឹងមួយទៀតសំខាន់លើសលប់ ដែលរងចាំខ្លួនឯផ្ទះឯណោះ។
ក្រោយដែលបានដើរដេកដោយស្រុកស្រែអស់ ១៧ ថ្ងៃមកល្ងាចមួយនាម៉ឺនកំលោះក៏បានត្រឡប់មកដល់ផ្ទះពូហ៊ីងមីងក្អាត់វិញ។លុះបានងូតទឹកជំរះកាយស្រួលបួលហើយ ទីឃាវុធ ក៏ចាប់រើបាច់សំបុត្រ និងកាសែតដែលប្លង់តុងសាលាខេត្តបានយកមកផ្ញើទុកឲ្យមីងក្អាត់។
ទីឃាវុធ បានសង្កេតអក្សរលើស្រោមសំបុត្រមួយដែលស្គាល់ជាក់ជាអក្សរ វេគី ជាមិត្តស្និទ្ធរបស់ខ្លួន។ វេគីបានបោះបង់កិច្ចសិក្សាដំណាលគ្នានឹង ទីឃាវុធ ដែរ ហើយបានមកសុំធ្វើការនៅក្រុមសម្ងាត់។ គ្រាន់តែចាប់សំបុត្រនោះភ្លាម ក៏ហាក់ដូចជាមានវិញ្ញាណក្ខន្ធមួយមកអង្រួនឲ្យនាម៉ឺនកំលោះរន្ធត់ញាប់ញ័រ ដោយបារម្ភ។ អារម្មណ៍ថប់ព្រួយក៏ក្លាយជាការពិត ដ្បិតសេចក្ដីសំបុត្រនោះនាំឲ្យ ទីឃាវុធ លើកសារកំណាចមកអានជាថ្មីម្ដងទៀតដោយផ្ចិតផ្ចង់។ វេគី បានសរសេរថាៈ
សំឡាញ់
ដូចឯងបានស្ដាប់ឮតាមវិទ្យុ ឬអានដឹងក្នុងកាសែតស្រាប់ហើយប្រទេសសៀមកំពុងឆ្លៀតឱកាសក្នុងពេលបារាំងអន្ធការ ដើម្បីវាតអាណាចក្ររំលោភមកលើដែនខ្មែរ និងលាវ មិនគួរធ្វើយ៉ាងនេះសោះ។ ប្រទេសដែលយើងទុកជារៀមច្បង បែរជាចង់ត្របាក់ប្អូនតូចៗ មើលតែត្រីឆ្ដោតែម្ដង។ ប៉ុន្តែគិតសព្វៗ ទៅ គ្មានអ្វីនឹងនាំឲ្យឆ្ងល់បានទេ ដូចមានប្រវត្តិសាស្ត្រជាសក្ខីភាពស្រាប់ហើយ។ សុរិន្ទគោកខ័ណ្ឌ បូរីរម្យ បស្ចឹមបុរី ចន្ទបូរី សុទ្ធតែភស្តុតាងឥតលុបទៅណាបានទេចំពោះការស្រេកឃ្លាមរបស់ប្រទេសនេះ។
សំឡាញ់អើយ ! ប្រទេសជិតខាងមានគំនិតទុច្ចរិតយ៉ាងនេះយូរយារណាស់មកហើយ។ គេដើរកលឧបាយ គេល្អិតជិតល្អណាស់បានជាខ្ញុំហ៊ានថាដូច្នេះ។ ព្រោះមានការមួយដែលក្រុមសម្ងាត់បានស៊ើបអង្កេត ហើយទទួលពត៌មានយ៉ាងជាក់ច្បាស់។ ការនេះទាក់ទងមកលើខ្លួនឯង លើថ្លើមប្រមាត់ឯងមិនល្អៀងទេ។
លោកទេពកោសល្លពិតជាហានសៀមមែន តែគាត់មិនបានភៀសខ្លួន ដោយជាប់ចោទថាបានរួមគំនិតនិងពួកបះបោរធ្វើរដ្ឋប្រហារទេ។ គាត់ជាចារបុរសដែលបន្លំធ្វើជាអ្នកភៀសខ្លួនក្នុងពេលមានកលិយុគ ដើម្បីមកលួចស៊ើបដំណឹងនៅប្រទេសយើង។
ក្នុងពេលចុងក្រោយនេះ គាត់បានយកញញឹមកូនស្រីគាត់ដែលជាក្ដីចិញ្ចាចដូចអរុណរះ ដើម្បីជាឧបករណ៍រំលាយដួងចិត្តយុវជនយើងប្រយោជន៍ស៊ើបការណ៍ឲ្យបានលទ្ធផលកាន់តែប្រសើរឡើង។ កាលពីវ៉ាកងខាំអាវ្រីល(មេសា) មុននេះ យើងបានជូនគាត់ដើរលេងក្នុងខេត្តសៀមរាប គាត់ឆ្លៀតឱកាសនោះ ដើរថតវាលកប៉ាល់ហោះនឹងបន្ទាយទាហាន។ ខ្ញុំមិនបន្ទោសឯងទេ។ប៉ុន្តែតោងយើងប្រយ័ត្នប្រយែងខ្លួនទៅថ្ងៃមុខទៀត។ តាមសង្កេតមើលទៅនារីសៀមអាចប្រៀបបានទៅផ្កាប្រភេទខ្លះ ដែលមានទ្រង់ទ្រាយយ៉ាងល្អមានក្លិនយ៉ាងក្រអូបសំរាប់ជានុយឲ្យឃ្មុំ ឬសត្វល្អិតមកចោមរោម ហើយក្ដោបត្របកក្រសោបចាប់សត្វទាំងនោះ ហើយរំលាយជាអាហារទៅ ...៉។
***
ស្រីចង្រៃ ស្រីកាឡកណ្ណី ស្រីថ្លើមខ្មៅ យ៉ាងនុ៎ះមែនឬអី? ចិត្តឆ្លើយភ្លាមថាពុំមែនទេ ! ពុំមែនទេ ! ដ្បិតអីកិរិយានាងទន់ភ្លន់យ៉ាងនេះ។ សេចក្ដីស្មោះត្រង់យ៉ាងនេះ មិនសមមានគំនិតអាក្រក់លាក់លៀមបានឡើយ។ ឪពុកសោតក៏គួរសំគាល់បានថាជាអ្នកមានចិត្តធម៌ ចិត្តភក្ដីឥតវៀចវេរបានទេ។ ទីឃាវុធ អន្ទះអន្ទែងវិលវល់ក្នុង សេចក្ដីសង្ស័យ ហើយបង្រះតែឯកាក្នុងគ្រែមួយ ដែលមានសភាព ដូចជាក្រាលនូវបន្លា ដែលចាក់សាច់មុតពេញខ្លួនរកផ្អៀងទៅខាងណាក៏ពុំផុតរំខានបានឡើយ។ ដោយធ្លាប់អានសៀវភៅនិងមើលកុនហើយ ដោយនឹកដល់រឿង ម៉ាតាហារី ក្នុងសង្គ្រាមលោកលើកទីមួយ បាល័ដ្ឋកំលោះក៏មានអារម្មណ៍មួយភ្លែត។ គេថាពួកចារបុរស ឬចារស្ត្រី ប្រសប់លាក់គំនិតណាស់ ក្លែងធ្វើឫកពារឲ្យឯងភ្លេចខ្លួន។ អ៊ីចឹងមែនហើយហ្ន៎ ! នាងចារនារី ចន្ទមណី ជាបុត្រីចារបុរស ទេពកោសល្ល វិចិត្រករ។
ក្រុមសម្ងាត់ធ្វើការម៉ត់ចត់ល្អណាស់ មិនងាយចោទព្រាវៗកើតទេ។ មួយទៀត វេគី ជាមិត្តស្និទ្ធស្នាលរបស់ខ្លួនមានការស្ទាត់កំបាំងយ៉ាងណាពុំដែលលាក់លៀមនឹងគ្នាទេ។ ឯទីឃាវុធធ្លាប់បាននិយាយប្រាប់សម្លាញ់ថា ខ្លួនចាប់គួចស្នេហានាង ចន្ទមណី។ ទាល់តែច្បាស់ការពិតប្រាកដណាស់ហើយ ទើបហានមករំលាយបេតីដ៏ធំទូលាយរបស់ខ្លួន។ ពិតជាក្រុមចារកម្ម ទាំងឪពុកទាំងកូនមែនហើយ ទើបឥឡូវលែងឲ្យដំណឹងមកសោះ។ ខ្លួនអើយខំស្រលាញ់គេបង់ចិត្ត ! ឥឡូវគប្បីរកវិធីកែខ្លួន សងសឹកសេចក្ដីស្នេហាថ្លាបរិសុទ្ធ ដែលមានមនុស្សពាលយកមកឈ្លីលេងជាល្បែង។
មួយទៀតខ្លួន នឹងទ្រាំធ្វើការនៅពោធិ៍សាត់តទៅទៀតក៏ពុំកើតដែរ។ ចៅហ្វាយនាយស្អប់ខ្លួន ហើយមុខជាគេនឹងគុំរករឿងផ្លាស់ចេញជាពុំខាន ដើម្បីចាំទទួលលាភក្រៅរាជការដោយឥតមាននរណាចាំជំទាស់។
***
តាំងពីដើមខែ កញ្ញា មក ទីឃាវុធ បានស្ម័គ្រចិត្តចូលទាហាន។ ដូចសាមីខ្លួនបានគ្រោងទុកជាមុន លោកចៅហ្វាយខេត្តអរណាស់ដោយប្រទះឃើញងាយៗ នូវមធ្យោបាយគាស់បំបាក់មនុស្សទាស់មុខ ទាស់មាត់យ៉ាងនេះ។
រាជការទាហានបានបញ្ជូននាយកំលោះយើង ឲ្យមកហាត់ហ្វឹកហ្វឺននៅបន្ទាយរមាសក្នុងខេត្តកំពង់ឆ្នាំង។ ភូមិរមាសជាទីប្រជុំជនសំខាន់មួយ តាំងនៅផ្លូវរថភ្លើងទៅបាត់ដំបង។
ដោយសារសេចក្ដីផ្ចិតផ្ចង់ ព្រោះជាកិច្ចបន្លំទុក្ខផង ហើយជាវិធានការអាចឲ្យខ្លួនបានយកអាសាមាតុភូមិដោយកម្លាំងផង ទីឃាវុធ បានហាត់ក្នុងអំឡុងបីខែ ក៏ចេះយ៉ាងជំនាញក្នុងក្បួនទាហាន។ ក្នុងថេរវេលាដដែលនេះស្ថានការណ៍កាន់តែធ្លាក់ដុនដាបទៅរកបុថុជ្ជននិងគ្រោះថ្នាក់។
នៅចុងខែ កញ្ញា សៀមបានបើកឆាកបង្កបង្កើតឧប្បត្តិហេតុកាន់តែញឹកញាប់ឡើង តាមដងទន្លេមេគង្គក្នុងដែនប្រទេសលាវ។ ការលបវាយឆ្មក់គ្នា ក៏ក្លាយជាបៀតបៀនពេញទំហឹង។ ក្រុមសេនាធិការបារាំងបានជញ្ជូនទ័ពពីតុងកឹងមកដាក់ផ្ដុំនៅភូមិភាគសេរីសោភ័ណ ព្រមទាំងជញ្ជូនទាហានខ្លះទៀត មានទាំងបារាំងទាំងកងអាកាសបរទេស ហើយពួកយួនធ្មេញខ្មៅផង មកពង្រាយជាក្បួនការពារសន្តិសុខតាមព្រំដែនខ្មែរ-សៀម និងនៅត្រើយខាងឆ្វេងទន្លេមេគង្គនៅប្រទេសលាវ។ ក្នុងពេលតែមួយនេះកងទ័ពសៀមដែលសម្បូណ៌ដោយយោធភ័ន្ត បានចូលមករុករានអាណាខេត្តលាវនៅត្រើយខាងស្ដាំទន្លេ។ ប៉ុន្តែទោះជាខំខ្នះខ្នែងដូចម្ដេច ក៏មិនទាន់ឡើងមកត្រើយខាងកើតបានឡើយ។
លុះចូលមកក្នុងខែ វិច្ឆិកា ស្ថានការណ៍កាន់តែល្អក់ខ្វល់បណ្ដាលឲ្យបារម្ភគ្រប់សង្កត់ទ្រូងប្រជាជាតិគ្រប់គ្នា។ ធ្នូ ១៩៤០ បានឃើញឧប្បត្តិហេតុ ដែកមកកាន់តែញឹកញាប់ឡើង ក្លាយទៅជាសង្គ្រាមមួយពេញលក្ខណៈ។ បើសៀមធ្វើមកយ៉ាងណា ខាងបារាំងក៏សងយ៉ាងនោះទៅវិញភ្លាម។ គឺនៅពេលនេះហើយដែលកងឯកភាពរបស់ ទីឃាវុធ បានទទួលបង្គាប់ឲ្យមកផ្ដុំក្នុងបរិវេណសិរីសោភ័ណដែរ។
ដោយការមុនបានបង្គោះបង្គៀរយកសម្ភារៈភាគច្រើនទៅច្បាំងឯអឺរ៉ុប កងទ័ពបារាំងនៅក្នុងឥណ្ឌូចិនទាំងមូលមានតែរងគ្រោះ១៥យន្តហោះប្រដេញសញ្ញាម៉ូរ៉ាន ១៥យន្តហោះប្រេតេ៤ សម្រាប់ទម្លាក់គ្រាប់បែកព្រមទាំងយន្តហោះប៉ូតេសបួនដប់ទៀត។ ឯរថក្រោះ ១៥ គ្រឿងនោះចាស់រេចរឹលណាស់ ទាល់តែបរដោយកម្លាំងយន្តខ្លួនឯងពុំកើតទៅហើយ។ ម៉្លោះហើយ តោងលើកយកទៅដាក់បន្ទំឲ្យជិះលើឡានកាំម៉្ញុង។ នេះគឺជារឿងអាខ្វាក់អាខ្វិនទំនើបថ្មី។ ព្រោះពេលកន្លងរំលងផុតយូរមកហើយ ក៏គួរអស់សំណើចដែរ តែក្នុងសម័យនោះខ្មែរគ្រប់រូបនៅក្នុងភូមិភាគបាត់ដំបង សៀមរាបភ័យភ្នែកស្លោនៅលើថ្ងាស។
តាំងពីទី ២៧ វិច្ឆិកា មកកងទ័ពអាកាសថៃ ចាប់ទម្លាក់គ្រាប់បែកលើទីក្រុងនានាក្នុងដែនឥណ្ឌូចិន មានថាខែក និងសុវណ្ណខេត្ត(ស្វ័គខេត្ត) ជាដើម។ ពីរថ្ងៃក្រោយមកសៀមផ្ដាច់គមនាគមន៍ ដោយវិទ្យុនិងទូរស័ព្ទ ហើយនៅថ្ងៃទី២ ធ្នូ អគ្គរាជទូតសៀមប្រចាំប្រទេសបារាំងបានដើរចេញពីក្រុងវីស៊្ហី ជារាជធានីបណ្ដោះអាសន្នរបស់បារាំង ដោយយកលេសថាត្រូវធ្វើដំណើរ។
ឆ្នាំ គ.ស. ១៩៤១ បានផ្ដើមឡើង ដោយឃើញទ័ពសៀមចូលបៀតបៀនពេញទំហឹង។ នៅថ្ងៃទី ៨ មករា បច្ចាមិត្តចូលមកដុតបំផ្លាញបន្ទាយទាហានក្រុមរក្សាស្រុកនៅប៉ោយប៉ែត ហើយកងអាកាសព្រហើនហោះមកទម្លាក់គ្រាប់បែកនៅ ក្រុងសេរីសោភ័ណមង្គលបុរី បាត់ដំបង ស្ទឹងត្រែង បណ្ដាលឲ្យពលរដ្ឋខ្មែរចាស់ក្មេងតូចធំ ដែលឥតមានទាក់ទងក្នុងរឿងនេះសោះ ស្លាប់បាត់បង់ជីវិតអស់ច្រើននាក់ ព្រោះតែសេចក្ដីឈ្នានីសនិងលោភោ។ ថ្ងៃទី ៩ និងទី១០ ខែដដែល ក្រុងសៀមរាបក៏ទទួលសេចក្ដីវិនាសពីលើអាកាសយ៉ាងដំណំណាស់ដែរ។ ក្នុងថ្ងៃលើកក្រោយនេះកងយន្តហោះប្រដេញបារាំង បានបាញ់បំផ្លាញយន្តហោះទម្លាក់គ្រាប់បែកសៀមបានមួយគ្រឿង។ ចំណែកកងអាកាសយានបារាំងវិញដោយមានមធ្យោបាយស្ដួចស្ដើងពេក ហ៊ានលួចទៅព្យាបាទដែនបច្ចាមិត្តតែក្នុងពេលយប់ងងឹត។
បារាំងបានផ្ដុំទ័ពនៅមុខក្រុងសេរីសោភ័ណ ក្រាស់ក្រែលគ្រាន់បើដែរ ព្រោះមានបំណងចង់វាយលុកចូលដែនខ្មាំងតាមប៉ោយប៉ែតអរញ្ញ។ ដើម្បីឲ្យផែនការនេះបានប្រកបដោយជោគជ័យ កងនាវាក៏ទទួលបង្គាប់ឲ្យដើរឧបាយកលបញ្ឆោត ធ្វើកិរិយាហាក់ដូចជានឹងនាំទ័ពទៅឡើងគោកត្រង់តំបន់ចន្ទបុរី។ ហេតុនេះហើយបានជាមានការប្រយុទ្ធគ្នានៅកោះចាង ក្នុងឈូងសមុទ្រសៀមនៅថ្ងៃ ១៧ មករា។ ក្នុងឱកាសនោះកងនាវាបារាំងដែលមាននាវាពិឃាតឡាម៉ុតពីកេជាមេកន្លោង បានបំផ្លាញ និងពន្លិចនាវាពិឃាតសៀមអស់បីតួ ហើយនាវាយាមឆ្នេរសមុទ្រមួយទៀតត្រូវរបួស។ សរុបសេចក្ដីទៅ ៤០ ភាគរយ នៃមធ្យោបាយជើងទឹករបស់សៀម ត្រូវខ្នាតចេញពីការប្រយុទ្ធ។ ចំណែកខាងនាវាបារាំងវិញ ថ្វីបើយន្តហោះសៀមដេញតាមទម្លាក់គ្រាប់បែក តែបានគេចខ្លួនរួចឥតមានរខិតអ្វីដល់តូចមួយឡើយ។
ជ័យជំនះមានឡើងតែនៅលើទឹកទេ ប៉ុន្តែនៅលើគោកវិញវាសនានៃអាវុធពួកខាងឥណ្ឌូចិន ពុំបានភ្លឺថ្លាដូចយ៉ាងនោះឡើយ។ នៅថ្ងៃ ១០ មករា កងទ័ពសៀមបានឆ្លងព្រំដែនមកវាយប៉ុស្តិ៍សំរោង(សៀមរាប) ហើយនៅយាងដង្គុំ និងក្បាលក្របី(ប៉ោយប៉ែត)។ នៅថ្ងៃ ១៦ ដែលជាថ្ងៃកំណត់របស់ក្រុមសេនាធិការបារាំងថានឹងលើកទៅវាយកំចាត់កងទ័ពសៀមដោយមានពួកចារបុរសស៊ើបដឹងការច្បាស់ជាមុន បានរៀបប្រុងខ្លួនជាស្រេច។ នៅថ្ងៃនោះចាប់ពីម៉ោង ៣ទៀបភ្លឺ កងទ័ពបារាំងបានចេញពីទីតាំង ធម្មតាទៅពួនបង្កប់ខ្លួនតាមជួរដងព្រៃ។ គ្រានោះព្រិន្ទបាល ទីឃាវុធ បានទទួលបង្គាប់នាំផ្នែករបស់ខ្លួនទៅចាំស្ទាក់ត្រង់ច្រកកូនអូ។
ក្នុងរាត្រីស្ងាត់ ដែលមានពន្លឺផ្កាយបង្ហាញរាងរៅវត្ថុឡាំងឡាយយ៉ាងស្រពេចស្រពិល កងទាហានបានលបចូលទៅកាន់លេណដ្ឋានថ្មីដែលបានជីកទុកប្រចាំការពីថ្ងៃមុន ដោយប្រយ័ត្នប្រយែងមិនឲ្យឮសួរប្រិបព្រួបសោះឡើយ។ ទីទុយ និងចង្រិតដែកយំម្ដងៗ នាំឲ្យតុណ្ហីភាពដែលនៅចន្លោះមានភាពណែនក្ដន់ណាស់ទៅទៀត។ ពួកយោធាមុជក្រាប ហើយនៅនឹងខ្លួនថ្កល់ អាវុធគងលើត្រង់សេប្រចាំការ ភ្នែកដៅសំឡឹងទៅទីតាំងថែដែលនៅត្រង់មាត់ព្រែម្ខាងវាលចម្ងាយរវាង ២០០ម៉ែត្រ។ ទឹកចិត្តរីកថ្លា កងទាហានខ្មែរសង្ឃឹមថាម្ដងនេះមុខជាជោគជ័យបើកឡើងហើយ ដើម្បីសងសឹកជនរួមជាតិដែលបាត់ដោយស្នាដៃខ្មាំង។
មនោសញ្ចេតនាបែបនេះ បានធ្វើឲ្យឱរា ទីឃាវុធ ក្ដៅជាងពួកម៉ាកដទៃទៀត។ ចំពោះព្រោះខ្លួនត្រូវសងសឹកជាពីរជាន់គឺមួយចំពោះជាតិដែលមានសត្រូវមករាតត្បាត ហើយមួយទៀតចំពោះឧត្តមគតិខាងសេចក្ដីសំបុត្ររបស់ វេគី ដែលបានបើកបង្ហាញឲ្យឃើញនូវគំនិតអាក្រក់របស់ជនដែលខ្លួនបានលើកជាមិត្ត ឬជាឆ្នើមត្រួយចិត្តកាលណាឡើង។ អ្នកកំលោះយើងក៏ក្ដាប់កាំភ្លើងដោយកំហឹងហើយប្រុងតម្លោះកៃបាញ់ទៅលើបច្ចាមិត្តដែលគ្មានរូប។ ឱនាយទេពកោសល្ល ! ឱនាង ចន្ទមណី ! បើអ្នកឯងទាំងពីរនាក់ហ៊ានបង្ហាញខ្លួនក្នុងគ្រានេះមុខជាអ្នកឯងគ្រោះជូជកធំហើយ។
ម៉ោង ៥ បៀតភ្លឺ កាំភ្លើង ៧៥មម ចំនួន ១០ដើមដែលជារបស់សំណល់បាតឃ្លាំង បានចាប់បាញ់ក្ដុងៗ បំផ្លាងទៅខាងមុខប្រយោជន៍ជារនាំងឲ្យទាហានថ្មើរជើងរុលទៅរកខ្មាំង។ ឯ៉អាខ្វាក់អាខ្វិន៉ ដែលបានយកមកប្រើនៅទីនោះចំនួន៥គ្រឿងនឹងគេ ក៏ងងក់កាត់កញ្ច្រាំងស្រែចូលបាញ់នឹងគេដែរ។
មធ្យោបាយខ្សត់ខ្សោយយ៉ាងនេះ នឹងយកជោគជ័យបានតែកាលណាខ្មាំងគ្មានប្រដាប់យ៉ាងនោះ ឬមួយពុំបានដឹងខ្លួនត្រៀមការទុកជាមុនផង។ តែស្ថានការណ៍ពុំមេនយ៉ាងនោះសោះឡើយ ព្រោះយីពុនបានផ្ដល់ឲ្យទ័ពសៀមនូវយោធបរិក្ខារយ៉ាងឆើតៗ ហើយក្រុមសេនាធិការសៀមសោត ក៏បានទទួលរាយការណ៍ពីចារបុរសយ៉ាងច្បាស់ៗ អំពីផែនការកំបាំងរបស់បារាំង។ ដូច្នេះសៀមចាត់ការសម្រាប់តបតនឹងការវាយលុករួចជាស្រេច។ ដោយសម្ងាត់ សៀមបានប្រមូលរថក្រោះ និងកាណុងយ៉ាងក្រាស់ក្រែលមកលាក់ទុកនៅក្បាលទ័ព ត្រង់កន្លែងដែលស៊ើបការណ៍ដឹងថាបារាំងប្រុងនឹងវាយទម្លុះ។ សៀមពុំក្អកពុំគ្រហែមទេ ទុកឲ្យកាណុងព្រូសតាមចិត្ត ដើម្បីយកឱកាសសំគាល់ទីតាំងកាំភ្លើងធំទាំងនេះ។ កាណុង បារាំងបាញ់ពុំមានប្រសិទ្ធភាពអ្វីសោះ ព្រោះសៀមដឹងខ្លួនបានដកទាហានទៅតាំងទីមួយថ្មីឃ្លាតពីដើមបន្តិច។ សៀមពុំមាត់ពុំកអ្វីសោះ ទុកឲ្យទាហានខាងបារាំងរុលចូលស៊ងកាំភ្លើងរបស់ខ្លួន។ លុះបានទីហើយកាណុង សៀមក៏បានបាញ់ផ្ទីងស្រោចមកលើកាណុងបារាំង ឯកាំភ្លើងយន្តសៀមក៏បាញ់រះជះគ្រាប់ដូចព្រិល។
គ្រាប់កាំភ្លើងធំសៀម ហោះជ្រែកអាកាសទាំងរយទាំងពាន់បញ្ចេញសម្លេងវែងគ្រលួច ទន្ទាបចុះមកបាក់មែកឈើ ហើយស្ទុះមកបុកដីជះបំបែកពិឃាតនៅគ្រប់ទិស។ ក្ដុងៗ រថបន្ទុកបារាំង(អាខ្វាក់អាខ្វិន) បារាំងដោយគ្រាប់ធ្លាក់ចំពីលើ ក៏ផ្ទុះកំចាយបំណែកបណ្ដាលឲ្យប្រេងសាំងឆេះហុយទ្រលោម។ ឯកាណុងបារាំងសោតទៀតក៏ចូលក្នុងវិនាសកម្មយ៉ាងឆុតឆាប់ ព្រោះបច្ចាមិត្តគេមានចំនួនលើសលប់មកចោមព្រួតបំផ្លាញ ប៉ុន្តែថ្វីបើធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបខ្មាំងយ៉ាងនេះក៏ដោយ កងទាហានខ្មែរស៊ូក្រាញនៅនឹងកន្លែងមិនព្រមដកខ្លួនថយទេ។
លុះឃើញថាកាណុងបារាំងស្ងាត់មាត់លែងបាញ់ហើយ សៀមក៏ឈប់ដែរ។ ក្នុងពេលនោះលេចឮសូរយន្តខ្ទ័រក្រើកដី។ កងរថក្រោះវារគើមចេញពីមាត់ព្រៃម្ខាងមកព្រោះភ្លើង បែបនាគរាជក្នុងរឿងសាស្ត្រាស្លឹករឹត។ មុ័ងៗ កាំភ្លើងរថក្រោះបាញ់ស្រោចមកលើទាហានខ្មែរ ដែលក្រាបនៅស្ងៀមចាំល្មមដល់ប្រយោលនឹងយកកាំភ្លើងយន្តបាញ់ត។ ក្នុងពេលនោះបារាំងពុំមានកាណុងសម្រាប់បាញ់រថក្រោះទេ។ ដូច្នេះ ទាហានតាំងបំបែរបំពង់កាំភ្លើងសម្រាប់បាញ់យន្តហោះតម្រងមកលើអណ្ដើកដែកទាំងនោះវិញ។ ចាត់ការដូច្នេះជាមធ្យោបាយយុទ្ធស្មោះ ព្រោះគ្រាប់កាំភ្លើងបាញ់យន្តហោះ មិនអាចប៉ះផ្ទាំងដែកក្រាស់បានឡើយ។ ឱកម្មក្រាស់ពេកក្នុងពេលដែលពួកទាហានថ្មើរជើងកំពុងជាប់ដៃខាងក្រោម ស្រាប់តែយន្តហោះលាបសញ្ញាទង់សៀម ហោះចេញពីដុំពពកមកបាញ់រះនកចោលគ្រាប់បែកកក្រើករំពើកទាំងពសុធា។
ទាហានខ្មែរ ខំតស៊ូដោយមធ្យោបាយស្ដួចស្ដើង មានទំនងដូចកូនក្មេងកាន់ចង្កឹះទៅតាមដេញវាយយក្សា។ ថ្ងៃរះពេញពន្លឺចោលរស្មីទៅលើវិការដ្ឋានមួយ ដែលបរិបូណ៌ដោយឈាមហូរដេរដាសនិងសេចក្ដីវិនាសយ៉ាងឆុតឆាប់។
ដោយទាហានបាញ់កាំភ្លើងយន្តនៅក្បែរខ្លួនត្រូវគ្រាប់ ហើយមានលោហិតហូរពពុះស្គុលចេញពីមាត់ ទីឃាវុធ ក៏ស្ទុះទៅបាញ់ជំនួស។ គ្រាប់កាំភ្លើងព្រួសចេញពីមាត់ត្រែក្រហម ដោយក្ដៅហើយធ្លាក់បីដូចគេបាចទៅស្បែកក្រាស់នៃរថក្រោះ ឧបមាដូចជាតំណក់ទឹកភ្លៀងធ្លាក់លើខ្នងទាដែលកំពុងដើរ។ អណ្ដើកយន្តចេះតែបោលសំរុកជិតមកៗ ទីឃាវុធ ចេះតែសង្កត់កៃបាញ់គ្មាននឹកនាថានឹងដកខ្លួនថយម្ដងណាឡើយ ស្រាប់តែឮសូរក្លឹបញ័រខ្លួនខ្ញាក ហើយងងឹតមុខជ្រប់ដួលទ្រេតទៅលើមាត់លេណដ្ឋាន។
****
-៨-
ស្រឡាញ់ជាតិបង្ក្រាបស្នេហា
ក្រុងអរញ្ញប្រះថេត (អរញ្ញប្រទេស) ឬដែលហៅដោយខ្លីថាអរញ្ញ ជាទីប្រជុំជនតូចមួយតាំងក្នុងដែនថៃជិតព្រំដែនខ្មែរ។ មានផ្លូវដែក និងផ្លូវថ្នល់ភ្ជាប់ទីក្រុងនេះទៅបាងកក។ ដូចទីក្រុងឯទៀតដែលនៅក្បែរព្រំដែនក្នុងពេលដែលសាន្តត្រាណ សកម្មភាពនៅអរញ្ញបានចំរើន តែដោយរបររត់គយមួយមុខ។ តាំងពីសង្គ្រាមរវាងថៃ-បារាំងនៅឥណ្ឌូចិនបានផ្ទុះឡើងកាលណា អរញ្ញក៏ក្លាយជាទីសំណាក់ដ៏ភាគច្រើននៃជនពាក់ឯកសណ្ឋាន។
ដោយឃើញថាអរញ្ញនៅជិតរណសិរ្ស ក្រុមសេនាធិការសៀមបានលើកអង្គការសំខាន់ផ្សេងៗ មកតាំងនៅទីនេះ។ នៅវត្តមួយឆ្ងាយពីផ្សារបន្តិច រាជការបានកែនយកសាលាធំសម្រាប់និមន្តព្រះសង្ឃឆាន់ មករៀបតុបតែងជាមន្ទីរពេទ្យវះកាត់បណ្ដោះអាសន្ន។
នៅថ្ងៃទី ១៦ មករា បុគ្គលិកមន្ទីរពេទ្យនេះមានសេចក្ដីភ្ញាក់ផ្អើលខុសពីធម្មតា។ តាំងពីបៀតភ្លឺមកកាណុងឆ្លងឆ្លើយគ្នាពុំដាច់សូរសោះ។ បន្ទាប់មកយន្តហោះប្រដេញ និងយន្តហោះចូលលុករវាង ៥០គ្រឿង ហើរកាត់ទីក្រុងឆ្ពោះទៅសមរភូមិ។ មន្ទីរពេទ្យនេះមានដុកទ័រស័ក្ដិប្រាំជាមេ ហើយដុកទ័រសាក់បីពីរនាក់ទៀតជាអ្នកជំនួយ។ គិលានុបដ្ឋាយិកា ១៥នាក់ ដែលសុទ្ធតែនារីស្ម័គ្រចិត្តចាំបំរើការក្រោមបង្គាប់ស្ត្រីម្នាក់ជាមេធំ។ ក្នុងពពួកមាណវីស្លៀកពាក់សទាំងនេះយើងបានជួបឡើងនូវយុវតីម្នាក់ដែលធ្លាប់ស្គាល់មកហើយ។
នាង ចន្ទមណី កាលណានាងបានឃើញថា ម្ដាយនាងបានធូរស្រយាលហើយ នាងក៏សុំអនុញ្ញាតពីនាក់ដ៏មានគុណទាំងពីរដើម្បីស្ម័គ្រចិត្តចូលហ្វឹកហ្វឺនជាគិលានុបដ្ឋាយិកា ព្រោះនាងយល់ថាការថែអ្នករបួសក្នុងសង្គ្រាមជាអំពើកុសលផង ហើយជាឱកាសបំពេញករណីយកិច្ចចំពោះជាតិផង។ មួយទៀតកាលណាយើងមានការធ្វើយ៉ាងតែងបំភ្លេចបាននូវកង្វល់ និងទុក្ខព្រួយ បើមិនបានទាំងអស់ក៏គង់បានភាគខ្លះដែរ។ នាងពុំមែនចូលចិត្តឲ្យកើតសង្គ្រាមទេ។ តែធ្វើម្ដេចអ្នកគ្រប់គ្រង់ប្រទេស បាននាំមាតុភូមិឲ្យរមៀលចូលក្នុងភ្នក់ភ្លើងយ៉ាងនេះទៅហើយ។ នាងយល់ថា គប្បីពលរដ្ឋទាំងឡាយបំពេញករណីយកិច្ចតែរៀងខ្លួន។
ក្នុងពេលដែលនាងចូលបំរើជាតិតាមស្ត្រីភេទ ចិត្តនាងប្រមើលវិតក្ក ដោយភ័យព្រួយចំពោះទំហំមុខរង្វះនៃជ្រោះកំណាចដែលធ្វើឲ្យនាងឃ្លាតឆ្ងាយពីគូសង្សារ។ ដើមដំបូងនាងបានសរសេរសំបុត្រជូនពត៌មានក្បោះក្បាយដល់មិត្តនៅស្រុកខ្មែរ។ ប៉ុន្តែតាំងណីរាជការទាំងសងខាង ចាត់ឲ្យមានត្រួតលិខិតកាលណាមកនាងខំទប់ចិត្តសរសេរតែយ៉ាងខ្លីៗ ហើយតមកទៀត ក៏ឈប់សរសេរស្មោះតែម្ដង។ មិនមែនថានាងដាច់អាល័យទេ។ នាងស្ងួតសប់គិតមកគូសង្សារពុំលោះពេលសោះឡើយ។
ក្រោយដែលនាងបានហាត់រៀន ជានាងព្យាបាលអ្នករបួស និងថែជម្ងឺបាន ៦ខែមក គឺនៅពេលដែលស្ថានការណ៍ចោលចំហាយកាន់តែក្ដៅឡើង រាជការក៏បានចាត់នាងឲ្យមកធ្វើការប្រចាំមន្ទីរពេទ្យនៅអារញ្ញ។ មិនបានប៉ុន្មានថ្ងៃចំបាំងក៏ឆេះសន្ធោសន្ធៅបណ្ដាលឲ្យមានរបួស មានស្លាប់ មានរងរបួសគ្រប់យ៉ាង។ ដោយឃើញប្រទេសទាំងពីរ ដែលត្រូវរួបរួមគ្នាដោយចំណងភាតរភាព។ ព្រោះមានសាសនាដូចគ្នា មានប្រពៃណីដូចគ្នា មានសិល្បៈ និងវប្បធម៌ដូចគ្នាបែរប្រខាំញក់ញីគ្នាដល់ម៉្លេះ សេចក្ដីស្អប់ខ្ពើមសង្គ្រាមដែលតែងមានស្រាប់មកហើយក្នុងចិត្តនាង ក៏កាន់តែរីកធំឡើងទៀត។ ស្នេហាថ្លៃថ្លាដែលហឫទ័យនាងបានអោបក្រសោបទុក បានបិទផ្លូវមិនឲ្យនាងយល់សោះថាៈ ហេតុដូចម្ដេចបានជាមនុស្សលោកតោងត្រូវរហែកហួរគ្នាដូចតិរច្ឆាន។ ប៉ុន្តែ វិសាលភាពនៃធម៌នេះហួសកម្លាំង ហួសនិស័្សយគំនិតរបស់នាង ដូច្នេះនាងស៊ូទ្រាំបំពេញមុខការជាករណីយកិច្ចដោយស្ងប់ស្ងៀម។
នៅរសៀលថ្ងៃទី ១៦ មករា កងរថយន្តពេទ្យបានផ្ទុកអ្នករបួសមកឲ្យមន្ទីរវះកាត់ក្នុងវត្ត។ កងកាកបាទក្រហមថៃ ប្រមូលរើសយកពុំថាទាហានរបួសជាតិសៀម ឬទាហានសហព័ន្ធឥណ្ឌូចិនទេ។ ព្រោះទាហានខាងគេចេះតែមានថ្វីដៃជឿនទៅមុខដរាប គេចាប់បានពួកត្រូវរបួសខាងបារាំងបានយ៉ាងក្រាស់ក្រែល។ រវាងបីម៉ោងមកហើយរថយន្តកាកបាទក្រហម បានជញ្ជូនអ្នករបួសមកប្រគល់ឲ្យមន្ទីរពេទ្យក្នុងវត្ត។ ទាំងពេទ្យធំទាំងសហការិនី បានខំវះកាត់ដាក់ថ្នាំ ឬពុំរបួសឥតមានឈប់ដៃសោះឡើយ។ តាមធម្មតាមន្ទីរពេទ្យនេះគ្រាន់តែចាត់ការសើៗ បណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះពុំមានឋបនីយភណ្ឌអ្វីមួនមាំទេ។ ដោយហេតុដូច្នេះហើយបានជារាជការសឹក បានចាត់ឲ្យមានខ្សែរថភ្លើងពិសេសមួយសម្រាប់ដឹកអ្នករបួសជារៀងរាល់ថ្ងៃទៅថែទាំឯមន្ទីរពេទ្យធំៗ នាក្រុងបាងកកទៀត។
តាំងពីថ្ងៃត្រង់មក ពេទ្យធ្វើការពុំបានឈប់សំរាកទេ។ ឥឡូវម៉ោង ៥រសៀល ហើយពួកអ្នករបួសក៏ស្បើយចំនួនទៅដែរ។ បុគ្គលិកចាប់ផ្ដើមសង្ឃឹមថាបន្តិចទៀតបានឈប់សំរាកហើយ។
ក្នុងគ្រានោះ នាង ចន្ទមណី បានរុំមុខរបួសឲ្យទាហានម្នាក់រួចក៏ចេញមកយកអាកាសត្រង់មាត់ជណ្ដើរ។ គិលានុបដ្ឋាយិកាពីរនាក់ស្ទុះទៅបើកសន្ទះខាងក្រោយ ហើយនាំគ្នាសែងចុះមកនូវបុរសម្នាក់ដែលដេកស្ដូកស្ដឹងពុំដឹងខ្លួន។ ថ្វីបើអ្នកសន្លប់នោះមានក្បាលរុំស៊ោងពោងមានមុខ និងឯកសណ្ឋានប្រឡាក់ឈាមជោក នាងគ្រាន់តែចោលភ្នែកមួយភ្លែត ក៏ញ័របេះដូងព្រួយរន្ធត់។ យីម៉េចអីចឹង?ច្រឡំភ្នែកទេដឹង?
ទាំងថប់ព្រួយអួលផ្សា នាងដើរតាមពួកសែងអ្នករបួសចូលក្នុងបន្ទប់វះកាត់។ នាងដឹងថា កាលនោះរាជការខាងឥណ្ឌូចិនបានបញ្ជាឲ្យទាហានទាំងឡាយពាក់ខ្សែដៃស្ពាន់គ្រប់ៗ គ្នា ប្រដាប់ដោយកូនបន្ទះមួយដែលមានចារដាក់ឈ្មោះ ដើម្បីងាយស្គាល់នាមក្នុងឱកាសមានគ្រោះថ្នាក់ជាយថាហេតុ។ ដើម្បីឲ្យអស់ពិភាល់នាងទាញដៃស្ដាំអ្នករបួសសន្លប់មកមើលឈ្មោះ។ គ្មានអ្វីឲ្យសង្ស័យបានទៀតទេ ! នៅលើបន្ទះស្ពាន់សមានឆ្លាក់អក្សរបារាំងថា ៈ ៉ព្រិន្ទបាលទោទីឃាវុធ លេខប្រចាំខ្លួន ១៣.៦៣៩៉។
ញ័រខ្លួនចំប្រប់ នាងខំទប់មិនឲ្យទឹកភ្នែកជោរជល ហើយហូរចេញមកបាន។ ដោយថ្នាក់ថ្នមដៃ គ្រូពេទ្យស័ក្តិប្រាំបានចាប់លាប៉ងស៊ីម៉ង់ក្បាល ដែលគិលានុបដ្ឋាយិកាបានរុំជាបណ្ដោះអាសន្ននៅទីប្រឡូកគ្នា។ នុះបានពិនិត្យហើយលោកដុកទ័រថ្លែងថា របួសនេះសើៗ ទេ ព្រោះត្រូវនឹងអំបែងគ្រាប់កាំភ្លើងដែលជះមកពីចម្ងាយ។ បន្ទាប់មកគ្រូពេទ្យចាប់ដោះអាវ ហើយគយគន់មុខរបួសធំមួយត្រង់ឆ្អឹងជំនីរទៀត ដុកទ័រយកម្រាមសង្កត់ ទើបលាន់មាត់ថាៈ
យីបាក់ឆ្អឹងជំនីរអស់ពីរ តែមិនដឹងជាប៉ះពាល់ដល់គ្រឿងក្នុងឬដូចម្ដេចខ្លះ។ មុននឹងយកទៅឆ្លុះវិទ្យុឆាយាកម្មត្រូវចាក់ឈាមបញ្ចូលសិន។
ថាក៏បង្គាប់ទៅស្ត្រីមេគិលានុបដ្ឋាយិកា ឲ្យយកបំពង់កែវមកបឺតឈាមអ្នករបួស ដើម្បីធ្វើវិភាគមើល ដែលជាហេតុឲ្យដឹងជាក់ថាលោហិតគេជាប់ក្នុងប្រភេទអក្សរណា។ ១៥នាទីក្រោយមកនាងព្យាបាលចូលមកជំរាបលទ្ធផលវិញៈ
-ឈាមពួកអក្សរ៉ឃ៉ ទាន។ ខ្ញុំបានរកសព្វគ្រប់អស់ហើយឈាមស្រស់ប្រភេទអក្សរនេះអស់រលីងគ្មានសល់បន្តិចសោះ។
គ្រូពេទ្យនៅស្ងៀមមួយស្របក់ទើបសួរថាៈ
-ពួកគ្នាយើង ដែលបានចុះឈ្មោះស្ម័គ្រចិត្តបម្រុងឲ្យឈាមនោះ តើមានអ្នកណាជាពួកអក្សរ៉ឃ៉ ដែរឬទេ?
នាង ចន្ទមណី ដែលឈរធ្មាំងដូចភ្លេចព្រលឹង ព្រោះសេចក្ដីព្រួយបារម្ភសង្កត់ណែន ក៏ភ្ញាក់ខ្លួនព្រើតដោយឮសំនួរនេះ។ នាងឆ្លើយថាៈ
-ខ្ញុំលោកឈាមខ្ញុំអក្សរ៉ឃ៉ដែរ។ លោកត្រូវការប៉ុណ្ណា ក៏អញ្ជើញយកចុះឲ្យតែបុរសនេះបានផុតពីអន្តរាយ។
កាលបើបានទទួលឈាមពីនាងដល់កម្រិត អតិបរិមាណដែលនាងអាចធ្វើអំណោយបានរួចហើយ អ្នករបួសដែលពីមុនស្លាំងស្លឺតដូចទេសឯកនោះ ឥឡូវប្រែសម្បុរហាក់ដូចជាមានជីវភាពឡើងវិញ។ គ្រោះធំដែលនាំឲ្យនាងតក់ស្លុតដ៏ចំហុតនេះ បានធ្វើឲ្យនាងត្រេកអរមួយយ៉ាងដែរ។ ព្រោះនាងបានឱកាសដ៏ប្រសើរយកឈាមនាងទៅជួយទ្រទ្រង់ដោយផ្ទាល់នូវជីវិតបុរសមួយ ដែលនាងលើកជាកំពូលនៃចិត្តនាង។ នាងឆ្វេងយល់ដោយព្រឺព្រួចថា បេះដូងទាហានខ្មែរបានយោគយោលបូមឈាមក្នុងសរីរាង្គកាយ ដែលមានឈាមរបស់នាងលាយជាមួយដែរ។ ការឆ្លុះវិទ្យុមិនបានបង្ហាញឲ្យឃើញថា មានធ្លុះធ្លាយ ឬប៉ះពាល់ដល់គ្រឿងសំខាន់អ្វីទេ។ ប៉ុន្តែដោយមុខរបួសនោះធំពេក ហើយដោយបាត់បង់ឈាមក្រាស់ក្រែលផង អ្នករងគ្រោះ ថ្វីបានទទួលថែទាំយ៉ាងមុតមាំនៅតែមុនទាន់បានដឹងខ្លួននៅឡើយ។
នៅពេលនោះ ខ្សែរថភ្លើងដែលត្រូវដឹកអ្នករបួសយកទៅថែរក្សាឯមន្ទីរពេទ្យធំនាក្រុងបាងកក បានទទួលចំណុះពេញក៏ចេញដំណើរផុតទៅហើយ។ ដូច្នេះពេទ្យក៏រៀបដំណេកដ៏សមគួរឲ្យអ្នករបួសណា ដែលទើបមកដល់ក្រោយគេសំណាក់សិន។ កាលៈទេសៈយ៉ាងនេះពេញចិត្តនាង ចន្ទមណី ណាស់ ព្រោះនាងនឹកថា ជាឱកាសនាំឲ្យនាងបានថែទាំមិត្តបានយូរពេលទៅទៀត លុះនាងបានងើបអស់កម្លាំង ដោយគេបានបូមឈាមនាងបញ្ចូលទៅឲ្យគូកំសត់របស់នាងហើយ។ នាងក៏ម្នីម្នាសួររកដំណឹងភ្លាមពីអ្នករបួស។ មិត្តនារីម្នាក់ឈ្មោះ សុមជិត្ត(សមចិត្ត) បានឆ្លើ់យថាៈ
-កុំព្រួយថ្វីបង ចន្ទមណី។ ទទួលដំណឹងនេះដោយត្រេកអរណាស់។ នាងញញឹមអរគុណ សុមជិត្ត ដែលសួរនាងបន្ថែមៈ នាង ចន្ទមណី តបនឹងសំនួរនេះដោយស្មោះត្រង់ៈ
-ប្អូនអើយ ! កាលដែលខ្ញុំទៅលេងស្រុកខ្មែរ ខ្ញុំបានជួបបុរសចិត្តជានេះឯង នាំមើលស្រុកទេសជាមួយឪពុកខ្ញុំ។
បន្ទាប់មក នាង ចន្ទមណី ក៏អធិប្បាយរៀបរាប់អំពីអនុស្សាវរីយ៍ពីប្រទេសកម្ពុជាឲ្យសហជីវីនីនាងស្គាល់។
***
សូរគោះទ្វារទឹបៗ ហើយសម្លេងស្រីហៅរន្ថាន់ទាំងភ័យព្រួយៈ
-លោកគ្រូពេទ្យទាន ! លោកគ្រូពេទ្យ។
បន្តិចក្រោយមក ទើបឮសម្លេងបុរសឆ្លើយមក ដោយចាប់ទាំងងងុយមកផង!
-អ្នកណាមានការអ្វី ?
-ខ្ញុំ សុមជិត្ត(នារីឆ្លើយ)។ អ្នករបួសខ្មែរឈ្មោះ ទីឃាវុធ នោះសន្លប់បាត់ស្មារតីទៀតហើយ ហើយកំដៅខ្លួនឡើង ៤០អង្សា។
ចេញពីបន្ទប់ដំណេកទាំងសឹងម៉ឹង។ ពេទ្យស័ក្តិប្រាំក៏ដើរខ្លួនទោរទន់ ដោយអត់ងងុយព្រោះទៅកាន់សាលាអ្នករបួសខាងក្រៅអាកាសត្រជាក់នៃអធ្រាត្រ ជះស្រោចមកលើរាងកាយធ្វើឲ្យបានស្វាងងងុយបន្តិច។ គ្រូពេទ្យយកដៃញីភ្នែក ហើយដកដង្ហើមស្រូបយកកម្លាំងពីរត្តិកាល។
ក្រោមពន្លឺសន្ធោសន្ធៅនៃគោមឆ្លុះបញ្ចាំង ដុកទ័រតាំងឲ្យនាងព្យាបាលចាប់បង្វិលខ្លួនអ្នករបួស។
-យីមុខដំបៅឆ្អឹងជំនីរហើមច្រើនជាងមុន ហើយគុំខ្ទុះផងតើ។ តោងដឹកយកទៅក្រុងទេពភ្លាមៗ ទើបបាន។ ធ្វើម្ដេចទៅហ្ន៎ ? បើរថភ្លើងពេទ្យចេញផុតទៅហើយ។ បើចាំជិះរថភ្លើងធម្មតា ដែលចេញម៉ោង ៩ព្រឹកនោះដូចជាយូរពេក។
ឈប់មួយសន្ទុះ គ្រូពេទ្យក៏អធិប្បាយជូនសហការីស្ដាប់ថែមទៀតៈ
ប្រដាប់វិទ្យុឆ្លុះយើងតូចពេក ចាស់ពេក ទើបមើលពុំបានល្អិតល្អន់បណ្ដាលឲ្យហេតុយ៉ាងនេះ។ ដូច្នេះត្រូវគិតដូចម្ដេចឲ្យបានទៅដល់ក្រុងទេពដោយរួសរាន់។
ក្នុងពេលនោះនាង ចន្ទមណី ដែលសុមជិត្ត បានទៅដាស់ហៅមកដែរ បានចូលមកដល់ហើយឮសម្ដីខាងក្រោយនេះទើបនាងស្នើសុំថាៈ
-កាលពីម្សិលមិញ ឃុនផ ខ្ញុំបានបើករថយន្តមកលេងនឹងខ្ញុំ។ តើខ្ញុំសុំអនុញ្ញាតលោកដឹកអ្នករបួសនេះទៅក្រុងទេពដោយឡានផ្ទាល់ខ្លួនបានទេ ?
***
មន្ទីរពេទ្យសេនារ័ក្ស នៅវិថីរាជទេវី ជារោងព្យាបាលមួយប្រកបដោយអគារមានក្បាច់ក្បូរបែបជាន់ចាស់នៅអឺរ៉ុប។ សំណង់ៗនានាតាំងនៅដាច់ៗ ពីគ្នា ដោយថ្នល់ ដោយលានស្មៅ ដោយស្រះឬដោយកសិណ បាននាំមកនូវសេចក្ដីស្ងប់ដល់អ្នករបួសទាំងឡាយដែលទទួលការថែទាំនៅទីនោះ។
ក្នុងអគារមួយត្រង់ជាន់ខាងក្រោមដែលមានគ្រែសៗ ចំនួនសាមសិបតម្រៀបជាពីរជួរ។ ទីឃាវុធ ដេកសន្ធឹងសន្ធៃសម្លឹងមើលពិតានធ្វើភ្នែកភ្លឹះៗ។ លើកូនតុមួយដាក់ជិតក្បាលដំណេក បាច់ផ្កាវ៉័នដាស្រស់ចំប្រប់ បង្ហាញឲ្យឃើញថាក្នុងទីក្រុងខ្មាំង ដែលខ្លួនរសាត់មកដល់នេះនៅមានជនសប្បុរសដែរ ដែលទាក់ចិត្តដល់ជីវិតខ្លួន។
ក្រោយដែលពេទ្យបានវះទំលាយមុខដំបៅ បង្ហូរយកខ្ទុះចេញហើយចាក់ថ្នាំគ្រប់យ៉ាងឲ្យជីវិតទាហានខ្មែរកម្លោះនេះ ដែលប្រតោងជាប់តែប៉ុនសរសៃសក់ទៅហើយ ក៏ស្រវាចាប់បានបន្តិចម្ដងៗនូវឫសកែវនៃសង្សារវដ្ដ។
នាង ចន្ទមណី លោកទេពកោសល្ល ព្រមទាំងភរិយា និងបងប្អូនឯទៀត បានយកចិត្តទុកដាក់មកសួរសុខភាពអ្នករបួសព្រឹកល្ងាចពុំសល់ថ្ងៃទេ។ ថ្នាំណាដែលពេទ្យគ្មាន តែដែលមានលក់នៅទីផ្សារងងឹតតម្លៃយ៉ាងខ្ពស់នោះលោក ទេពកោសល្ល ចាត់ឲ្យទិញឥតរួញរាទេធ្វើដូចម្ដេចឲ្យតែមិត្តកំលោះបានរំដោះផុតពីភ័យ។
ក្រោយពេលដែល ទីឃាវុធ ចាប់ដឹងខ្លួនឡើងវិញហើយនាង ចន្ទមណី បានសង្កេតឃើញថា កាលណានាងមកសួរម្ដងៗ មុខអ្នកជំងឺនេះឡើងក្រហមទុំ ខាំមាត់ក្រឺតៗ ដោយក្រោធខឹងខ្លាំង ហើយបែរភ្នែកចេញពុំមើលចំនាងទេ។ ដោយឃើញហេតុយ៉ាងនេះច្រើនដង នាងក៏យល់ថា គូប្រចាំចិត្តខឹងនឹងនាងព្រោះប្រកាន់សេចក្ដីស្នេហាជាតិ។ នាងគិតឃើញថាមនោសញ្ចេតនាបែបនេះជាវត្ថុធម្មតាទេ ដូច្នេះហើយទើបនាងមិនប្រកែប្រកាន់ខឹងតបវិញឡើយ។ ធ្វើម្ដេចប្រទេសទាំងពីរបែរជាខ្មាំងនឹងគ្នា ហើយខ្លួនអ្នកកំលោះនេះសោតក៏ត្រូវរបួសយ៉ាងដំណំដោយស្នាដៃទាហានថៃ ជាតិរបស់នាងទៀតផង។ តាំងពីនោះមក នាងពុំសូវហ៊ានមកញឹកញាប់ពេកទេព្រោះយល់ថា គប្បីឲ្យបុរសនេះជាសះស្បើយមែនទែនសិនសឹមពន្យល់ឲ្យបានច្បាស់។ ក្នុងពេលនេះនឹងនិយាយឲ្យអស់សេចក្ដីទៅពុំទាន់បានទេ ក្រែងលោកញ្ជ្រោលខឹងខ្លាំងបែរជាធ្លាក់ឈឺធ្ងន់ទៀត។
កន្លះខែក្រោយមក ទីឃាវុធ បានគ្រាន់បើមែនទែនក៏ដើរត្រឹបៗ ចេញមកខាងក្រៅអង្គុយលើជើងម៉ាវែងមួយរំហើយមើលរស្មីព្រះអាទិត្យដែលលាតសន្ធឹងលើផែនស្មៅកាត់ត្រឹមស្មើហើយដែលស្រមោលម្លប់ល្ងាចកំពុងរុញច្រានឲ្យកាន់តែរួញខ្លីទៅៗ។ ឮសូរជើងខ្សាកៗ មកពីចំហៀងម្ខាង ទីឃាវុធ ក៏ទៅឃើញនាង ចន្ទមណី ស្លៀកពាក់កះប្រូង(រ៉ូប) ពណ៌ផ្ទៃមេឃ លំអដោយជរពណ៌សនៅត្រង់ក និងដៃ។ នាងដើរចូរមកដោយញញឹមព្រាយ។ ដៃនាងកាន់បាច់ផ្កាក្លូយម៉ាយ(អ័រគីដេ) ពណ៌កុលាប ព្រមទាំងមានក្មេងស្រីម្នាក់កាន់កញ្ចប់វេចដោយសំពត់សមួយ ដើរតាមមកផង។ បង្វេចនោះសំណមជាមានចំណី ឬផ្លែឈើផងដែលជាវត្ថុបម្រុងសម្រាប់អ្នកជម្ងឺ។
ទីឃាវុធ ក្រោកឈរភ្លាម មុខក្រញូវតបមុខញញឹមនារីដែលឱនខ្លួនលើកដៃសំពះយ៉ាងទន់ភ្លន់។ នាងរៀបនឹងផ្ដើមមាត់ចរចា ស្រាប់តែសេចក្ដីបន្ទោសបោកបោះទាំងគ្រើមៗ ហើរចេញពីមាត់បុរសខ្មែរៈ
-ល្អហើយ នាងចារនារី ! ខ្ញុំធ្លាក់មកក្នុងកណ្ដាប់ដៃហើយ។ យកទៅសម្លាប់តែម្ដងទៅល្អជាង កុំបាច់មកញញឹមលួងធ្វើអ្វីទៀតខ្ញុំគ្មានការសម្ងាត់អីនឹងប្រាប់ទេ។ មួយជីវិតខ្ញុំចាញ់បោកនាងឯងតែម្ដងបានហើយ។ ថាហើយដើរចេញក្រេសពុំចោលភ្នែកមើលធីតាល្អស្រស់ដែលទឹកនេត្រាហូរស្របភក្ត្រា។
****
-៩-
សន្តិភាពតូក្យូ
តាំងពីបរាជ័យថ្ងៃទី ១៦ មករា មក គឺបរាជ័យដោយខ្វះមធ្យោបាយ និងដោយសេន្យានុភាពស្ដួចស្ដើងពេក តែដោយពុំមែនយុទ្ធជនយើងខ្វះវីរមក្មទេ តាំងពីថ្ងៃនោះមក ព្រឹត្តិការណ៍កាន់តែដើរលឿនរន្ថាន់ឡើង។
ទ័ពសៀមច្រានទ័ពឥណ្ឌូចិន ហើយវាយកាត់ព្រំដែនចូលលុកមកបាននៅច្រើនតំបន់ទៀត។ ព្រោះឃើញកូនសំពាយគាត់បានព្រាបដូច្នោះនៅថ្ងៃទី ២០ មករា គ.ស ១៩៥១ ម៉ាសឿកន្តឿ ក៏តាំងស្នើសូមតាំងខ្លួនជាអាជ្ញាកណ្ដាល។ ដើមដំបូងបារាំងមិនព្រមផងទេហើយទទូចចង់និយាយផ្ទាល់នឹងសៀមតែម្ដង ព្រោះគិតឃើញថាគ្មានអ្វីគួរឲ្យទុកពួកកញ្ជ្រិលបានសោះឡើយ។ ប៉ុន្តែដោយឃើញស្ថានការណ៍របស់ខ្លួនកាន់តែទន់ខ្សោយជាលំដាប់រាល់ថ្ងៃ ពួកភ្នែកសក៏សង្កត់ចិត្តលេបខ្មាស ហើយព្រមថានឹងទម្លាក់អាវុធឈប់តស៊ូចាប់តាំងពីថ្ងៃទី ២៨ មករា តទៅ។
៉ក្របីស៊ីស្រូវ បងមិនសូវហ៊ានដេញ
ក្របីដើរចេញ បងដេញឲ្យស្រីមើល៉
ក្រុមសេនាធិការសៀម ដែលយកទំនុកច្រៀងនេះជាឧត្ដមគតិឬជាក្បួនយុទ្ធសាស្ត្រ តាំងពីចាប់ផ្ដើមវាយខ្មែរ និងលាវ ក៏បញ្ជាយន្តហោះមកទម្លាក់គ្រាប់បែកគគ្រឹកគគ្រេងនៅសៀមរាប និងសិរីសោភ័ណ ក្នុងថ្ងៃទី ២៥ និង២៧ មករា ព្រោះនៅម៉ោង ១០ ព្រឹកថ្ងៃស្អែកប្រតិបត្តិការសឹកទាំងឡាយក៏ត្រូវផ្អាកឈប់ទាំងអស់។
នៅថ្ងៃទី ២៩ អ្នកតំណាងខាងបារាំង និងខាងសៀមចាប់ជួបចរចាគ្នានៅលើនាវាកោះយីពុន ឈ្មោះ ៉ណាតុរិ៉ ដែលបោះយុថ្កាចតនៅកំពង់ព្រៃនគរ។
៣ ថ្ងៃក្រោយមក ការផ្អាកបាញ់ក៏បានចុះហត្ថលេខាដោយមានកំណត់ពេល ១៥ ថ្ងៃ គិត ពីថ្ងៃ ២៨ មករា តទៅ។ ដូច្នេះការផ្អាកបាញ់នេះត្រូវផុតអាយុនៅថ្ងៃ ១១ កុម្ភៈ។ គូខ្មាំងទាំងសងខាងមានកាតព្វកិច្ចរក្សាជួរក្បាលទ័ពត្រឹមបន្ទាប់ប្រទល់យោធា នៅថ្ងៃទី ២៨ មករា។
លុះបានសម្រេចគ្នាយ៉ាងនេះហើយ បារាំងនិងសៀមនាំគ្នាទៅចរចាសន្តិភាពឯក្រុងតូក្យូ រាជធានីយីពុន។ ក្នុងគ្រានេះ យីពុនតាំងខ្លួនជាអារប៊ីត្រ ជាមជ្ឈត្តករ បើកឱកាសឲ្យកូនសំពាយរបស់ខ្លួនបំផ្លើសការទាមទារពីបារាំង។ ខ្លាបាក់លោងនេះខំគ្រហឹមញេញមាត់ដែលអត់ចង្កូមសោះ។ តែបងចចកពុំមានញញើតខ្លាចដល់តូចមួយឡើយគិតពីមកលោតត្របាក់ដុំភ្លៅទាងពីរគឺខ្មែរនិងលាវ។ កិច្ចចរចានេះទាក់ទងជីវិតកម្ពុជរដ្ឋមែនពិត តែខ្មែរយើងពុំមានសិទ្ធិចូលជជែកនឹងគេទេ។ ព្រោះយើងមិនទាន់បានឯករាជ្យនៅឡើយ គេចាត់ទុកយើងជា៉បរិមាណឥតទម្ងន់៉។ សៀមកំញើញទារ បារាំងរោទ៍ទប់ តែយ៉ាងនេះលុះដល់ថ្ងៃទី ១១ កុម្ភៈ ដែលជាថ្ងៃផុតកំណត់ផ្អាកបាញ់។ ដោយមិនទាន់បានផលអ្វីសោះគូភាគីក៏៉តុកឡុងពន្យារថេរវេលាថែម ១៥ថ្ងៃទៀត៉។ បន្ថែមពេលយ៉ាងនេះហើយក៏មិនដាច់ស្រេចដែរ ក៏លើកថ្ងៃកំណត់ទៅត្រឹមថ្ងៃទី ៧មិនា។ ដើមយីពុនធ្វើជា ៉អ្នកកណ្ដាល៉ ដោយខន្តី។ ប៉ុន្តែ ដល់ក្រោយមកទប់និងក្នាញ់ពុំបាន ដោយខឹងថាខូចពេលវេលាយូរពេក ក៏តាំងលាដៃអាវ មូរជើងខោចូលប្រឡូកជ្រៀតជ្រែកផង។ បារាំងភ័យញ័រខ្លួនដូចមាន់ឃើញទឹកក្ដៅ ក៏តាំងទម្លាក់ស្លឹកត្រចៀកព្រមស៊ីញេលិខិតសម្របមួយនៅថ្ងៃទី ១១ មិនា។ រហូតដល់ថ្ងៃទី ៩ ឧសភា គ.ស ១៩៤១ ទើបគូភាគីបាន ចុះហត្ថលេខាលើសន្ធិសញ្ញាជាសម្រេច។ ឯកសារនេះបង្ខំឲ្យកម្ពុជា និងលាវលះបង់អាណាខេត្តអស់ ៧០.០០០ គីឡូម៉ែត្រទ្វេគុណ។ បារាំងបានយល់ព្រមតែដោយធ្វើឋបនិយ៏យ៉ាងជាក់លាក់ព្រោះថា សន្ធិសញ្ញានេះកើតឡើង ដោយមានការបង្ខិតបង្ខំណីមហាអំណាចក្រៅសៃវៀន។
***
អ្នកអានទាងឡាយគង់ឈ្វេងយល់ច្បាស់ នូវទំហំទុក្ខលាយកំហឹងដែលពុះពារក្នុងទ្រូង ទីឃាវុធ ដ៏ជាអ្នកស្នេហាជាតិយ៉ាងមោះមុត ក្នុងពេលដែលសំណាងអាក្រក់មកកាត់ពន្លះមែកធាងនៃមាតុភូមិ បណ្ដាលឲ្យកាន់តែរួមតូចទៅ។ ទុក្ខនេះត្រូវគុណមួយជាដប់ទៀត ព្រោះអកុសលផ្ទាល់មកជាប់ជាឈ្លើយនៅប្រទេសខ្មាំងពិតមែនតែពេទ្យសៀមបានថែរក្សារបួសឲ្យខ្លួនបានសះ ជាដោយស្រួលបួល។ ពិតមែនតែការថែទាំនេះបានធ្វើដោយថ្នាក់ថ្នមតែទាហានកំលោះយើងចាត់ជាការធម្មតាទៅវិញ។ បើមានទាហានសៀមត្រូវរបួសដូចខ្លួនក៏គង់មានពេទ្យខ្មែរ គិលានុបដ្ឋាយិកាខ្មែរបីបាច់ដោយយកចិត្តទុកដាក់ដូចគ្នាដែរ។ មួយទៀតដោយនឹកឃើញដល់ពិសោធន៍ថ្មោងថ្មីរបស់ខ្លួន ទីឃាវុធ ខំប្រយុទ្ធមួនមាំក្នុងចិត្តប្រឆាំងអាការៈមួយដែលខ្លួនចាត់ជាស្នេហ៍របស់សៀម។ ស្នេហ៍នេះជាជម្ងឺរាតត្បាតធំណាស់។ មើលចុះនៅតាមនិគមជនបទឲ្យឮតែមានល្ខោនសៀមមកលេងកាលណា វាឆ្កួតទាំងស្រីទាំងប្រុស ទាំងចាស់ ទាំងក្មេងតែម្ដង។ សម្ដីសៀមក៏ពីរោះ ញញឹមសៀមក៏ស្រស់បង្អែមសៀមក៏ឆ្ងាញ់ពិសា កិរិយាសៀមក៏ទន់ភ្លន់ អ្វីៗ ទាំងអស់ពីសៀមគួរប្រតិព័ទ្ធ។ គិតសព្វៗ ទៅវត្ថុទាំងនោះសុទ្ធតែជាថ្នាំពិស ឬជានុយ។ ខ្មែរស្លាប់តែនឹងស្មោះត្រង់ ហើយលង់ក្នុងកណ្ដាប់ដៃគេច្រើនគ្រាណាស់មកហើយ។ ល្មមដល់ពេលភ្ញាក់ខ្លួនហើយដឹង ! ...។
ចិន្ដាមួម៉ៅនៃ ទីឃាវុធ រោលឆាបឆេះឡើងខ្លាំងឡើងទៀត។ យីចារនារី ចន្ទមណី! នឹកដល់មាណវីនេះភ្លាម កំហឹងក៏មកអង្រួនអស់អង្គប្រាណ។ អ្នកកំលោះដេកទន្ទឹងចាំដល់ថ្ងៃត្រឡប់ទៅស្រុកវិញព្រោះគួចស្អប់សៀមមិនថា រូបណាជារូបណាទេ។ នៅយូរទៅសំអប់កាន់តែក្រាស់ណែនឡើង។ មិនខ្ចីនិយាយរកអ្នកទេ ឬគួរសមនឹងជនណាទាំងអស់ សូម្បីតែចំពោះសមាជិកកាកបាទក្រហមក៏ដោយ។ បាយទឹកលេបបានតែ ២.៣ម៉ាត់ រួចតាំងសញ្ជប់សញ្ជឹងតែម្នាក់ឯងរង់ចាំតែទន្ទឹងតែថ្ងៃដែលបរបក្ខទាំងពីរខាង ត្រូវប្ដូរឈ្លើយគ្នាទៅវិញទៅមក។
***
សន្ធិសញ្ញាសន្តិភាពតូក្យូ ឬហៅដោយខ្លីថា ៉សន្តិភាពតូក្យូ៉ ជាគំរូអយុត្តិធម៌យ៉ាងស្រស់ៗ ឆៅៗ។ ចិត្តខ្មែរ ទ្រូងខ្មែរ នឹកដល់កាលណាក៏គ្នាន់ក្នាញ់ឥតចេះចប់។ គិតមើលចុះខេត្តបាត់ដំបងត្រូវដាច់ទៅទាំងមូល ហើយយកទៅទាំងភាគធំនៃខេត្តកំពង់ធំ សៀមរាប ស្ទឹងត្រែង (ថ្វីមិនសូវសំខាន់) ព្រមទាំងចំនៀរខេត្តពោធិ៍សាត់ មួយបន្ទះទៅទៀតផង។ បងប្អូនកាន់សាសនាដូចគ្នា មានប្រពៃណីដូចគ្នាស្រូបអារ្យធម៌ដូចគ្នាពិតមែន តែបែរបានឆោងកាលណា បងតែងលោតមកត្របាក់ប្អូនលេបដោយឥតញញើតមាត់ទេ គឺដោយស្រណោះអាណិតទៀត។ គេយកលេសថា ព្រោះតែមានមនោសញ្ចេតនាជាបងជាប្អូនយ៉ាងនេះហើយ ទើបគេស្ទុះមកជួយស្រោចស្រង់យើងឲ្យរួចពីភាវៈកញ្ជះបាតជើងបារាំង។ អីចឹងមែន ! ព្រោះតែចង់ឲ្យខ្មែរបានល្អហើយ ទើបគេដេញឲ្យខ្មែរយើងលែងរៀនខ្មែរ លែងឲ្យស្រីខ្មែរស៊ីស្លា លែងឲ្យមានស្លៀកសំពត់ចងក្បិន ហើយបង្ខំឲ្យពាក់មួកក្រឡេមក្រឡឹមពេញទាំងក្រុងបាត់ដំបង។ ក្មេងៗ ទៅចុះគ្រាន់មើលសមភ្នែកខ្លះ ឯចាស់ៗ កណ្ដាលមនុស្សវិញ ម្ដាយសមអើយមើលតែស្វាប៉ាហ៊ីតែម្ដង ! ...។
គេស្រឡាញ់យើងណាស់ ! សូម្បីតែនាមស្រុកទេសភូមិតូចតាចអ្វីក៏ដូរគ្មានសល់ឡើយ។ បាត់ដំបង ក្លាយជាប្រៈតៈបង ក្រឡាញ់ជាភិប៊ុនសុងក្រាម(ពិបុលសង្គ្រាម) មោងជា អៈធិតងថេវដេត (អទិត្យទេវតេជ) សសរស្តម្ភ ជាផៃរិរៈយ៉ដេត(ពៃរិរយតេជ គឺសត្រូវខ្លាចតេជះ)។ ប្រែអស់គ្មានសល់អ្វីទេភូមិវត្តស្វាយ ឡើងទៅជា អាំផៈវុ័ន(អម្ពវ័ន) អូរតាគី ជាក្លងប្រះអាក់ឃី (អូរព្រះអគ្គី)។
***
ដូចអ្នកទាំងឡាយគង់ចាំបានស្រាប់ហើយ អូរតាគី ជាភូមិកំណើតរបស់ ទីឃាវុធ។ ក្រោយពីបានត្រឡប់អំពីជាប់ជាឈ្លើយសង្គ្រាមនៅក្រុងបាងកកមក ទាហានកំលោះក៏បានទទួលដំណែងថ្មីជាចៅហ្វាយស្រុកពួក។ ទីប្រជុំជនពួកនៅខាងលិចរវាង១៥គីឡូម៉ែត្រ ពីក្រុងសៀមរាប ពីពួកទៅស្ទឹងព្រះស្រុក ដែលជាព្រំដែនថ្មីក្នុងភូមិភាគនេះ មានចម្ងាយតែ ៧គីឡូម៉ែត្រប៉ុណ្ណោះទេ។
ដោយហេតុថា ព្រំដែនអង្កឹលជិតមកទីប្រជុំជនដូច្នេះ បញ្ហាថ្មីចំណោទថ្មីក៏កើតឡើងស្ទើរមិនលស់ថ្ងៃ នាំឲ្យអ្នកដែលមានមុខតំណែងត្រួតត្រា បានកង្វល់អំពល់មិនចេះតិចទេ។ បន្តិចថាមានចោរលួច ចោរប្លន់ ថាមានអ្នករត់គយ។ ពួកទុច្ចរិតទាំងអស់រត់ផ្លូចចុះផ្លូចឡើង កាត់ព្រំដែន ដូចគេកាត់របាំងកំពុក។ អ្នកនៅខាងដែនថ្មីរបស់សៀម ក៏ដូចជានៅខាងខ្មែរដែរ តែងលួចឆ្លងព្រំដែនទៅមកសួររកបងប្អូន។ បន្តិចឮថាមានឧប្បត្តិហេតុយ៉ាងនេះយ៉ាងនោះ មិនសូវស្ងាត់ទេ នាំឲ្យចៅហ្វាយស្រុកពួករវល់ចាត់ការមិនស្គាល់ថ្ងៃយប់ឡើយ។ ដោយមានបណ្ដាញបញ្ហាចាក់ស្រះគ្នាយ៉ាងនេះ រាជការសៀមដែលបានមកតាំងសាលាអាំភើមួយនៅសសរស្ដម្ភ ហើយសាលា ចង្វាត់នៅក្រឡាញ់ តែងមករួមទាក់ទងនឹងរាជការខ្មែរបារាំងជាញឹកញាប់។ គ្រាន់តែជួយគ្នាដើម្បីសម្រួលការដោះបញ្ហាផ្សេងៗប៉ុណ្ណោះទេ តែមិត្តភាពនឹងចិត្តថ្លើមអ្វីគ្មានទាក់ទងផងសោះឡើយ។
ចៅហ្វាយស្រុកកំលោះ ទីឃាវុធ ខំយកចិត្តទុកដាក់ប្រតិបត្តិការជាបំផុត ប្រយោជន៍ជួយសំរាលកង្វល់ប្រជារាស្ត្រស្លូតត្រង់ជាជនរួមជាតិ។ អ្នកខ្លះមានស្រែភ្លឺ ចំការនៅខាងខ្មែរ តែមានផ្ទះនៅខាងសៀម ហើយអ្នកខ្លះក៏ផ្ទុយទៅវិញដោយឃើញថា ប្រជារាស្ត្ររហេមរហាម និងព្រំដែនអយុត្តិធម៌នេះខ្លាំងពេក រាជការទាំងសងខាងក៏បានព្រមព្រៀងចេញប័ត្រ ឲ្យជនណាដែលទប់នៅលើបញ្ហាយ៉ាងនេះ ដើម្បីអនុញ្ញាតឲ្យឆ្លងកាត់ទៅមកបានត្រឹមជំរៅ២៥ គីឡូម៉ែត្រពីព្រំដែន។ រាស្ត្របានធូរទ្រូងគ្រាន់បើ អ្នករាជការសៀមក៏កកិលមករកទាក់ទងចងសមានចិត្តជាមួយអ្នករាជការខ្មែរដែរ ព្រោះនៅក្រឡាញ់មានអីកំសាន្ត នៅព្រៃជ្រូកមានអីលំហែចិត្តហើយនៅសសរស្ដម្ភ មានអីកែអផ្សុកនិងសេចក្ដីធុញទ្រាន់ ? សុទ្ធតែ៉ម៉ៃមី៉ ទាំងអស់។ ម៉្លោះហើយ សៀមតែងសុំមកលេងដល់សៀមរាបដែលសម្បូណ៌ត្រីសាច់ សម្បូណ៌បូរាណដ្ឋានជាទីមនោរម្យ រំដោះសេចក្ដីនឿយណាយ។
ទីឃាវុធ ជួបប្រាស្រ័យនឹងពួកអ្នករាជការសៀមបង្គ្រប់តែកិច្ចប៉ុណ្ណោះទេ គឺប្រាសចាកនូវសេចក្ដីរាក់ទាក់ជានិច្ច។ ថ្វីបើនាយអាំភើសសរស្ដម្ភចេះតែគួរសមមករក ព្រមទាំងយកជំនូនខ្លះ ដូចជាទឹកដោះគោកំប៉ុងជាដើម ដែលខាងខ្មែរយើងមិនសូវមកផ្គាប់ចិត្តទៀតផង។ ដោយមិនចង់ជំពាក់គុណគេយូរ ចំពោះសេចក្ដីគួរសមយ៉ាងនេះ ទីឃាវុធ តែងតបស្នងវិញភ្លាម ដោយស្រាឡូលីតាម៉ារលី ក្លូសដរ ឬពិកអូរង្សដែលបារាំងបិតនៅព្រៃនគរ ឬដោយត្រីងៀត ត្រីឆ្អើរ ត្រីប្រមាទទន្លេសាប។
ដោយនាយអាំភើចេះតែងជជីកអញ្ជើញពេក ហើយដែលមានបំណងចង់ទៅមើលប្រជារាស្ត្រ ដែលឆ្លងទៅធ្វើស្រែភ្លឺនៅក្នុងដែនដែលទើបបានទៅសៀមផង ទីឃាវុធ ក៏ចូលស្នើការនេះចំពោះលោកចៅហ្វាយខេត្ត។ មន្ត្រីធំនេះបានតបយោបល់ថា ការទៅមើលអ្នកស្រុកខាងយើងទៅប្រកបជីវិតក្នុងដែនសៀមនោះ ជាកិច្ចប្រសើរម៉្យាងដែរ ដើម្បីឲ្យពលរដ្ឋនៅទីនោះយល់ថា រាជការខ្មែរពុំមែនបោះបង់ចុះឡើយ។
***
ព្រឹកព្រហាមថ្ងៃមួយដោយមាន ៉ដោយ៉ ប៉ូលិសសាលាស្រុកម្នាក់ឈ្មោះ ថន ជូនទៅផង ទីឃាវុធ ក៏ចាប់ចក្រយាន ៉ឌីឡិកតា៉ កង់ធំលាបពណ៌ឈាមជ្រូក ហើយជិះទៅខាងលិច ឆ្ពោះទៅរកព្រំដែនស្ទឹងព្រះស្រុក។
ថ្ងៃរះលឿងទុំ បាចសេចក្ដីរីករាយទៅលើវិការដ្ឋានមួយ ដែលមន្ត្រីកំលោះធ្លាប់ចូលចិត្តយូរមកហើយ។ ខែឧសភា បាននាំមកនូវភ្លៀងដំបូងក្នុងឆ្នាំ ហើយវាលស្រែក៏មានជីវិតដោយសកម្មភាពភ្ជួររាស់។ ហ៊ុយៗ ! គោទាញនឹមនង្គ័លយ៉ាងតឹងក ឯហ្វូងរីក និងគ្រលីងគ្រលោង ដើររោមជាបរិវារចាំដណ្ដើមជន្លេន និងដង្កូវដែលផាលបានគាស់កកាយចេញមក។
ស្ទឹងព្រះស្រុក ស្ពានដែកចង្អៀតមួយផ្លោះកន្លងទឹកល្អក់ខាប់។ នេះហើយជាព្រំដែនថ្មី។ នាយតម្រួតប្រចាំការដោយស្គាល់លោកចៅហ្វាយស្រុកច្បាស់ ក៏ស្ទុះមកលើកដើមឫស្សីលាបពណ៌ក្រហមសដែលដាក់ឃាំងទទឹងផ្លូវ ហើយតាំងលើកដៃគំនាប់ដោយគោរព។
នាយ សុវឌ្យន៍ សិរិឆ័យ (សិរិជ័យ) នាយអាំភើសសរស្ដម្ភដែលបានទទួលដំណឹងពីខាងសាលាស្រុកពួកជាមុន ក៏បានមកចាំទទួលមន្ត្រីខ្មែរនៅទីនោះដោយរាក់ទាក់។ អ្នករាជការដ៏មានសញ្ជាតិខុសគ្នា នេះប្រាស្រ័យកាន់គ្នាទៅវិញទៅមក លាយខ្មែរលាយសៀមនិងអង់គ្លេសដូចជាស្និទ្ធស្នាលគ្នាណាស់។
នៅខាងនេះព្រំដែន ក៏ដូចនៅខាងនោះដែរ វាលស្រែបរិបូណ៌ទៅដោយការប្រកបជីវិតតែមួយយ៉ាងគឺ របរធ្វើស្រែចំការ។ នាយអាំភើបានជូនសហសេវិកខ្មែរដើរមើលគ្រប់ទិសទី ដែលមានស្រុកពីខាងពួកសៀមរាបមកភ្ជួររាស់។
លុះដល់ថ្ងៃត្រង់ នាយអាំភើជជីកអញ្ជើញមន្ត្រីខ្មែរឲ្យទៅពិសារបាយផ្ទះខ្លួន។ កាលនោះ ទីឃាវុធ បានប្រកែកយ៉ាងយូរ ដោយយកលេសថាមានការប្រញាប់ ឬអ្វីៗ ផ្សេងៗ ទៀត តែមិនឈ្នះសេចក្ដីគួរសមរបស់សៀមឡើយ។ ដោយពេលនោះបានដើរមកជិតផ្ទះល្អជាងគេនៅភូមិសសរស្ដម្ភ នាយអាំភើសៀមទាញដៃហើយបំបត់កង់ ទីឃាវុធ ឲ្យចូលទៅក្នុងរបងមុខគេហដ្ឋាន។ កាលនោះនាង ជុឡាណុន(ចុលានន្ទ) ជាភរិយានាយអាំភើតែងខ្លួនស្រស់បស់ ស្ទុះចុះមកពីលើផ្ទះមកបង្អោនលាយលើកដៃសំពះភ្ញៀវទាំងបង្ខំនេះ។ ក្នុងពេលនោះ ទីឃាវុធ ក៏លំឱនខ្លួនតបសេចក្ដីគួរសមទៅវិញហើយក៏របូតមាត់និយាយសៀម ២-៣ម៉ាត់ទៅរក។
នាងសៀមភ្ញាក់ខ្លួន ហើយហាមាត់លំអដោយធ្មេញសថ្លាទើបថ្លែងសរសើរៈ
-យី ឃុន ចេះភាសាសៀមច្បាស់លាស់ណាស់តើ ! ហួសពេលប្រកែក ទីឃាវុធ ក៏ព្រមដើរចូលក្នុងគេហដ្ឋានដែលមានរៀបតុកៅអីស្រេច។
ការលៀងអាហារពេលនេះ មាននំបញ្ចុក ទឹកសម្លមាន់ មានត្រីអណ្ដែងចៀនគ្រឿង មានទឹកគ្រឿង កាពិផ្សំដោយអន្លក់ស្អំ ត្រប់ ត្រសក់ ដែលផ្គួបគ្នានឹងប្លាធូចៀន ហើយលើកឱជារសដោយស្រាម៉ាលើ លាយសូដា និងទឹកកក។ ការនិយាយគ្នារំលើក ដោយសោភ័ណភាព និងញញឹមស្រស់នាង ចុលានន្ទ ក៏បង្កើតបរិយាកាសមួយដែលចូលមករំលាយដោយឥតដឹងខ្លួនសោះ នូវភាគខ្លះនៃក្រមួនកំហឹង និងសំអប់ដែលបានរុំស្រោបដួងហឫទ័យ ទីឃាវុធ ពីមុនរៀងមក។ កិរិយានិយាយទន់ភ្លន់ សម្លេងសើចពីរោះ កាយវិការសមសួនមុខមាត់ រូបរាង កំពស់កំពរ និងរបៀបតែងខ្លួនដោយមានរសជាតិនៃកិរិយាក្មេងរបស់នាយអាំភើ បានធ្វើឲ្យចៅហ្វាយស្រុកកំលោះរលឹកកល់អនុស្សាវរីយ៍ចាស់។
ដូចជារបោមតាមរោមចេញខាំគោ គំនិតនេះតាមរំខានចៅហ្វាយស្រុករៀងរហូតតាមផ្លូវ ក្នុងពេលធាក់កង់ត្រឡប់មកពួកវិញ។ ប៉ុន្តែសេចក្ដីភ័ន្តភាំងស្មារតីយ៉ាងនេះមិនបានឋិតយូរប៉ុន្មានទេ។ លុះបានចេញផុតឆ្ងាយ ពីសសរស្ដម្ភ ទីដែលមានឥទ្ធិពលថ្មីបង្ខំឲ្យរលឹកដល់មនោសញ្ចេតនាចាស់ កំហឹងក៏ចូលមកអង្រួនខ្លាំងទៀត។ នឹកស្ដាយថាមិនគួរសោះខ្លួនមកចាញ់ល្បិចទន់ភ្លន់របស់សៀមធូរៗ ងាយៗ ដល់ម៉្លេះ ! ស្មារតីភ្លឺស្វាងយ៉ាងនេះឋិតនៅបានតែមួយស្របក់ ក៏សេចក្ដីពិភាល់គួចដុះឡើងក្នុងចិន្ដា។ សូម្បីតែតុលាការដែលមានប៉ូលិស មេឃុំ ចៅហ្វាយស្រុក អង្កេតជាមុន ដែលមានសុភាចារបុរសស៊ើបសួរយ៉ាងខ្ទេចខ្ទី ក៏នៅតែមានការភ័ន្តច្រឡំខ្លះដែរក្នុងការកាត់សេចក្ដី រឿងចារកម្មនោះគ្រាន់តែមានពិរុទ្ធ ដោយផ្នែកជំនឿទៅលើរាយការណ៍ ភ្នាក់ងារសម្ងាត់ម្នាក់ប៉ុណ្ណោះ តែគ្មានភស្តុតាងឯទៀតមកបញ្ជាក់ថែមសោះ។ គេគ្មានបានចាបឯកសារអ្វីៗដែលបង្ហាញឲ្យឃើញថា ឪពុកនិងកូនបានប្រព្រឹត្តិអំពើទ្រុស្ដមិត្តត្រង់ណាឡើយ។ ពិតមែនតែរាជការសៀមខិលខូចឆ្លៀតយកឱកាសបារាំងបាក់ដៃ បាក់ជើង ដើម្បីចូលលុកលុយដណ្ដើមដីខ្មែរ ប៉ុន្តែមនុស្សសៀមមិនមែនជាជនចិត្តអាក្រក់គ្រប់គ្នាទេ។ នាង ចន្ទមណី ក្ដី លោកទេពកោសល្ល ក្ដី ប្រសិនបើជាមនុស្សមានពុតអាក្រក់មែនម្ដេចក៏មិនបោះបង់ខ្លួនចោលក្នុងពេលដែលខ្លួនធ្លាក់ក្នុងកណ្ដាប់ដៃគេ។ នេះបែរជាមកយកចិត្តទុកដាក់មើលថែទាំខ្លួនរៀងរហូតដល់ជា។ មានទាហានខ្មែរឯទៀត ដែលត្រូវរបួសហើយបានមកដេកមន្ទីរពេទ្យសេនារក្សាដូចគ្នាបានប្រាប់ថា បើកុំតែមានសៀមពីរនាក់ឪពុកនិងធីតាដឹកខ្លួនមកពីអរញ្ញទាំងយប់ដើម្បីយកមកថែរក្សានៅបាងកកឲ្យបានទាន់ពេលវេលាទេ ម៉្លេះសមពិបាកនឹងជាហើយមើលទៅ។ មានម្នាក់ទៀតបានបញ្ជាក់ថា កាលនៅអរញ្ញនាងសៀមបានទាំងព្រមឲ្យពេទ្យយកម្ជុលបូមឈាមនាងមកចាក់បញ្ចូលឲ្យ ទីឃាវុធ ទៀតផង។ ឱប្រសិនបើខ្លួនទម្លាក់កំហុស ហើយចោទគេដោយភ័ន្តច្រឡំមែន ! ឱទ្រូងអើយសែនស្ដាយ ហើយអួលផ្សា ! ...។
***
នាក្រុងបាងកក ត្រង់ចំពីក្រោយសួនសត្វឈ្មោះ ៉ឌុស៊ីត៉ (តុសិត) មានច្រកមួយបែកចេញពីថ្នល់ធំ។ លុះបានចូលរំលងផ្ទះ ពីរបីខ្នងមក អ្នកដើរក្នុងច្រកនោះនឹងបានដល់ទៅមុខគេហដ្ឋានមួយធំស្រឡះ ជញ្ជាំងក្ដារលាបពណ៌បៃតងចាស់ ដំបូលប្រក់ក្បឿងក្រមៅ។ មើលពីថ្នល់មកផ្ទះនេះពុំសូវច្បាស់ទេ ព្រោះកំបាំងដោយដើមសាវយុត ចំប៉ា និងដើមផ្កាឯទៀត ដែលចោលពិដោរល្វីងល្វើយ។ កូនស្ពានក្រាលក្ដារមួយបង្កោងខ្នងកន្លងកសិណទឹកថ្លាខ្មៅ ដែលលំអដោយព្រលិតក្រហម។ ស្ពាននេះជាមធ្យោបាយភ្ជាប់គមនាគមន៍ពីផ្ទះមកច្រកសាធារណៈ។
នៅលើរបងបន្ទះឈើលាបស ដែលដោតតម្រៀបហែតាមមាត់កសិណដើមចេកទុំ បំបែកមែកបញ្ចេញសន្លឹកញឹកក្រាស់លើរានខ្ពស់តូចទ្រវែង ដែលជាទ្រើងសំរាប់លតានេះដោយដាច់មុខ។ នៅចំហៀង ខាងក្រៅទ្វាររបងធំទូលាយល្មមរថយន្តបរចេញចូលបានស្រួល ស្វាយអុករ៉ង(ទ្រូងពេក) មួយដើម ស្លឹកស៊ុបទ្រុប ចោលម្លប់ត្រឈៃទៅលើមាត់ទឹកពាក់កណ្ដាល ហើយនៅក្នុងសួនពាក់កណ្ដាល។ ទោងមួយប្រដាប់ដោយបន្ទះឈើលាបពណ៌លឿងក្រហមខៀវឆ្លាស់គ្នា ហើយព្យួរទៅលើជើងដែកលាបខៀវ បានយកមកបញ្ឈរទុកក្រោមដើមស្វាយនេះ សម្រាប់អង្គុយលំហែនៅពេលថ្ងៃក្ដៅ។ទីភូមិនេះពន្យល់ឲ្យឃើញថា ម្ចាស់ពុំមែនជាអ្នកមានថ្វីទេដែលតែងចូលចិត្តសង់ភូមិគ្រឹះសំដែងឫក ឬបញ្ចេញធនធានដែលខ្លួនទើបរកបាន។ ផ្ទុយទៅវិញអ្វីៗ ក្នុងទីឋាននេះសុទ្ធតែធ្វើឲ្យឃើញស្រគត់ស្រគំ មានទ្រព្យាជីដូនជីតាមកយូរហើយ។ ផ្ទះក៏មានរូបរាងបែបចាស់ សួនក៏សុទ្ធតែដាំដោយរុក្ខជាតិដែលបានផ្ដល់ផ្កា ផ្ដល់ម្លប់ច្រើនតំណមកហើយ។ សន្តិភាពស្ងួតស្ងប់សោយរាជ្យជានិរន្តរ៍ក្នុងទីកន្លែងនេះ។
នៅក្នុងសង្កាត់នេះមិនសូងមានមនុស្សអ៊ូអរទេ។ យូរៗ ៉សាមឡំ(កង់ប៉ី)មួយរត់រ៉ោញរលាស់ឮសូរភ្លឹបៗ ដូចសកុណាទទះស្លាប។ មួយសន្ទុះក្រោយមកតុណ្ហីភាព ក៏បន្តសេចក្ដីស្ងប់ស្ងាត់ជាថ្មីឡើងវិញ។
នារីម្នាក់កាន់សៀវភៅក្រាស់ធំមួយក្បាល មកអង្គុយយោលតែកតោកក្នុងទោង។ តែនាងពុំបានមើលសៀវភៅអានទេ ព្រោះភ្នែករវល់សម្លឹងទៅឆ្ងាយឥតទីដៅ ហាក់ដូចជាដេញតាមអារម្មណ៍ផ្សេងៗដែលកំពុងបដិសន្ធិក្នុងវិញ្ញាណនាង។ កូនត្រីល្អិតៗ ក្រហមៗ ហែលបណ្ដើរគ្នារញង់តាមចន្លោះគុម្ពព្រលិត។
សព្វដងសត្វគ្រា វិការដ្ឋានបរិបូណ៌ដោយសន្តិភាពប្រសើរយ៉ាងនេះ តែងតែទាក់ចិត្តនាងក្រៃលែង។ តែនៅថ្ងៃនេះនាងពុំអើពើផងឡើយ។ នាងយល់និងស្គាល់ច្បាស់ហើយនូវកម្លាំង និងទំហំកំហឹងដែលបោកបក់ជាព្យុះក្នុងទ្រូងបុរសកំលោះជាគូប្រចាំចិត្ត។ មែនទេឬអ្នកផងសរសើរណាស់ដល់ជនណា ដែលចេះស្ទួយករណីយកិច្ចចំពោះមាតុប្រទេសឲ្យបានខ្ពស់ផុតលើមនោសញ្ចេតនាទាំងពួង ? តែច្រឡោតអីដល់ជ្រុលហួសទៅជាព្រហើន ហើយប្រមាថមើលងាយសេចក្ដីស្នេហាយកជើងញក់ញីបុកបែនដូច្នេះ។ ម្ដេចក៏យកអយុត្តិធម៌មកកាច់មូលចោទនាងថាជាចារនារី គួរណាស់តែដោះអាថ៌កំបាំងនេះឲ្យសង្ស័យបាន។
នាង ចន្ទមណី ដូចអ្នកអានយល់ដោយស្មានស្រេចមកហើយកំពុងតែត្រិះរិះបញ្ហានេះ ស្រាប់តែឮសូរស្បែកជើងអូសខ្សាកៗ មកពីក្រោយ។ លោកទេពកោសល្ល ដោយឃើញមុខកូនចេះតែក្រៀមក្រំ តែងតែជួញចិត្តរកវិធីបន្លប់ទុក្ខៈ
-យីកូន យើងគិតដើរលេងមើលស្រុកមើលទេសបន្តិចឬអី ?
-ដើរលេងឯណាកើត ឃុនផ បើលោកកំពុងតែរាលឆេះ។ ឯចំបាំងរវាងថៃ និងឥណ្ឌូចិនសោត ក៏ទើបតែស្ងប់រលត់ទៅផង។
-ផ ទើបបានទទួលសំបុត្រមួយច្បាប់ណីក្មួយ សុវឌ្ឍន៍ និងនាងអាណុន ដែលទើបបានទៅកាន់កន្លែងថ្មី ជាអាំភើនៅ ៉ពៃរីរយតេជ៉។
នាងសួរដោយឆ្ងល់ៈ
ស្រុកអីអញ្ចេះ មិនដែលឮឈ្មោះទេ ឃុនផ ?
-ជាតំបន់មួយដែលខ្មែរហៅថាៈសសរស្ដម្ ហើយដែលឥឡូវរាជការថៃជាអាំភើ៉ពៃរីរយតេជ៉វិញដើម្បីឱពីរោះរណ្ដំជាង។
-ខ្ញុំមិនបានយល់ផងសោះនូវផលប្រយោជន៍ ដែលទៅលោភដណ្ដើមដែនដីរបស់គេមកធ្វើជារបស់ឯង ហើយកែប្រែឈ្មោះដាក់ផ្ដេសផ្ដាសដូច្នេះ។ មើលចុះក្រឡាញ់ត្រូវក្លាយជា ៉វិបុលសង្គ្រាម៉។ កុំយើងឆោត ស្មានថាខ្មែរៗ ដែលជាអ្នកស្រុកអ្នកភូមិ នៅទីនោះគេល្ងង់ទៅហៅតាមយើងឡើយ។ មួយទៀតដូច ឃុនផ ជ្រាបស្រាប់ហើយ ឯប្រវត្តិសាស្ត្រក៏បង្ហាញតួយ៉ាងច្រើនណាស់មកហើយដែរថាការរំលោភដណ្ដើមយកដីរបស់គេយ៉ាងនេះ មិនដែលនាំឲ្យបានសេចក្ដីសុខទេ មើលបារាំងសែស និងអាល្លឺម៉ង់ ជាឧទាហរណ៍ស្រាប់។ មើលចុះសង្គ្រាមសព្វថ្ងៃនេះធ្វើឲ្យមនុស្សរាប់លានអ្នកស្លាប់បាត់បង់ជីវិត។ ខ្ញុំបានស្ម័គ្រធ្វើនាងព្យាបាលក្នុងពេលចំបាំងមែនពិត តែគ្រាន់តែនៅថែរក្សាអ្នករងគ្រោះប៉ុណ្ណោះទេ។ មិនមែនខ្ញុំពេញចិត្តនឹងការប្រយុទ្ធគ្នាសោះឡើយ។
លោកទេពកោសល្ល សម្លឹងមើលមុខកូនដោយពេញចិត្តដោយអាណិត ទើបតបថាៈ
-នរណាដឹង ? សង្គ្រាមជាសេចក្ដីត្រូវការរបស់ធម្មជាតិក៏មិនដឹងដែរ ? អាចនឹងមានកម្លាំងអ្វីធំ មានឥទ្ធិពលអ្វីក្រៅពីនិស្ស័យយើងដល់ មកបង្កើតឲ្យមានដូច្នេះក៏ពុំដឹង ? កូនគិតមើលអង្ក្រងលើកគ្នាទាំងហ្វូងទៅប្រខាំគ្នាស្លាប់ប៉ុនគេហាល។ ខ្វះណាស់ដើមឈើដែលអាចយកស្លឹកមកផ្គុំ ហើយភ្ជាប់ជាសំបុកបាន។ មួយទៀតម្ដេចក៏ធម្មជាតិ បង្កើតឲ្យមានសត្វខ្លះស៊ីសាច់ ហើយខ្លះទៀតស៊ីស្មៅ។ បើស៊ីស្មៅដូចគ្នាទាងអស់ទៅក៏វាចប់ទៅហើយ។ លែងឃើញខ្លាលោតត្របាក់កាច់ករមាំងក្ដាន់ទៅហើយ។ ណ្ហើយរឿងយ៉ាងនេះនិយាយមិនចប់ទេ។ ផ យល់ថាក្នុងជីវភាពគប្បីរើសតែភាគខាងល្អ ដើម្បីយកមកត្រេកត្រអាលទៅប្រសើរជាង។ ដូច្នេះគួរយើងទៅលេងតាមសេចក្ដីអញ្ជើញនាយអាំភើសសរស្ដម្ភទៅ។ តើកូនឯងនឹងថាដូចម្ដេច? យើងអាចបង្ហួសហួសទៅមើលអង្គរបានទៀតផង។ មួយទៀតគេបានបបួល ផ ថា ឲ្យទិញដីស្រែមួយចំនួនក្នុងចង្វាត់(ខេត្តបាត់ដំបង)។ បើឃើញថាសមល្មមក៏គួរតែទិញដែរដីនេះ។ យើងនឹងទៅតាំងភូមិករនៅទីនោះ។ នៅក្នុងទីក្រុងយូរទៅអាប់អួណាស់...។
***
តាមទម្លាប់របស់ខ្លួន ទីឃាវុធ តែងក្រោកពីព្រហាមហើយដើរត្រួតមើលគុម្ពផ្កា និងធ្លាស្មៅដែលដាំលំអនៅមុខសាលាស្រុក។ ដើរបណ្ដើរគិតបណ្ដើរ។ គិតអំពីពេលដែលលោកចៅហ្វាយខេត្តបានចាត់ឲ្យខ្លួនទៅភ្នំពេញថ្មីៗ នេះដើម្បីបំពេញបេសកកម្មរាជការនិងអំពីខ្លួនបានជួប នឹងវេគី ជាមិត្តរបស់ខ្លួនធ្វើការនៅក្រុមសម្ងាត់។ ការនោះភឿនទាំងពីរ បាននាំគ្នាប្រាស្រ័យអាហារនៅភោជនីយដ្ឋានកុងសាំង។ នៅចំពោះកែវម៉ារលីលាយសូដា និងប៊ូហ្វតិកផុយល្អូក កំលោះទាំងពីរក៏ចាប់និយាយពីកិច្ចបម្រើរាជការផ្សេងៗ។ តមកទីឃាវុធក៏បានរៀបរាប់ប្រាប់មិត្តអំពីខ្លួនត្រូវរបួសធ្ងន់ ហើយខ្មាំងរើសយកទៅថែរក្សានៅអារញ្ញ ហើយនៅបាងកកទៀត។ អធិប្បាយអំពីគ្រួសារ ទេពកោសល្ល ព្រមទាំងកូនគាត់យកចិត្តទុកដាក់ផ្ដល់ថ្នាំសង្កូវ ហើយម្ហូបអាហារគ្រប់សព្វ។ពន្យល់អំពីថាខ្លួនលែងបណ្ដោយឲ្យចាញ់បោកអ្នកណាទៀតហើយ។ ៉ខ្ញុំបានទាំងដាក់សម្ដីឲ្យនាងចន្ទមណី ជាពាក្យធ្ងន់ៗ ឲ្យឈឺចាប់ទៀតផង៉ទីឃាវុធ បញ្ចប់សេចក្ដីថ្លែងប្រាប់មិត្តរបស់ខ្លួន។
វេគី ស្ដាប់ហើយ បើកភ្នែកធំៗ ហើយតបៈ
-យី ! ទីឃាវុធ ខ្ញុំភ្លេចឈឹងតែម្ដងហើយ។ មានភ័ន្តច្រឡំធំណាស់។
-ច្រឡំអីហា៎ស?ចៅហ្វាយស្រុកសួរដោយប្រញាប់។
-ដែលថា គេថាធ្វើចារបុរសមកស៊ើបការណ៍សម្ងាត់នោះមិនមែនទេមិនមែន ទេពកោសល្លទេ គឺសៀមម្នាក់ទៀត ដែលបានមកបើកហាងលក់អីវ៉ាន់មួយនៅផ្សារចាស់ទេតើ។ ខ្ញុំបានចាត់ឲ្យអង្កេតខ្ទេចខ្ទីអស់ហើយ តាប៉ិះ កោសល្ល គាត់បានភៀសមកនៅស្រុកយើងដោយស្លូតត្រង់ទេ តែទោះជាយ៉ាងណាក៏គាត់ជាសៀម គាត់ជាពលរដ្ឋប្រទេសមួយ ដែលបានលូកដណ្ដើមដែនដីមាតុភូមិយើងអស់មិនតិចដែរ។
ទីឃាវុធ សញ្ជប់មួយសន្ទុះទើបតបៈ
-ឯងនិយាយនេះត្រូវហើយ។ ខ្ញុំបានទៅស្បថឯអង្គរស្រេចថា បើមិនបានបាត់ដំបងមកវិញទេ ខ្ញុំក៏មិនខ្ញីទាក់ចិត្តរាប់រកសៀមណាថាជាក្លើម្រាក់ ជាមិត្តភក្តិ ឬជាអ្វីឯទៀតទាំងអស់។ ប៉ុន្តែទាស់ស្ដាយបន្តិច ព្រោះការភ័ន្តច្រឡំរបស់េងបានបណ្ដាលឲ្យខ្ញុំប្រព្រឹត្តិអាកប្បកិរិយាមិនគប្បីតបនឹងសេចក្ដីគួរសម ហើយការយកចិត្តទុកដាក់របស់គេ។ មិនគួរសោះ!
មិនគួរសោះ ! នេះជាពាក្យបន្ទោសខ្លួនឯងក្នុងពេលដែលកំពុងដើរត្រួតគុម្ពផ្កា។ មិនគួរសោះ ! ស្ដាយណាស់ ! មិនគប្បីឲ្យជាតិដទៃមកមើលងាយខ្លួនបាន ថាជាមនុស្សជួរនេរគុណគេ។
***
-១០-
ជួបភ័ក្ដ្រហើយតែមានឧបសគ្គធំរាំងរា
ថ្ងៃពូនគ្នាជាខែ ខែជាឆ្នាំ។ សង្គ្រាមលោកប្រែភ័ក្ដ្រប្រែទិសនៃជោគវាសនា។ នៅទ្វីបអឺរ៉ុប អាមេរិកកាំង អង់គ្លេស និងរុស្សី រុញច្រានអាល្លឺម៉ង់ឲ្យទាល់ច្រក។ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក យីពុន ដកចង្កាមាន់ រត់ផ្លោះចោលពីកោះមួយទៅកោះមួយ ដោយ អាមេរិកកាំងដេញតាមកែងប្រកិត។ បាងកក ព្រៃនគរ ភ្នំពេញត្រូវគ្រាប់បែករងគ្រោះខូចខាតយ៉ាងដំណំ។
នៅថ្ងៃទី ៩ មិនា គ.ស. ១៩៤៥ យីពុនចាប់បារាំងនៅកម្ពុជាដាក់ទ្រុង ដាក់តាងរ៉ាង ហើយក៏តាំងប្រកាសឲ្យខ្មែរឯករាជ្យ។
ចំជាខិលមែន ម៉ាសៀកញ្ច្រិច ! សៀមដណ្ដើមយកដីខ្មែរបានក៏ព្រោះតែគាត់។ ឥឡូវគាត់ស្រែកថាឲ្យខ្មែរឯករាជ្យ
នៅសៀមរៀប យីពុន ចាប់បញ្ជូនពួករាជការស៊ីវិលបារាំងទៅភ្នំពេញអស់។ ឯនាយទាហានបារាំងនាំគ្នារត់ចូលព្រៃ ដើម្បីប្រុងប្រយុទ្ធប្រឆាំងវិញ។ យីពុនលើកគ្នាបណ្ដាក់នៅគ្រប់ខេត្ត ហើយតាំងឲ្យខ្មែរៗ ធ្វើការជំនួសបារាំងអស់ ឯខ្លួនឯងកាន់តំណែងជាទីប្រឹក្សា។
កាលនោះ ប្រទេសខ្មែរ និងប្រទេសមានសៀមមានឋានៈស្ទើរប្រហែលគ្នាព្រោះ៉ឯករាជ្យ៉ ដូចគ្នាហើយ យីពុនយកជើងមកជាន់លើសង្កត់កប់កែងដូចគ្នា។ ក្នុងកាលៈទេសៈនេះព្រំដែន ស្ទឹងព្រះស្រុកស្ទើរតែរលប់ស្នាមបាត់ ព្រោះមនុស្សទៅមកហាក់ដូចជាបានដូចជាតាមអំពើចិត្ត។ ពួកសៀមហូរមកលេងសៀមរាបហើយមើលអង្គរ។ ឯខ្មែរៗ ជ្រួលលាន់ទៅសួរបងប្អូនខាងក្រឡាញ់ ទឹកជោរ បាត់ដំបង។
ថ្ងៃមួយជាថ្ងៃអាទិត្យ។ ដោយឆ្លៀតឱកាសពុំមានកិច្ចការនៅការិយាល័យ ទីឃាវុធ ក្រោកពីដំណេកឡើងក៏ដើរត្រួតមើលទីលំនៅប៉ូលិសសាលាស្រុក ដែលសង់នៅរោងវែងប្រក់ស្បូវ ហើយមានជញ្ជាំងស្លឹកដូង ឃាំងចែកជាបន្ទប់ៗ។ លោកចៅហ្វាយស្រុកកំពុងតែកិនប៉ោចៗ ថាប្រពន្ធប៉ូលិសម្នាក់នោះទុកឲ្យមានអាចម៍មាន់គរក្រោមផ្ទះ ហើយថានាងម្នាក់ទៀតបណ្ដោយឲ្យមានជ្រាំស្អុយគគ្រុក ស្រាប់តែដោយថន រត់មកគំនាប់ហើយនិយាយៈ
-ព្រះតេជគុណ អាំភើ សសរស្ដម្ភមកទៀតហើយ។ ម្ដងនេះមកឡានទាន។ នុ៎ះឈប់នៅថ្នល់។
ទីឃាវុធ ដើរតម្រង់មករកភ្ញៀវដោយមានទឹកមុខស្មើៗ គឺមិនធុញទ្រាន់មិនត្រេកអរ។ នាយ សុវឌ្ឍន៍ និងនាង ចុលានន្ទ ចុះពីឡានផ្លិតចាស់ម៉ាកហ្វដ៍មួយ ដែលលើកដំបូងជិតហើយមកឈរចាំត្រង់ជណ្ដើរសាលាស្រុក។លុះ ទីឃាវុធ មកដក់ជិតបុរស-ស្ត្រីសៀមទាំងពីរលើកដៃសំពះសួរដោយរាក់ទាក់។
-ជំរាបសួរលោកសុខសប្បាយជាទេ? ។
និយាយគ្នាបណ្ដើរ អ្នកទាំងពីរនាំ ទីឃាវុធ ឆ្ពោះទៅរកឡានបណ្ដើរ។ នាយ សុវឌ្ឍន៍ សួរៈ
-ខ្ញុំនាំបងប្អូនពីរនាក់មកលេងជាមួយផង។ តើទៅមើលអង្គរបានឬទេ?
ទីឃាវុធ ដោយឥតទាន់ឃើញមុខអ្នកដំណើរ ដែលកំបាំងនឹងដំបូលឡាន ក៏ឆ្លើយដោយរួសរាន់ ព្រោះយល់ថាជាឱកាសតបស្នងសងគុណគេដែលទទួល ហើយលៀងអាហារខ្លួននៅសសរស្ដម្ភៈ
-មានអីលោកមានអី ឃុន។ ខ្ញុំថ្ងៃនេះទំនេរ ខ្ញុំជូនលោកទៅផងក៏បានប្រសិនបើមិនសូវចង្អៀតពេកទេ។
-មិនចង្អៀតទេ តែកុំលោកពិបាកអី។ គ្រាន់តែបើកអនុញ្ញាតឲ្យក៏អរណាស់ទៅហើយ។
ដោយចិត្តជាអ្នកមិនចង់ចាញ់សៀម ក្នុងសេចក្ដីគួរសម ទីឃាវុធ ឆ្លើយវិញភ្លាមៈ
មិនពិបាកអ្វីសោះឡើយ ខ្ញុំអរណាស់ដោយមានបានជួបលោកនិងឃុនទាំងពីរនាក់។ មួយទៀតខ្ញុំសូមអញ្ជើញលោកនិងឃុន ព្រមទាំងភ្ញៀវរបស់លោកផង ទៅពិសារបាយថ្ងៃត្រង់ឯមាត់បារាយណ៍។
ថាហើយក៏បែរទៅរកដោយថន ដែលឈរជិតទីនោះខ្សឹបឲ្យជួលរ៉ឺម៉កកន្ទេលខ្នើយ ទិញមាន់ទៅអាំង ហើយត្រីរ៉ស់ទៅដុតព្រមទាំងស្រាទឹកកក ផ្លែឈើ ហើយប្រដាប់ប្រដាគ្រប់យ៉ាងទៅរៀបចំឯបារាយណ៍នៅវេលាថ្ងៃត្រង់។ ចៅហ្វាយស្រុកបញ្ជាក់ឲ្យរកមីងស្រីៗ ជាអ្នកជិតខាង ២-៣នាក់ ឲ្យទៅជួយស្លដណ្ដាំផង។ តមកដកកាបូបហូតយកពីររយរៀលប្រគល់ទៅឲ្យដោយថន។ ចាត់ការនេះស្រេចហើយ ទីឃាវុធ ក៏បែរមករកភ្ញៀវដែលនាំខ្លួនដើរទៅរកឡាន។
-យីឃុន ! ខ្ញុំមកនេះនាំឲ្យឃុនពិបាកលៀងបាយទឹកអីទេ។ នាង ចុលានន្ទ ឧទានដោយសម្លេងស្រួយស្រេះ។
-ពិបាកអ៊ីចឹង រាប់អានស្រឡាញ់គ្នាហើយ(អ្នករាជការខ្មែរតប)។
លុះដល់ជិតទៅឡាន ទីឃាវុធ សម្លេងទៅខាងក្នុងហើយទច់ង៉ក់ស្រឡាំងកាំង ទាំងយានិកហើយទាំងចៅហ្វាយដែលធ្វើមុខមីងម៉ាំងដូចគ្នា។
ក្នុងពេលនោះ នាយ សុវឌ្ឍន៍ ដែលមិនដឹងរឿងរ៉ាវអ្វីសោះក៏ចាប់ផ្ដើមណែនាំឲ្យស្គាល់គ្នាៈ
-នេះឃុន ទេពកោសល្ល វិចិត្រករ ជាឪពុកមាជីដូនមួយខ្ញុំ។ នេះនាង ចន្ទមណី ជាកូនគាត់។ នេះលោក ទីឃាវុធ ជាចៅហ្វាយស្រុកពួក ហើយជាមិត្តរបស់ អាណុននិងខ្ញុំ។ លោកចិត្តល្អណាស់ហើយរាប់អានគ្នាទៅវិញទៅមកដោយជិតស្និទ្ធ។
អ្នកនៅក្នុងឡាន ហើយនៅក្រៅឡានលើកដៃសំពះសួរគ្នាទៅវិញទៅមក។ តែស្មារតីភ័ន្តភាំងរៀងខ្លួនស្ងួតទឹកមាត់អស់ រកពាក្យមួយម៉ាត់និយាយក៏ពុំបានផង។
***
ព្រោះប្រកាន់ខ្លួនជាមគ្គទេសក៍ ទីឃាវុធ ប្រកែកពុំព្រមអង្គុយខាងក្រោយជាមួយលោក ទេពកោសល្ល និងចន្ទមណីទេ។ ដូចនាង ចុលានន្ទដែលកាលមុនអង្គុយទន្ទឹម និងប្ដីដែលជាអ្នកកាន់ចង្កូត ក៏ត្រូវឡើងជិះខាងក្រោយវិញ ទុកកន្លែងឲ្យចៅហ្វាយស្រុក។
កិរិយាយុវជនទាំងពីរ ដែលចៃដន្យបានដឹកដៃឲ្យមកជួបគ្នាជានិច្ចក្នុងពេលនេះ កាន់កិរិយាឆីៗ ហាក់ដូចជាមិនដែលស្គាល់គ្នាសោះ។ ម្ខាងគិតឃើញថា មិនដឹងជាគេនៅខឹងសំបារនឹងខ្លួនឯងយ៉ាងណានៅឡើយ ព្រោះស្រុករបស់ខ្លួនបានដណ្ដើមយកទឹកដីរបស់គេ។ ចំណែកម្ខាងទៀតនៅជាប់អៀនប្រៀន ព្រោះខ្លួនបានចោទគេដោយខុស ហើយបញ្ចេញកាយវិការព្រហើនដាក់គេថែមទៀត។ ទីឃាវុធ យល់ច្បាស់ដែរ ថាខ្លួនតោងរៀបចំឲ្យមានយុត្តិធម៌ឡើងវិញ ដោយទទួលសូមទោសទាំងឪពុកទាំងកូន តែហាក់ដូចជាមិនទាន់សមកាលៈទេសៈ។ កុំបាននាង ចុលានន្ទ និយាយចេចចាចរហូតផ្លូវ កុំអីមិនដឹងបរិយាកាសចង្អៀតចង្អល់យ៉ាងណាទេ។ ចំណែកលោក ទេពកោសល្ល គាត់ក៏មានគំនិតស្របដូចគ្នាដែរ ខំនិយាយពីនេះ ពីនោះបន្លប់។ តែដោយឥតចេញសម្ដីអ្វី ឬធ្វើកិរិយាយ៉ាងណាដែរអាចឲ្យសហជីវិនទាំងឡាយចាប់ភ្លឹកគ្នា កាលពីដើមខ្លួនធ្លាប់ស្គាល់អ្នកកំលោះខ្មែរដែរ។
ទីឃាវុធ អង្គុយសំកុកក្រងុកស្មារតីឡឺនឡក់។ ភ័ក្ដ្រនាង ចន្ទមណី កាន់តែក្រៀមក្រំទៅដោយមនោសញ្ចេតនាច្រើនប្រភេទមកកញ្ជ្រោលបោកបាចក្នុងហឫទ័យនាង។
ព្រោះ ទីឃាវុធ បានស្នើសួរយោបល់ សុវឌ្ឍន៍ ឡានក៏បើកហួសភូមិមុខនាគ មិនបានឈប់មើលច្រើនលើកច្រើនគ្រាណាស់ហើយ។ បន្តិចក្រោយមករថយន្តក៏ឲ្យសញ្ញាវែងជាព្រមាន មុខឆ្លងកាត់ទ្វារជ័យចូលទៅក្នុងបរិវេណអង្គរធំ។ ពួកអ្នកដំណើរក៏នាំគ្នាទៅឈប់ចំមុខបាពួន ហើយដើរចូលទៅមើលវិមានបាក់បែកនេះ។ លោកទេពកោសល្ល នាង ចុលានន្ទ និងចន្ទមណី ដើរជួរខាងមុខឯ ទីឃាវុធ និងសុវឌ្ឍន៍បោះជំហានរង្វើលៗ ពីក្រោយ។
ទីឃាវុធ គយគន់រូបឆោម នាង ចន្ទមណី ដោយញាប់ញ័រព្រោះសង្កេតឃើញថា នាងស្គមខុសចំណាំដើមបន្តិច។ ចំពោះចក្ខុមន្ត្រីកំលោះ ភាពស្រកសាច់នេះបានញាំងសម្បុរនាងឲ្យស្លាំងបន្តិចដែរ។ តែដែលបណ្ដាលឲ្យនាងមានដូចជារស្មីមួយ ដែលញាំងឲ្យអាណិតហើយគោរពផង។ ទុក្ខព្រួយបានបន្លំសម្ផស្ស និងសោភ័ណភាពនាងឲ្យកាន់តែមានតុល្យភាពស្រគត់ស្រគំឡើង។ យីកុំតែនឹកខ្មាសសហជីវិនឯទៀតទេកុំអី ទីឃាវុធ នឹងស្ទុះទៅសុំទោសនាង អំពីព្រហើនគ្រាតគ្រើមរបស់ខ្លួន។ ក្នុងពេលនេះចៅហ្វាយស្រុកកំលោះយល់ថា ការសូមទោសជាការចាំបាច់បំផុតខានពុំបានទេ ថ្វីបើសម្បថហាមប្រាមខ្លួនថាលែងឲ្យចងស្នេហាជាថ្មីឡើងវិញបាន។ ទោះបីខំទប់យ៉ាងណា ក៏អនុស្សាវរីយ៍ចាស់នៅតែរើកញ្ជ្រោលប្រាកដរូបឡើងក្នុងវិញ្ញាណយុវមន្ត្រីខ្មែរ។ ឱ ! ពីដើមជិតដិតដល់ហៅគ្នាទៅវិញទៅមកជាពាក្យ ៉បង... អូន៉ យ៉ាងទន់ល្ហែម។ ឥឡូវសេចក្ដីសង្ឃឹមនេះបែកខ្ចាត់ខ្ចាយអស់ ទុកសល់តែបំណែកដែលចោលពន្លឺភ្លែតៗ ដូចកំទេចចរណៃ។
បាពួន ភិមានអាកាស ព្រះលានដំរី ព្រះលានស្ដេចគម្លង់ថែវស្ត្រីគ្រប់លក្ខណ៍... ការដើរមើលបូរាណវត្ថុល្អរកអ្វីប្រៀបបានក្នុងសាកល បាននាំយុវមិត្តដែលញញើតចិត្តគ្នារៀងខ្លួនដោយការយល់ច្រឡំ ឲ្យកាន់តែស៊ាំមាត់កនិយាយរកគ្នា ប្រាស្រ័យគ្នានេះតែងប្រើពាក្យកណ្ដាលៗ។ ទេ ! មិនឲ្យអ្នកសង្កេតការណ៍ណាចាប់ថ្នាក់ថាធ្លាប់ស្គាល់គ្នាបានឡើយ។
***
ដោយអស់កម្លាំងផង ដោយបានប្រាស្រ័យម្ហូបអាហារនៅចំពោះទេសភាពយ៉ាងប្រិមប្រិយផង ហើយដោយត្រូវខ្យល់បក់រហៀកៗ ថែមទៀត អ្នកដំណើរក៏បែររកកន្ទេលខ្នើយដែល ទីឃាវុធ បានចាត់ស្រេចនៅលើសាលាសំណាក់។ ស្ត្រីៗ នៅល្វែងម្ខាងបុរសៗ នៅល្វែងម្ខាង។ មិនយូរប៉ុន្មានការនិយាយឆ្លងឆ្លើយ ក៏រំងាប់អន់ចុះដោយមានការដង្ហើមធូរៗ ស្មើៗ មកជំនួសវិញ។
លុះឃើញភ្ញៀវដេកលក់ស្រួលដូច្នោះ ទីឃាវុធ ក៏លបចុះទៅខាងក្រោម។ ព្រោះវិញ្ញាណកំពុងខ្វល់គ្រប់យ៉ាងពេក ដំណេកក៏រឹងរកបិទភ្នែកមិនជិត រសាប់រសល់អស់អង្គកាយ ចៅហ្វាយស្រុកក៏ចុះមកពីសាលាសំណាក់ ដើម្បីទៅរកត្រាំទឹកបារាយណ៍ដែលថ្លាហ្វង់។ នៅកន្លែងដែលចុះទៅងូតត្រង់ជំរៅត្រឹមដើមទ្រូងខ្លះ លិចក្បាលខ្លះ ឬមួយសន្ទូង រាជការខេត្តបានបោះបង្គោលប្រចាំសម្រាប់ឲ្យប្រតោងហែលទឹកលេង។
កំលោះព្រួយចិត្តកំពុងតែប្រតោងបង្គោលមួយ ហែបក្បាលមើលទៅខាងកណ្ដាលបារាយណ៍ ស្រាប់តែឮសូរជើងមនុស្សដើរផ្លូកៗ មកធ្វើឲ្យល្អក់ចិត្ត ដែលកំពុងតែស៊ើងម៉ើងទៅវែងឆ្ងាយ។ គិតស្មានថា ពួកដោយថនចុះមកដងទឹកយកទៅលាងចានឆ្នាំង ចៅហ្វាយស្រុកមុខទាំងមួរម៉ៅ ហើយក៏ភ្ញាក់ព្រើត។ នាង ចន្ទមណី ស្លៀកពាក់ឈុតងូតទឹកពណ៌ត្រួយអំពិល ញញឹមចិញ្ចាចលុយទឹក ហើយហក់ហែលគោះជើងតម្រង់មករកបង្គោលមួយ ដែលនៅចម្ងាយមួយម៉ែត្រពី ទីឃាវុធ។
-អត់ទោសខ្ញុំផងបានទេ ? (នាងនិយាយមករក) ដោយខ្ញុំបានមកទម្លុះទម្លាយភាពឯការបស់លោកក្នុងពេលនេះ។
ទីឃាវុធ សង្កេតក្នុងចិត្តដោយអួលផ្សា ថានាងមិនបានហៅខ្លួនថា ៉បងៗ៉ ដូចសម័យមុនទេ តែហៅ ៉លោក៉ឬ៉ឃុន៉ ទៅវិញ។ បន្ទោសនាងម្ដេចបាន ព្រោះកំហុសមកពីខ្លួនឯងទាំងស្រុង។
នាង ចន្ទមណី ឱនក្បាលយកមាត់ក្រហមស្រស់ក្រេបទឹកថ្លាព្រួសជាល្បែងទៅក្នុងអាកាស ដើម្បីបង្កើតជាកូនឥន្ទធនូមើលបានមួយភ្លែត។ នាងថែមវេចាៈ
-ខ្ញុំគេងមិនលក់ទេ! ព្រោះរសាប់រសល់ក្នុងចិត្តពេក។ ដោយឃើញលោកចុះមកងូតទឹកខ្ញុំក៏លបចុះមកតាមដែរ។ ដ្បិតអីបារាយណ៍ហើយមិនបានងូតទឹកនោះចំជាស៊យធំហើយ។ មួយទៀតខ្ញុំបង់ជួបលោកបន្តិច ដើម្បីបញ្ជាក់ពីរបីម៉ាត់ប៉ុណ្ណោះ។ បារាយណ៍អង្គរ និងបុរាណដ្ឋានទាំងឡាយដែលខ្ញុំបានឃើញជាថ្មីក្នុងពេលនេះនាំឲ្យខ្ញុំគួចនឹកព្រួចដល់ពេលដែលធ្លាប់រីករាយជាមួយគ្នា កាលពីសម័យមុន។ តែបើតាមមើលទៅជួបគ្នាពេលនេះ ជាវេលាក្រោយបង្អស់ហើយ យើងនឹងលែងភប់ប្រសព្វបានឃើញមុខគ្នាទៀតហើយ។ អាកប្បកិរិយាលោក កាលនៅពេទ្យសេនារ័ក្សឯបាងកកនោះ បានបង្ហាញឲ្យឃើញច្បាស់ថា លោកស្អប់ខ្ញុំណាស់ ស្អប់គ្រួសារខ្ញុំណាស់ ព្រោះជាខ្មាំង ជាសត្រូវ។ខ្ញុំមិននឹកខឹង នឹកប្រកាន់នឹងលោកទេ សូម្បីបីតែតូចមួយក៏គ្មានដែរ។ ខ្ញុំសង្ឃឹមថា ដែលខ្ញុំកាត់មករកនិយាយនឹងលោកក្នុងពេលនេះ ជាភស្តុតាងឲ្យឃើញថា ខ្ញុំនិយាយពិតត្រង់មែន។ ខ្ញុំមិនខឹងនឹងលោកទេ បែរជាសរសើរលោកទៅវិញព្រោះលោក លើកសេចក្ដីស្រលាញ់ជាតិខ្ពស់ផុតមនោសញ្ចេតនានាងទៀតទាំងអស់ សូម្បីតែសេចក្ដីស្នេហាក៏យ៉ាងនោះដែរ។
និយាយមកដល់ត្រង់នេះ នាងទប់ទឹកភ្នែកពុំឈ្នះក៏ដំពក់ប៉ុនគ្រាប់ពោតហូរ រលង់មកលើផ្ទាល់ទាំងសងខាង។ ទីឃាវុធ នឹកអាណិតញ័រដើមទ្រូងប៉ផ្អុកស្ទើរស្ទុះទៅត្រកងបី។ សញ្ជប់មួយស្របក់ធំទើបតបៈ
-មានការភ័ន្តច្រឡំធំណាស់ នាងចាំខ្ញុំនិយាយប្រាប់នាងឲ្យអស់ដើមទង តែកុំនិយាយនៅទីនេះ យើងជិះទូកវិញ។
ថាហើយក៏ស្រែកហៅដោយ ថន ឲ្យនាំគ្នាសែងទូកបារាំងដែលទុកចោលនៅក្រោមសាលា។ ទូកនេះស្រួចក្បាលស្រួចកន្សៃទាបទៅលើទឹក ហើយស្ទុះលឿនទៅមុខដោយចែវពីរស៊កភ្ជាប់ទៅនឹងគែមទាំងសងខាងដែលទុកសំរាប់គាស់ទឹកក្នុងកិច្ចកីឡាផ្ទាល់ខ្លួន។
នៅចន្លោះមេឃថ្លាខៀវទាំងពីរ គឺមួយនៅគ្របពីលើ ហើយមួយទៀតឆ្លុះទៅក្នុងទឹក ទូករុលទៅមុខត្រង់ទៅកណ្ដាលបារាយណ៍ដោយចង្វាក់យ៉ាងមួនមាំនៃចែវទាំងពីរដែល ទីឃាវុធ កាន់គាស់គង្គាដោយប៉ិនប្រសព្វ។ នាង ចន្ទមណី អង្គុយឈមមុខនឹងចៅហ្វាយស្រុកសម្លឹងមើលសាច់ដុំនៅគួយដៃអ្នកកាន់ចែវ ដែលជូនសម្លឹង ជួនរួញចង្វាក់ ហើយបរិបូណ៌ដោយថាមពល។ ដើមស្គន់ហុចផ្កាសក្បុសមកលើទឹក ឯគុម្ពស្នោយោលរយ៉ាបន្តោងពណ៌មាសទុំ ដោយបន្ទោរបន្ទន់ដើមតាមវាយោដូចដងខ្លួន នាដការ ក្រោមសំឡេងប្រគំភ្លេងពិណពាទ្យ។ ហ្វូងប្រវឹកផ្អើលស្ទុះទទះស្លាបហើរ ហើយស្រែកតវ៉ា ថាជីចៗ។
យុវជនទាំងពីរបេះផ្លាស្នោដាក់ទូកបណ្ដើរ ហើយសាសងសេចក្ដីបណ្ដើរៈ
-មានការភ័ន្តច្រឡំធំណាស់នាង ! ហើយខ្ញុំមិនដឹងជានឹងសូមទោសនាងដូចម្ដេចបាន ចំពោះអំពើកំហុសរបស់ខ្ញុំមិនដឹងជានឹងតបគុណយ៉ាងណាទេ ចំពោះកិច្ចដែលនាង ហើយលោកទេពកោសល្ល បានជួយជីវិតខ្ញុំឲ្យគង់ទ្រង់មកដល់សព្វថ្ងៃ។
-សុំទោសអីបង ? នាងរបូតមាត់ហៅថាៈ៉បង៉ ដូចពីដើមដែលជាហេតុនាំឲ្យញញឹមស្ងួតមួយមកលើភ័ក្ត្រ ទីឃាវុធ។
-ខ្ញុំពុំដែលនឹកប្រកាន់ទេ ពុំដែលនឹកថាបងប្រព្រឹត្តឆ្គាំឆ្គងត្រង់ណាទេ។ កំហឹងរបស់បងតបតចំពោះអំពើទ្រុស្តមិត្តរបស់ប្រទេសខ្ញុំនេះចំជាត្រូវហើយ។ ខ្ញុំពុំដែលសរសើររដ្ឋាភិបាលគ្រប់គ្រង់ដោយពួកកាន់អំណាចផ្ដាច់ការ ដែលលួចឆ្មក់យកដែនដីគេមកពង្រីកអាណាខេត្តខ្លួនឯងយ៉ាងនេះទេ។ អំពើបែបនេះ បើជនសាមញ្ញធម្មតាប្រព្រឹត្តលោកចាត់ហៅថា លួចប្លន់ តែបើរដ្ឋាភិបាលណាមួយជាអ្នកផ្ដើមគំនិតទៅវិញ អ្នកផងគេហៅថា ជាកិច្ចនយោបាយ។ ខ្ញុំមិនស្ងើចសរសើរទេចំពោះនយោបាយបែបនេះ។ គ្រួសារខ្ញុំទាំងអស់គ្នាក៏យល់យ៉ាងនោះដែរ។ ដើម្បីបំបាត់ទៅតាមការអាចបាននូវអយុត្តិធម៌និងអំណាចព្រៃផ្សៃ ដែលសាយចេញពីនយោបាយបែបនេះ ខ្ញុំក៏បានស្ម័គ្រចិត្តចូលធ្វើជានាងព្យាបាល ដោយមានបំណងជួយថែរក្សាអ្នករងគ្រោះព្រោះសង្គ្រាមមិនថាជាតិណាៗឡើយ។
-អូន ទីឃាវុធ ហៅនាងយ៉ាងនេះដោយរំភើបចិត្ត។ បងសូមគោរពដោយស្មោះចំពោះការយល់របស់អូន។ តែទោះបីស្រឡាញ់ជាតិយ៉ាងណា ក៏មិនត្រូវកាន់អាកប្បកិរិយាព្រហើនគ្រាតគ្រើម តបស្នងនឹងធម៌សប្បុរស និងមនុស្សធម៌ទេ។ បងខឹងច្រឡោតហួសពេកព្រោះមានការណ៍មួយ...
តមក ទីឃាវុធ ក៏តាំងអធិប្បាយរៀបរាប់អំពីសំបុត្រ វេគីដែល ចោទនាងថាជាចារស្ត្រី អំពីខ្លួនក្ដៅក្រហាយរត់ចូលធ្វើទាហានហើយអំពីការជួបគ្នានៅលើកក្រោយជាមួយ វេគី ដែលប្រាប់ខ្លួនថាភ័ន្តច្រឡំវិញទេ។
នាងត្រាប់ត្រង់សម្ដីខ្សាវៗ ដែលខ្លួនលន់តួថាខ្លួនខុស។ នាងនៅសៀមភ្លេចបេះផ្កាយោនយាន ដែលរាំចាក់ក្បាច់ល្អឆើតក្រោមសន្ទុះនៃវាយោ។
-កំហុសបងធំណាស់ ! មិនដឹងកែខ្លួនយ៉ាងណាឲ្យរួចទេ។ អូនអើយ ! វាសនាយើងមុខតែមិនបានជួបរួមរក្សគ្នាដូចគោបំណងដើមទេ។ យើងជួបមុខគ្នាលើកនេះប្រហែលជាលើកក្រោយបំផុតហើយ ព្រោះបងទៅសច្ចាប្រណិធាន ចំពោះព្រះភ័ក្ត្រព្រះពុទ្ធរូបនៅអង្គរវត្តថា ដរាបណាខេត្តខ្មែរ ដីខ្មែរ ដែលបានទៅសៀមក្នុងពេលថ្មីៗ នេះមិនត្រឡប់មកខ្មែរវិញទេ ដរាបនោះបងប្ដូរផ្ដាច់មិនព្រមយកសៀមជាមិត្ត ជាក្លើ ជាម្រាក់អ្វីឡើយ។ សម្បថនេះធ្ងន់ណាស់ ធំណាស់ មិនអាចនឹងបំពានបានដោយលេងៗ ទេ ហើយចំណែកខ្លួន បងក៏គ្មានឆន្ទៈនឹងលាតលាសម្បថនេះផងដែរ ព្រោះអូនអើយ បងស្ដាយភូមិកំណើតបងខ្លាំងណាស់។ បងមិនភ្លេចទេគុណនាងមិន ភ្លេចទេអនុស្សាវរីយ៍ក្រអូប ដែលអូនបោះពុម្ពជាប់ ក្នុងទ្រូងក្នុងប្រមាត់របស់បង។
ទីឃាវុធ ឈប់មួយសន្ទុះ ទើបនិយាយថែមៈ
-តើអូនលើកទោសឲ្យបងបានដែរឬទេ ?។ បងបានធ្លោយខ្លួនប្រព្រឹត្តខុសពីរយ៉ាងចំពោះនាង។ ទីមួយគឺបងធ្វើឲ្យអូនបង់គំនិតបង់ចិត្តមកលើបង ទីពីរគឺបងកាន់កិរិយាឆ្គងមិនគប្បីចំពោះសុទ្ធចិត្តរបស់អូន។
ទឹកភ្នែកហូរស្រក់ភ័ក្ត្រនាង ចន្ទមណី តែនាងមិនបាននឹកនាជូតចេញសោះឡើយ។ កម្លាំងយោបំស្ទុះចុកណែនបំពង់ក បណ្ដាលឲ្យនាងចេញវាចាអ្វីពុំរួចសោះក្នុងគ្រានោះ។
***
-១១-
កង្ហារត្រដោករោទ៍លើចុងអំពិល
ស្ពានស្វាយដូនកែវ ជាគោលជាសញ្ញាមួយសម្រាប់ព្រំដែនរវាងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។ ក្នុងសម៧យដែលសៀមចូលមកញក់ញីប្រទេសយើង ស្ពាននេះក៏ក្លាយទៅជាស្ពានអន្តរជាតិប្រឈមមុខ កម្ពុជរដ្ឋដែលរួញហើយខើចឡើងតូចចំពោះប្រទេសថៃ ដែលប្រាថ្នាចង់ធ្វើអាល្លឺម៉ង់ ឬយីពុនក្នុងអាស៊ីភាគអាគ្នេយ៍។
ឥឡូវមេក្លោងបាក់លោង ថ្លោះចង្កេះអស់ហើយកូនសំពាយក៏ត្រូវខ្ជាក់អាណាខេត្ត ដែលខ្លួនបានលេប ហើយស្លាក់នៅពាក់កណ្ដាលបំពង់កនោះឲ្យមកម្ចាស់ដើមវិញ។ ធម្មតាសត្វស្វែងរកអំពារ មិនដែលរលាស់ឲ្យចំណីដែលកំពុងត្របាក់លេបដោយងាយៗស្រួលៗ ទេ។ ដូច្នេះតោងមហាអំណាចដែលមានជ័យជំនះក្នុងសង្គ្រាមលោកលើកពីរកំញើញបង្ខំ ទើបរបេះមាត់ពីក្រញាំ។
ថ្ងៃទី ៨ ធ្នូ គ.ស. ១៩៤៦ សម្លេងម៉ាស៊ីនធ្ងន់ៗ នៃរត់បន្ទុកទាហានខ្មែរ បានកំរើករំជួយអ័ព្ទព្រឹកព្រហាម ដែលស្រោបក្រុងពោធិ៍សាត់ក្នុងស្រោមធាតុត្រជាក់ នាំឲ្យទទួលដំណេកស្រណុកមិនចង់កំរើកខ្លួន។ គោមរថយន្តខៃទម្លាយពពកធូលី ដែលហុយតូចឡើងព្រោះកម្លាំងលឿនឡានខាងមុខ។ នៅសងខាងថ្នល់ផ្ទះអ្នកស្រុក និងខ្ទមអ្នកស្រែ បានបង្ហាញទីតាំងខ្លួនដោយភ្លើងភ្នក់គោដែលឆេះប៉ផ្អុយ ឬដោយភ្លើងគំនរស្លឹកឈើស្ងួត ដែលគេបានបោសប្រមូលទុកហើយដែលបញ្ចេញអណ្ដាតសន្ធោសន្ធៅផ្សាយកម្ដៅ និងសុខមាលភាពដល់ជនចាស់ៗ ដែលចាញ់រងា។
នៅលើរថយន្តឥតដំបូល ទាហានដាក់កាំភ្លើងបញ្ឈរចន្លោះក្បាលជង្គង់ ហើយអោបដៃកំប្រោនក្នុងចរន្តខ្យល់ត្រជាក់។ ក្រោមកិច្ចត្រួតត្រា និងបញ្ជាការនៃលោក ជូឡុង ក្នុងឋានៈជាទេសរដ្ឋមន្ត្រីហើយ ឧ.ស. ដឺហ្សុងគ្យែរ ជាតំណាងបារាំង យោធាយើងបានចេញដំណើរឆ្ពោះទៅបាត់ដំបង ដើម្បីទៅលុបលាងអាម៉ាស់មុខដែលនាំឲ្យក្ដៅក្រហាយចិត្តជាង ៥ ឆ្នាំមកហើយ។
ម៉ោង ៧ គត់កងក្បួនរថយន្តបានចូលដល់គោលព្រំដែន នាយទាហានខ្មែរម្នាក់ និងនាយតម្រួតសៀមម្នាក់ បានចុះហត្ថលេខាលើសេចក្ដីកត់ហេតុបញ្ជាក់អំពីលក្ខណៈការឆ្លងព្រំដែន។ ការចុះស៊ីញេនេះ បានធ្វើនៅត្រង់ពាក់កណ្ដាលស្មោះ នៃស្ពានស្វាយដូនកែវ។
បន្ទាប់មកកងតម្រួតថៃក៏ឡើងឡានឆ្ពោះទៅ បាត់ដំបង។ មួយសន្ទុះក្រោយមកទៀតរថ ៉ស្កៅការ៉ មួយដោយមានរថផ្ទុកទាហានជាងជូនទៅផង ក៏ចេញដំណើរទៅទិសតែមួយនោះដែរ។
នៅ ម៉ោង ៨ និង១៥នាទី ក្បួនរថទាំងអស់១៥គ្រឿង ក៏បើកចេញទៅតាមទៀត។ តែពុំបានប៉ុន្មានក៏ទៅគឿងនឹងស្ពានឈើ ដែលពួកសៀមបានពន្យុះឲ្យពួកឧទ្ទាមដុតបំផ្លាញដើម្បីរំខានដំណើរនេះ។ ពួកទាហានជាងនាំគ្នាធ្វើការ ប៉ះប៉ុនអស់ពេលជាងមួយម៉ោងទើបស្រេច។ ដោយហេតុថា ពួកខ្មែរឥស្សរៈបានលបផ្ដាច់គមនាគមន៍នៅច្រើនកន្លែងទៀត។ លុះដល់ល្ងាចទើបរថយន្តបានចូលទៅដល់ទីប្រជុំជនមោងឫស្សី។ នៅយប់នោះពួកឧទ្ទាមបានមកលបបាញ់បង្ហើរមួយសន្ទុះ ត្រង់ស្ថានីយអយស្ម័យយាន។ កងរថល្បាតបានចេញត្រួតមើលការណ៍ហើយសង្កេតឃើញថា ស្ពានឈើនានាតាមថ្នល់ទៅក្រុងបាត់ដំបងចាប់ឆេះហុយទ្រលោម។
ព្រឹកថ្ងៃទី ៩ ម៉ោង ៨ កងទាហានក៏ចេញដំណើរពីក្រុងមោងឫស្សី ហើយក្រោយពីរម៉ោងក្រោយមកក៏ចូលទៅដល់ស្ពានថ្ម។ កាលនោះបាត់ដំបងមានសភាពហាក់ជាទីក្រុងមួយស្លាប់បាត់បង់វិញ្ញាណ។ អ្នកស្រុកបិទទ្វារស្ងាត់ច្រៀប ហើយពុំមានចរាចរអ្វីឡើយក្នុងវិថីនានា។ ម៉ោង ១០កន្លះ ឧ.ស. ដឺហ្សុងគ្យែរ ចូលទៅកាន់សណ្ឋាគារខេត្តដោយមាននាយភាវិន្ទរវាំងភ័យជាមេចង្វាក់ ព្រមទាំងនាយទាហានឯទៀតនៅចាំទទួល។ កាលនោះពួកសៀមទាំងអស់គ្នាសុទ្ធតែស្លៀកពាក់ឯកសណ្ឋានពេញយស តែមុខស្លាំងព្រោះនឹកស្ដាយចំណីរបូតពីមាត់ទៅ។
នៅដងកើទង់ខ្មែរ-បារាំងក៏ចាប់រលាស់ផ្នត់តាមចរន្តខ្យល់ឡើងវិញ។ បន្តិចក្រោយមកទើបមានពិធីប្រគល់ដែនខេត្តជូនលោកជូឡុង ជាតំណាងរាជរដ្ឋាភិបាលខ្មែរ ដើម្បីកាន់កាប់ជាថ្មី ក្រោយដែលទីដីនោះបានព្រាត់ប្រាសទៅជាង៥ឆ្នាំ។
ក្រោមសេចក្ដីដឹកនាំយ៉ាងសកម្មនៃមន្ត្រីខ្មែរជីវភាពទាំងខាងមហាជន ក៏ចាប់រៀបចំមានដំណើរឡើងដោយរួសរាន់។ មិនមែនចាត់ការទៅបានដោយស្រួលៗ ប៉ុន្មានទេ ព្រោះអ្នកដែលដកខ្លួនថយទៅ បានបង្កប់រោយអំបែងដប បង្កប់បន្លា ពោលគឺញុះញង់ពួកខ្មែរឥស្សរៈចំនួន ៥.៦០០នាក់ ធ្វើឲ្យរំខានគ្រប់បែបយ៉ាង។ ទម្រាំបង្ក្រាបចលនានេះឲ្យសាបរលាយអស់បាន ត្រូវខាតពេលច្រើនឆ្នាំទៅមុខទៀត ព្រោះយល់ថា ខេត្តទាំងមូលត្រូវពានពារសេចក្ដីលំបាកច្រើនពន់ប្រមាណ រដ្ឋាភិបាលខ្មែរក៏រើសមន្ត្រីឆើតៗច្រើននាក់ឲ្យមកកាន់ការគ្រប់នាទី។ កាលនោះ ទីឃាវុធ ក៏បានទទួលបង្គាប់ផ្លាស់ពីខេត្តសៀមរាប ដើម្បីមកកាន់តំណែងជាភូឈួយខេត្តទីពីរនៅបាត់ដំបងដែរ។
***
លោកភូឈួយខេត្តទីពីរ ពិនិត្យដោយប្រុងប្រៀបនូវសេចក្ដីរាយការណ៍ប៉ូលិស និងសាលាស្រុក ដែលជូនដំណឹងអំពីចោរកម្មនិងភេរវកម្មដែលជនរួមជាតិ ក្នុងដែនខេត្តកំពុងរងគ្រោះនៅឡើយ។ ក្រឹក ! សូរគន្លឹះទ្វាររបើក។ ដោយធ្វើភ្នែក ក្រឡើតក្រឡាប់ប្លង់តុងពាក់ឯកសណ្ឋានកាគី ដើរត្រុនៗ កាន់នាមប័ត្រមួយមកជូនទីឃាវុធ។ ក្រឡេកឃើញឈ្មោះភ្ញៀវកាលណា មុខអ្នករាជការនេះសំដែងសេចក្ដីងឿងឆ្ងល់មួយសន្ទុះ លាយដោយសេចក្ដីត្រេកអរផងហើយប្រាប់ទៅលេខហារីនេះថាៈ
-អញ្ជើញគាត់ចូលមក។
ចំណែកខ្លួន ទីឃាវុធ វិញក៏ញាប់ដៃតម្រង់ក្រវាត់ សម្រួលអាវក្រៅហើយដើរចេញពីក្រោយតុចាំទទួល។
កាលនោះអ្នកដែលដើរចូលមក ក៏ភ្ញាក់មិនតិចដែរដោយឃើញអ្នកកាន់អំណាចលើកដៃគោរពខ្លួនយ៉ាងសុភាព។ ក្នុងពេលលើកដៃសំពះតបវិញភ្ញៀវនោះក៏ភ្លាត់មាត់ថាៈ
-យីលោកក្មួយទេតើ ខ្ញុំអរណាស់ៗ ខ្ញុំគិតថានឹងនាំគ្នាទៅលេងនឹងក្មួយឯសៀមរាបឯណោះតើ ព្រោះរលឹកណាស់។ តាំងពីបានទទួលទានអាហារយ៉ាងឆ្ងាញ់ជាមួយគ្នានៅបារាយណ៍មក ក៏បាត់ដំណឹងសូន្យ។
ទីឃាវុធ ញញឹមហើយអញ្ជើញភ្ញៀវ (គឺមិនមែននរណាក្រៅពីលោក ទេពកោសល្ល ទេ) ឲ្យអង្គុយនៅកៅអីមុខតុ ឯខ្លួនក៏អង្គុយកៅអីទន្ទឹមនៅម្ខាងដែរ រួចហើយទើបនិយាយៈ
-ខ្ញុំត្រេកអរណាស់ដោយបានជួបលោកក្នុងពេលនេះ។ ខ្ញុំគិតស្មានថាលោកអញ្ជើញទៅប្រទេសថៃផុតទៅហើយ។
ទៅឯណា ? ខ្ញុំមកតាំងទីលំនៅ នៅស្រុកខ្មែរជាស្ថាពរហើយ។ គ្រួសារខ្ញុំក៏មកនៅរួមគ្នាដែរ។
សង្ឃឹមដែលកាលពីមុនកប់បាត់ទៅក្នុងគំនរទុក្ខ ឥឡូវក៏រុលងើបចេញបានមកអង្រួនបេះដូងដោយត្រេកអរឥតឧបមា។ ដែនដីទាំងឡាយដែលខ្ទាតបែកបាក់ទៅនោះ ឥឡូវបានចូលមករួមក្នុងរង្វង់ប្រជាជាតិអស់ទៅវិញហើយ ពោលគឺល័ក្ខខ័ណ្ឌទាំងប៉ុន្មានដែលខ្លួនបានសច្ចាចំពោះព្រះភ័ក្ត្រព្រះពុទ្ធរូបនៅអង្គរវត្ត ក៏បានសម្រេចដូចបានផ្សងទាំងអស់។ ដូច្នេះហើយទើប សេចក្ដីសង្ឃឹមយ៉ាងទន់ត្រជាក់បានមករុំក្រសោបហឫទ័យមន្ត្រីកំលោះ។ ដោយខំទប់សង្កត់មនោសញ្ចេតនាគ្រប់យ៉ាងដែលពុះពោរ លោកភូឈួយក៏សួរថាៈ
-លោកអញ្ជើញមកនេះ តើមានធុរៈអីដែរ?
-លោកក្មួយ ការដែលថៃមកកាន់ការទីនេះ ខ្ញុំបានទិញដីស្រែពីនេះបន្តិច អ្នកនោះបន្តិច នៅភូមិជ្រោយម្ទេសប្រមូលទៅបាន ១៥០ ហិកតា។ ឥឡូវខ្ញុំយកលិខិតលក់ដូរ ដែលធ្វើក្នុងពេលនោះមកជូនរាជការថ្មីបញ្ជាក់សំគាល់ជាកម្មសិទ្ធិរបស់ខ្ញុំតទៅ។
-បានលោកបាន! សុំលោកទុកឯកសារនៅទីនេះសិនចុះ ចាំខ្ញុំចាត់ការជូន។
ទូចមួយសន្ទុះ ដូចជាចង់រកពាក្យនិយាយតទៅទៀត ទើបនាម៉ឺនកំលោះសួរថែមទៀតថាៈ
-ចុះសព្វថ្ងៃនេះលោកនៅឯណា?
-នៅឯជ្រោយម្ទេសណោះ ! អញ្ជើញលោកក្មួយទៅលេងផ្ទះបានម្ដង។ មានអីឡានចូលទៅស្រួលទេតើ។ អ្ញុំបានលើកផ្លូវភ្ជាប់មកថ្នល់រាជការស្រាប់ហើយ។
***
ដោយឮសូរឡានបរមកតាមផ្លូវតូច ដែលលើកកាត់ស្រែកំពុងមានស្រូវទុំនៅសងខាង ហើយចូលត្រង់មករកផ្ទះបុរសម្នាក់ស្លៀកខ្មៅពាក់ខ្មៅបែបអ្នកច្រូតកាត់ដើរផងរត់ផង ចេញតាមទ្វារតូចដែលចោះក្នុងរបងឈើគ្រាក់មាំៗ ហើយបោះតម្រៀបប្រកិតគ្នាដូចស្និតចេក។ បុរសនោះចេញមកខាងក្រៅ ក៏ប្រទះរថហ្សិបមួយបរដោយមាណពម្នាក់ស្លៀកខោជើងវែង ហើយអាវសឺមីសដៃខ្លីកាគី ដែលបញ្ឈប់ម៉ាស៊ីនឡាន ហើយបង្វិលជើងលោតឆ្កុបមកដី។ ប៉ូលិសខេត្ត៤នាក់ប្រដាប់ដោយកាំភ្លើងមីត្រៃយ៉ែតជាប់នៅដៃ ក៏ចុះស្រពីលើយានតាមមកដែរ។ អ្នកបើកឡានសួរទៅបុរសស្លៀកពាក់ខ្មៅថាៈ
-បង លោកទេពកោសល្ល នៅឬទេ? ខ្ញុំជាភូឈួយខេត្ត ខ្ញុំមានការជួបលោកបន្តិច។
បន្ទាប់ពីបង្អោនខ្លួនហើយលើកដៃសំពះ បុរសស្រុកស្រែនោះតបៈ
-ទានប្រោស លោកប្រុស លោកស្រីបានចេញពីងងឹតៗ ម៉្លេះទៅភូមិភ្នំធំ ដើម្បីទៅរកជួលមនុស្សមកច្រូត...។ បើព្រះតេជគុណមានការអ្វីៗ ជួននឹងនាងក៏បាន។ នាងចាត់ការជួសលោក ឪពុកបានទាំងអស់។
ថាហើយក៏ទៅបើកទ្វារធំ ដែលប្រដាប់ដោយបន្ទះ និងចំរឹងដែកយ៉ាងមាំៗ។ លុះរថហ្សឹបវារចូលផុតទៅ ទ្វាររបងក៏បិទឃិបជិតមកវិញ។ ដោយឮសំឡេងឡាន នាងចន្ទមណី ស្លៀកពាក់ពណ៌ផ្ទៃមេឃតាមលំអានស្រុកស្រែ តែមានលំអត្រង់ដើមទ្រូងដោយបន្ទះ និងរំលាយជរសស្អាត បានដើរចេញមកមើលដោយនឹកពិភាល់ក្នុងចិត្តថា ឪពុកនាងម្ដេចក៏រហ័សត្រឡប់មកវិញម៉្លេះហ្ន៎។ លុះឃើញរថហ្សិបហើយឃើញប្រុសៗ ស្លៀកពាក់បែបទាហាន នាងក៏តក់ស្លុតមួយសន្ទុះ។
ទីឃាវុធ ដែលទើបបររថយន្តចូលមកក៏លោតចុះ ដោះមួកសំពត់ហាមធំទន់ប្រផ្លាកគំនាប់នាង ទើបនាងស្គាល់ហើយលើកដៃសំពះថែមទាំងញញឹមផងៈ
-យីលោកទេតើ ខ្ញុំខំភ័យ។ លោកមានធុរៈអី? អញ្ជើញលោកមកក្នុងផ្ទះ។
ភូឈួយខេត្ត ក៏បែរមកបង្គាប់ប៉ូលិសម្នាក់ដាក់ឡានចតក្រោមស្វាយមួយដើមដុះក្នុងលានមុខផ្ទះ ទើបឡើងជណ្ដើរពីរ-បីកាំចូលទៅក្នុងភូមិគ្រឹះ ដែលទើបសងរួចរវាង ៤-៥ខែប៉ុណ្ណោះ។ នារីអញ្ជើញភ្ញៀវអង្គុយនៅសាឡុងធ្វើពីខ្លឹមនាងនួន លំអដោយកែបមានផ្កាស្រស់ៗ ហើយដែលទើបបានទទួលថ្មីៗ ដែរពីរបាងកក។ នាងចាត់ឲ្យស្រីបំរើម្នាក់លើកទឹកក្រូចដាក់ទឹកកកពីរកែវយកមកជូន។ ភ័ក្ដ្រនាងញញឹមស្រស់ នាងចាប់និយាយៈ
-ឃុនផ បានប្រាប់ខ្ញុំអស់ហើយថា លោកបានជួយចាត់ការបញ្ជាក់កម្មសិទ្ធិដីធ្លីនេះបានរួសរាន់ណាស់។ ចំណែកខ្លួនខ្ញុំ នាងថែមដោយសម្លេងអៀនបន្តិច ខ្ញុំក៏បានសង្ឃឹមទុកថា ថ្ងៃណាមួយណានឹងមកលេងពុំខានដែរ។
-នាងអើយ! ក្នុងពេលនេះខ្ញុំរវល់ដកខ្លួនពុំរួចសោះតែម្តងអស់រឿងមួយធ្លាក់ទៅរឿងមួយទៀត។ សូមនាងកុំប្រកាន់ទោសថាខ្ញុំជូរ ថាខ្ញុំបំភ្លេចចោលគុណនាង និងលោកឪពុករបស់នាង។ សូម្បីតែថ្ងៃនេះជាថ្ងៃអាទិត្យផងក៏ខ្ញុំមិនទំនេរដែរ លោកទេសរដ្ឋមន្ត្រីបានប្រើឲ្យខ្ញុំមកត្រួតប៉ុស្តិប៉ូលិស ដែលតាំងពង្រាយតាមផ្លូវថ្នល់។ ខ្ញុំឆ្លៀតឱកាសនេះឆៀង ចូលមកសួរសុខទុក្ខលោក និងនាងមួយភ្លែតប៉ុណ្ណឹង។
- លោកធំចាត់ការយ៉ាងនេះត្រូវណាស់ ព្រោះថ្វីបើ "ម្តុំ" ត្រង់នេះមិនមានផុលរមាស់អ្វីក៏ដោយ តែខ្ញុំនៅមិនទាន់ កក់ក្តៅប៉ុន្មានទេ។ បន្តិចឮគេមកប្រាប់ថា បានឃើញពួកព្រៃដើរកាត់ត្រង់ណេះត្រង់ណោះមិនសូវឈប់ទេ។ ដូចលោក បានសង្កេតឃើញស្រាប់ហើយឪពុកខ្ញុំបានលើកកំពែងដាក់ដែកសម្រួចចំពាងពីមុខផ្ទះ ហើយពឹងផ្អែកទៅលើគុម្ពឫស្សី និងរបងលួសបន្លាពីក្រោយ និងពីចំហៀង តែហាក់ដូចជាមិនទាន់គត់មត់ប៉ុន្មានឡើយ។ ទាំងនេះថ្វីបើរាជការបានតាំង ប៉ុស្តិ៍ប៉ូលិសមួយនៅជិតថែមទៀត។
យុវជនទាំងពីរនាក់ហៅគ្នាទៅវិញទៅមកថា "លោក ឬនាង" យ៉ាងនេះដោយឃ្លាតគ្នាដ៏យូរ ហើយមិនទាន់ដឹង ចិត្តម្នាក់ ក្រែងមានប្រែប្រួលខ្លះ ឬយ៉ាងណា ព្រោះសម័យនោះថិតក្នុងកាលៈទេសៈប្លែកខុសពីធម្មតានៅឡើយ។ ប៉ុន្តែ ប្រសិនបើមានអ្នកភ្នែកទិព្វ ឬអ្នកឈ្លាសខាងមើលចិត្តឆ្លុះគេនឹងយល់ភ្លាមថា ពុំមានប្រែប្រួលអ្វីទេក្នុងមនោសញ្ចេតនាដ៏ ផ្អែមល្ហែម ដែលរួតក្រសោបចិត្តនិងអាត្ម័នទាំងពីរ។
ទីឃាវុធ រៀបក្រោកឈររលានាងត្រឡប់ទៅបាត់ដំបងវិញហើយ តែនាង ចន្ទមណី ទទួចសុំអង្វរឲ្យរង់ចាំ អាស្រ័យអាហារថ្ងៃត្រង់សិន ហើយចាំជួបនឹងឪពុកម្តាយ ដែលអាចត្រឡប់មកដល់វិញក្នុងរវាងពីរម៉ោងទៀត។ នាងថែម សេចក្តីថា ៖
- បើលោកមិនជិនណាយនឹងទេសភាពស្រុកស្រែពេកទេ ខ្ញុំនឹងបបួលលោកទៅមើលគេច្រូតបានមួយម៉ោង។
នាងនាំលោកភូឈួយដើរកាត់ភូមិខាងក្រោយផ្ទះ ដែលមានស្រះមួយធំហើយជ្រៅនៅចំកណ្តាល។ នៅក្នុងទឹក ថ្លាមើលធ្លុះដល់បាត ត្រកួននិងកញ្ឆែតហែលបោះដៃងទន្ទាំរកគ្នាទៅវិញទៅមក។ នៅតាមមាត់ស្រះដើមត្របែក ស្វាយ នឹងដូងតុកកែចោល ម្លប់ត្រជាក់ស្លឹប។ ផុតពីស្រះទៅក៏បានដល់ទៅជង្រុកធំៗ ពីររោងគោ រោងរទេះ ដែលមានគុម្ពឫស្សី ញឹកក្រាស់ដុះព័ទ្ធជាប់ណែនជារបង។
នាងចន្ទមណី ពន្យល់អតីតសង្សារដែលដើរទន្ទឹមជិតស្មាគ្នា៖
គុម្ពឫស្សីនេះមានពីមុនមកស្រាប់។ ឯនៅខាងកៀនវិញក៏ទើបចាប់ដាំបាន ៣.៤ ឆ្នាំប៉ុណ្ណោះទេ។ ដូច្នេះមិនទាន់បានក្រាស់ល្អនៅឡើយ។ ដើម្បីឲ្យគ្រឿងការពារបានមាំមួនល្អ ឃុនផ គាត់បានធ្វើរបងលួសបន្លាព័ទ្ធពីក្រៅថែមមួយជាន់ទៀត ដូចលោកបានជ្រាប។ តាមឯកសារកម្មសិទ្ធិស្រាប់ហើយ ឃុនផ បានទិញដីភូមិនេះចំនួនបួនឆ្នាំមកហើយ ដោយមានឃុនសុវឌ្ឍន៍ជាអ្នកណែនាំ។ តែកាលនោះគាត់គ្រាន់តែទៅមករៀបភូមិដ្ឋានធ្វើរបង។ ដែលផ្ទះលោកឃើញអម្បាញ់មិញទើបនឹងសង់រួចប៉ុន្មានខែនេះទេ។ ៦ខែមុនពេលភ័ន្តប្រែគាត់មកលក់ភូមិម្ករ ផ្ទះសម្បែងឯបាងកកអស់រលីង ព្រោះគាត់ចង់មករស់ឆ្ងាយពីក្រុងធំ និងនយោបាយធ្វើឲ្យវិលមុខ។
កាលនោះយុវជនទាំងពីរបានដើរដល់ទ្វាររបងលួសបន្លាហើយដែលមានកូនរោងមួយសម្រាប់អ្នកចាំយាមនៅអែបជិតផង។
ចេញផុតពីរបង និងគុម្ពឫស្សី វាលស្រែខែបុស្សខែមាឃក៏ត្រដាងឡើងនូវទេសភាពបរិបូណ៌ដោយផែនមាសនៃស្រូវទុំដោយក្លិនកញ្ចាំងដែលទើបច្រូតរួចថ្មីៗ ហើយដោយវាយោដែលពត់ជារលកនូវដើមស្រូវដែលទើបចាប់ទុំ តែមិនទាន់ទាន់ត្រូវដើមឫស្សីមកសង្កត់ផ្ដេក ដើម្បីបំរុងចាំកណ្ដៀវច្រូតនៅឡើយទេ។ សម្លេងអ្នកច្រូតច្រៀងតគ្នា និងមាត់លលកដែលឃូរឆ្លើយឆ្លងពីចុងដង្កោមួយទៅមួយនាំឲ្យវិញ្ញាណឡឺនឡង់ដោយសុខដុម និងសំរាន្តចិត្ត។
អើតផុតពីចុងអម្ពិល កង្ហារត្រដោកមានកន្ទុយដូចមាន់ចែរោទ៍ស្រែកឮងូងប្រណាំងគ្នាតាមលានបញ្ជាន់ស្រូវ ដើម្បីប្រាប់អ្នករោយថាមានខ្យល់បក់ល្មមធ្វើការបានហើយ កុំនៅដៃស្ងៀមធ្វើអ្វីទៀត។
នាង ចន្ទមណី នាំ ទីឃាវុធ ដើរតាមភ្លឺពីស្រែមួយទៀត ក្រោមពន្លឺថ្លានៃព្រះអាទិត្យ ជួបនិងពួកច្រូតនាងតែងឈប់សួរពីរជំនឿនការដែលគេកំពុងធ្វើ។ ឯ ទីឃាវុធ ភ្លេចខ្លួនជាភូឈួយខេត្ត ក៏ហៅមាហៅមីងហើយសើចលេងនឹងគេលាន់។
-នុ៎ះបង វត្តជ្រោយម្ទេស។
ភូឈួយកំលោះបែរមុខមើលនារីឆ្នើមជីវិត ដែលសេចក្ដីសិទ្ធិបង្គាប់ឲ្យហៅថាៈ ៉បង៉ៗ ឡើងវិញនោះ ទើបដាក់ភ្នែកដេញតាមដៃនាងចង្អុល។
ដូចជាកោះមួយអណ្ដែតលើសាគរពណ៌មាសទុំ រុក្ខជាតិពណ៌បៃតងចាស់ ប្រាកដរូបឡើងនៅចំចក្ខុវិញ្ញាណអ្នកដើរកាត់វាលស្រែ។ ដំបូលព្រះវិហារ និងហ្វារាងស្ដើងស្ទួយ បន្លិចខ្លួនផុតពីចុងឈើផ្សាយសន្តិភាពបរមសុខដល់ទីជិតខាង។ កណ្ដឹងសំរឹទ្ធិយោលរណឹងរណុងនៅដំបូលបូស។ សំឡេងព្រាបថ្ងូរ មាត់សិស្សមើល មើលសាស្ត្រាស្លឹករឹតបានជីកដួងចិត្តទៅកាន់សកលមួយខុសពីទីប្រជុំ។
យុវជនទាំងពីរនាក់ចូលក្នុងឃឿនវត្ត ហើយតម្រង់ទៅរកបូជនីយដ្ឋានដែលឈរធំស្កឹមស្កៃដាច់ពីកុដិនានា។ ដោយពេលនោះឃើញទ្វារបង្ហើបចោលឥតមានជនណានៅ អ្នកទាំងពីរក៏នាំគ្នាដោះស្បែកជើង ហើយចូលទៅថ្វាយបង្គំព្រះជីវ៍ដើម្បីធ្វើសក្ការៈបូជា។ អនុស្សាវរីយ៍នាកាលខ្លួននាំគ្នាថ្វាយបង្គំ ព្រះអង្គចូលនិព្វាននាភ្នំគូលែន ក៏ប្រាកដរូបស្ដែងឡើងក្នុងសេចក្ដីនឹករលឹកនៃយុវជន។ លុះសូត្រនមស្ការចប់កាលណា ទីឃាវុធ លុតជង្គង់លើកដៃប្រណម្យម្ដងទៀត ហើយប្រកាសថាៈ
-កាលពីមុនខ្ញុំព្រះករុណាបានតាំងសច្ចាប្រណិធានថាលុះត្រាតែទឹកដីខ្មែរ ដែលបាត់បង់ទាំងប៉ុន្មានក្នុងឱកាសសង្គ្រាមរវាងថៃ-ឥណ្ឌូចិន បានត្រឡប់មករួមក្នុងវង់មាតុភូមិវិញទើបខ្ញុំព្រះករុណា អាចចងមិត្តភាព ឬសម្ព័ន្ធភាពអ្វីៗ ជាមួយជនជាតិសៀមបាន។ ឥឡូវពាក្យសច្ចាទាំងប៉ុន្មាន ក៏បានសំរេចទាំងអស់ហើយ។
រួចហើយទើបបែរមុខមកមើលនាង ដែលអង្គុយបត់ជើងក្រញឹមនៅជិតៈ
-ម៉េចអូន? ពាក្យសន្យាជាន់ដើមផ្ទាល់ខ្លួនយើងទាំងពីរនាក់នៅមានជីវិតមែនឬទេ?
ព្រោះទ្រូងនាងញ័រចំប្រប់ ដោយសេចក្ដីត្រេកអរ ទឹកភ្នែកនៃសុភមង្គលក៏ពោរ ហើយហូរជោរជន់ធ្លាក់មក។ កាលនោះនាងពុំតបថាអ្វីទេ។ គ្រាន់តែលូកដៃស្ដាំទៅស្រវាចាប់ដៃស្ដាំមិត្តរបស់នាងរួចហើយនាំគ្នាក្រាបគោរពហាក់ដូចសន្យាជាថ្មីម្ដងទៀតថា ក្នុងជីវិតនេះលែងមានព្រាត់ប្រាសគ្នាទៀតហើយ។
នៅខាងក្រៅត្រង់ដំបូកតូចមួយដែលចារមួយដើមកំពុងចោលម្លប់យ៉ាងខាត់ខែប ព្រោះជារដូវរោយស្លឹក ហើយបញ្ចេញផ្កាពណ៌រងើកភ្លើង កំលោះគង្វាលគោម្នាក់រាយទំនុកក្ដែងៗ តែឯកា។ សំឡេងស្រួយប្រាវ ដែលភាពស្វាងថ្លារបស់អាកាសជួយសំអាតឲ្យកាន់តែរងំថែមទៀត បានរាយសេចក្ដីដូចតទៅហាក់ដូចជាកិច្ច គោរពសព្វសាធុការចំពោះសេចក្ដីស្នេហាហ្មត់ហ្មង បរិសុទ្ធ ដែលទើបបានពានពាររួចមកនូវឧបសគ្គច្រើនជាន់ៈ
-ថ្ងៃបាចរស្មីលើវាលស្រែ ឲ្យទេសភាពប្រែពណ៌ដូចមាស
ហើយផ្សាយនូវបរិយាកាស រីករាយត្រចះក្រោមមេឃខៀវ។
-ជ្រនៀងទន់មែកតាមវាយោ ហ្វូងគោនាំគ្នាស៊ីរញៀវ
អ្នកច្រូតដៃញាប់ក្ដាប់កណ្ដៀវ តែមាត់ច្រៀងជ្រៀវចំអន់គ្នា។
-កង្ហាររោទ៍ងូងចុងអម្ពិល លលកឥតខ្ជិលហៅគូវា
អកហើរខ្ពស់ឆ្ងាយលើវេហាស៍ ឃ្លាំមើលមច្ឆាក្នុងបឹងកក់។
-កញ្ច្រាំងកាច់ថ្មីក្លិនឆួលក្ដៅ ដើមស្ដៅផ្កាស្រស់ផ្ដល់អន្លក់
ក្របីចាញ់ថ្ងៃចូលត្រាំភក់ ធ្មេចលក់តែមាត់ទំពាលេង។
-សន្តិសោយរាជ្យក្នុងធម្មជាតិ មនោរម្យវាតទីតាំងវែង
នាំសុភមង្គលយ៉ាងស្អាតឆេង បូជាគូព្រេងដែលស្នេហា។
-ចប់-
Tags:
អាន